សង្ខេប​ព័ត៌មាន​ប្រចាំ​សប្ដាហ៍ ថ្ងៃ ២២ ដល់ ២៨ ធ្នូ ២០០៨

ព័ត៌មាន​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ​រួម​មាន គ.ជ.ប.​គ្រោង​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ នៅ​ថ្ងៃ​១៧ ឧសភា ២០០៩ និង​ព័ត៌មាន​ផ្សេងៗ​ដទៃ​ទៀត។
ដោយ កែវ និមល
2008-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។
ស្ត្រី​ពរ​កូន​នៅ​នឹង​ដៃ​ដាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ ។
AFP Photo

លោក កែវ និមល អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​រាយការណ៍​សរុប​ព័ត៌មាន​សំខាន់ៗ​នៅ​កម្ពុជា ពី​ថ្ងៃ ២២ ដល់ ២៨ ធ្នូ ឆ្នាំ​២០០៨។

គ.ជ.ប.​គ្រោង​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ នៅ​ថ្ងៃ​១៧ ឧសភា ២០០៩

គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) គ្រោង​នឹង​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ នៅ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០០៩​ខាង​មុខ​នេះ។

ប្រធាន​គ.ជ.ប. លោក អ៊ឹម សួស្តី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា ប្រទេស​កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខាង​លើ​នេះ​ដែល​មាន​ការិយាល័យ​បោះ​ឆ្នោត​នៅ​ថ្នាក់​ស្រុក​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​នោះ​គឺ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។

អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក ទេព នីថា បាន​បញ្ជាក់​ថា គម្រោង​នៃ​ការរៀបចំ​បោះ​ឆ្នោត​នៅ​ថ្ងៃ​១៧ ឧសភា​ខាង​មុខ​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១​លាន​ដុល្លារ​កន្លះ ហើយ​ថវិកា​នេះ​ជា​ចំណាយ​របស់​រដ្ឋាភិបាល។

មីន​តោន​ពីរ​គ្រាប់​ផ្ទុះ​នៅ​បាត់ដំបង​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស

មីន​តោន​ពីរ​គ្រាប់​បាន​ផ្ទុះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០៨ នៅ​ស្រុក​បាណន់ និង​ស្រុក​គាស់ក្រឡ ក្នុង​ខេត្ត​បាត់ដំបង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​បាន​រង​របួស​និង​គ្រឿងចក្រ​ពីរ​គ្រឿង​រង​ការខូចខាត។

លោក ថោង សុគុណ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្នឹង​បាន​ថ្លែង​ឲ្យ​ដឹង​ថា មីន​តោន​កប់​ក្រោម​ដី​សល់​ពី​សម័យ​សង្រ្គាម​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង កាល​ពី​វេលា​ម៉ោង​៦:៤០​នាទី នៅ​ឃុំ​ស្នឹង ស្រុក​បាណន់ បណ្តាល​ឲ្យ​បុរស​អ្នក​បើក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន​មួយ​រូប ឈ្មោះ ស្រូច ភឿន អាយុ​២០​ឆ្នាំរង​របួស​ស្រាល​និង​គ្រឿងចក្រ​មួយ​គ្រឿង​រង​ការ​ខូច​ខាត​ដាច់​ច្រវាក់។

អធិការ​នគរបាល​ស្រុក​គាស់ក្រឡ លោក ឆឹង ឆាង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១២:៣០​នាទី មីន​តោន​មួយ​គ្រាប់​ទៀត​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឆ្នាលមាន់ ស្រុក​គាស់​ក្រឡ បណ្តាល​ឲ្យ​អ្នក​បើកបរ​ម្នាក់ ឈ្មោះ ជឹម ជឿន អាយុ​២៣​ឆ្នាំ រង​របួស​ធ្ងន់​និង​គោយន្ត​កន្ត្រៃ​រង​ការ​ខូច​ខាត។

សាលា​ឧទ្ធរណ៍​បដិសេធ​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​នៅ​តំបន់​បឹងកក់

សាលា​ឧទ្ធរណ៍​បាន​បដិសេធ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ដែល​មាន​ទំនាស់​ជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាគូ។

បន្ទាប់​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៥ ធ្នូ លោក ជូង ជូងី មេធាវី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​អះអាង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​កាត់​សេចក្តី​ថា ប្រជាពលរដ្ឋ​ត្រូវ​ប្តឹង​ទៅ​សាលា​ក្រុងមិន​ត្រូវ​ប្តឹង​ក្រុមហ៊ុន​ស៊ូកាគូ​ទេ។

តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​ស្រែក​រៀបរាប់​ថា ពួក​គេ​នឹង​បន្ត​ការតវ៉ា​ទៅ​គ្រប់​ទី​កន្លែង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​តុលាការ​ខ្មែរ​ត្រូវការ​តែ​លុយ​មិន​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់​បាន​ឡើយ។

មេធាវី​របស់​ក្រុមហ៊ុន​ស៊ូកាគូ លោក ចេង ប៉េងហាប់ បាន​បញ្ជាក់​ថា ការបូម​ខ្សា​ច់​បញ្ចូល​បឹង​កក់​នេះ​គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​សាលា​ក្រុង​ភ្នំពេញ​មិន​មាន​ការពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស៊ូកាគូ​នោះ​ទេ។

ពលរដ្ឋ​ប្រមាណ​១០០​នាក់​មក​តវ៉ា​នៅ​មុខ​សាលា​ខែត្រ​ក្រចេះ​ពី​បញ្ហា​ដី​ធ្លី

ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បាន​មក​តវ៉ា​នៅ​មុខ​សាលា​ខែត្រ​ក្រចេះ​បន្ទាប់​ពី​សាលា​ខេត្ត​បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ដើម្បី​ឲ្យ​ចូល​បំភ្លឺ​លើ​ករណី​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ស្ដីពី​ការរំលោភ​បំពាន​យក​ដី​ធ្លី​របស់​ក្រុមហ៊ុន​ហាក់មុនី Plantation ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​រារាំង​ជន​ទាំង​៥​នាក់​នោះ​មិន​ឲ្យ​ចូល ដោយ​សំអាង​ថា​ខ្លាច​មាន​ការចាប់​ខ្លួន​និង​ថា​មិន​មែន​ជា​ដី​របស់​បុគ្គល​តែ​៥​នាក់​នោះ​ទេ។

ស្រ្ដី​ជនជាតិ​ព្នង​មួយ​រូប​បាន​ស្រែក​ទាំង​កំហឹង​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នោះ​បាន​ឈូសឆាយ​ប៉ះពាល់​លើ​ដី​ចម្ការ​និង​ដី​តំណម​របស់​ដូនតា។ ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ផងដែរ​ថា មេ​ឃុំ​បាន​យក​ដី​ប្រជាពលរដ្ឋ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន។

មេ​ឃុំ​ចង្រ្កង់​គឺ​លោក សុខ រ៉ន បាន​ឆ្លើយបំភ្លឺ​ថា លោក​បាន​ចុះ​ហត្ថលេខា​ក្រោយ​ការចុះ​ហត្ថលេខា​សម្រេច​ជា​មុន​ពី​ថ្នាក់​លើ​ទាក់ទង​បញ្ហា​ដី​នោះ។

ការតវ៉ា​ដែល​មាន​កាន់​រូបថត​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​ទាំង​៣​រូប ព្រមទាំង​បដា​ដែល​សរសេរ​ទាមទារ​សិទ្ធិ​អំពី​ការតវ៉ា​និង​បដា​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផងដែរ​នោះ​ធ្វើ​ឲ្យ​មាន​ការអន្តរាគមន៍​ពី​នាយ​រង​ខុទ្ទកាល័យ​ខេត្ត​ក្រចេះ គឺ​លោក ជិន ហុងស្រ៊ី ប៉ុន្តែ​ការដោះស្រាយ​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ។

ព្រះ​មហា​វីរ​ក្សត្រ​មិន​អាច​យាង​និវត្តន៍​មក​កាន់​មាតុភូមិ​តាម​គម្រោង​ទេ

ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ បាន​ប្រកាស​នៅ​ថ្ងៃ​២៥ ធ្នូថា ព្រះអង្គ​នឹង​មិន​អាច​យាង​និវត្តន៍​មក​កាន់​មាតុភូមិ​តាម​គម្រោង​នា​ខែ​កុម្ភៈ ឆ្នាំ​២០០៩​ខាង​មុខ​នេះ​ទេ ដោយសារ​តែ​គ្រូ​ពេទ្យ​ចិន​បាន​រក​ឃើញ​ថា​ព្រះអង្គ​កើត​មាន​រោគ​មហារីក​ជា​ថ្មី​ទៀត។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ​បាន​មាន​បន្ទូល​ឲ្យ​ដឹង​ថា តាម​ព្រះ​រាជ​សារ​របស់​ព្រះ​មហា​វីរ​ក្សត្រ​នៅ​ថ្ងៃ​២៥ ធ្នូ​នេះ បាន​បញ្ជាក់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា ព្រះអង្គ​មាន​រោគ​មហារីក​ថ្មី​ទៀត​ហើយ ជាមួយ​នោះ​នៅ​ក្នុង​ព្រះ​រាជ​សារ​នោះ​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​ត្រូវ​ព្យាបាល​នោះ​ទេ ដូច្នេះ​ក៏​មិន​អាច​ដឹង​អំពី​ពេល​វេលា​ណា​ដែល​ត្រូវ​យាង​ត្រឡប់​មក​វិញ​ផងដែរ។

គួរ​បញ្ជាក់​ថា ព្រះ​មហា​វីរ​ក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ដែល​មាន​ព្រះជន្ម​៨៧​ព្រះ​វស្សា ទ្រង់​ធ្លាប់​មាន​បន្ទូល​រួច​មក​ហើយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​របស់​ព្រះអង្គ​ថា រោគា​របស់​ព្រះអង្គ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​ព្រះអង្គ​មិន​អាច​មាន​ព្រះជន្ម​រស់​នៅ​បាន​យូរ​ត​ទៅ​ទៀត​ឡើយ។

ព្រះអង្គ​ទ្រង់​បាន​ត្រូវ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ចិន​បង្កើន​ការត្រួត​ពិនិត្យ​ព្រះរោគ​ព្រះអង្គ​ដែល​មាន​ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​ឈាម ពី​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​មក​ជា​ច្រើន​ដង​វិញ ហើយ​ពេល​ខ្លះ​ពិនិត្យ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ដែរ។

សមត្ថកិច្ច​ខេត្ត​រតនគិរី​រក​ឃើញ​ទីតាំង​អារ​ច្រៀក​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ការដ្ឋាន​ដាំ​កៅស៊ូ

ឈើ​មូល​ប្រមាណ​៣០០​ម៉ែត្រ​គូប​និង​ទីតាំង​រ៉ៃ​អារ​ច្រៀក​ឈើ​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ខេត្ត​រតនគិរី​រក​ឃើញ​នៅ​ការដ្ឋាន​ដាំ​កៅស៊ូ​ជាប់​តំបន់​ព្រៃ​ឈើ​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ដែល​គេ​អះអាង​ថា​ជា​របស់​មេ​បញ្ជាការ​មួយ​រូប​នៃ​ក្រុម​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

ការរក​ឃើញ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​ចម្រុះ​ខេត្ត កាលពី​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០០៨ បាន​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​នោះ​តាម​ព័ត៌មាន​ថា មាន​ការកាប់​ឈើ​មូល​ហើយ​អារ​ច្រៀក​ឈើ​នៅ​ការដ្ឋាន​នោះ។

ប្រភព​មន្ត្រី​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែល​បាន​ដឹង​ពី​ហេតុការណ៍​នោះ​ថា ឈើ​មូល​ប្រភេទ​លេខ​២​រាប់​រយ​ដើម​ត្រូវ​គេ​កាប់​នៅ​តំបន់​ព្រៃ​ឈើ​ជាប់​ការដ្ឋាន​នោះ​ដើម្បី​យក​ឈើ ឈូស​ឆាយ​ពង្រីក​ដី​ដើម្បី​ដាំ​កៅស៊ូ។

មេការ​ទទួល​ខុស​ត្រូវ​ប្រចាំ​ការដ្ឋាន លោក សួ ទិតនី បាន​អះអាង​ផ្ទុយ​គ្នា​ថា ឈើ​ដែល​កាប់​នោះ​មាន​តិចតួច​គឺ​ជា​ឈើ​សេសសល់​ក្នុង​ការដ្ឋាន​ហើយ​អារ​ច្រៀក​ដើម្បី​ធ្វើ​រោង​ស្នាក់នៅ​សម្រាប់​កម្មករ​និង​ស្ពាន​ក្នុង​តំបន់​នោះ​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​សេដា​និយាយ​ឲ្យ​ដឹង​ថា ការដ្ឋាន​ដែល​កាប់​អារ​ច្រៀក​ឈើ​មាន​ទំហំ​ប្រមាណ​ជាង​៥០​ហិកតារ​ជា​អតីត​ដី​ចម្ការ​វិលជុំ​នៃ​អ្នក​ភូមិ​ជនជាតិ​ដើម​នៅ​ទី​នោះ​ហើយ​ត្រូវ​បាន​អតីត​មេ​ឃុំ​និង​អ្នក​ភូមិ​មួយចំនួន​លក់​ទៅ​ឲ្យ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​មួយ​រូប ហើយ​ដែល​បាន​មក​ឈូស​ឆាយ​ដី​នោះ​ដើម្បី​ដាំ​កៅស៊ូ។

អង្គការ Amnesty International អំពាវនាវ​ឲ្យ​តុលាការ​ខ្មែរ​ដោះលែង ប៊ន សំណាង និង សុខ សំអឿន

អង្គការ Amnesty International បាន​អំពាវនាវ​ឲ្យ​តុលាការ​កំពូល​ខ្មែរ​ដោះលែង លោក ប៊ន សំណាង និង សុខ សំអឿន ដែលត្រូវ​គេ​ចាប់​ខ្លួន​និង​ក្រោយ​មកត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​គុក​ក្នុង​ម្នាក់ៗ​ចំនួន​២០​ឆ្នាំ​ពី​បទ​ធ្វើ​ឃាត​មេ​ដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា។ លោក ជា វិជ្ជា ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ខែ​មករា ឆ្នាំ​២០០៤ នា​កណ្តាល​ក្នុង​រាជ​ធានី​ភ្នំពេញ។

ក្រុម​សិទ្ធិ​មនុស្ស​ទាំង​ក្នុង​និង​ក្រៅ​ស្រុក និង​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ផង ព្រះអង្គ​ធ្លាប់​បាន​មាន​ចំណារ​ថា អ្នក​ទាំង​២​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​លោក ជា វិជ្ជា នោះ​ឡើយ។

អតីត​ស្នងការ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ លោក ហេង ពៅ ដែល​ធ្លាប់​បាន​ចាប់​និង​ចោទ​អ្នក​ទាំង​២​ពី​បទ​សម្លាប់​មនុស្ស​ក៏​ធ្លាប់​ឆ្លើយ​សារភាព​ផងដែរ​ថា ទណ្ឌិត​ទាំង​២​មិន​មែន​ជា​អ្នក​បាញ់​សម្លាប់​លោក ជា វិជ្ជា នោះ​ទេ។

សេចក្តី​អំពាវនាវ​របស់​អង្គការ Amnesty International គឺ​នៅ​គ្រា​ដែល​បណ្តឹង​ការតវ៉ា​រក​ការដោះលែង​អ្នក​ទាំង​ពីរ​កំពុង​តែ​ស្ថិត​ក្នុង​ក្តី​ពិចារណា​របស់​តុលាការ​កំពូល​ដែល​គ្រោង​នឹង​សម្រេច​នៅ​ចុង​ឆ្នាំ​២០០៨​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល