ការ​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​របស់​ក្រុម​ស្ត្រី​ដែល​នឹង​ឈរ​ឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់

ដោយ​ សុ ជីវី
2016-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​សម្រប​សម្រួល​នៃ​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ កញ្ញា សេង រាសី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
អ្នក​សម្រប​សម្រួល​នៃ​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ កញ្ញា សេង រាសី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

ក្នុង​ការ​ជំរុញ​អោយ​ចំនួន​ស្ត្រី​ដែល​នឹង​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ថ្មី​ឆ្នាំ​២០១៧ ខាង​មុខ​ឲ្យ​កើន​ឡើង អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា​ក៏​ត្រៀម​រៀបចំ​ពង្រឹង​សមត្ថភាព​ស្ត្រី ដែល​នឹង​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត។ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ពង្រឹង​សមត្ថភាព​ស្ត្រី​តែង​ធ្វើ​បណ្ដើរៗ​រហូត​មក។ រី​ឯ​គណបក្ស​ប្រឆាំង​បាន​ចាប់​ផ្ដើម​បើក​សិក្ខាសាលា​មួយ​កាល​ពី​ដើម​ខែ​សីហា ដើម្បី​ពង្រឹង​សមត្ថភាព​ទៅ​ដល់​ក្រុម​ស្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ក្នុង​តំណែង។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ផ្ដល់​ការ​បណ្ដុះបណ្ដាល​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​ដល់​ស្ត្រី​ដែល​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត។

ក្នុង​វ័យ​មិន​ដល់ ៣០​ឆ្នាំ​នៅ​ឡើយ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​អូរចា ក្រុង​បាត់ដំបង។ នាង​បាន​ចូលរួម​វគ្គ​សិក្ខា​សាលា​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​បន្ត​បេក្ខភាព​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​អាណត្តិ​ថ្មី​បន្ត​ទៀត។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និយាយ​ដោយ​ភាព​ជឿជាក់​ថា នឹង​ប្រឹងប្រែង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បុរស​ជា​បេក្ខជន​នៅ​ក្នុង​បក្ស ដើម្បី​បាន​ឈរ​លេខ​រៀង​ល្អ​ដែល​មាន​លទ្ធភាព​ជាប់​ធ្វើ​ជា​ចៅ​សង្កាត់៖ «ខ្ញុំ​ជឿជាក់​លើខ្លួន​ខ្ញុំ ១០០​ភាគរយ​ថា ខ្ញុំ​នឹង​ឈរ​លេខ​រៀង​ទី​១ នៅ​ក្នុង​សង្កាត់​អូរចា ទោះបី​មាន​ការ​ប្រកួតប្រជែង​ជាមួយ​បុរស​ក៏ដោយ តាម​រយៈ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​អោយ​ក៏ដោយ ក៏​ខ្ញុំ​​នឹង​ក្លាយ​ជា​បេក្ខជន​លេខ​រៀង​ទី​១ នៅ​ឆ្នាំ​២០១៧ ដែល​ចេញ​មក​ពី​គណបក្ស​សង្រ្គោះជាតិ»

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ត្រូវ​បាន​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​ស្ត្រី​ឆ្នើម​ដែល​មាន​សមត្ថភាព និង​ភាព​វៃ​ឆ្លាត​ក្នុង​ការ​បំពេញ​តួនាទី។ រ៉ូហ្ស៊េត រំពឹង​ថា នឹង​អាច​បង្កើន​ចំនួន​ស្ត្រី​បន្ថែម​ទៀត​ទៅ​ក្នុង​ការ​ដឹកនាំ​នៅ​មូលដ្ឋាន ប៉ុន្តែ​បញ្ហា​ចម្បង​មួយ​គឺ​ការ​ជួយ​អោយ​ស្ត្រី​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទាំង​សមត្ថភាព​ការងារ និង​ការប្រកួត​ប្រជែង៖ «ដើម្បី​អោយ​ស្រ្តី​បាន​ឈរ​លេខ​រៀង​ជាប់ ហើយ​ច្រើន​លុះ​ត្រាតែ​យើង​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ស្ត្រី​គ្នា​ឯង អោយ​ស្ត្រី​ខ្លួន​ឯង​ហ្នឹង​ឈរ​លើ​គោលការណ៍​ច្បាស់លាស់។ ទី​២ អោយ​ស្ត្រី​ជួយ​ខ្លួន​ឯង​តាម​រយៈ​ការ​ពង្រឹង​សមត្ថភាព និង​ទី​៣ គឺ​សកម្មភាព​ការងារ ពីព្រោះ​មាន​តែសកម្មភាព​ការងារ​ទេ​ដែល​អាច​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ បាន»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដូច​ការ​ស្នើ​នេះ ដើម្បី​បំប៉ន​សមត្ថភាព​ក្រុម​ស្ត្រី ដែល​ឈាន​ជើង​ចូលរួម​ក្នុង​នយោបាយ​របស់​បក្ស​នេះ។

សមាជិក​សភា និង​ជា​នាយក​ផ្នែក​ទំនាក់ទំនង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់​ទៅ​ទៀត​នឹង​ផ្ដល់​អោយ​ក្រុម​ស្ត្រី​នូវ​ចំណេះដឹង​សំខាន់ៗ ដែល​ស្ត្រី​នឹង​យក​ទៅ​ប្រើប្រាស់​​នៅ​មុន​ពេល​បោះឆ្នោត​អំឡុង​ពេល និង​ក្រោយ​ពេល​បោះឆ្នោត៖ «រហូត​មក​ដល់​ពេល​នេះ​យើង​បានបណ្ដុះបណ្ដាល​ជាង ៥០០​នាក់​ហើយ យើង​ដឹង​ហើយ​ថា ទាំង​អស់​មាន ១.៦៣៣ ​ឃុំ សង្កាត់។ យើង​ត្រូវ​តែ​ដាក់​ស្រ្តី​យ៉ាង​តិច​​​ក្នុង​មួយ​ឃុំ​មាន​ស្រ្តី​ម្នាក់ ហើយ​ម្នាក់​ហ្នឹង​គឺ​អោយ​ជាប់ ហើយ​យើង​មាន​មហិច្ឆិតា​អោយ​ស្រ្តី​ជាប់​ជា​មេឃុំ»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា បក្ស​នេះ​នឹង​បង្កើត​ក្រុម​ការងារ​ដែល​នឹង​វាយតម្លៃ និង​ជ្រើសរើស​ស្ត្រី​ដើម្បី​ឈរ​ឈ្មោះ ព្រមទាំង​អាច​អោយ​មាន​ការ​បោះឆ្នោត​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុង​បក្ស។

ងាក​មក​មើល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​វិញ។ មន្ត្រី​បក្ស​នេះ​បញ្ជាក់​ថា ការ​ពង្រឹង​សមត្ថភាព​ស្ត្រី​បក្ស​តែង​ធ្វើ​ជា​ប្រចាំ ដែល​មិនមែន​ទើប​ចាប់​ផ្ដើម​ឡើយ។

សមាជិក​សភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សមត្ថភាព និង​ការ​ប្ដេជ្ញា​ចិត្ត​បំពេញ​ការងារ​របស់​បេក្ខនារី​ជា​តម្រូវ​ការដែល​មិន​អាច​ខ្វះ​បាន បើ​ទោះ​បី​ជា​គណបក្ស​លោក​ប្រកាន់​ជំហរ​បង្កើន​ចំនួន​ស្ត្រី​ចូលរួម​នយោបាយ​ក្ដី៖ «យើង​ធ្វើ​បណ្ដើរៗ​មក​ហើយ ព្រោះ​ការ​កសាង​ធនធាន​មនុស្ស​​មិន​មែន​ដូច​ជា​ការដាំ​ដើម​ឈើ​ដែល​ប្រើ​ពេល​ពី​ទៅ​បីឆ្នាំ​ ទៅ ៥​ឆ្នាំ អាច​ទទួល​បាន​ផល​ទេ ត្រូវ​តែ​ជំរុញ​គាត់​អោយ​សាក​ល្បង​នៅ​ក្នុង​សកម្មភាព​ជាក់​ស្ដែង​​​អោយ​បាន​យូរ​ឆ្នាំ ដាក់​បន្តបន្ទាប់​ជាមួយ​មន្ត្រី​ដែល​មាន​បទពិសោធន៍​ចាស់ៗ​ពី​មុន​មក បើ​និយាយ​អោយ​ស្រួល​ស្ដាប់​គឺ​អោយ​ពួក​គាត់​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​ដែរ»

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា កន្លង​ទៅ​ក្នុង​ការ​ប្រកួតប្រជែង​នឹង​បុរស​ស្ត្រី​ជួប​បញ្ហា​ចម្បង​គឺ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​ផង និង​គ្រួសារ​ផង៖ «យើង​ដឹង​ហើយ​ថា ជា​ទម្លាប់​របស់​យើង​តែ​ពេល​ណា​មាន​កូន​មាន​ចៅ មាន​គ្រួសារ​ហើយ គឺ​ត្រូវ​ចែក​រំលែក​ពេល​វេលា​សម្រាប់​ការងារ​ផ្ទះ​ និង​ការងារ​រួម។ រឿង​សំខាន់​ហ្នឹង​គឺ​លើក​ទឹក​ចិត្ត​គាត់ ដើម្បី​ពង្រឹង​គោលជំហរ ស្មារតី ឧត្ដម​គតិ​គាត់ ដើម្បី​ចែក​រំលែក​ការងារ​អសមត្ថភាព​ទៅ​លើ​ការងារ​បម្រើ​ជាតិ​មាតុ​ភូមិ»

លោក សុខ ឥសាន បញ្ជាក់​ថា ការ​ជ្រើសរើស​បេក្ខភាព​ដើម្បី​ឈរ​តាម​លេខ​រៀង​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​សន្និបាត​គណបក្ស​ដែល​នឹង​ធ្វើ​នៅ​ដើម​ឆ្នាំ​២០១៧។

ដោយ​ឡែក​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ក៏​ត្រៀម​ពង្រឹង​សមត្ថភាព​បេក្ខភាព​ស្ត្រី​តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ។

អ្នក​សម្របសម្រួល​គម្រោង​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា កញ្ញា សេង រាសី មាន​ប្រសាសន៍​ថា ជំហាន​ដំបូង​គឺ​ជា​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​គ្រូ​បង្គោល​ចំនួន ២០​នាក់ ដែល​ជា​បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​ទាំង​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ញា​បន្ត​ថា ជំហាន​បន្ទាប់​គ្រូបង្គោល​នឹង​បន្ត​ទៅ​បណ្ដុះ​បណ្ដាល​ដល់​បេក្ខនារី​ក្នុង​ផ្ទៃក្នុង​បក្ស៖ «គណបក្ស​នៅ​តែ​និយាយ​ដដែល​ថា មិន​មែន​មិន​យក​ចិត្ត​ទុក​ដាក់​​លើ​ស្ត្រី​ទេ ក៏​ប៉ុន្តែ​ខ្វះ​ស្ត្រី​ដែល​មាន​​សមត្ថភាព​ ដើម្បី​យក​ទៅ​ដាក់​នៅ​កន្លែង​ហ្នឹង។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ថា ​គ្រាន់​តែ​ជា​លេស​ក៏​ថា​បាន ជា​ការ​មិន​ប្តេជ្ញាជិត្ត​អោយ​មោះមុត​ក៏​ថា​បាន។ ក៏​ប៉ុន្តែ​យ៉ាង​ណា​មិញ ក៏​មើល​ឃើញ​ពី​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ។ អ៊ីចឹង​ហើយ​ដែល​យើង​ចង់​បណ្ដុះបណ្ដាល​គាត់​អោយ​គាត់​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​បោះឆ្នោត»

កញ្ញា សេង រាសី បន្ត​ទៀត​ថា ចំណេះ​ដឹង​សំខាន់ៗ ដែល​នឹង​ផ្ដល់​អោយ​គ្រូ​បង្គោល​ទាំង​នោះ​នឹង​ជួយ​សម្រួល​ដល់​បេក្ខជន​អោយ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត៖ «ក្នុង​ហ្នឹង​មាន​តួនាទី​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ភាព​ជា​អ្នក​ដឹក​នាំ ជំនាញ​ក្នុង​ការ​សម្របសម្រួល ទំនាក់ទំនង ការ​និយាយ​ជាសាធារណៈ និង​ការ​ដោះស្រាយ​ទំនាស់ ហើយ​ក៏​ពាក់ព័ន្ធ​នឹង​យេនឌ័រ និង​សន្ធិសញ្ញា ស៊ីដ (CDAW)។ ដំបូង​គឺ​ការ​បណ្ដុះបណ្ដាល​គ្រូបង្គោល បន្ទាប់​មក​គ្រូបង្គោល​របស់​បក្ស​​នីមួយៗ​ទៅ​បង្រៀន​បន្ត​ដល់​អ្នក​ដែល​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់»

របាយការណ៍​របស់​អង្គការ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (COMFREL) បង្ហាញ​ថា​ ស្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ១០៨​នាក់ កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន ៩៥​នាក់។

ទោះ​ជា​យ៉ាង​ណា គណៈកម្មាធិការ​នេះ​ថា ពិត​មែន​ថា ចំនួន​ស្ត្រី​បាន​កើន​ឡើង​មែន ​ក៏ប៉ុន្តែ​ចំនួន​នោះ​នៅ​តែ​តិច​នៅ​ឡើយ​បើ​ធៀប​នឹង​ចំនួន​បុរស។

អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​រក​ឃើញ​ថា សមាសភាព​ស្ត្រី​ក្នុង​ការ​ដឹកនាំ​ឃុំ សង្កាត់​នៅ​តែ​ត្រូវ​គេ​រើសអើង មិន​ផ្ដល់​តម្លៃ និង​មិន​ត្រូវ​គេ​ផ្ដល់​ឱកាស​គ្រប់គ្រាន់ បើ​ទោះ​បី​ជា​ស្ត្រី​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង​បុរស​ក៏​ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល