សង្គម​ស៊ីវិល​ស្នើ​អោយ​ភាគី​ពាក់​ព័ន្ធ​ចាត់​ការ​ករណី​​ហិង្សា​លើ​ស្ត្រី​និង​កុមារី​អោយ​ស្មើភាព

ដោយ​ សុ ជីវី
2015-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
(ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ouk Savborey

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ប្រកាស​ជា​សាធារណៈ​អោយ​​ឧកញ៉ា​ដែល​ប្រើ​អំពើ​ហិង្សា​លើ​អតីត​ពិធីការិនី​ដ៏​ស្រស់​សោភា កញ្ញា សាសា នោះ​ចេញ​មុខ​មក​អោយ​អាជ្ញាធរ​ចាត់​ការ​តាម​ច្បាប់។ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​សាទរ​ចំពោះ​ចំណាត់​ការ​​នេះ ប៉ុន្តែ​ក៏​បាន​ស្នើ​អោយ​បន្ត​យកចិត្តទុកដាក់​ករណី​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​ដទៃ​ទៀត។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ប្រមុខ​ដឹក​នាំ និង​មន្ត្រី​រដ្ឋាភិបាល​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី រំពឹង​ថា វិធានការ​បែប​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ទៅ​លើ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​ផ្សេង​ទៀត។

សំណើ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​ស្ទើរ​គ្រប់​ជាន់​ថ្នាក់ រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​រដ្ឋាភិបាល​ផង បាន​បង្ហាញ​ចេតនា​អោយ​មាន​ការ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ល្មើស​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា លើ​កញ្ញា ឯក សុជាតា ហៅ សាសា។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​ហៅ​ការ​វាយដំ​ដោយ​ក្រុម​លោក​ឧកញ៉ា សុខ ប៊ុន ទៅ​លើ​កញ្ញា សាសា ថា មាន​សភាព​ធ្ងន់ធ្ងរ គឺ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ៖ «សូម​អោយ​លោក សុខ ប៊ុន ចេញ​មុខ​មក​​អោយទាន់​មក អោយ​លឿន ទៅ​កាន់​តុលាការ ថា​ចេញ​មក​ឆាប់ៗ។ អា​ឆាប់ៗ​ហ្នឹង​ប៉ុន្មាន​ថ្ងៃ​ទៀត? ប្រយ័ត្ន​ជាប់​ខ្នោះ​អា​ហ្នឹង គឺ​ស្ថាន​ទម្ងន់​កាន់​តែ​ធ្ងន់។ បើ​យើង​ប្រកាស​ថា ចេះ​ចុះ​រួច​ហើយ។ បើ​យើង​ទទួល​ស្គាល់​ហើយ​គ្រាន់​តែ​មុន​និង​ក្រោយ​ទេ មក​អោយ​លឿន​មក​អា​ហ្នឹង​ប្រយ័ត្ន​ជាប់។ វា​ហួសហេតុ​ពេក! ក្មេង​ស្រី​ម្នាក់​ដែល​គ្មាន​អ្វី​នៅ​ក្នុង​ដៃ​សោះ ហើយ​ទៅ​ធ្វើ​គ្នា​អ៊ីចឹង វាយ​បោក ហើយ​សម្រាត​ទាំង​ខោ​អាវ​ទៀត វា​ឃោរឃៅ ព្រៃផ្សៃ​ហួស។ អ៊ីចឹង​ក៏​ព្រមាន​ទៅ​អ្នក​ទាំង​ឡាយ​ ច្បាប់​មិន​លើកលែងទេ​អោយ​តែ​ហិង្សា មិន​ថា​ស្រ្តី ឬ​បុរស​ទេ»

នៅ​មុន​នេះ​ប៉ុន្មាន​ថ្ងៃ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​បាន​ប្រកាស​ជា​សាធារណៈ​ដែរ​ថា ត្រូវ​ចាត់​ការ​ឧកញ៉ា​សង្ស័យ​នោះ​តាម​ច្បាប់ មិន​ថា មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង ឬ​យ៉ាង​ណា​ឡើយ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ដឹកនាំ​ដោយ​អ្នកស្រី អ៊ឹង កន្ថាផាវី ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាក់ទិន​នឹង​ចំណាត់​ការ​ក្នុង​រឿង​នេះ​ដែរ។ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន លោក សុខ ប៊ុន ដែរ។ ប្រការ​នេះ​ត្រូវ​ទទួល​ស្គាល់​ថា ជា​រឿង​ល្អ​មិន​ធ្លាប់​មាន​ទេ បើ​ប្រៀបធៀប​នឹង​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី​ផ្សេង​ទៀត។ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំង​នោះ គឺ​ករណី​បាញ់​ប្រហារ​លើ​កម្មការិនី ៣​នាក់​នៅ​ក្នុង​ក្រុង​បាវិត ដែល​អ្នក​ប្រព្រឹត្ត​ជា​អតីត​អភិបាល​ក្រុង​នេះ លោក ឈូក បណ្ឌិត។

រឿង​ក្ដី​នេះ​តុលាការ​បាន​សម្រេច​ដាក់​ទោស លោក ឈូក បណ្ឌិត អោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១​ឆ្នាំ​កន្លះ និង​សង​សំណង​ដល់​កម្មការិនី​ទាំង ៣​រូប ពី ៨​លាន​រៀល​ដល់​ចំនួន ២០​លាន​រៀល។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម ៣​នាក់​នោះ អ្នកស្រី កែវ នា ថ្លែង​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​ខេត្ត​ស្វាយរៀង​ថា នៅ​ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ នាង​បារម្ភ​ថា លោក ឈូក បណ្ឌិត អាច​នឹង​រួច​ទោស៖ «ស្នើ​អោយ​មាន​យុត្តិធម៌ រឿង​ហ្នឹង​ចូល​ជាង ៣​ឆ្នាំ​ហើយ​បង ប៉ុន្តែ​រឿង​ហ្នឹង​គឺ​នៅ​ដដែល លោក ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​ដដែល។ ពួក​ខ្ញុំ​នៅ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដដែល ខ្លាច​ថ្ងៃ​ណា​មួយ​គាត់​ខឹងសម្បា​ពេល​ដែល​ខ្ញុំ​ប្ដឹង​គាត់ គាត់​មាន​លុយ គាត់​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ»

កម្មការិនី ៣​នាក់​នៃ​រោងចក្រ​កៅវ៉េ បាន​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​របស់​អតីត​អភិបាល​ក្រុង​បាវិត នៅ​ក្នុង​ពេល​មន្ត្រី​រូប​នោះ​ចុះ​ទៅ​បង្ក្រាប​កូដកម្ម​របស់​កម្មករ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ នាង នុត សាខន ត្រូវ​បាញ់​អោយ​របួស​ខ្នង នាង ប៊ុន ចិន្ដា ត្រូវ​ត្រង់​ទ្រូង​ធ្លាយ​ទៅ​ខ្នង និង​នាង កែវ នា ត្រូវ​របួស​ដៃ។ កែវ នា ក៏​សង្ឃឹម​ដែរ​ថា ករណី​របស់​ពួក​នាង​ទាំង ៣​នាក់​នឹង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ករណី​អំពើ​ហិង្សា​លើ​កញ្ញា សាសា ដែរ។

យ៉ាងណា​សំណុំ​រឿង​នេះ​ត្រូវ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ជា​ញឹកញយ​ហើយ​ថា សមត្ថកិច្ច​បន្ត​តាម​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត តាម​អំណាច​ដីកា​តុលាការ។ លោក​ថែម​ទាំង​អំពាវនាវ​អោយ​សាធារណជន​ផ្ដល់​ដំណឹង​ពី​ទីតាំង​លាក់​ខ្លួន​របស់​លោក ឈូក បណ្ឌិត នោះ​ផង។

ករណី​នេះ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា អាច​មាន​បញ្ហា​នៅ​ពី​ក្រោយ​ខ្នង ទើប​ពុំ​មាន​ចំណាត់​ការ​ខ្លាំងក្លា​ពី​មន្ត្រី​ពាក់ព័ន្ធ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ៖ «ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​តិច​មែន​ទែន គឺ​សឹង​តែ​គ្មាន ក្នុង​ករណី ឈូក បណ្ឌិត តាំង​ពី​គាត់​បាញ់​កម្មករ​ហ្នឹង​ជា​បទ​ល្មើស​ជាក់ស្ដែង​ជា​អកុសល​យើង​ឃើញ​លែង​អោយ ឈូក បណ្ឌិត រួច​ខ្លួន ហើយ​តុលាការ​ព្យាយាម​ទម្លាក់​បទ​ចោទ​ក្រោយ​មក​ក៏​មាន​សម្ពាធ​ខ្លាំង​ពេក ក៏​មាន​ការ​ចោទ ប៉ុន្តែ​ជា​បទ​ស្រាល បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ដែល​មតិ​ជាតិ និង​អន្តរជាតិ​ថា ជា​រឿង​គួរ​អស់​សំណើច»

លោក មឿន តុលា បន្ត​ថា កម្ពុជា​ហាក់​កំពុង​មាន​ស្តង់ដារ ២​ក្នុង​ការ​អនុវត្ត​ច្បាប់។

ចំណែក​អ្នក​សម្របសម្រួល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ កញ្ញា សេង រាសី ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​អំពើ​ហិង្សា​លើ​កញ្ញា សាសា នោះ ក៏​បាន​សំណូមពរ​អោយ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី​ផ្សេង​ទៀត​ដែរ៖ «សូម​ទទូច​ដល់​ភាគី​ពាក់ពា័ន្ធ​សុំ​ចាត់​ទុក​អំពើ​ហិង្សា​លើ​ស្រ្តី ជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា​ មិន​មែន​ជា​បញ្ហា​របស់​ស្រ្តី​ម្នាក់​ឯងទេ»

ចំណែក​អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ដែរ​ថា អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី​ពុំ​បាន​ថយ​ចុះ​ទេ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ លោក​ថា ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​អនុវត្ត​ច្បាប់​អោយ​បាន​ស្មើភាព​ភាព​គ្នា៖ «មូលហេតុ​ធំ​ជាង​គេ គឺ​ការ​អាង​អំណាច​ បុណ្យសក្តិ និង​កិត្តិយស ដែល​តែង​តែ​ប្រើ​ប្រាស់​​អំពើ​ហិង្សា​លើ​ស្រ្តី ឬ​ករណី​អំពើ​ហិង្សា​ទូទៅ»។

របាយការណ៍​ចេញ​ដោយ​ក្រសួង​កិច្ចការ​នារី អោយ​ដឹង​ថា ករណី​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ជាពិសេស​អំពើ​ហិង្សា​ដែល​កើត​ក្នុង​គ្រួសារ​នៅ​តែ​មាន​ប្រេវ៉ាឡង់​ខ្ពស់​នៅ​ឡើយ។  ករណី​នេះ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ធ្លាប់​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ធ្វើ​យុទ្ធនាការ​ជាប់​មិន​ដាច់​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី៖ «រដ្ឋាភិបាល​ជាង ១០​ឆ្នាំ​ទៅ​ហើយ​ដែល​យើង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្ស​គ្រប់​រូបភាព​ទៅ​លើ​ស្រ្តី»

បើ​ទោះ​ជា​យ៉ាង​ណា​គេ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី ជា​ច្រើន​ករណី​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ក្នុង​នោះ​មាន​ទាំង​ករណី​លើ​ស្ត្រី​ជា​ពលរដ្ឋ​សាមញ្ញ ស្ត្រី​អ្នក​តស៊ូ ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី និង​អ្នក​សិល្បៈ​ល្បីល្បាញ​មួយ​ចំនួន។ ក្នុង​នោះ​មាន​ជា​អាទិ៍ ដែល​រួម​មាន ករណី​ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពិលីកា ការ​បាញ់​ប្រហារ​លើ កញ្ញា ទូច ស៊ុននិច កញ្ញា ពៅ បញ្ញាពេជ្រ និង​ករណី​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា កញ្ញា អ៊ិន សុលីដា និង​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល