ទង្វើ​ខុសឆ្គង​មួយ​ចំនួន​ទាក់ទិន​នឹង​អំពើ​អាស​លើ​កុមារ

ដោយ​ សុ ជីវី
2015-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​ប្រតិបត្តិ​នៃ​អង្គការ "កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ" អ្នកស្រី ប៉ុក បញ្ញាវិចិត្រ ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៣។
នាយិកា​ប្រតិបត្តិ​នៃ​អង្គការ "កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ" អ្នកស្រី ប៉ុក បញ្ញាវិចិត្រ ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៣។
RFA

ទម្លាប់​អោយ​កុមារ​លែង​ខ្លួន​ទទេ​ដោយ​មិន​មាន​សំលៀក​បំពាក់​បិទ​បាំង គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​កម្ពុជា។ លើស​ពី​នេះ​ក៏​មាន​ការ​ថតរូប​កុមារ ដែល​អាក្រាត​កាយ​បង្ហោះ​តាម​អ៊ីនធឺណិត (Internet) ឬ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផង។ ពេល​ខ្លះ​ទៀត​ក្នុង​សង្គម​គ្រួសារ ក៏​តែង​មាន​ការ​បិច​បោច ស្ទាប​កេរ​ភេទ​កុមារ ដោយ​ការ​ក្រឺត​ក្នាញ់​ផង។

ក្រុម​អង្គការ​ធ្វើ​ការងារ​ការពារ​សិទ្ធិ​កុមារ ចាត់​ទុក​ករណី​លេង​សើច​ទាំង​នោះ​ថា បាន​រំលោភ​លើ​សិទ្ធិ​កុមារ​ដែល​គួរ​មាន​កែប្រែ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​រក​ឃើញ​ថា ទម្លាប់​ដែល​បាន​អនុវត្ត​តៗ​គ្នា​ទាក់ទង​ដល់​ការ​បង្ហាញ​កេរ​ភេទ​កុមារ និង​រូបថត​កុមារ​អាក្រាត​កាយ កើត​ឡើង​ពី​ការ​មិន​ទាន់​ចេះ​ដឹង​ច្បាប់​ដែល​ការពារ​សិទ្ធិ​កុមារ។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ "កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ" អ្នកស្រី ប៉ុក បញ្ញាវិចិត្រ មាន​ប្រសាសន៍​ថា ក្រមសីលធម៌​នៃ​កិច្ច​ការពារ​កុមារ​បាន​កំណត់​តាំង​ពី​ការ​ស្លៀកពាក់​របស់​កុមារ រូបភាព​កុមារ និង​ការ​ទុក​កុមារ​អោយ​នៅ​ស្ងាត់​តែ ២​នាក់​ជាមួយ​មនុស្ស​ពេញ​វ័យ​ជាដើម។ អ្នកស្រី​បន្ត​ថា ជា​ទូទៅ​ក្នុង​គ្រួសារ​ខ្មែរ មិន​បាន​គិត​ដល់​បញ្ហា​នេះ​ទេ ដោយ​សំអាង​ថា ការ​បំពាន​សិទ្ធិ​កុមារ​ទាក់ទិន​ដល់​បញ្ហា​ផ្លូវ​ភេទ ឬ​អំពើ​អាស​លើ​កុមារ គឺ​ទាល់​តែ​សកម្មភាព​ដែល​នាំ​អោយ​មាន​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ពេញ​វ័យ៖ «ខ្មែរ​យើង​និយាយ​ពី​អំពើ​អាស​គាត់​គិត​វា​ទាល់តែ​អាសអាភាស ឬ​ក៏​ប៉ះពាល់​ដល់​ផ្លូវ​ភេទ​អី​បាន​គាត់​ហៅ​ថា អាស»

អ្នកស្រី​បញ្ជាក់​ថា សកម្មភាព​មួយ​ចំនួន​ដែល​ពលរដ្ឋ​បាន​អនុវត្ត​រាល់​ថ្ងៃ​ដោយ​មិន​ដឹង​ខ្លួន​ជា​ទង្វើ​ខុស​ឆ្គង​ដែល​គួរ​ចៀសវាង៖ «គ្រាន់តែ​យើង​ថា រូប​ក្មេង​ខ្លួន​ទទេ​អ៊ីចឹង​មក គាត់​ចង់​បាន​រូបភាព​ល្អៗ​បញ្ជាក់​ពី​ភាព​ក្រីក្រ​គាត់​ថតរូប​កុមារ​អត់​សម្លៀក​បំពាក់ ស្រាត​អ៊ីចឹង​គាត់​អត់​គិត​ថា ហ្នឹង​ជា​អាស​ទេ។ ក្នុង​រង្វង់​គ្រួសារ នៅ​ក្នុង​រង្វង់​សង្គម​ក្ដី ខ្មែរ​យើង​ពី​ដើម​មក​​ភាគ​ច្រើន​ពលរដ្ឋ​យើង​ច្រើន​ស្លៀក​លែង​ខ្លួន​មួយ​កំណាត់។ ចំពោះ​កុមារ​ក៏​គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក៏​អត់​មាន​ស្លៀក​រហូត​ដល់​បញ្ចេញ​កេរ​ភេទ ដោយ​គិត​ថា ក្មេង​គាត់​មិន​ចេះ​ខ្មាសអៀន ពាក្យ​សម្ដី​ក៏​អ៊ីចឹង​ដែរ ច្រើន​តែ​ថា គាត់​ក្មេង​មិន​ចេះ​គិត»

ចំណែក​មន្ត្រី​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា អំពើ​អាស​ទាក់ទិន​នឹង​កុមារ​ត្រូវ​បែង​ចែក​ជា​រូបភាព និង​សម្ភារៈ​អាក្រាត​របស់​កុមារ និង​សកម្មភាព​បំពាន​កេរ​ភេទ​កុមារ៖ «អំពើ​អាស​ទាល់តែ​ការ​ប៉ះ ការ​ស្ទាប ឬ​ក៏​ការ​អោយ​​គេ​មើល​ភេទ​របស់​ខ្លួន ឬ​ក៏​តតិយជន ដើម្បី​អោយ​មាន​ចំណង់​ផ្នែក​ផ្លូវ​ភេទ។ មួយ​ទៀត គឺ​ការ​ប្រើប្រាស់​រូបភាព​អាសអាភាស​របស់​កុមារ​ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ដើម្បី​អោយ​មាន​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​ដទៃ»

នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ​មាត្រា​៤០ ចែង​ថា រូបភាព និង​សម្ភារៈ​អាស​អាភាស​នៃ​កុមារ​នៅ​ក្នុង​ច្បាប់​នេះ​មាន​ន័យ​ថា សម្ភារៈ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក មាន​រូបថត ខ្សែ​វីដេអូ រួម​ទាំង​សម្ភារៈ​អេឡិចត្រូនិក ដែល​បង្ហាញ​ពី​រូបរាង​អាក្រាត​របស់​អនីតិជន​ដែល​ធ្វើ​អោយ​រំភើប ឬ​រំជួល​ដល់​ចំណង់​ផ្លូវ​ភេទ។ ចំណែក​មាត្រា ៤១ ចែង​ថា ជន​ណា​ដែល​ចែកចាយ លក់ ជួល​ដាក់​តាំង បញ្ចាំង ឬ​បង្ហាញ​នៅ​ទី​សាធារណៈ​នូវ​រូបភាព និង​សម្ភារៈ​អាសអាភាស​កុមារ ត្រូវ​ជាប់​ពន្ធនាគារ​ពី​២ ដល់ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន​រៀល ដល់ ១០​លាន​រៀល។ ទោស​ទណ្ឌ​ដូច​គ្នា​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ទៅ​លើ​ជន​ណា​ដែល​កាន់កាប់​ដឹក​ជញ្ជូន ឬ​នាំ​ចេញ​នូវ​រូបភាព និង​សម្ភារៈ​អាសអាភាស​កុមារ​ក្នុង​គោលដៅ​ចែកចាយ លក់ ដាក់​តាំង ឬ​បង្ហាញ​ជា​សាធារណៈ។ ជន​ណា​ដែល​ផលិត​រូបភាព និង​សម្ភារៈ​អាសអាភាស​កុមារ​ត្រូវ​ជាប់​ពន្ធនាគារ ពី ៥ ទៅ ១០​ឆ្នាំ ស្រប​ពេល​ដែល​ផលិត​ក្នុង​គោល​ដៅ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដូច​រៀបរាប់​ខាង​ដើម នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១០ ទៅ ២០​ឆ្នាំ។

តើ​មាន​មូលហេតុ​អ្វី​ដែល​នាំ​អោយ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បារម្ភ​ចំពោះ​ការ​ចែកចាយ​រូបភាព​អាក្រាត​របស់​កុមារ​តាម​អ៊ីនធឺណិត ឬ​តាម​បណ្ដាញ​សង្គម ដោយ​ក្រុម​គ្រួសារ​របស់​កុមារ?

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ "កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ" អ្នកស្រី ប៉ុក បញ្ញាវិចិត្រ មាន​ប្រសាសន៍​ថា រូបភាព​អាក្រាត​របស់​កុមារ គឺ​ជា​តម្រូវ​ការ​មួយ​របស់​ក្រុម​អ្នក​ដែល​តែង​ប្រាថ្នា​សប្បាយ​នឹង​ចំណង់​ផ្លូវ​ភេទ​ជាមួយ​កុមារ ដែល​ឪពុក​ម្ដាយ ឬ​សាច់ញាតិ​របស់​កុមារ​មិន​នឹង​ស្មាន​ដល់។ ម្យ៉ាង​រូបភាព​ទាំង​នោះ​នឹង​ប៉ះពាល់​ផ្ទាល់​ដល់​ផ្លូវ​ចិត្ត​របស់​កុមារ។

លើស​ពី​នេះ​អ្នកស្រី​បារម្ភ​ថា ការ​ប្រព្រឹត្ត​ដោយ​អចេតនា ដោយ​ការ​ប៉ះពាល់​កេរ​ភេទ​កុមារ អាច​ជា​ដើម​ចម​នៃ​ករណី​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ។

បើ​ទោះ​ជា​មាន​ការ​បារម្ភ​បែប​នេះ​ក្ដី ក៏​ពុំ​ទាន់​មាន​ការ​សិក្សា​ជាក់លាក់​ណា​មួយ​ដែល​បង្ហាញ​ថា ការ​ប្រព្រឹត្ត​នោះ​ជា​មូលហេតុ​ពិត​ប្រាកដ​នៅ​ឡើយ៖ «ប៉ុន្តែ​បើ​យើង​និយាយ​ពី​ចិត្តសាស្ត្រ​​វា​មាន​ផល​ប៉ះពាល់ គឺ​ធ្វើ​អោយ​អារម្មណ៍​របស់​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ស្រមើស្រមៃ​ពី​ការ​រួម​ភេទ គឺ​វា​ទៅ​បំប៉ន​អ្នក​ទាំង​អស់​ហ្នឹង។ ហេតុ​នេះ​ផល​ប៉ះពាល់​មក​វិញ គឺ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ»

ជា​រឿយៗ​​តែង​មាន​រូបភាព​កុមារ​អាក្រាត​ត្រូវ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្សព្វផ្សាយ​ ឬ​ចែក​ចាយ​បន្ត​គ្នា​ដោយ​អចេតនា ពោល​គឺ​គ្រាន់តែ​ចង់​បង្ហាញ​ស្ថានភាព​របស់​កុមារ និង​ពុំ​ពាក់ព័ន្ធ​នឹង​ចេតនា​បង្ហាញ​កេរ​ភេទ​កុមារ​ឡើយ។

នៅ​ក្នុង​របាយការណ៍​​ប៉ាន់ប្រមាណ​អំពី​យេនឌ័រ​របស់​ក្រសួង​កិច្ចការ​នារី​លើក​ឡើង​ថា ការ​សិក្សា​ភ្ជាប់​អំពើ​អាសអាភាស​ជាមួយ​អំពើ​ហិង្សា​ផ្លូវ​ភេទ​រក​ឃើញ​ថា ក្មេង​ប្រុស និង​ក្មេង​ស្រី ដែល​បាន​ឃើញ​យ៉ាង​ច្បាស់​នូវ​អំពើ​អាសអាភាស​ក្នុង​អំពើ​ហិង្សា​ផ្លូវ​ភេទ បាន​ធ្វើ​អោយ​ពួកគេ​ប្រព្រឹត្ត​អំពើ​រួម​ភេទ​នៅ​ក្នុង​វ័យ​កុមារភាព និង​បង្រៀន​ក្មេង​ប្រុស​អោយ​ប្រើ​ហិង្សា និង​មាន​ឥរិយាបថ​បំពាន​ផ្លូវ​ភេទ។

មធ្យោបាយ​ចម្បង​មួយ​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ឡើង​គឺ​ការ​អប់រំ​ពលរដ្ឋ​អោយ​យល់​ដឹង​ពី​អ្វី​ជា​អំពើ​អាស​លើ​កុមារ និង​ផលវិបាក​របស់​វា។

មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ពលរដ្ឋ​បាន​យល់​ដឹង​ពី​ច្បាប់​នោះ​សិទ្ធិ​កុមារ​ក៏​បាន​ធានា៖ «សំខាន់​បំផុត​បច្ចុប្បន្ន​គឺ​ច្បាប់​ហ្នឹង​មិន​បាន​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​យើង​បាន​យល់​ដឹង​ទូលំទូលាយ។ ដូច្នេះ​ទី​១ ត្រូវ​បំបាត់​​​ទំនៀមទម្លាប់ និង​វប្បធម៌​អាក្រក់​ចោល។ ទី​២ អោយ​គាត់​ដឹង​ថា គាត់​ធ្វើ​បែប​ហ្នឹង​គឺ​មាន​ទោស អ៊ីចឹង​ហ្នឹង​កាត់​បន្ថយ​បញ្ហា​បង្ហោះ​រូបភាព​ក្មេង​ជា​រូប​​អាសអាភាស​ និង​អំពើ​អាស​ទៅ​លើ​កុមារ​ហ្នឹង»

នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ របស់​ក្រសួង​កិច្ចការ​នារី សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ដែល​ផ្ដោត​ចម្បង​ទៅ​លើ​កុមារី​បាន​បញ្ជាក់​ថា ក្រសួង​នេះ​នឹង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ រៀបចំ​កម្មវិធី​បង្កើន​ការ​យល់​ដឹង​នៅ​ថ្នាក់​សហគមន៍ ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។

ចំណែក​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ "កម្ពុជា​ជួយ​ស្ត្រី​មាន​វិបត្តិ" អ្នកស្រី ប៉ុក បញ្ញាវិចិត្រ មាន​ប្រសាសន៍​ថា បណ្ដាញ​ព័ត៌មាន​គឺ​ជា​ជម្រើស​ទី​១ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​កុមារ​ពី​ការ​បំពាន​ផ្លូវ​ភេទ៖ «ប្រព័ន្ធ​ព័ត៌មាន​ខ្លះ​គាត់​ចូល​ចិត្ត​អ្វី​ដែល​ក្ដៅ ដែល​ដាក់​ទៅ​អោយ​ឆក់​អារម្មណ៍​អោយ​មាន​ភាព​ទាក់ទាញ ដោយ​សំអាង​ថា រូបភាព​គឺ​បែប​នោះ។ ដូច​នៅ​ក្រសួង​សង្គមកិច្ច អី​ឥឡូវ​នេះ​គេ​មាន​គោលនយោបាយ​ការពារ​កុមារ ដែល​ត្រូវ​យក​ទៅ​ផ្សព្វផ្សាយ​អោយ​ដល់​ពលរដ្ឋ​គ្រប់​ស្រទាប់»

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក៏​ស្នើ​អោយ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក យក​ចិត្ត​ទុក​ដាក់​រក្សា​ក្រម​សីលធម៌​ចៀសវាង​ការ​ផ្សព្វផ្សាយ ឬ​ចែក​ចាយ​បន្ត​រូបភាព​អាសអាភាស​នៃ​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល