កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​ដែល​ចូល​រួម​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី

ដោយ​ សុ ជីវី
2015-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មវិធី​ក្នុង​ទូរស័ព្ទ​​ប្រភេទ​អេនដ្រយ ​ឈ្មោះ​ថា ភ្នាក់ងារ ០០៨ ឬ​ជា​ភាសា​អង់គ្លេស​ថា សេហ្វ អេជេន ០០៨ (Safe Agent 008)
កម្មវិធី​ក្នុង​ទូរស័ព្ទ​​ប្រភេទ​អេនដ្រយ ​ឈ្មោះ​ថា ភ្នាក់ងារ ០០៨ ឬ​ជា​ភាសា​អង់គ្លេស​ថា សេហ្វ អេជេន ០០៨ (Safe Agent 008)
Photo: RFA

ស្ត្រី​វ័យ​ក្មេង ៣​រូប ដែល​ចូល​រួម​ក្នុង​គម្រោង​ឈ្មោះ​ថា វី.អិច្ឆ.ដាប់ប៊ែលយូ (VXW) របស់​អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) បាន​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ដៃ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា អាបភ្លីខេសិន (Application) ដើម្បី​រួម​ចំណែក​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។

កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​នោះ​បាន​ដាក់​អោយ​ប្រើប្រាស់​កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ អេនដ្រយ (Android)។ ក្រុម​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​រំពឹង​ថា សាធារណជន​ទូទៅ​ដែល​ប្រាថ្នា​ចូលរួម​កាត់បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី អាច​ចូលរួម​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​កម្មវិធី​នេះ។

កម្មវិធី​ក្នុង​ទូរស័ព្ទ​នេះ​ត្រូវ​គេ​ដាក់​ឈ្មោះ​ផ្សេងៗ​ពី​គ្នា ដែល​អ្នកប្រើប្រាស់​ទូរស័ព្ទ​វៃ​ឆ្លាត (Smart Phone) ប្រភេទ​អេនដ្រយ អាច​ចូល​ទៅ​រក​បាន​នៅ​ក្នុង ផ្លេស្តរ (Play Store)។ កម្មវិធី​ទាំង​នោះ​មាន​ឈ្មោះ​ថា ភ្នាក់ងារ ០០៨ ឬ​ជា​ភាសា​អង់គ្លេស​ថា សេហ្វ អេជេន ០០៨ (Safe Agent 008) កម្មវិធី​គ្រួសារ​គំរូ និង​កម្មវិធី ៧​បូក ឬ​ជា​ភាសា​អង់គ្លេស​ថា សេវិន ផ្លាស់ (Seven Plus)។

ស្ត្រី​វ័យ​ក្មេង​មួយ​រូប ដែល​ជា​អ្នក​បង្កើត​កម្មវិធី ឈ្មោះ ភ្នាក់ងារ ០០៨ គឺ​កញ្ញា ប៊ុន រចនា មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​គឺ​ប្រដូច​បាន​នឹង​ឧបករណ៍​ជំនួយ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​កំពុង​ឋិត​ក្នុង​ស្ថានភាព​ត្រូវ​ការ​ជំនួយ​បន្ទាន់៖ «អ្នក​ប្រើប្រាស់​គាត់​អាច​កំណត់​លេខ​ទំនាក់ទំនង​នៅ​ក្នុង​ករណី​បន្ទាន់​បង្ខំ​ជា​មុន។ គាត់​អាច​សរសេរ​សារ​ជា​មុន​នៅ​ក្នុង​ករណី​បន្ទាន់ បង្ខំ នៅ​ពេលគាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ គាត់​អាច​គ្រាន់​តែ​ទាញ​ទូរស័ព្ទ គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ប្រអប់​ផ្ញើសារ​​​​​ក្នុង​ក្មវិធី​ហ្នឹង គឺ​ភាគី​ម្ខាង​ទៀត​ដែល​គាត់​កំណត់​ថា ជា​លេខ​ទំនាក់ទំនង​បន្ទាន់​បង្ខំ​ហ្នឹង គាត់​បាន​ទទួល​សារ​រួម​ជាមួយ​នឹង​ព័ត៌មាន ជី.ភី.អេស (GPS) ពី​តំបន់​គោលដៅ​នៃ​សារ​​ហ្នឹង​គាត់​បាន​ផ្ញើ​ចេញ​ទៅ»

ប៊ុន រចនា ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​អង្គការ អេកសិន អេដស៍ (Action Aids) លើក​ឡើង​ថា កម្មវិធី​នេះ​នឹង​ជួយ​បង្កើន​សុវត្ថិភាព និង​សន្តិសុខ​ដល់​ស្ត្រី​ដែល​ជា​ញឹកញយ​ទទួល​រង​នូវ​ការ​បៀតបៀន និង​អំពើ​ហិង្សា​ផ្សេងៗ​នៅ​តាម​ទី​សាធារណៈ​ក្នុង​ក្រុង។ កញ្ញា រចនា ​បន្ត​ថា កម្មវិធី​នេះ​ក៏​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រមូល​ទិន្នន័យ​នានា ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ស្ត្រី​ក្នុង​ទីក្រុង។

រចនា​ រំពឹង​ថា កម្មវិធី​នេះ​នឹង​បាន​រួម​ចំណែក​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ជា​រួម​ទៅ​អាច​ក្រុម​ស្ត្រី សិស្ស និស្សិត​អី អ្នក​ដែល​នៅ​ទីក្រុង​ហ្នឹង​ក៏​អាច​ប្រើ​កម្មវិធី​ហ្នឹង​បាន អោយ​តែ​គាត់​មាន​​ទូរស័ព្ទ​ស្មាតហ្វូន ហើយ​គាត់​មាន​ភ្ជាប់​បណ្ដាញ អ៊ីនធឺណិត (Internet) គាត់​ចេះ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ហ្នឹង ហើយ​កម្មវិធី​ហ្នឹង​គឺ​ងាយ​ស្រួល​បំផុត​ដោយសារ​តែ​កម្មវិធី​ទាំង​អស់​ហ្នឹង​យើង​ផលិត​ជា​ភាសា​ខ្មែរ»

នៅ​ពេល​ដែល​កម្មវិធី​ដែល ប៊ុន រចនា បង្កើត​ជា​ឧបករណ៍​ជំនួយ​ម្យ៉ាង កម្មវិធី​ដែល​បង្កើត​ដោយ​ស្រ្តី​វ័យ​ក្មេង ​២​រូបទៀត​ជា​កម្មវិធី​អប់រំ។

អ្នក​បង្កើត​កម្មវិធី ឈ្មោះ​ថា គ្រួសារ​រីករាយ គឺ​កញ្ញា ស៊ុម ដានី អោយ​ដឹង​ថា កម្មវិធី​របស់​នាង​ផ្ដល់​អោយ​អ្នក​ប្រើប្រាស់​នូវ​ចំណេះ​ដឹង​ពាក់ព័ន្ធ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ជា​ប្រភព​ស្វែង​រក​ភាគី​ពាក់​ព័ន្ធ ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា និង​ផ្ដល់​កិច្ច​ការពារ​ផ្លូវ​ច្បាប់៖ «គាត់​បាន​យល់ដឹង​ថា អំពើ​ហិង្សា​នៅ​ពេល​ដែល​កើត​វា​មាន​ផល​ប៉ះពាល់​អី​ខ្លះ តើ​ហេតុ​អ្វី​ដែល​មាន​អំពើ​ហិង្សា និង​អោយ​ស្រ្តី​យល់​ថា អំពើ​ហិង្សា​ការ​ពិត​មិន​មែន​មក​ពី​ខ្លួន​គាត់​ទេ គឺ​ដោយសារ​តែ​ការ​កៀបសង្កត់​​​​​​ពី​ក្នុង​គ្រួសារ ដោយសារ​តែ​ចេតនា​របស់​អ្នក​ប្រព្រឹត្ត»

កម្មវិធី​នេះ​មាន​វីដេអូ​ឃ្លីប ដែល​ជួយ​សម្រួល​អោយ​អ្នក​ប្រើប្រាស់​ងាយ​យល់៖ «អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ទង្វើ​ដែល​នាំ​អោយ​ភិតភ័យ ការ​វាយ​ដំ ការ​រំលោភ​បំពាន​លើ​សមាជិក​គ្រួសារ ឬ​អ្នក​ដែល​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ។ វា​មិន​ត្រឹម​តែ​កើត​ឡើង​លើ​រូប​រាង​កាយ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​កើត​ឡើង​លើ​ផ្លូវ​ចិត្ត សេដ្ឋកិច្ច និង​ផ្លូវ​ភេទ​ផង​ដែរ»

កញ្ញា ស៊ុម ដានី ជា​សមាជិក​បណ្ដាញ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​វ័យ​ក្មេង​មាន​ប្រសាសន៍​បន្ត​ថា ការ​ប្រឹងប្រែង​របស់ ដានី នឹង​មាន​ការ​គាំទ្រ និង​ចូល​រួម​ច្រើន​ពី​ប្រជាជន​ទូទៅ ក្នុង​ការ​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដើម្បី​ទទួល​បាន​នូវ​សង្គម​មួយ​ដែល​ប្រកប​ដោយ​សុភមង្គល៖ «មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​រស់​នៅ​ដោយ​គ្មាន​អំពើ​ហិង្សា​។​​ អំពើ​ហិង្សា​មិន​ត្រឹម​តែ​ជា​អំពើ​ខុស​ឆ្គង​នោះ​ទេ វា​ថែម​ទាំង​ប្រឆាំង​នឹង​ច្បាប់​​​ផង​ដែរ»

ចំណែក​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​មួយ​ទៀត​គឺ ៧​បូក បង្កើត​ដោយ​កញ្ញា ផាត់ ស្រី ទូច ដែល​នាង​ជា​សមាជិក​បណ្ដាញ​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​សេវាកម្ម​ចំណី​អាហារ និង​កម្សាន្ត​សប្បាយ។ កម្មវិធី​នេះ​មាន​បង្ហាញ​បទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ពួក​នាង បទ​ពិសោធន៍​នៃ​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត និង​សំណួរ​ចម្លើយ​សម្រាប់​អ្នក​ប្រើប្រាស់។

គម្រោង​បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ បង្កើត​ដោយ​អង្គការ​មូលនិធិ​អាស៊ី ដែល​ហៅ​ថា គម្រោង​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​តាម​រយៈ​គំនិត​ឆ្នៃ​ប្រឌិត​ កម្មវិធី​តាម​ទូរស័ព្ទ​ដៃ ឬ​ហៅ​ថា វី.អិច្ឆ.ដាប់ប៊ែលយូ។ អង្គការ​នេះ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​​ពី​មូលនិធិ​ប្រជាពលរដ្ឋ​នៃ​ចក្រភព​អង់គ្លេស ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ហ្គោលដិន ហ្កេកកូ (Golden Gekko) និង​ក្រុម​ការងារ​ឌីជីថល របស់​សប្បាយ (Sabay Digital Corp)។ ស្ត្រី​វ័យ​ក្មេង​ទាំង ៣​រូប បាន​ធ្វើ​ការងារ​ជា​មួយ​ក្រុម​ការងារ​នៃ​ក្រុមហ៊ុន​ទាំង​នេះ​ជា​ច្រើន​ខែ ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ទៅ​តាម​គំនិត​បង្កើត​ថ្មី​របស់​ពួកគេ។

មន្ត្រី​កម្មវិធី​នៃ​មូលនិធិ​អាស៊ី កញ្ញា ឡុក ម៉ាលីន មាន​ប្រសាសន៍​ថា ស្ត្រី​វ័យ​ក្មេង​ទាំង ៣​រូប​ត្រូវ​ជ្រើស​រើស​ក្នុង​ចំណោម​បេក្ខនារី​ដទៃ​ទៀត អោយ​ចូលរួម​ក្នុង​គម្រោង​នេះ​ដោយ​សំអាង​លើ​បទ​ពិសោធន៍ និង​ឆន្ទៈ​ហ៊ាន​លះបង់​ពេល​វេលា និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ចូល​រួម​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។ កញ្ញា​សង្ឃឹម​ថា អ្នកប្រើប្រាស់​នឹង​ចូលចិត្ត​កម្មវិធី​នេះ ព្រោះ​ជា​កម្មវិធី​អប់រំ​ជំនួយ​ស្មារតី​ដល់​អ្នក​ប្រើប្រាស់​ទូទៅ។

កញ្ញា ឡុក ម៉ាលីន បន្ត​ថា ជំហាន​ដំបូង​កម្មវិធី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ចំណោម​យុវជន ដែល​ឋិត​ក្នុង​បណ្ដាញ ដែល​សកម្មជន ជា​អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​បាន​​ចូលរួម ដូច​ជា​បណ្ដាល​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត បណ្ដាញ​ទីក្រុង​សុវត្ថិភាព​សម្រាប់​ស្ត្រី និង​បណ្ដាញ​ស្ត្រី​ដទៃ​មួយ​ចំនួន​ទៀត៖ «ដូច​ដានី អ៊ីចឹង គាត់​យក​ទៅ​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​របស់​គាត់ គឺ​បណ្ដាញ​យុវជន​ ដូច​បង​រចនា គាត់​​មាន​គម្រោង​របស់​គាត់ គាត់​ភ្ជាប់​នឹងគម្រោង​របស់​អង្គការ​គាត់ (Action Aid)»

ម៉ាលីន សង្ឃឹម​ថា អ្នក​ដែល​ចាប់អារម្មណ៍​នឹង​ចាប់​ផ្ដើម​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​បន្ត ដើម្បី​ចូលរួម​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី។

យ៉ាង​ណា កញ្ញា ឡុក ម៉ាឡីន ក៏​សង្កេត​ឃើញ​ថា កម្មវិធី​នេះ​មាន​បញ្ហា​ប្រឈម​ដែរ ទាក់ទង​នឹង​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិជ្ជា​របស់​ពលរដ្ឋ៖ «រាល់​ថ្ងៃ​ហ្នឹង​អ្វី​ដែល​បារម្ភ​ទាក់ទង​នឹង​យើង​អត់​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ទៅ​ជួយ​ប្រជាជន​ក្នុង​ការ​ដោនឡូត (Download) ដោយសារ​តែ​ពួកគាត់​អត់​ចេះ។ បើសិន​ជាគាត់​ចង់​បាន​អេប (Application) អី​មួយ​គាត់​ទៅ​ជួល​ជាង​ទូរស័ព្ទដៃ​អោយ​គេ​ដាក់​អោយ។ ការ​ពិត​រាង​មាន​កង្វល់​ដែរ អត់​សូវ​មាន​អ្នក​ប្រើប្រាស់ ព្រោះ​អី​វា​មិន​មែន​ជា​អេប​ដែល​កម្សាន្ត ភាគ​ច្រើន​គឺ​វា​អត់​សប្បាយ​លេង​ទេ។ តែ​សង្ឃឹម​ថា ក្រុម​អ្នក​ដែល​គាត់​ប្រឈម​នឹង​បញ្ហា​គាត់​អាច​យក​ទៅ​ប្រើប្រាស់​ព្រោះ​វា​ជំនួយ​ស្មាតី​ពួក​គាត់មួយ»

ទាក់ទិន​នឹង​គម្រោង​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី​នេះ​ដែរ អង្គការ​មូលនិធិ​អាស៊ី​បាន​ជ្រើស​រើស​ជ័យ​លាភី​ថ្មី ២​រូប​ទៀត អោយ​ចូលរួម​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​បន្ត​ទៀត ដោយ​ផ្ដោត​លើ​កិច្ចការ​របស់​យុវជន និង​ការ​ជួយ​សម្រួល​ដល់​កិច្ចការ​របស់​ក្រុម​ស្ត្រី។

របាយការណ៍​ប៉ាន់​ប្រមាណ​អំពី​យេនឌ័រ​នៅ​កម្ពុជា ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​បង្ហាញ​ថា ជា​ទូទៅ ប្រេវ៉ាឡង់​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​មាន​កម្រិត​ខ្ពស់។ ដូចគ្នា​នេះ​អត្រា​រំលោភ​សេពសន្ថវៈ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ទាំង​ក្នុង​គ្រួសារ និង​នៅ​ទីកន្លែង​ដទៃ​ទៀត ក៏​នៅ​មាន​កម្រិត​ខ្ពស់។

អំពើ​ហិង្សា​លើ​ស្ត្រី​កើត​ឡើង​ដោយសារ​មូលហេតុ​ជា​ច្រើន រួម​ទាំង​ផ្នត់​គំនិត​យេនឌ័រ និង​កត្តា​ផ្សេងៗ​ទៀត​របស់​បុគ្គល ដូចជា​ការ​ញៀន​គ្រឿង​ស្រវឹង កម្រិត​នៃ​ការ​អប់រំ​ទាប និង​ការ​ទទួល​រង​អំពើ​ហិង្សា​ក្នុង​វ័យ​កុមារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល