ទស្សនៈ​ជុំវិញ​ទំនាក់ទំនង​រវាង​បុរស​ជា​ប្ដី​នឹង​ស្រី​ផ្សេង​ឬ​គូ​កំណាន់

ដោយ​ សុជីវី
2016-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ពាក្យ​ថា​ប្ដី​មាន​ស្រី ឬ​មាន​គូកំណាន់​នៅ​ខាង​ក្រៅ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ក្នុង​សង្គម​កម្ពុជា ហើយ​ជា​ច្រើន​តំណ​មក​ហើយ​ដែល​សង្គម​នេះ​ចាត់​ទុក​រឿង​នេះ​ជា​រឿង​ធម្មតា។ រហូត​មក​ដល់​ពេល​នេះ គឺ​ជា​ច្រើន​ឆ្នាំ​នៅ​ក្រោយ​ពេល​ដែល​មាន​ច្បាប់​ស្ដីពី​ឯក​ពន្ធភាព តើ​ពាក្យ​នេះ​នៅ​តែ​រឿង​ធម្មតា ឬ​ជា​រឿង​ខុស​ឆ្គង?

រយៈពេល ១០​ឆ្នាំ​មក​ហើយ​ដែល​កម្ពុជា មាន​ច្បាប់​ស្ដីពី​ឯក​ពន្ធភាព ដែល​ធានា​ការពារ​សេចក្ដី​ថ្លៃថ្នូរ និង​ពង្រឹង​សុខដុមរមនា សុភមង្គល​ក្នុង​គ្រួសារ និង​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្ដី និង​ប្រពន្ធ​អោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ច្បាប់​នេះ​ថែម​ទាំង​ចាត់​ទុក​អំពើ​ស្មន់ និង​ផិត​ប្ដី ឬ​ប្រពន្ធ​ថា ជា​បទល្មើស ដែល​ត្រូវ​មាន​ទោស​ទណ្ឌ​ថែម​ទៀត។

ប៉ុន្តែ​ទស្សនៈ​ជា​ទូទៅ​ក្នុង​សង្គម​នេះ​ហាក់​មិន​ផ្លាស់​ប្ដូរ​ច្រើន​ទេ។ បុរស​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែល​វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាស នៅ​តែ​លើក​ឡើង​ថា ប្ដី ឬ​ប្រុស​មាន​ស្រី​គឺ​ជា​រឿង​ធម្មតា។ ពួកគេ​អះអាង​បែប​នេះ​ដោយ​សំអាង​ថា គេ​បាន​ឃើញ​រឿង​នេះ​កើត​ឡើង​ច្រើន​មិន​ថា ចំពោះ​តែ​បុរស​សាមញ្ញ ឬ​អ្នក​មាន​បុណ្យ​សក្ដិ ទ្រព្យ​សម្បត្តិ​ឡើយ។

ស្រប​ពេល​ដែល​ក្រុម​បុរស​យល់​ឃើញ​បែប​នេះ ក៏​មាន​យុវតី​មួយ​ចំនួន​មើល​ឃើញ​ថា ជា​រឿង​ធម្មតា​ដែរ៖ «ចង់​និយាយ​ថា មនុស្ស​ប្រុស​បង​ឯង​ដឹង​ស្រាប់​ហើយ តែងតែ​មាន (ស្រី) ក្រៅ​អ៊ីចឹង មាន​ស្រី​ញី​អីចឹង​ជា​រឿង​ធម្មតា។ និយាយ​ទៅ ១០០ អាច​មាន​តែ​​ថា ១០ អ៊ីចុះ​ដែល​ល្អ។ រឿង​មនុស្ស​ប្រុស​ជា​រឿង​ធម្មតា​ខ្ញុំ​យល់​ឃើញ​ថា អ៊ីចឹង​ទោះ​បី​ជា​ខ្ញុំ​ជា​មនុស្ស​ស្រី ប៉ុន្តែ​មនុស្ស​ប្រុស​គេ​សុទ្ធ​តែ​មាន​រឿង​អ៊ីចឹងៗ ទាំង​អស់។ ខ្ញុំ​យល់​ថា ជា​រឿង​សាមញ្ញ​ធម្មតា»

ការ​លើក​ឡើង​នេះ​ស្រប​ពេល ដែល​មាន​ការ​ពិភាក្សា​គ្នា​ជាប់​មិន​ដាច់​ពី​រឿង​អ្នក​នយោបាយ​មាន​ស្រី​កំណាន់​មិន​ថា ក្នុង​សង្គម​ខាង​ក្រៅ ឬ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឡើយ។ មតិ​មួយ​ចំនួន​ថា មាន​ស្រី​ជា​រឿង​ធម្មតា​របស់​បុរស អ្នក​ខ្លះ​ថា មាន​ស្រី​បង្ហាញ​ថា បុរស​រូប​នោះ​មិន​ស្អាតស្អំ ជា​មនុស្ស​ដែល​មិន​សក្ដិសម​​នឹង​ទៅ​កាន់​តំណែង​អ្នក​ដឹកនាំ។

ក្រុម​ស្ត្រី​ដែល​ធ្វើការ​ខាង​ផ្នែក​សេវា​កម្សាន្ត​សប្បាយ​អះអាង​ថា តាម​អ្វី​ដែល​ពួក​នាង​ជួប​ប្រទះ​គឺ​បុរស​ដែល​មាន​ស្រី មាន​គូកំណាន់​ក្រៅ​ពី​ភរិយា​ជា​រឿង​ធម្មតា។

ប្រធាន​ក្រុម ឬ​ហៅ​ថា មេការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បុប្ផា​ជា​ឈ្មោះ ដែល​អ្នក​យក​ព័ត៌មាន​ដាក់​អោយ​បាន​រៀបរាប់​ថា ស្ត្រី​ក្នុង​ផ្នែក​សេវាកម្ម​កម្សាន្ត​មិន​តិច​ទេ​ដែល​កំពុង​មាន​បុរស ដែល​ជា​គូកំណាន់​ជា​អ្នក​មាន​ប្រពន្ធ​កូន​រួច​ហើយ​នោះ។ បុប្ផា​អោយ​ដឹង​ទៀត​ថា ភាគច្រើន​នៃ​បុរស​ទាំង​នោះ​ជា​អ្នក​មាន​ប្រាក់ មាន​តួនាទី​ធំៗ​ក្នុង​ជួរ​អ្នក​រាជការ និង​អ្នក​នយោបាយ​ផង៖ «អ្នក​ដែល​រើស​គូកំណាន់​ដែល​មាន​គ្រួសារ គឺ​ជួនកាល​គេ​ត្រូវ​ការ​លុយ​ឧបត្ថម្ភ​ក្រៅ ពេល​ខ្លះ​មក​ធ្វើ​ការ​រក​លុយ​អត់​សូវ​បាន។ បើ​គាត់​អ្នក​មន្ត្រី អ៊ីចឹង​គាត់​មាន​លុយ​ច្រើន គាត់​ត្រូវ​ការ​ចាយ​វាយ​លើ​​នារី​ដែល​ធ្វើ​ការ​ដូច​ពួក​ខ្ញុំ គាត់​មក​លេង​កម្សាន្ត​សប្បាយ បើ​គាត់​ពេញ​ចិត្ត​នារី​ណា​ម្នាក់ គាត់​យក​ជា​គូកំណាន់​របស់​គាត់»

បុប្ផា​បន្ត​ទៀត​ថា បើ​ទោះ​ជា​មាន​ច្បាប់​ដែល​កំហិត​អោយ​គូ​ស្វាមី ភរិយា​មាន​ចិត្ត​ស្មោះស្ម័គ្រ មិន​ផិត​ក្បត់​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​ក្នុង​សង្គម​ដែល​នាង​ជួប​ប្រទះ​គឺ​នៅ​តែ​ចាត់​ទុក​ថា បុរស​ជា​ប្ដី​ទៅ​មាន​ស្រី​នៅ​ខាង​ក្រៅ​ជា​រឿង​ធម្មតា៖ «ពួក​ខ្ញុំ​គិត​ថា ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ ដែល​ថា មនុស្ស​ដែល​មាន​គ្រួសារ​ហើយ​មក​ដើរ​លេង​ខិលខូច ពេល​យប់​ព្រលប់​អ៊ីចឹង​​វា​ទៅ​ជា​ទូ​ទៅ​ទាំង​អស់»

នៅ​ក្នុង​ច្បាប់​ស្ដីពី​ឯក​ពន្ធភាព ដែល​ចេញ​កាល​ពី​ឆ្នាំ​២០០៦ បាន​ចែង​ពី​ពី​ទោស​ទណ្ឌ​ចំពោះ​បុរស​ជា​ប្ដី ឬ​ស្ត្រី ជា​ភរិយា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ផិត ស្មន់ និង​ទ្វេពន្ធភាព ដែល​សំដៅ​ដល់​មាន​ប្ដី ឬ​ប្រពន្ធ​២ ដោយ​មាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍។

មាត្រា​១០ នៃ​ច្បាប់​នេះ​ចែង​ថា អ្នក​មាន​ទ្វេ​ពន្ធភាព​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ៦​ខែ ដល់​មួយ​ឆ្នាំ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ២​សែន​រៀល (២០០.០០០) ទៅ​មួយ​លាន​រៀល (១.០០០.០០០)។ ចំណែក​មាត្រា​៩ អ្នក​ដែល​បាន​ផិត ឬ​ស្មន់​ត្រូវ​ផ្ដន្ទាទោស​ពី ១​ខែ ដល់ ១​ឆ្នាំ និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ២​សែន​រៀល (២០០.០០០) ទៅ ១​លាន​រៀល (១.០០០.០០០) ដែរ។ ស្មន់​សំដៅ​ដល់​បុរស ឬ​ស្ត្រី​ដែល​មាន​ប្ដី​ប្រពន្ធ​ហើយ​ទៅ​មាន​ចំណង​រួម​មេត្រី​នឹង​សាច់​ញាតិ​លោហិត ឬ​ញាតិពន្ធ​នឹង​គ្នា។ ឯ​ផិត​សំដៅ​បុរស ស្ត្រី​ដែល​មាន​ចំណង​អាពាហ៍ពិពាហ៍​ទៅ​មាន​ចំណង​រួម​មេត្រី​នឹង​បុរស ស្ត្រី​ផ្សេង​ទៀត។ ករណី​ទាំង​នេះ​ព្រះរាជអាជ្ញា​អាច​សម្រេច​មិន​ធ្វើ​បណ្ដឹង​អាជ្ញា​បាន​ប្រសិន​បើ​មាន​បណ្ដឹង​ស្នើ​សុំ​មិន​អោយ​ចោទ​ប្រកាន់​ដោយ​សហព័ន្ធ​ណា​មួយ។

ក្រៅ​ពី​បញ្ហា​ទោស​ទណ្ឌ​នៃ​ច្បាប់​ទាំង​នេះ កាល​ពី​អតីតកាល​មាន​ស្ត្រី​កំណាន់​មិន​តិច​ទេ ដែល​ត្រូវ​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ និង​ជះ​ទឹក​អាស៊ីដ នៅ​ក្រោយ​ពេល​ដែល​ស្ត្រី​ជា​ភរិយា​ដើម​បាន​ដឹង​រឿង។ កត្តា​ទាំង​នេះ​នៅ​តែ​មិន​បាន​ធ្វើ​អោយ​ពាក្យ​ថា មាន​ស្រី មាន​គូកំណាន់​នៅ​ខាង​ក្រៅ​ជា​រឿង​ដែល​ចម្លែក​ឡើយ​ក្នុង​សង្គម​ខ្មែរ។

គេ​នៅ​ចាំ​បាន​ថា មាន​តារា​ភាពយន្ត អ្នក​សំដែង និង​អ្នក​ចម្រៀង​មួយ​ចំនួន​ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​ខ្លះ​ក្លាយ​ជា​ជន​ពិការ​ដោយ​សារ​ស្នេហា​ត្រី​កោណ ដែល​ត្រូវ​គេ​សង្ស័យ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល។

ចំពោះ​បុប្ផា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត​សប្បាយ​នាង​លើក​ឡើង​ថា ពិត​មែន​ថា បញ្ហា​និទ្ទណ្ឌភាព​ភាព​នៅ​តែ​កើត​មាន​ដែល​មិន​អាច​អោយ​ស្ត្រី​កំណាន់​ទទួល​បាន​យុត្តិធម៌ ក៏​ពួក​នាង​ពុំ​មាន​ជម្រើស​ដែរ​ដ្បិត​ពួក​នាង​ត្រូវការ​ប្រាក់​ផ្គត់ផ្គង់​ជីវភាព នៅ​ពេល​ដែល​ពួក​នាង​មិន​សូវ​មាន​ចំណេះដឹង៖ «រឿង​ជា​គូកំណាន់​ចំពោះ​ពួក​មន្ត្រី ​អ្នក​ធំ​ហ្នឹង​ក៏​មាន​អារម្មណ៍​ថា អត់​សុវត្ថិភាព​ដែរ ប៉ុន្តែ​សំខាន់​លើ​ខ្លួន​យើង បើសិន​យើង​ថា មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​​​គេ យើង​មិន​ចង់​បាន​លុយ​គេ​ទេ យើង​ត្រូវ​ដើរ​ចេញ​ពី​គេ​ទៅ តែ​នេះ​យើង​ចង់​បាន​លុយ​គេ​ដែរ យើង​ចង់​នៅ​ជាមួយ​គេ​ដែរ»

ចំពោះ​អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​វិញ មើល​ឃើញ​ថា ប្ដី ឬ​ប្រពន្ធ​ទៅ​មាន​គូកំណាន់​ផ្សេង​មិន​មែន​ជា​រឿង​ធម្មតា​ទេ បញ្ហា​នេះ​បាន​នាំ​អោយ​មាន​រឿងរ៉ាវ​ជា​ច្រើន ជា​ពិសេស​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ផល​ប៉ះពាល់​ផ្ទាល់​ទៅ​លើ​កូនៗ​ក្នុង​បន្ទុក។

ថ្លែង​នៅ​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ទី​១៥ ខែ​មីនា ដែល​ជជែក​ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​រឿង​អាស្រូវ​ស្នេហា​របស់​អនុ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា នោះ​នាយក​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ ចាត់​ទុក​ថា មាន​ស្រី ឬ​គូកំណាន់​ផ្សេង​ពី​ភរិយា​មិនមែន​ជា​រឿង​ធម្មតា​ឡើយ៖ «ចម្លើយ​ខ្ញុំ​ថា សាធារណជន​មាន​សិទ្ធិ​ដឹង ព្រោះ​អី​រឿង​សីលធម៌​ដែល​មាន​ស្រី​នេះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ស្ត្រី​ច្រើន​ណាស់ ហើយ​ខ្ញុំ​ក៏​គាំទ្រ​ដែរ​ថា បើ​សិន​ជា​ក្នុង​ករណី​ដែល​មនុស្ស​វាយ​ស្រី​ហើយ ធ្វើ​បាប​គ្រួសារ​ដល់​ពេល​គ្រប់គ្រង​ជាតិ​ក៏​មាន​បញ្ហា​ដែរ។ ទោះ​បី​ជា​ខាង​ស្រី​មិន​ប្ដឹង​ក៏​ដោយ​កេរ​ពិត​រឿង​សីលធម៌ រឿង​ស្រីញី បើ​ទោះ​បី​ជា​គេ​ព្រម​ក៏​នៅ​តែ​ជា​រឿង​អសីលធម៌​ដែរ»

ចំណែក​អនុ​ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី មាន​ប្រសាសន៍​ថា ផ្នត់​គំនិត​ដែល​មាន​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​បទដ្ឋាន​ច្បាប់​ដែល​នៅ​ជា​ធរមាន​ឡើយ ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា ទទួល​ស្គាល់​ឡើយ៖ «យើង​រស់​នៅ​ក្នុង​សង្គម​នៃ​ប្រទេស​នីមួយៗ​ត្រូវ​តែ​គោរព​ច្បាប់។ អ្នក​ខ្លះ​គ្រាន់តែ​ធ្វើ​ខុស​អី​បន្តិច​ចាប់​គេ​ដាក់​គុក​​ ថា​គេ​ខុស​នឹង​ច្បាប់ ចុះ​ទម្រាំ​តែ​យើង​ផ្ទុយ​នឹង​ច្បាប់​ដែរ​ត្រូវ​តែ​ទទួលទោស។ រឿង​បែប​នេះ​មិន​មែន​ជា​រឿង​តូច​ទេ គឺ​ផ្ទុយ​ពី​ច្បាប់ ផ្ទុយ​ពី​គោលការណ៍​របស់​រាជរដ្ឋាភិបាល ផ្ទុយ​នឹង​កតិកាសញ្ញា អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​សិទ្ធិ​ស្រ្តី ការ​ប្រឆាំង​នឹង​ការ​រើសអើង​លើ​ស្ត្រី​ភេទ​ជា​ដើម»

អ្នកស្រី​ថា ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​ដែល​សាហាវ​ឃោរឃៅ​ដទៃ​ទៀត​មាន​ដើម​ចម​ចេញ​ពី​បញ្ហា​ស្នេហា​ត្រីកោណ ហើយ​មាន​ស្ត្រី​ជា​ច្រើន​នាក់​រងគ្រោះ​ដោយ​ភាព​អយុត្តិធម៌។

អ្នកស្រី លឹម មុន្នី លើក​ឡើង​ទៀត​ថា ពេល​នេះ​គឺ​សម​ល្មម​ហើយ ដែល​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម ដើម្បី​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ចាស់​ដែល​ថា ប្ដី​មាន​ស្រី​ជា​រឿង​ធម្មតា​នោះ​ចោល៖ «ឧទាហរណ៍​យ៉ាង​ខ្លី​មួយ គឺ​នៅ​ក្នុង​ផ្ទះ​នៃ​គ្រួសារ​មួយ ក្រោម​ដំបូល​តែ​មួយ ឪពុក និង​ម្ដាយ​គឺ​ជា​គំរូ​យ៉ាង​សំខាន់​សម្រាប់​កូនៗ និង​ចៅៗ។ ប្រសិន​បើ​​ឪពុក​ជា​បុរស​ល្អ អនុវត្ត​តួនាទី​កាតព្វកិច្ច និង​ប្រើ​អត្តចរិត​សមរម្យ​ប្រពៃ​ជា​បុរស​ខ្មែរ​ត្រឹមត្រូវ​ កូន​ប្រុស​របស់​គាត់ ហើយ​និង​ចៅ​ប្រុស​ច្បាស់​ជា​អនុវត្ត​តាម»

អ្នកស្រី​ក៏​លើក​ឡើង​ដែរ​ថា ប្រហែល​ជា​អាច​ត្រូវ​ការ​ពេល​វេលា​យូរ​ទៀត​ទើប​អាច​កែប្រែ​ផ្នត់​គំនិត​នេះ ហើយ​សមាជិក​ម្នាក់ៗ​ក្នុង​សង្គម​គឺ​ជា​ចលករ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​នេះ។
ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ និង​​ក្រសួង​កិច្ចការ​នារី បាន​បង្កើត​អោយ​មាន​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ដែល​ធ្វើ​ការងារ​ច្រើន​លើ​ការ​ផ្សព្វផ្សាយ លើក​កម្ពស់​ស្ថានភាព​តួនាទី និង​សុខុមាលភាព​ស្ត្រី ដើម្បី​​រក្សា​វប្បធម៌​ជាតិ ធានា​ដល់​ការ​គោរព​សីលធម៌​សង្គម​ និង​សុភមង្គល​នៅ​ក្នុង​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល