សង្គម​ស៊ីវិល​ស្នើ​គ.ជ.ប​អោយ​ជួយ​សម្រួល​ដល់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ស្ត្រី

ដោយ​ សុ ជីវី
2016-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជំនួយ​ការ​នាយិកា​អង្គការ​សីលការ (Silaka) កញ្ញា សេង រាសី ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
ជំនួយ​ការ​នាយិកា​អង្គការ​សីលការ (Silaka) កញ្ញា សេង រាសី ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Morm Moniroth

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦។ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុង​ឆ្នាំ​២០១៦ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ស្ត្រី​លើក​សំណើ​មួយ​ចំនួន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អោយ​ជួយ​សម្រួល​ដល់​អ្នក​បោះឆ្នោត​ជា​ស្ត្រី ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​រំពឹង​ថា ក្រុមការងារ គ.ជ.ប ដែល​ទទួល​បន្ទុក​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ជួយ​សម្រួល​ច្រើន​ដល់​ក្រុម​ស្ត្រី​ដើម្បី​អោយ​ពួកគេ​បាន​ចុះ​ឈ្មោះ​ដោយ​ងាយស្រួល។

អ្នក​សម្របសម្រួល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​របស់​អង្គការ​សីលកា កញ្ញា សេង រាសី ថ្លែង​ថា ឆ្លង​កាត់​បទពិសោធន៍​តាមដាន​ការ​ចុះ​បញ្ជី​សាកល្បង​កញ្ញា​ស្នើ​អោយ គ.ជ.ប ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន​ដែល​នឹង​ជួយ​សម្រួល​ដល់​ស្ត្រី​ក្នុង​ពេល​ចុះ​ឈ្មោះ«ចំណុច​ដែល​ជា​បញ្ហា​ប្រឈម​របស់​ស្ត្រី គឺ​ទី​១ ស្ត្រី​ភាគច្រើន​គាត់​អត់​ទទួល​បាន​ព័ត៌មាន​ពេញលេញ​អំពី​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ទី​២ កម្រិត​នៃ​ការ​ចេះ​អក្សរ​របស់​គាត់​ទាប ដូច្នេះ​នៅ​ពេល​ត្រូវ​ផ្ទៀង​ឈ្មោះ​នៅ​លើ​កញ្ចក់ (អេក្រង់) កុំព្យូទ័រ វា​មាន​ការ​លំបាក​សម្រាប់​គាត់ គឺ​អត់​មាន​អ្នក​ជួយ​ផ្ទៀង​គាត់។ ពេលវេលា​ដែល​ពួក​គេ​អាច​ទៅ​ចុះ​បោះឆ្នោត​បាន គឺ​ច្រើន​តែ​ពេល​ល្ងាច ដែល​ពេល​ខ្លះ​ដំណើរ​ការ​ចុះ​ឈ្មោះ​ត្រូវ​បិទ លើកលែង​តែ​កន្លែង​ខ្លះ​គេ​អនុគ្រោះ​គេ​បន្ត​ចុះ​ឈ្មោះ​ឲ្យ»

ស្រប​គ្នា​នេះ​កញ្ញា​ក៏​បាន​ស្នើ​អោយ គ.ជ.ប យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ចំពោះ​ការ​ផ្សព្វផ្សាយ​ណែនាំ​អោយ​ពលរដ្ឋ​អោយ​ទៅ​ចុះឈ្មោះ«សូម​ឲ្យ​ការ​អប់រំ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទូលំទូលាយ ព្រោះ​ពេល​ខ្លះ​វា​អត់​បាន​ទៅ​ដល់​ពួក​គាត់។ ដោយសារ​តែ​នេះ​ជា​ដំណើរ​ការ​ថ្មី វា​អាច​ជា​ភាព​ងាយ​ស្រួល​ផង ជា​ការ​លំបាក​ផង​នៅ​ពេល​ដែល​គាត់​មិន​បាន​យល់​ដឹង​ពី​ដំណើរ​ការ​ទាំងអស់»

គ.ជ.ប បាន​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ កាល​នោះ​គេ​បាន​ធ្វើ​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​២៥ ដោយ​ក្នុង​នោះ​ឃុំ​សង្កាត់​ខ្លះ​ជ្រើសរើស​យក ១​ភូមិ ឃុំ សង្កាត់ ខ្លះ​ជ្រើសរើស​យក ២​ភូមិ និង​ឃុំ​សង្កាត់ ខ្លះ​ទៀត​ជ្រើសរើស​យក ៣​ភូមិ ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

នៅ​ក្រោយ​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​សាកល្បង គ.ជ.ប បាន​បង្កើត​បទបញ្ជា និង​នីតិវិធី​មួយ​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​ផ្លូវការ​ដោយ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់ និង​បទពិសោធន៍​ដែល​ទទួល​បាន។

បទបញ្ជា និង​នីតិវិធី​នោះ​មាន​កម្រាស់ ១៣៣​ទំព័រ ដោយ​មាន ៦​ជំពូក។ ក្នុង​ប្រការ​មួយ​ដែល​និយាយ​ពី​ការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ច​សន្យា​បាន​ចែង​ថា គ.ជ.ប ត្រូវ​ជ្រើសរើស​មន្ត្រី​បុគ្គលិក​ជាប់​កិច្ចសន្យា​ទៅ​តាម​ទំហំ​ការងារ​នៅ​ក្នុង​ដំណាក់កាល​ចុះ​ឈ្មោះ ក្នុង​នោះ​ជ្រើសរើស​បេក្ខនារី ឬ​បេក្ខជន​ជា​ជនជាតិ​ដើម​ភាគតិច​ទៅ​តាម​ចំនួន​សមស្រប។

គ.ជ.ប ក៏​យក​ចិត្ត​ទុកដាក់​ជ្រើសរើស​បេក្ខជន ឬ​បេក្ខនារី​ជា​ជន​មាន​ពិការភាព។ គ.ជ.ប ខិតខំ​អស់​ពី​សមត្ថភាព​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​ជា​បេក្ខជន និង​បេក្ខនារី​អោយ​មាន​ចំនួន​ស្មើគ្នា។

បើ​ទោះ​បី​ជា​មាន​ចែង​ក្នុង​នីតិវិធី​ដូច្នេះ​ក្ដី ក៏​អ្នក​សម្របសម្រួល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​របស់​អង្គការ​សីលកា កញ្ញា សេង រាសី រក​ឃើញ​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​កែសម្រួល«យើង​សួរ​ថា ហេតុ​អ្វី​ប្រុស​មិន​អាច​ធ្វើ​ការី​កុំព្យូទ័រ​បាន​ទេ ឬ​យ៉ាង​ម៉េច? បាន​ជា​ចាំបាច់​ត្រូវ​តែ​មាន​ស្ត្រី? ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា គឺ​ជា​គំរូ​ភាព​ដល់​ស្ត្រី​ដែល​មក​ចុះ​ឈ្មោះ ឲ្យ​គាត់​មាន​ទំនុក​ចិត្ត លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​មក​ចុះ​ឈ្មោះ ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​ចូលរួម​ស្មើ​ភាព​គ្នា​រវាង​បុរស និង​ស្ត្រី»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា បញ្ហា​ដែល គ.ជ.ប ជួប​ប្រទះ​គឺ​ខ្វះ​ស្ត្រី​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​កុំព្យូទ័រ«..ប មិន​មាន​ការ​រើសអើង​ទេ​ចំពោះ​ស្ត្រី ជន​ពិការ ជនជាតិ​ដើម​ភាគតិច និង​អ្នក​ដែល​ងាយ​រងគ្រោះ ក្នុង​នោះ គ..ប ផ្តល់​លទ្ធភាព​ឲ្យ​ពួក​គាត់​បាន​ចុះ​ឈ្មោះ​បាន​មុន»

គិត​ត្រឹម​ដើម​ខែ​សីហា នេះ​គ.ជ.ប បាន​ទទួល​កុំព្យូទ័រ​គ្រប់​ចំនួន និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ទៀត​សម្រាប់​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប និង​ពី​ប្រទេស​ជប៉ុន។

ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ធ្វើ​ការងារ​ទាក់ទង​ដល់​ការ​ឈ្មោះ​បោះឆ្នោត​បាន​ចាប់​ផ្ដើម​ការ​ផ្សព្វផ្សាយ​ពន្យល់​អ្នក​បោះ​ឆ្នោត។

នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា  ឬ ខុមហ្វ្រែល (COMFREL) បាន​បង្ហាញ​វីដេអូ​ខ្លីៗ​អប់រំ​ជាច្រើន​ដែល​ណែនាំ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ក្នុង​ចំណោម​នោះ​ក៏​មាន​វីដេអូ​ណែនាំ​ពី​ឯកសារ​ចាំ​បាច់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

បើ​ទោះជា​យ៉ាងណា វីដេអូ​ខ្លី​ទាំង​នោះ​ពុំ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ក្រុម​ស្រ្ដី​ជា​អ្នក​បោះឆ្នោត​ឡើយ។

អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង យេនឌ័រ នៃ​អង្គការ​ខុមហ្វ្រែល អ្នកស្រី សឺនកេត សិរីលក្ខណ៍ មាន​ប្រសាសន៍​ថា អង្គការ​អ្នកស្រី​នឹង​សហការ​ជាមួយ​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត ដើម្បី​ចាប់​ផ្ដើម​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ដោយ​ផ្ដោត​លើ​អ្នក​បោះឆ្នោត​ជា​ស្ត្រី។

លើស​ពី​នេះ អង្គការ​នេះ​នឹង​តាមដាន​អ្នកស្រី​នឹង​តាមដាន​ចំពោះ​សកម្មភាព​របស់ គ.ជ.ប បន្ត​ទៀត «យើង​ចង់​ឃើញ គ..ប មួយ​ដែល​ធ្វើ​ការងារ​សកម្ម​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ គ..ប គាត់​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ធ្វើ​ហ្នឹង។ ទាំង​តាម​ទូរទស្សន៍ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា គឺ​គាត់​អាច​ស្នើ​ទៅ ដើម្បី​ផ្សព្វផ្សាយ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ»

ទាំង​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​មន្ត្រី គ.ជ.ប បាន​អំពាវ​នាវ​អោយ​ស្ត្រី​អ្នក​បោះឆ្នោត​អោយ​ស្វែង​យល់​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត និង​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

តាម​ការប៉ាន់​ប្រមាណ​របស់ គ.ជ.ប ​អោយ​ដឹង​ថា ចំនួន​អ្នក​គ្រប់​អាយុ​បោះឆ្នោត​សរុប​មាន​ជាង ១០​លាន​នាក់។ តែ​បើ​ទោះ​ជា​យ៉ាងណា គ.ជ.ប នៅ​មិន​ទាន់​អាច​ប៉ាន់​ស្មាន​បាន​នៅ​ឡើយ​ថា ចំនួន​ស្រ្តី​ដែល​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​ឡើយ។ នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចាស់​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អោយ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ប្រមាណ ៩​លាន​នាក់​នោះ​មាន​ជាង​ពាក់​កណ្ដាល​ជា​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល