ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​រក​អន្តរាគមន៍​ឲ្យ​មាន​គោលនយោបាយ​សមភាព​យេនឌ័រ​នៅ​គ.ជ.ប

ដោយ សុ ជីវី
2015-07-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​អង្គការ​សីលការ អ្នកស្រី ធីដា ឃិះ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។
នាយិកា​អង្គការ​សីលការ អ្នកស្រី ធីដា ឃិះ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។
RFA

សមភាព​យេនឌ័រ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​តែ​ជា​កង្វល់​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។ ករណី​នេះ​ពួកគេ​បាន​ដាក់​លិខិត​ចំហ​មួយ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន ដោយ​ស្នើ​សុំ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​អោយ​មាន​សមភាព​យេនឌ័រ​ក្នុង​ស្ថាប័ន គ.ជ.ប ទើប​បង្កើត​ថ្មីថ្មោង​មួយ​នេះ។

តើ​ក្រុម​អង្គការ​ទាំង​នោះ​បាន​ស្នើ​សុំ​អ្វី​ខ្លះ?

លិខិត​ចំនួន ២​ទំព័រ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៦ បាន​លើក​ឡើង​ពី​ចំណុច​ខ្វះខាត​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប និង​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ចំណុច​ខ្វះខាត​ទាំង​នោះ​នឹង​រុញ​ច្រាន​អោយ​មាន​វិសមភាព​យេនឌ័រ នៅ​ក្នុង​ស្ថាប័ន​នេះ។

ក្រុម​អង្គការ​ស្ត្រី​បញ្ជាក់​ថា ចំណុច​ខ្វះខាត​ទាំងនោះ​មាន ៦​ចំណុច​ធំៗ ដែល​រួម​មាន​ច្បាប់​នេះ​មិន​បាន​ចែង​ច្បាស់​ពី​ឈ្មោះ​បេក្ខភាព​តាម​លំដាប់​លេខ​រៀង​ឆ្លាស់​គ្នា​រវាង​ស្ត្រី និង​បុរស​នៅ​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ។ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ចូលរួម​របស់​ស្ត្រី ជា​ពិសេស​ស្ត្រី​វ័យ​ក្មេង នៅ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ស្ថាប័ន​នេះ ដោយ​រាប់​តាំង​ពី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត រហូត​ដល់​អគ្គលេខាធិការដ្ឋាន។ មិន​បាន​កំណត់​ចំនួន​ស្ត្រី​អោយ​បាន​ច្បាស់លាស់​ក្នុង​គណៈកម្មការ​ដែល​តែងតាំង​ដោយ គ.ជ.ប ការ​ជ្រើសរើស និង​តែងតាំង​មន្ត្រី​ក្នុង​ការ​ជួយ​ពិនិត្យ​បញ្ជី​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​ដឹកនាំ​នៃ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីដា ឃិះ មាន​ប្រសាសន៍​បន្ថែម​ថា ចំណុច​សំខាន់​ជាង​គេ​ដែល​ក្រុម​អ្នកស្រី​ចង់​បាន គឺ​ការ​ចែង​ច្បាស់​ពី​ថវិកា​សម្រាប់​កសាង​សមត្ថភាព​ពាក់ព័ន្ធ​នឹង​បញ្ហា​បញ្ជ្រាប​យេនឌ័រ​ដល់​បុគ្គលិក​គ្រប់រូប។

អ្នកស្រី ធីដា ឃិះ បាន​បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី គឺ​ជា​អ្នក​ដែល​មាន​ឥទ្ធិពល ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​បើក​ភ្លើង​ខៀវ​លើ​បញ្ហា​ថវិកា​នោះ គោលនយោបាយ​យេនឌ័រ​ក្នុង​ស្ថាប័ន គ.ជ.ប នឹង​អាច​បង្កើត​បាន ព្រម​ទាំង​មាន​ដំណើរការ​ផង៖ «»។

លើស​ពី​នេះ បើ​តាម​អ្នកស្រី ធីដា ឃិះ ក្រុម​អ្នកស្រី​ក៏​អាច​ជួយ​ស្វែង​រក​ថវិកា​សម្រាប់​អនុវត្ត​ផែនការ​លើក​កម្ពស់​យេនឌ័រ ក្នុង គ.ជ.ប នេះ​ដែរ៖ «»។

លិខិត​ដដែល​លើក​ឡើង​ដែរ​ថា ច្បាប់​បង្កើត និង​ដំណើរការ គ.ជ.ប មិន​បាន​ចែង​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ដែល​ជួប​ការ​លំបាក​ រួម​មាន​ស្ត្រី ជន​ពិការ ស្ត្រី​ជនជាតិ​ដើម​ភាគតិច មិន​បាន​ជំរុញ​អោយ​គណបក្ស​នយោបាយ​រៀបចំ​បញ្ជី​ឆ្លាស់​រវាង​បុរស និង​ស្ត្រី និង​មិនបាន​ផ្សព្វផ្សាយ​ដល់​ក្រុម​មនុស្ស​ទាំង​នេះ​នូវ​ព័ត៌មាន​ចាំបាច់​នានា ទាក់ទង​នឹង​ការបោះឆ្នោត​ជា​ដើម។

សមាជិក គ.ជ.ប ដែល​ជា​ស្ត្រី​តែ​មួយ​រូប អ្នកស្រី តែ ម៉ានីរ៉ុង មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ប្រឹង​ប្រែង​តស៊ូ​មតិ ដើម្បី​អោយ​មាន​គោល​នយោបាយ​សមភាព​យេនឌ័រ​នេះ​នៅ​ស្ថាប័ន គ.ជ.ប ប៉ុន្តែ​នៅ​ពេល​នេះ គ.ជ.ប កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​ចុះ​បញ្ជី​ឈ្មោះ​សាកល្បង៖ «»។

អ្នកស្រី​រំពឹង​ថា អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី អាច​អោយ​គោល​នយោបាយ​នោះ​មាន​រូបរាង​ឆាប់​រហ័ស៖ «»។

នៅ​មុន​ពេល​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​បាន​ដាក់​សំណើ​ទៅ គ.ជ.ប ដែរ ក្នុង​ការ​ទាមទារ​អោយ​មាន​គោល​នយោបាយ​សមភាព​យេនឌ័រ​នេះ។ ក្រុម​នេះ​ក៏​បាន​ភ្ជាប់​នូវ​សេចក្ដី​ព្រាង​គោលនយោបាយ ដែល​សំដៅ​ដល់​ចំណុច​សំខាន់ៗ នៃ​ការ​ប្ដេជ្ញា​ចិត្ត និង​មធ្យោបាយ​ដោះស្រាយ​វិសមភាព​យេនឌ័រ ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក មាន​ប្រសាសន៍​ថា លោក​ពុំ​ព្រងើយ​កន្តើយ​នឹង​សំណូម​ពរ​នេះ​ទេ លោក​ក៏​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ​ដែរ។ លោក​ពុំ​មាន​យោបល់​អ្វី​ចំពោះ​ការ​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ឡើយ។ លោក​ថា គ.ជ.ប ពិត​មែន​ថា ជា​ស្ថាប័ន​ឯករាជ្យ ក៏​ស្ថាប័ន​នេះ​ក៏​មិន​ឋិត​នៅ​ដាច់​តែ​ឯង​ឡើយ គឺ​ត្រូវ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​ក្នុង​ផ្នែក​ថវិកា ដែល​ស្ថាប័ន​នេះ​ត្រូវ​ទទួល​បាន​ពី​ការ​បែងចែក​ថវិកាជាតិ​របស់​រដ្ឋាភិបាល៖ «»។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បន្ត​ថា ក្នុង​ពេល​ដែល គ.ជ.ប កំពុង​រៀបចំ​ដំណើរការ​នេះ ទាមទារ​ចង់​បាន​ស្ត្រី​ដែល​មាន​សមត្ថភាព​បំពេញ​ការងារ​អោយ​ចូល​ធ្វើការ៖ «»។

ស្របគ្នា​នេះ​សមាជិក គ.ជ.ប ​អ្នកស្រី តែ ម៉ានីរ៉ុង អំពាវ​នាវ​អោយ​ស្ត្រី ពិសេស​ក្មេង​ស្រី ពង្រឹង​សមត្ថភាព​ពិសេស​លើ​ជំនាញ​ព័ត៌មាន​វិទ្យា៖ «»។

នៅ​ក្នុង​លិខិត​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ប្រាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ដែរ។ ក្នុង​រួម​មាន​ច្បាប់​នោះ​ពុំ​បាន​កំណត់​ចំនួន​ស្ត្រី​ជា​អប្បបរមា​ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា និង​មាន​មាត្រា​មួយ​ចំនួន​ដែល​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​កំហិត​សកម្មភាព​អង្គការ និង​សមាគម ដែល​បំពេញ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល