សារសំខាន់​នៃ​គម្រោងផ្តល់​ថវិកា​ដល់​ស្រ្តីវ័យ​ក្មេង​អនុវត្ត​សកម្មភាព​តាម​សហគមន៍

ដោយ សុជីវី
2016-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា រ៉ី ម៉ារីណា និស្សិត​សាកលវិទ្យាល័យ​មួយ​នា​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។
កញ្ញា រ៉ី ម៉ារីណា និស្សិត​សាកលវិទ្យាល័យ​មួយ​នា​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។
RFA/So Chivy

បណ្ដាញ​ស្ត្រី​អ្នក​ដឹក​នាំ​វ័យក្មេង និង​គំនិត​ផ្ដួចផ្ដើម កំពុង​ជ្រើសរើស​ក្រុម​ស្ត្រី​វ័យ​ក្មេង ដើម្បី​ទទួល​បាន​ថវិកា​ជំនួយ​អនុវត្ត​គម្រោង​តូច​ៗ នៅ​តាម​សហគមន៍។

ថវិកា​ជំនួយ​នោះ​ផ្ដោត​លើ​គំនិត​ផ្ដួចផ្ដើម​របស់​ស្ត្រី​វ័យក្មេង​ក្នុង​វិស័យ​សំខាន់​ចំនួន​៤ រួម​មាន នយោបាយ សេដ្ឋកិច្ច បរិស្ថាន និង​សិទ្ធិ​ស្ត្រី។

គម្រោង​របស់​ក្រុម​បណ្ដាញ​ស្ត្រី​ដឹកនាំ​វ័យ​ក្មេង​មាន​ឈ្មោះ​ថា មូលនិធិ​ខ្នាត​តូច ដែល​នឹង​ផ្ដល់​ប្រាក់​ចំនួន​៦សែន​រៀល ឬ​ប្រហាក់ប្រហែល​នឹង​១៥០​ដុល្លារ​សម្រាប់​ផែនការ​គម្រោង​នីមួយៗ។

អ្នក​សម្របសម្រួល​គម្រោង​នេះ កញ្ញា រ៉ី ម៉ារីណា ដែល​ជា​និស្សិត​មួយ​រូប​ផង​និយាយ​ថា គម្រោង​នេះ​ផ្ដល់​ឱកាស​អោយ​ស្ត្រី​វ័យក្មេង​ដែល​មាន​គំនិត​ផ្ដួចផ្ដើម​ថ្មី ប៉ុន្តែ​ខ្វះ​ថវិកា។ ពួកគេ​អាច​ស្នើ​សុំ​ថវិកា​ពី​គម្រោង ដើម្បី​អនុវត្ត​សកម្មភាព​ចូលរួម​អភិវឌ្ឍន៍​សង្គម។ «»

ម៉ារីណា ជា​យុវតី​មួយ​រូប​ក្នុង​ចំណោម​យុវតី​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​តាំង​ពី​ឆ្នាំ​២០១៥​មក។ ពួក​នាង​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជំរុញ​អោយ​ស្ត្រី​វ័យ​ក្មេង​អាច​បញ្ចេញ​សមត្ថភាព និង​ចូលរួម​កិច្ចការ​សង្គម។ នាង​បាន​ចូល​រួម​ក្រុម​នេះ​បន្ទាប់​ពី​បាន​ទទួល​ថវិកា​ពី​គម្រោង​នេះ​ដែរ​កាលពី​ឆ្នាំ​២០១៥ ។

ខុស​ប្លែក​ពី​គម្រោង​ក្នុង​ឆ្នាំ​២០១៥ មូលនិធិ​ខ្នាត​តូច​ថ្មី​នេះ ផ្ដល់​ថវិកា​ច្រើន​ជាង​ឆ្នាំ​មុន ដែល​មាន​ចំនួន​ត្រឹម​២៤ ម៉ឺន​រៀល ឬ​ប្រហែល​នឹង​៦០​ដុល្លារ ដោយ​អាច​ជ្រើសរើស​ប្រធានបទ​ទូទៅ។

ម៉ារីណា​បន្ត​ថា មូលនិធិ​នេះ​ប្រកាស​ជ្រើសរើស​អ្នកចូលរួម​ជា​ស្ត្រី​វ័យ​ក្មេង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ មករា។«»

ក្នុង​សេចក្ដីជូនដំណឹង​របស់​បណ្ដាញ​ស្ត្រី​អ្នកដឹកនាំ​វ័យក្មេង​អោយ​ដឹង​ថា​អ្នកចូលរួម​ត្រូវ​មាន​អាយុ​ចាប់ពី​១៥ ដល់ ៣០​ឆ្នាំ មាន​សមាជិក​ក្រុម​ចំនួន​៥​នាក់ ដោយ​មាន​ស្ត្រី​ជា​អ្នកដឹកនាំ។​មាន​គំនិត​ផ្ដួចផ្ដើម​ថ្មី មាន​ឆន្ទៈ​ខ្ពស់ និង​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​រយៈពេល​អនុវត្ត​គម្រោង ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៥​ខែ កុម្ភៈ ដល់​ថ្ងៃ​ទី​២៣ ខែ មីនា ឆ្នាំ​២០១៦។

មក​ដល់​ពេល​នេះ​មាន​យុវតី​ជាច្រើន​ក្រុម​បាន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​នេះ។ តាម​គម្រោង​នឹង​ផ្ដល់​ថវិកា​ទៅ​អោយ​ក្រុម​ស្ត្រី​ដែល​ទទួល​ជោគជ័យ​ចំនួន​៥​ក្រុម។

កញ្ញា​វ័យ​២១​ឆ្នាំ​រូប​នេះ​រំពឹង​ថា យុវតី​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព​កាន់​តែ​ច្រើន​នឹង​ចូលរួម​ គម្រោង។ «»

យុវតី​មួយរូប​កញ្ញា វុទ្ធីឈៀត ដែលចាប់អារម្មណ៍​ចូលរួម​គម្រោង​នេះ​ថ្លែង​ថា នាង​គិត​ថា​គម្រោង​នេះ​តូច​សម្រាប់​អ្នក ដែល​ចូលចិត្ត​ចូលរួម​រួម​កិច្ចការសង្គម​​ដោយចាប់​ផ្ដើម​ពី​រឿង​តូចៗ។ «»

សមាជិក​បណ្ដាញ​ស្ត្រី​អ្នកដឹកនាំ​វ័យ​ក្មេង កញ្ញា រស់ សុធីតា មាន​ប្រសាសន៍​ថា គម្រោង​មូលនិធិ​ខ្នាត​តូច​នេះ​បាន​ទទួល​ថវិកា​ពី​អង្គការ​ហ្រ្វីដា (FRIDA) ដែល​ជា​អង្គការ​ប្រទេស​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជន​ជាពិសេស​យុវតី​បាន​ចូលរួម​សកម្មភាព​នានា ក្នុង​សង្គម។ «»

កញ្ញា សុធីតា​ពន្យល់​បន្ថែម​ពី​គំនិត​ផ្ដួចផ្ដើម​ជា​គំនិត​សម្រាប់​យុវតី​ដែល​ចង់​ចូលរួម​គម្រោង។ «»

ទាក់ទិន​ដល់​ការចូលរួម​របស់​ស្ត្រី​វ័យ​ក្មេង​ក្នុង​ការងារ​សង្គម កញ្ញា សុធីតា លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​មាន​ភាព​ក្លាហាន​ចេញ​មុខ​ចូលរួម​កិច្ចការ​សង្គម។ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រូវការ​ការ​ជំរុញ​លើកទឹកចិត្ត បន្ថែម​ទៀត។ «»

កញ្ញា សុធីតា បន្ត​ថា គម្រោង​នេះ​ជា​ផ្នែក​មួយ ដែល​បំផុស​គំនិត​អោយ​ស្ត្រី​វ័យក្មេង​ចាប់អារម្មណ៍​ពី​បញ្ហា​ក្នុង​មូលដ្ឋាន​ដែល​ពួកគាត់​ជួប​ប្រទះ និង​ចាប់ផ្ដើម​ដោះស្រាយបញ្ហា​ដោយ​ប្រើប្រាស់​ថវិកា​តិចតួច ឬ​ពុំ​មាន​ថវិកា។ ពួកគាត់​ក៏​អាច​ចាប់ផ្ដើម​រិះរក​មធ្យោបាយ​ស្វែង​រក​ជំនួយ ឬ​គៀង​គរ​ថវិកា។ «»

បន្ថែម​លើ​នេះ​កញ្ញា សុធីតា មើល​ឃើញ​ថា ក្រុម​ស្ត្រី​ដែល​ជា​រៀមច្បង​គឺ​ជា​ធនធាន​ដ៏​ល្អ​ក្នុង​ការចូលរួម​ចែករំលែក​ចំណេះ​ដឹង និង​បទ​ពិសោធ ដែល​ពួកគេ​មាន​ទៅ​ដល់​ក្រុម​ស្ត្រី​វ័យ​ក្មេង ដើម្បី​អោយ​ពួកគេ​ចូលរួម​បាន​ពេញលេញ។ «»

ទាក់ទិន​នឹង​ការ​ពង្រឹង​ចំណេះដឹង​និង​ការចូលរួម​របស់​ក្មេង​ស្រី ក្នុង​របាយការណ៍​សង្ខេប​ពី​ការ​ប៉ាន់​ប្រមាណ​យេនឌ័រ​នៅ​កម្ពុជា​ផ្សព្វផ្សាយ​ដោយ​ក្រសួង​កិច្ចការ​នារី​ក្នុង​ឆ្នាំ​២០១៥ អោយ​ដឹង​ថា ក្នុង​ផ្នែក​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រក​ឃើញ​ថា​ក្មេង​ស្រី នៅ​មិន​ទាន់​ទទួល​បាន​ឱកាស​ស្មើគ្នា​នឹង​ក្មេង​ប្រុស​នៅ​ឡើយ ដោយសារ​កត្តា​សង្គម​ និង​បញ្ហា​ក្នុង​គ្រួសារ។ ការអប់រំ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​ក្មេង​ស្រី​នៅ​តែ​ជា​កត្តា​ចម្បង ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត។

អ្នក​សម្របសម្រួល​គម្រោង​នេះ កញ្ញា រ៉ី ម៉ារីណា លើក​ឡើង​ថា ក្រុម​ស្ត្រី​ដែល​បាន​ឆ្លង​កាត់​គម្រោង​នេះ នឹង​បាន​ពង្រឹង​ចំណេះដឹង​ពិសេស​គឺ​ភាព​ជា​អ្នក​ដឹកនាំ។ «»

បណ្ដាញ​ស្ត្រី​អ្នក​ដឹកនាំ​វ័យ​ក្មេង​រំពឹង​ថា នឹង​អាច​គៀងគរ​ថវិកា​បន្ថែម​ទៀត ដែល​អាច​អោយ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​បាន​ចូលរួម​បង្កើន​ចំណេះដឹង និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល