ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្នើ​ឲ្យ​បង្កើន​ចំនួន​ស្ត្រី​ក្នុង គ.ជ.ប

ដោយ សុជីវី
2015-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​អង្គការ​សីលការ (SILAKA) និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នៃ​គណៈកម្មាធិការ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​នៅ​ ក្នុង​វិស័យ​នយោបាយ (CPWP) អ្នកស្រី ធីតា ឃិះ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​២១ មិថុនា ឆ្នាំ​២០១៣។
នាយិកា​អង្គការ​សីលការ (SILAKA) និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នៃ​គណៈកម្មាធិការ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​នៅ​ ក្នុង​វិស័យ​នយោបាយ (CPWP) អ្នកស្រី ធីតា ឃិះ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​២១ មិថុនា ឆ្នាំ​២០១៣។
Photo: RFA

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ទើប​ត្រូវ​បង្កើត​ថ្មីថ្មោង កំពុង​រៀបចំ​ដាក់​បុគ្គលិក​ឲ្យ​ចូល​បំពេញ​ការងារ​តាម​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​ទៅ​តាម​តម្រូវ​ការ។ ប៉ុន្តែ​ក្នុង​ដំណើរ​ការ​នេះ ត្រូវ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​រិះគន់​ថា ស្ថាប័ន​នេះ​កំពុង​បង្ហាញ​ថា​មាន​ចំនួន​ស្ត្រី​ដ៏​តិចតួច​នៅ​ឡើយ។

ក្រុម​អង្គការ​ទាំង​នោះ ស្នើ​ឲ្យ​ស្ថាប័ន គ.ជ.ប ចាប់​ផ្ដើម​រៀបចំ​ផែនការ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ចំនួន​ស្ត្រី​សមាមាត្រ​នឹង​ចំនួន​បុរស។

ក្នុង​នាទី​ស្ត្រី​សប្ដាហ៍​នេះ អ្នកស្រី សុជីវី រាយការណ៍​ពី​ការ​ទាមទារ​ឲ្យ​បង្កើន​ចំនួន​ស្ត្រី​បំពេញ​ការងារ​នៅ គ.ជ.ប៖

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​រំឭក គ.ជ.ប ឲ្យ​បន្ថែម​ចំនួន​ស្ត្រី​ទៅ​ក្នុង​ស្ថាប័ន​នេះ ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​លើក​ក្រោយ​មាន​ស្ត្រី​ចូលរួម​កាន់​តែ​ច្រើន ពោល​គឺ​ជំរុញ​ឲ្យ​ស្ត្រី​កាន់​តែ​ច្រើន​បាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ឲ្យ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នឹង​ចំនួន​បុរស។

នាយិកា​អង្គការ​សីលកា និង​ជា​ប្រធាន​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​ល្អ​ដែល គ.ជ.ប ត្រូវ​គិតគូរ​ដាក់​ចំនួន​ស្ត្រី​ឲ្យ​បំពេញ​ការងារ​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​ថ្នាក់​ក្រោម​ជាតិ៖ «គឺ​ជា​ការងារ​មួយ​សំខាន់​សម្រាប់​ឲ្យ គ.ជ.ប របស់​យើង​មាន​សក្ដានុពល មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ការងារ​ទាំង​ចំពោះ​ការ​ផ្សព្វផ្សាយ អប់រំ​បុគ្គលិក​ដែល​គាត់​ធ្វើ​ការ​នៅ​ក្នុង​កន្លែង​គាត់ ដើម្បី​ឲ្យ​មាន​សមភាព​យេនឌ័រ រួម​ទាំង​ដែល​នឹង​ត​ទៅ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​មាន​ឱកាស​ស្មើ​គ្នា»

អ្នកស្រី ធីតា ឃិះ រំពឹង​ទុក​ថា មាន​ចំនួន​ស្ត្រី​ច្រើន​បំពេញ​ការងារ​ក្នុង​ស្ថាប័ន គ.ជ.ប គឺ​ជា​លទ្ធភាព​មួយ​ក្នុង​ចំណោម​លទ្ធភាព​ដទៃ​ទៀត​ដែល​អាច​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ៖ «ហើយ​យើង​ធ្វើ​ការងារ​ជាពិសេស​មួយ​ឲ្យ​ដល់​ស្ត្រី និង​ជន​រងគ្រោះ​ទាំងអស់​នោះ​យល់​ថា សន្លឹក​ឆ្នោត​គាត់​មួយ​សន្លឹក គឺ​មាន​សារសំខាន់។ ដូច្នេះ​គាត់​ត្រូវ​តែ​ចូលរួម​ធ្វើ​ការ​សម្រេច​ចិត្ត ក៏ដូចជា​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត នៅ​ពេល​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឬ​មួយ​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ការងារ​នៅ​ក្នុង គ.ជ.ប»

ក្រៅ​ពី​ការ​ទាមទារ​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រៀបចំ​សេចក្ដី​ព្រាង​គោល​នយោបាយ​សមភាព​យេនឌ័រ ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ក្នុង​សេចក្ដី​ព្រាង​ដែល​មាន​កម្រាស់ ១០​ទំព័រ បាន​លើក​ឡើង​ពី​សារសំខាន់​ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​បំពេញ​ការងារ​ក្នុង គ.ជ.ប ការ​បោះ​ឆ្នោត និង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ។ គោល​នយោបាយ​នោះ​ឆ្លើយ​តប​នឹង​អាទិភាព​ចំនួន​៣ គឺ​ការ​ពង្រឹង​សមត្ថភាព គ.ជ.ប ក្នុង​ការ​ដោះស្រាយ​វិសមភាព​យេនឌ័រ និង​ការ​លើក​កម្ពស់​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត លើក​កម្ពស់​សមភាព​យេនឌ័រ និង​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ក្នុង គ.ជ.ប និង​រៀបចំ​កម្មវិធី​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​នៅ​គ្រប់​ដំណាក់​កាល​នៃ​ការ​បោះ​ឆ្នោត។

អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​សម្រេច​តាម​តម្រូវ​ការ​នេះ គ.ជ.ប ត្រូវ​ចាប់​ផ្ដើម​កិច្ចការ​ភ្លាមៗ​ចំពោះ​មុខ ប្រសិន​បើ គ.ជ.ប យល់​ស្រប​នឹង​អ្វី​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ស្នើ៖ «ត្រូវ​រៀបចំ​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ធ្វើ​តែ​ការងារ​នេះ​វិភាគ​យេនឌ័រ និង​បញ្ជ្រាប​យេនឌ័រ​ទៅ​ក្នុង​ផែនការ​មេ​របស់ គ.ជ.ប។ សង្ឃឹម​ថា​សហភាព​អឺរ៉ុប និង​ជប៉ុន ក៏​គាំទ្រ​នូវ​ការងារ​អស់​នេះ​ដែរ»

ឆ្លើយ​តប​នឹង​ការ​ទាមទារ​នេះ សមាជិក គ.ជ.ប អ្នកស្រី តែ ម៉ានីរ៉ុង ដែល​ជា​ស្ត្រី​តែ​មួយ​រូប​គត់​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ គ.ជ.ប ទាំង ៩​រូប​មាន​ប្រសាសន៍​ថា អ្នកស្រី​គាំទ្រ​ចំពោះ​សំណើ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល។ អ្នកស្រី​សន្យា​ថា នឹង​នាំ​សំណើ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ទៅ​ពិភាក្សា​នឹង​ប្រធាន គ.ជ.ប និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត៖ «វា​មិន​មែន​នៅ​លើ​ខ្ញុំ​ជា​អ្នក​សម្រេច​ទេ គឺ​នៅ​លើ​អង្គ​ប្រជុំ​សមាជិក គ.ជ.ប។ ចឹង​នៅ​ក្នុង​បញ្ហា​នេះ​កន្លង​មក ខ្ញុំ​បាន​ពិភាក្សា​ដែរ គឺ​សំខាន់​កត្តា​ដែល​គេ​ចង់​ដាក់​ស្ត្រី គឺ​គួបផ្សំ​លើ​សមត្ថភាព និង​ការ​ផ្ដល់​អាទិភាព​ដល់​ស្ត្រី»

បើ​តាម អ្នកស្រី តែ ម៉ានីរ៉ុង បច្ចុប្បន្ន​មន្ត្រី​នៅ​ក្នុង​លេខាធិការដ្ឋាន​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ទាំងអស់​មាន​ចំនួន ៧៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​តែ ២​នាក់​ទេ។

ទាក់ទង​នឹង​ករណី​នេះ អ្នកស្រី តែ ម៉ានីរ៉ុង បញ្ជាក់​ដែរ​ថា នៅ​ក្នុង​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្ដីពី​មន្ត្រី​រាជការ គ.ជ.ប បាន​លើក​ឡើង​ថា ក្នុង​ការ​ជ្រើសរើស​មន្ត្រី​បុគ្គលិក​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ គ.ជ.ប ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ប្រឡង​ប្រជែង ហើយ​បេក្ខជន​ជា​ស្ត្រី​ជា​ជនជាតិ​ដើម​ភាគ​តិច និង​ជន​ដែល​មាន​ពិការ​ភាព​ត្រូវ​បាន​លើក​ទឹក​ចិត្ត។

ចំណែក​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការ​នារី លោក ថេ ឈុនហាក់ បាន​ផ្ដល់​យោបល់​ថា គ.ជ.ប អាច​សិក្សា​ពី​បទពិសោធន៍​ដែល​ក្រសួង​កិច្ចការ​នារី ធ្លាប់​អនុវត្ត ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​នា​ពេល​កន្លង​ទៅ៖ «មាន​ក្រុម​ការងារ​បញ្ជ្រាប​យេនឌ័រ ដែល​មាន​សមាសភាព​មក​ពី​តំណាង​អង្គភាព​នានា​ក្នុង​ក្រសួង​ស្ថាប័ន។ ការ​បញ្ជ្រាប​យេនឌ័រ​ជា​របស់​ទាំងអស់​គ្នា ប៉ុន្តែ​ត្រូវ​មាន​ក្រុម​មួយ​ទៅ​រំឭក​ទៅ​ដាស់តឿន»

ទាំង​តំណាង​ក្រសួង​កិច្ចការ​នារី និង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ជំនាញ​ផ្នែក​យេនឌ័រ បាន​ត្រៀម​ខ្លួន​ផ្ដល់​ជំនួយ​បច្ចេកទេស​ទៅ គ.ជ.ប ទាក់ទង​ដល់​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​ស្ថាប័ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល