យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារី "ផ្លាស់​ប្ដូរ​ការ​ស្ដី​បន្ទោស"

ដោយ​ សុ ជីវី
2015-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​សហជីព​ផ្នែក​សេវាកម្ម និង​ចំណី​អាហារ​នាំ​គ្នា​ចុះ​ចែក​ខិត្តប័ណ្ណ និង​បំពាក់​បូណ៌​ពណ៌ស​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ​នៅ​តាម​ភោជនីយដ្ឋាន​មួយ ក្នុង​សង្កាត់​ព្រែកលៀប រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥។
សកម្មជន​សហជីព​ផ្នែក​សេវាកម្ម និង​ចំណី​អាហារ​នាំ​គ្នា​ចុះ​ចែក​ខិត្តប័ណ្ណ និង​បំពាក់​បូណ៌​ពណ៌ស​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ​នៅ​តាម​ភោជនីយដ្ឋាន​មួយ ក្នុង​សង្កាត់​ព្រែកលៀប រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Sochivy

យុទ្ធនាការ​បំពាក់​បូណ៌​ពណ៌ស​មាន​រយៈពេល ១៦​ថ្ងៃ គឺ​ជា​សកម្មភាព​លើក​កម្ពស់​ចំណេះ​ដឹង​ដើម្បី​ចូល​រួម​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ ក្នុង​ឆ្នាំ​២០១៥ នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ដែរ យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើ​ការងារ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ រួម​ទាំង​ក្រសួង​កិច្ចការ​នារី ក៏​បាន​ចូលរួម​យុទ្ធនាការ​នេះ​ដែរ ​ដោយ​ចាប់​ផ្ដើម​សកម្មភាព​​​តាំងពី​សប្ដាហ៍​កន្លង​ទៅ។ ស្រប​គ្នា​នេះ​ក៏​មាន​សកម្មភាព​មួយ​ចំនួន​ដែល​ក្រុម​នេះ​នឹង​ធ្វើ​បន្ត​ទៀត​នៅ​សប្ដាហ៍​ក្រោយ។

យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ក្នុង​ឆ្នាំ​នេះ​មាន​ប្រធានបទ​រួម​គឺ​ការ​ផ្លាស់ប្ដូរ​ការ​ស្ដី​បន្ទោស។

តំណាង​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ត្រី​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វេនី គុសុម៉ា (Wenny Kusuma) លើក​ឡើង​ថា ស្ត្រី​ជាច្រើន​នាក់​រងគ្រោះ​ដោយ​អំពើ​ហិង្សា​តែង​ទទួល​ការ​ស្ដី​បន្ទោស​​ពី​សង្គម បើ​ទោះ​ជា​ពួកគេ​ជា​អ្នក​រង​អំពើ​ហិង្សា។

អ្នកស្រី​បន្ត​ថា អំពើ​ហិង្សា​មិនមែន​ជា​កំហុស​របស់​ជនរងគ្រោះ​ទេ ប៉ុន្តែ​វា​គួរ​តែ​ជា​ជនល្មើស​ត្រូវ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ ចំណែក​ស្ត្រី​ក៏​ត្រូវ​តែ​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ហើយ​សិទ្ធិ​របស់​គេ​ត្រូវ​ទទួល​បាន​ការ​ការពារ​ពី​យើង​ទាំង​អស់​គ្នា។

យុទ្ធនាការ​រយៈពេល ១៦​ថ្ងៃ​នៃ​ដំណើរ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ហៅ​កាត់​ថា យូ.អិន.វីមេន (UN Women) ត្រូវ​អនុម័ត​ដោយ​សន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៩១។ អង្គការ​សហប្រជាជាតិ​ក៏​បាន​បង្កើត​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី ដោយ​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។ ការ​បង្កើត​យុទ្ធនាការ និង​ទិវា​នេះ គឺ​ដើម្បី​រំលឹក​ដល់​អំពើ​ហិង្សា​លើ​ស្ត្រី​ដ៏​ធ្ងន់ធ្ងរ​កើត​ឡើង​នៅ​ប្រទេស ដូមីនិក (Dominica) កាល​ពី​ឆ្នាំ​១៩៦០ និង​ក្នុង​ប្រទេស​កាណាដា (Canada) កាល​ពី​ឆ្នាំ​១៩៨៩។ ក្នុង​ឆ្នាំ​១៩៦០ អ្នក​នយោបាយ​ជា​ស្ត្រី​ចំនួន ៤​នាក់ ត្រូវ​គេ​សម្លាប់​ដោយសារ​ពួក​គេ​ប្រកាន់​យក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ ចំណែក​នៅ​ក្នុង​ប្រទេស​កាណាដា ខ្មាន់​កាំភ្លើង​ដែល​ជា​អ្នក​មាន​ទស្សនៈ​ប្រឆាំង​នឹង​ស្ត្រី បាន​បាញ់​សម្លាប់​សិស្ស​ស្រី​ចំនួន ១៤​នាក់ នៅ​ក្នុង​សាលា​ពហុ​បច្ចេកវិទ្យា។

សកម្មជន​សហជីព​ផ្នែក​សេវាកម្ម និង​ចំណី​អាហារ​ ​ចុះ​បិទ​សារ​​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ​នៅ​តាម​ភោជនីយដ្ឋាន​មួយ ក្នុង​សង្កាត់​ព្រែកលៀប រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Sochivy
សកម្មជន​សហជីព​ផ្នែក​សេវាកម្ម និង​ចំណី​អាហារ​ ​ចុះ​បិទ​សារ​​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ​នៅ​តាម​ភោជនីយដ្ឋាន​មួយ ក្នុង​សង្កាត់​ព្រែកលៀប រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Sochivy

 

ប្រធាន​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន លោក អ៊ូ រតនៈ ដែល​សម្របសម្រួល​សកម្មភាព​នានា ក្នុង​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​មាន​ប្រសាសន៍​ថា សាធារណជន​ដែល​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី និង​ចូលរួម​ទប់​ស្កាត់ និង​ការពារ​ស្ត្រី​ពី​អំពើ​ហិង្សា។ លោក​បន្ត​ថា សង្គម​គួរ​តែ​ផ្លាស់ប្ដូរ​ឥរិយាបថ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​​ពី​បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី​ ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ស្ដី​បន្ទោស​លើ​ជនរងគ្រោះ៖ «»។

អង្គការ UN Women ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​នឹង​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន និង​ក្រសួង​កិច្ចការ​នារី កំពុង​ប្រកាន់​ជំហរ​ប្រឆាំង​អំពើ​ហិង្សា ដោយ​ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​ចំនួន​ចាប់​តាំង​ពី​សប្ដាហ៍​នេះ។ ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ​​និង​មាន​សកម្មភាព​ធំៗ​ចំនួន​៣ ដែល​រួម​មាន​ កម្មវិធី​រត់​ប្រណាំង​ចំនួន​២ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប។ ចំណែក​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ នឹង​មាន​ការ​រាំ​រួមគ្នា​នៅ​សួនច្បារ​ខាង​មុខ​វត្ត​បទុមវតី ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា។

ប្រធាន​កម្មវិធី​ទទួល​បន្ទុក​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ នៃ​អង្គការ​ឃែរ អន្តរជាតិ (Care International) អ្នកស្រី អ៊ាត ពិសាល មាន​ប្រសាសន៍​ថា អង្គការ​អ្នកស្រី​ក៏​រៀបចំ​សកម្មភាព​មួយ​ចំនួន​ក្នុង​យុទ្ធការ​នេះ​ដែរ។ អ្នកស្រី​រំពឹង​ថា ក្រុម​ភាគី​ពាក់ព័ន្ធ​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អាជ្ញាធរ​នានា នឹង​ធ្វើ​ការ​រួម​គ្នា​ជា​សំឡេង​តែ​មួយ ដើម្បី​​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី៖ «»។

អង្គការ​ឃែរ អន្តរជាតិ​នៅ​កម្ពុជា ដែល​ទទួល​បាន​​ថវិកា​ពី​មូលនិធិ​អង្គការ​សហប្រជាជាតិ​ហៅ​ថា យូអេន ត្រាស់ ហ្វាន់ (UN Trust Fund) រួម​ជាមួយ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​ធ្វើ​យុទ្ធនាការ​បន្ត​បន្ទាប់​​នៅ​តាម​វិទ្យាល័យ ​មហាវិទ្យាល័យ និង​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។

ទាក់ទង​នឹង​យុទ្ធការ ១៦​​ថ្ងៃ​នេះ សកម្មជន​សហជីព​ផ្នែក​សេវាកម្ម និង​ចំណី​អាហារ​ប្រមាណ ២០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា នាំ​គ្នា​ចុះ​ចែក​ខិត្តប័ណ្ណ និង​បំពាក់​បូណ៌​ពណ៌​ស​នៅ​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​សកម្មជន​រំពឹង​ថា សកម្មភាព​នេះ​នឹង​ជួយ​អោយ​សាធារណជន​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវា​កម្សាន្ត និង​អតិថិជន​បាន​យល់​ដឹង​ពី​សារសំខាន់​នៃ​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី។ ខិត្តប័ណ្ណ​ដែល​ផ្សព្វផ្សាយ​ទាំង​នោះ​មាន​សារ​ថា អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ករណី​ដែល​ច្បាប់​មិន​អាច​លើក​លែង​អោយ​បាន។

អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ក្រុម​ស្ត្រី​នៅ​ក្នុង​ផ្នែក​សេវា​កម្សាន្ត ដែល​រួម​មាន​អ្នក​រត់​តុ អ្នក​បម្រើ​ភ្ញៀវ​នៅ​តាម​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​ទីតាំង​ផ្សេងៗ​មួយ​ចំនួន​ទៀត​ប្រឈម​នឹង​ការ​រំលោភ​បំពាន ឬ​អំពើ​ហិង្សា​ពី​អតិថិជន​មួយ​ចំនួន​ ដែល​ពេល​ខ្លះ​អាច​ជា​អ្នក​មាន​ប្រាក់​មាន​អំណាច។ លើស​ពី​នេះ​នៅ​ពេល​ពួកគេ​ចេញ​ពី​កន្លែង​ធ្វើការ​ទៅ​ផ្ទះ​តាម​ផ្លូវ​ក៏​ប្រឈម​នឹង​បញ្ហា​ហិង្សា​តាម​ដង​ផ្លូវ​ទៀត។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ស្ត្រី​មួយ​ចំនួន​គាត់​ធ្វើការ​នៅ​ទី​ហ្នឹង​គាត់​ត្រូវ​តែ​បង្ខំ​ចិត្ត​ក្នុង​ការ​ទទួល​យក​ឥរិយាបថ​ពី​ភ្ញៀវ ដើម្បី​គាត់​អាច​ធ្វើ​ការងារ​ហ្នឹង​បាន​ត​ទៅ​ទៀត។ អ៊ីចឹង​ដោយសារ​តែ​ស្ថានភាព​ការងារ​ សង្គម​វប្បធម៌​បែប​ហ្នឹង​ហើយ បាន​គាត់ គឺ​ស្ត្រី​មួយ​ចំនួន​បាន​ព្យាយាម​តតាំង​ដែរ ​តែ​ដល់​យើង​ក្រឡេក​មើល​មួយ​ទៀត​ក៏​គាត់​ពិបាក​ក្នុង​ការ​និយាយ ដោយសារ​តែ​ឥទ្ធិពល​ភ្ញៀវ ដែល​គាត់​ចូល​ផឹក​ស៊ី​ហ្នឹង​​​គឺ​មាន​ឥទ្ធិពល​ខ្លាំង»។

ជា​អតិថិជន​នៅ​ភោជនដ្ឋាន​ម្នាក់​ លោក ជួន តុំ គាំទ្រ និង​ចូល​រួម​យុទ្ធនាការ​នេះ៖ «គ្មាន​អំពើ​ហិង្សា​គឺ​ល្អ​ដល់​សង្គម​គ្រួសារ​ទាំង​មូល​ និង​ប្រទេស​ជាតិ ដោយសារ​វា​មិន​ធ្វើ​អោយ​ខាត​បង់​​​ថវិកា​ក្នុង​គ្រួសារ ដោយសារ​អំពើ​ហិង្សា​វា​ធ្វើ​អោយ​មាន​របួស​ស្នាម ខាត​ពេល​វេលា​រក​ស៊ី​ផង។ អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ជា​អំពើ​ដែល​មិន​អាច​ទទួល​យក​បាន ដោយសារ​វា​ជា​អំពើ​ល្មើស​ច្បាប់»។

របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​អោយ​ដឹង​ថា មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់​បញ្ជាក់​ថា គេ​ធ្លាប់​រង​អំពើ​ហិង្សា​​ក្នុង​ជីវិត​របស់​ពួកគេ មិន​ថា អំពើ​ហិង្សា​ផ្នែក​រាងកាយ ផ្លូវ​ភេទ ផ្លូវ​ចិត្ត និង​សេដ្ឋកិច្ច។

នៅ​កម្ពុជា​របាយការណ៍​សង្ខេប​នៃ​ការ​ស្រាវជ្រាវ​ថ្នាក់​ជាតិ​ស្ដីពី​សុខភាព និង​បទ​ពិសោធន៍​ជីវិត​របស់​ស្ត្រី ផ្សព្វផ្សាយ​នៅ​ក្នុង​ខែ​វិច្ឆិកា នេះ អោយ​ដឹង​ថា អំពើ​ហិង្សា​លើ​ស្ត្រី​គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​ធំ​មួយ ដែល​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ចំពោះ​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​សុខភាព​បន្ត​ពូជ។

កាល​ឆ្នាំ​២០១៣ កម្មវិធី​ដៃ​គូ ដើម្បី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ធ្វើ​ការ​សិក្សា​មួយ​ដោយ​សម្ភាស​បុរស និង​ស្ត្រី​ចំនួន ១.៨៣១​នាក់ ក្នុង​នោះ​បុរស​ចំនួន ៣២,៥​ភាគរយ​និយាយ​ថា បាន​ប្រើ​ហិង្សា​លើ​រាងកាយ និង​ផ្លូវ​ភេទ​លើ​ដៃគូ​ជិតស្និទ្ធ​របស់​ពួកគេ។

ទាក់ទិន​នឹង​ករណី​នេះ​នៅ​ក្នុង​ផែនការ​នារី​រតនៈ​ទី​៤ ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​សមភាព​យេនឌ័រ និង​ការ​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី​ឆ្នាំ​២០១៤ ដល់​២០១៨ បាន​លើក​ឡើង​ពី​ផែនការ​របស់​រដ្ឋាភិបាល​ចូល​រួម​ដោះស្រាយ​បញ្ហា​នេះ។ ក្នុង​នោះ​រួម​មាន​កិច្ច​ការពារ​បឋម កិច្ច​ការពារ​ពហុ​វិស័យ និង​សេវា​ផ្នែក​ច្បាប់ និង​គោល​នយោបាយ​ការ​អភិវឌ្ឍ​សមត្ថភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល