អាដហុក៖ ការ​​រំលោភ​បំពាន​សិទ្ធិ​ស្ត្រី​នៅ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​

ដោយ​ សុ ជីវី
2015-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​បញ្ហា​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
RFA

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​សម្រាប់​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៥ ស្ដីពី​ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារ។

សមាគម​រក​ឃើញ​ថា ស្ត្រី និង​កុមារ​នៅ​តែ​ជួប​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​នៅ​ឡើយ ក្នុង​ផ្នែក​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​សេព​សន្ថវៈ និង​អំពើ​ជួញដូរ។

នៅ​ក្នុង​របាយការណ៍​របស់​អាដហុក បង្ហាញ​ថា ទាំង​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​សេពសន្ថវៈ និង​ការ​ជួញ​ដូរ​ស្ត្រី និង​កុមារ​បាន​កើន​ឡើង​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៥ នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

ក្នុង​របាយការណ៍​កម្រាស់ ៥០​ទំព័រ​នោះ អាដហុក​បញ្ជាក់​ថា ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ចំនួន ២២៤​ករណី រី​ឯ​ដើម​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹម ១៥០​ករណី។ ស្រប​គ្នា​នេះ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី និង​កុមារ​មាន ១៣១​ករណី គឺ​បាន​កើន​ឡើង ៥១​ករណី។ រី​ឯ​ពលរដ្ឋ​កម្ពុជា ត្រូវ​បាន​គេ​ជួញដូរ​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​មាន​ចំនួន ៩០​ករណី​ក្នុង​ការ​ជួញ​ដូរ។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​ផ្អែក​លើ​បណ្ដឹង​ដែល​អាដហុក ទទួល​បាន​ពី​ពលរដ្ឋ​រងគ្រោះ។ លោក ធន សារាយ បន្ត​ថា មូលហេតុ​ចម្បង​នៃ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ទាក់ទង​ជិតស្និទ្ធ​នឹង​សីលធម៌​រស់​នៅ​ក្នុង​សង្គម៖ «»។

ក្នុង​របាយការណ៍​អាដហុក ដដែល​បាន​លំអិត​បន្ថែម​ទៀត​ថា ករណី​អំពើ​ហិង្សា​ដែល​ធ្ងន់ធ្ងរ​គឺ​អំពើ​ហិង្សា​ដែល​ឈាន​ដល់​ការ​កាប់​សម្លាប់​គ្នា​ក្នុង​ចំណោម​សមាជិក​គ្រួសារ។ ក្នុង​ចំណោម ១៥០​ករណី​នោះ មាន ១៧​ករណី​ដែល​ជន​រងគ្រោះ​ត្រូវ​សម្លាប់ ហើយ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ និង​ពិបាក​អោយ​អាជ្ញាធរ​ជួយ​សង្គ្រោះ។ ចំណែក​បទល្មើស​រំលោភ​សេព​សន្ថវៈ​វិញ បញ្ហា​នេះ​កើត​លើ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ មាន ៥​ករណី កុមារ​អាយុ​ក្រោម ១០​ឆ្នាំ មាន ៣២​ករណី ក្មេង​ស្រី​អាយុ​ក្រោម ១៨​ឆ្នាំ មាន​ចំនួន ៦៣​ករណី និង​នារី​អាយុ​ ១៨​ឆ្នាំ​ឡើង មាន​ចំនួន ៣១​ករណី។ បទល្មើស​រំលោភ​សម្លាប់​មាន​ចំនួន ៣​ករណី រំលោភ​បូក ៦​ករណី និង​រំលោភ​ផ្លូវ​ភេទ​លើ​ជន​ពិការ​មាន ១៥​ករណី។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា រូបភាព​ជា​ច្រើន​នៃ​ករណី​នេះ​ដូចជា​ឪពុក​រំលោភ​កូនស្រី ជីតា​រំលោភ​ចៅស្រី និង​បុរស​ដែល​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន។ ករណី​រំលោភ​សេពសន្ថវៈ​នេះ ភាគ​ច្រើន​កើត​មាន​នៅ​តាម​ទី​ជនបទ។

ចំណែក​ករណី​ជួញដូរ​ត្រូវ​បែងចែក​ជា​ការ​ជួញដូរ​ពលកម្ម​ក្នុង​រូបភាព​រៀប​អាពាហ៍ពិពាហ៍​មាន ១២​ករណី និង​ការ​ជួញដូរ​ផ្លូវ​ភេទ​មាន ៤​ករណី ដែល​បាន​កើត​ឡើង​លើ​ជនរងគ្រោះ​សរុប ៤៣៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១៥២​នាក់។

លោក ធន សារាយ បន្ត​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​កាត់​បន្ថយ​ករណី​អំពើ​ហិង្សា​ទាំង​នេះ ក្នុង​នោះ​រួម​ទាំង​សកម្មភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «»។

យ៉ាង​ណា លោក ធន សារាយ បាន​ថ្លែង​សរសើរ​ចំពោះ​រដ្ឋាភិបាល​ដែល​បាន​ជួយ​រំដោះ​ក្រុម​ស្ត្រី​ខ្មែរ ដែល​ត្រូវ​ជួញដូរ​ទៅ​ប្រទេស​ចិន និង​នាំ​ពួកគេ​ទៅ​កន្លែង​មាន​សុវត្ថិភាព។ ប៉ុន្តែ​ក៏​បាន​រិះគន់​ថា អាជ្ញាធរ​កម្ពុជា ពុំ​ទាន់​មាន​យន្តការ​ជួយ​ដល់​ពលករ​ចំណាក​ស្រុក​ឲ្យ​បាន​ទាន់​ពេល​វេលា​នៅ​ឡើយ​ទេ ​នៅ​ពេល​ដែល​ក្រុមហ៊ុន​បញ្ជូន​ពលករ​ខុស​ច្បាប់​មួយ​ចំនួន ច្រើន​ពាក់ព័ន្ធ​នឹង​បុគ្គល​មាន​អំណាច។

ទាក់ទង​ដល់​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​នេះ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​កិច្ចការ​នារី បាន​បង្កើត​អោយ​មាន​បទដ្ឋាន​ច្បាប់​មួយ​ចំនួន ដែល​រំពឹង​ថា នឹង​អាច​កាត់​បន្ថយ​បញ្ហា​នេះ។

រដ្ឋមន្ត្រី​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​អនុម័ត​ទទួល​ស្គាល់​ផែនការ​ជាតិ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ថា បញ្ហា​អំពើ​ហិង្សា គឺ​អាទិភាព​ទី​២ ដែល​ត្រូវ​ដោះស្រាយ៖ «»។

ទាក់ទិន​នឹង​អំពើ​ជួញដូរ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ស្ថាប័ន​ជំនាញ​កំពុង​កែ​សម្រួល​ការងារ​មួយ​ចំនួន ដែល​រំពឹង​ថា នឹង​ជួយ​អោយ​កម្ពុជា ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ប្រយុទ្ធ​ប្រឆាំង​អំពើ​នេះ៖ «»។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥ ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា របស់​សហរដ្ឋអាមេរិក ស្ដីពី​ការ​ជួញដូរ​មនុស្ស បាន​បន្ត​ចាត់​ថ្នាក់​កម្ពុជា អោយ​ឋិត​នៅ​ជួរ​ទី​២ នៃ​ការ​ឃ្លាំ​មើល​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ដែល​មាន​ន័យ​ថា ជា​ប្រទេស​ដែល​មិន​ទាន់​គោរព​តាម​បទដ្ឋាន​ជា​មូលដ្ឋាន​នៃ​កិច្ច​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ។ គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​របស់​កម្ពុជា ជា​មូលដ្ឋាន​នៃ​អំពើ​ជួញ​ដូរ​មនុស្ស។

ចំណែក​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​ក៏​មាន​ទំហំ​ធំ​ដែរ ប៉ុន្តែ​ត្រូវ​គេ​ដឹង​ថា ធ្វើ​ដោយ​ស្ងាត់​កំបាំង​ខុស​នឹង​ច្បាប់។ ក្នុង​របាយការណ៍​នោះ​ក៏​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​អនុវត្ត​ផែនការ​ជាតិ ដោយ​កំណត់​ភាព​រងគ្រោះ​របស់​ពលរដ្ឋ និង​ផ្ដល់​សេវាកម្ម​ជួយ​សង្គ្រោះ ត្រូវ​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស តាម​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ត្រូវ​ផ្ដល់​ថវិកា​អោយ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ផែនការ​ជាតិ។

ទាក់ទង​នឹង​បញ្ហា​អំពើ​រំលោភ​សេពសន្ថវៈ សមាគម​អាដហុក ជំរុញ​អោយ​ក្រសួង​មហាផ្ទៃ ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដាក់​ទោស​ចំពោះ​មន្ត្រី​ដែល​មិន​អនុវត្ត​តាម​តួនាទី និង​មាន​ការ​រើសអើង​ជាដើម។ ចំណែក​ក្រសួង​ព័ត៌មាន គួរ​បង្កើន​ការ​ផ្សព្វផ្សាយ​លើក​កម្ពស់​សីលធម៌​សង្គម នៅ​តាម​វិទ្យុ និង​ទូរទស្សន៍ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង និង​រូបភាព​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល