ស្ត្រី​ចាញ់​បោក​ក្រុមហ៊ុន​ទៅ​ធ្វើ​ការ​នៅ​អារ៉ាប៊ីសាអូឌីត​អំពាវនាវ​ឲ្យ​អ្នក​ផ្សេង​ប្រុង​ប្រយ័ត្ន

ដោយ​ សុ ជីវី
2016-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ហ៊ីម ស៊្រី ដែល​ចាញ់​បោក​ក្រុមហ៊ុន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​ផ្ទះ​នា​ភូមិ​អង្គរបានទី១ ឃុំ​អង្គរបាន ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។
លោកស្រី ហ៊ីម ស៊្រី ដែល​ចាញ់​បោក​ក្រុមហ៊ុន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​ផ្ទះ​នា​ភូមិ​អង្គរបានទី១ ឃុំ​អង្គរបាន ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ស្ត្រី​ជន​ជាតិ​ចាម មួយ​រូប​ដែល​បាន​រួច​ខ្លួន​ត្រឡប់​ពី​ការ​ធ្វើ​បាប​នៅ​ពេល​ដែល​គាត់​ទៅ​បំពេញ​ការងារ​ជា​ស្ត្រី​មេផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia) អំពាវ​នាវ​ឲ្យ​អ្នក​ដែល​មាន​បំណង​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រុងប្រយ័ត្ន។ ស្ត្រី​រូប​នោះ​អះអាង​ថា នាង​ត្រូវ​បាន​មេខ្យល់ ឬ​ក្រុមហ៊ុន​ដែល​ពុំ​មាន​ឈ្មោះ បោកប្រាស់​ឲ្យ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់។ បន្ថែម​ពី​នេះ​នាង​លើក​ឡើង​ថា ប្រសិន​បើ​ពុំ​មាន​ការ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ ម្ល៉េះ​នាង​ពុំ​មាន​វាសនា​បាន​វិល​មក​ស្រុក​វិញ​ឡើយ។

ចំពោះ​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជាក់​ថា ពុំ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ​នៅ​ឡើយ។

ក្នុង​វ័យ​ជិត ៤០​ឆ្នាំ លោកស្រី ហ៊ីម ស៊្រី ហៅ ស្រី ជា​ភរិយា និង​ជា​ម្ដាយ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង​ភូមិ​អង្គរបានទី១ ឃុំ​អង្គរបាន ស្រុក​កងមាស ខេត្ត​កំពង់ចាម។ លោកស្រី​បាន​រួចខ្លួន​ត្រឡប់​មក​ភូមិ​ស្រុក​វិញ​កាល​ពី​ខែ​មីនា បន្ទាប់​ពី​បាន​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ទីក្រុង​រីយ៉ាដ (Riyadh) ប្រទេស​អារ៉ាប៊ីសាអូឌីត។

អង្គុយ​ក្នុង​ខ្ទម​ទ្រុឌ​ទ្រោម​របស់​ខ្លួន លោកស្រី ហ៊ីម ស៊្រី ថ្លែង​ថា ដូច​បាន​កើត​ម្ដង​ទៀត​នៅ​ពេល​លោកស្រី​ត្រូវ​គេ​ជួយ​សង្គ្រោះ​ត្រឡប់​មក​វិញ។ លោកស្រី​រំលឹក​ថា លោកស្រី​បាន​ទៅ​ធ្វើការ​រយៈពេល​មួយ​ខែ​នៅ​ទីនោះ ហើយ​រង​ការ​ធ្វើ​បាប។

លោក​ស្រី ហ៊ីម ស៊្រី ថ្លែង​ថា លោកស្រី​រង​ការ​ធ្វើ​បាប​ពី​ម្ចាស់​ផ្ទះ ដោយ​ផ្ដល់​អាហារ និង​ពេល​សម្រាក​មិន​បាន​គ្រប់គ្រាន់។ បញ្ហា​មួយ​ទៀត លោកស្រី​ថា មក​ពី​ការ​មិន​ចេះ​ភាសា​ទំនាក់ទំនង​គ្នា៖ «ខ្ញុំ​ដឹង​ច្បាស់ ព្រោះ​គាត់​អ្នក​និយាយ​ប្រាប់​ខ្ញុំ​ថា គាត់​ទិញ​ពី​កម្ពុជា ជា​កូន​ខ្មែរ​ពេស្យា អ៊ីចឹង​គាត់​ត្រូវ​ទិញ​​​​​​​ចំនួន ៥​ពាន់​ដុល្លារ​ដើម្បី​មក​បម្រើ​ក្នុង​ផ្ទះ​របស់​គាត់ ហើយ​គាត់​ឲ្យ​ទៅ​បម្រើ​នៅ​ពេស្យាចារ​គឺ​គាត់​ឲ្យ​ទៅ​រក​លុយ​ក្រៅ​មក​ឲ្យ​គាត់»

លោកស្រី​ត្រូវ​បាន​ក្រុមហ៊ុន​ដែល​មិន​ស្គាល់​ឈ្មោះ​ពិត​ប្រាកដ បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត ក្នុង​រយៈពេល​មួយ​ខែ ដែល​នៅ​ទី​នោះ លោកស្រី​ត្រូវ​គេ​បញ្ជូន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ចំនួន ៣​ផ្ទះ។

នេះ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​ជា​ច្រើន​ទៀត​នៃ​អ្នក​ដែល​ត្រូវ​គេ​នាំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​អារ៉ាប៊ីសាអូឌីត ឬ​នៅ​តាម​ប្រទេស​ដទៃ​ទៀត​នៅ​មជ្ឈិម​បូព៌ា នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលករ និង​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ទី​នោះ​នៅ​មិន​ទាន់​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឡើយ។

អគ្គនាយក​ការងារ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា ក្រសួង​នៅ​ពុំ​ទាន់​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​ជា​ភ្នាក់ងារ​នាំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​ធ្វើការ​នៅ​អារ៉ាប៊ីសាអូឌីត នៅ​ឡើយ៖ «មក​ដល់​ម៉ោង​នេះ គឺ​ក្រសួង​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​មួយ​​​ជ្រើសរើស​ និង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​មជ្ឈិម​បូព៌ា។ ថ្វី​ដ្បិត​តែ​យើង​មាន​កិច្ច​ព្រមព្រៀង​មែន យើង​ត្រូវ​រង់ចាំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ប្រតិបត្តិ​បន្ថែម​ទៀត​ទើប​អាច​អនុវត្ត​បាន នោះ​ក្លាយ​ជា​ការ​បញ្ជូន​ដោយ​ស្រប​ច្បាប់​បាន»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ កន្លង​ទៅ កម្ពុជា និង​អារ៉ាប៊ីសាអូឌីត បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ជ្រើស​រើស​ពលករ​ធ្វើ​ការងារ​តាម​ផ្ទះ និង​ការងារ​ទូទៅ​នាំ​ទៅ​ធ្វើការ​នៅ​អារ៉ាប៊ីសាអូឌីត។ ភាគី​ទាំង​២ ក៏​បាន​ព្រមព្រៀង​បង្កើត​គណៈកម្មការ​បច្ចេកទេស​ចម្រុះ​មួយ ដើម្បី​ប្រជុំ​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា។

គ្រួសារ​របស់​លោកស្រី ហ៊ីម ស៊្រី មាន​មុខរបរ​ជា​អ្នក​នេសាទ​រក​ប្រាក់​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ។ គ្រួសារ​នេះ​បាន​បញ្ចាំ​ផ្ទះ​ធំ​មួយ​ខ្នង​ទៅ​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​អ្នក​ភូមិ​តែង​ហៅ​ជា​ទូទៅ​ថា ជំពាក់​ប្រាក់​អង្គការ។ បញ្ហា​នេះ​បង្ខំ​ឲ្យ​គ្រួសារ​ដែល​មាន​សមាជិក ៧​នាក់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​ទ្រុឌទ្រោម ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ធំ​នោះ​ឡើយ។

លោកស្រី ហ៊ីម ស៊្រី រំលឹក​ថា ក្រុមហ៊ុន​ដែល​នាំ​លោកស្រី​ទៅ​រក​ការងារ​ធ្វើ​នោះ​ពុំ​មាន​ឈ្មោះ​ត្រឹមត្រូវ​ឡើយ​គឺ​មាន​អ្នក​នាំ​តៗគ្នា​តាម​ភូមិ។ បន្ទាប់​មក​គេ​នាំ​ទៅ​ភ្នំពេញ បន្ត​ទៅ​ប្រទេស​ថៃ ទើប​ចាក​ចេញ​ទៅ​អារ៉ាប់។ លោកស្រី​ពុំ​បាន​រៀន​ជំនាញ​អ្វី​​ឡើយ គឺ​បាន​ត្រឹម​តែ​រស់​នៅ​ជុំៗ​គ្នា ជួយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​ទៅ​តាម​លទ្ធភាព​រៀង​ខ្លួន។

ទិដ្ឋាការ ឬ​ហៅ​ថា វីសា របស់​អារ៉ាប៊ីសាអូឌីត ដែល​ផ្ដល់​ឲ្យ​លោកស្រី ហ៊ីម ស៊្រី មាន​រយៈពេល ៩០​ថ្ងៃ។ RFA
ទិដ្ឋាការ ឬ​ហៅ​ថា វីសា របស់​អារ៉ាប៊ីសាអូឌីត ដែល​ផ្ដល់​ឲ្យ​លោកស្រី ហ៊ីម ស៊្រី មាន​រយៈពេល ៩០​ថ្ងៃ។ Photo: RFA

នៅ​ក្នុង​លិខិត​ឆ្លង​ដែន​របស់​លោកស្រី ហ៊ីម ស៊្រី បង្ហាញ​ថា លោកស្រី​ទៅ​អារ៉ាប់​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍ គឺ​ពុំ​មែន​ជា​ទិដ្ឋាការ​ទៅ​ធ្វើការ​ទេ។ ទិដ្ឋាការ​នោះ​ទៀតសោត​មាន​រយៈពេល​តែ ៣​ខែ​ប៉ុណ្ណោះ ពោល​គឺ​ពុំ​មែន​មាន​រយៈពេល​យូរ​ឆ្នាំ​ដូច​ដែល​អ្នក​នាំ​លោកស្រី​ទៅ​ធ្វើ​ការ​នោះ​បាន​អះអាង​ឡើយ។

ទាក់ទង​នឹង​ក្រុមហ៊ុន​នាំ​មនុស្ស​ឲ្យ​ទៅ​ធ្វើ​ការ​នេះ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ទៅ​ដល់​ហាង​ថតរូប​មួយ​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ប៉ុន្តែ​ត្រូវ​អ្នក​នៅ​ទី​នោះ​បដិសេធ​ថា ពុំ​មាន​ករណី​ពលករ​របស់​ក្រុមហ៊ុន​ណា​មួយ​ស្នាក់​នៅ​ទី​នោះ​ឡើយ មាន​តែ​សាច់​ញាតិ​ពី​ភូមិ​កំណើត​មក​សុំ​ស្នាក់។ ពួកគេ​មិន​អធិប្បាយ​រឿង​រ៉ាវ​ណា​មួយ​ទាក់ទង​នឹង​ក្រុមហ៊ុន​ឡើយ។

ករណី​នេះ​ត្រូវ​អគ្គនាយក​ការងារ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ អះអាង​ថា ជា​ទង្វើ​ខុស​ច្បាប់​ដែល​ជន​រងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន ឬ​បុគ្គល​ទាំង​នោះ​បាន៖ «ក្នុង​ករណី​ដែល​បង​ប្អូន​ទៅ​តាម​រយៈ​ទិដ្ឋាការ​ណា​ក៏ដោយ តែ​បើ​បង​ប្អូន​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ សូម​ឲ្យ​បង​ប្អូន​ប្ដឹង​ទៅ​ក្រុមហ៊ុន ឬ​ឈ្មោះ​បុគ្គល​ដែល​ជា​អ្នក​នាំ​បង​ប្អូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ណា​មួយ​ដែល​យើង​នៅ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​នេះ​ ហើយ​អ្នក​ទាំង​អស់​នោះ​ប្រឈម​នឹង​បទ​ជួញដូរ​មនុស្ស​​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ»

ក្រោយ​ពី​បាន​មក​ដល់​កម្ពុជា វិញ គ្រួសារ​លោកស្រី ហ៊ីម ស៊្រី បាន​ដាក់​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ប្ដឹង​ក្រុមហ៊ុន​ដែល​នាំ​លោកស្រី​ទៅ​ធ្វើការ​ដោយ​បោកប្រាស់។ ប៉ុន្តែ​បណ្ដឹង​នោះ​ដំបូង​ឡើយ​គ្រាន់​តែ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ប័ណ្ណ​គ្រួសារ និង​អត្តសញ្ញាណប័ណ្ណ​មក​វិញ ព្រមទាំង​លុប​ចោល​ប្រាក់​ចំនួន ៥០០​ដុល្លារ ដែល​គ្រួសារ​លោកស្រី​ខ្ចី​ពី​ក្រុមហ៊ុន​សម្រាប់​តម្លៃ​សំបុត្រ​យន្តហោះ​ពេល​ត្រឡប់​មក​វិញ។

លោកស្រី​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រុង​ប្រយ័ត្ន​ចៀសវាង​ត្រូវ​គេ​បោកប្រាស់៖ «ថា​ខ្ញុំ​ក្រ​ប៉ុណ្ណា​បាន​ខ្ញុំ​ដើរ​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​ស្រុក​គេ​ដើម្បី​រក​ស៊ី។ អ្វី​ដែល​ពួកគាត់​បាន​ប្រាប់​មក យោបល់​របស់​គាត់​គឺ​ល្អ​​​ តែ​គំនិត​របស់​គាត់​អាក្រក់​បំផុត ថោក​ទាប​បំផុត។ គាត់​ស្រឡាញ់​ទឹក​លុយ​ជាង​ជីវិត​របស់​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​មិន​ដឹង​ថ្លែង​អ្វី​ឲ្យ​ល្អ ឲ្យ​អ្នក​យល់​ពី​ការ​លំបាក​របស់​ខ្ញុំ។ ខ្ញុំ​ស្បថ​ខ្លួន​ឯង​ថា ខ្ញុំ​មក​ដល់​ស្រុក​ខ្មែរ​ខ្ញុំ​លើក​ដៃ​ស្បថ​ថា បើ​ជីវិត​ខ្ញុំ​ថ្លៃ សូម​ឲ្យ​ខ្ញុំ​បាន​ជួប​ប្ដី ជួប​កូន​ជា​លើក​ចុង​ក្រោយ។ ខ្ញុំ​សូម​ផ្ដាំ​ដល់​កូន​ខ្មែរ​ទាំង​អស់​សូម​ឈប់​ទៅ»

ស្រប​គ្នា​នេះ​ដែរ មន្ត្រី​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO)លោក សែម ចៅសុខ រំពឹង​ថា រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​នឹង​បញ្ជូន​ពលករ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

និយាយ​បណ្ដើរ​សម្លឹង​ទៅ​ផ្ទះ​ធំ​នោះ​បណ្ដើរ លោកស្រី ហ៊ីម ស៊្រី លើក​ឡើង​ថា លោកស្រី​ប្រាថ្នា​ចង់​បាន​ផ្ទះ​នោះ​មក​វិញ ឬ​ត្រឹម​មាន​លទ្ធភាព​ដោះ​បំណុល និង​មាន​ប្រាក់​ធ្វើ​ដើម​ទុន​បង្កើត​មុខរបរ៖ «ដោយសារ​តែ​ខ្ញុំ​ល្ងង់ ខ្ញុំ​មិន​បាន​រៀន​សូត្រ ទើប​គេ​អាច​បោក​ប្រាស់​ខ្ញុំ​បាន។ សព្វ​ថ្ងៃ​នេះ​ខ្លួន​ខ្ញុំ​ក្រ​​​ ខ្ញុំ​មិន​មាន​អី​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ទេ ខ្ញុំ​គ្មាន​អី​ទី​ពឹង​ទៀត​ទេ។ ខ្ញុំ​បាន​ឪពុក​ក្មេក និង​បង​ប្អូន​ខាង​ប្ដី​របស់​ខ្ញុំ​​ចិញ្ចឹម»

ក្រៅ​ពី​ជាប់​បំណុល លោកស្រី ហ៊ីម ស៊្រី ក៏​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ដែល​បន្សល់​ទុក​ដោយ​របួស​នៅ​ពេល​ត្រូវ​ម្ចាស់​ផ្ទះ​ធ្វើ​បាប។ ជំងឺ​ប្រចាំ​កាយ​នោះ​ក៏​កំពុង​ក្លាយ​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​លោកស្រី​មិន​អាច​បំពេញ​ការងារ​ជួយ​ជីវភាព​គ្រួសារ​ឲ្យ​បាន​ដូច​ដើម​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល