ក្រុម​យុវតី​ចេញមុខ​តស៊ូ​មតិ​ការពារ​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ សុ ជីវី
2019-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ព្រងើយ​កន្តើយ​រឿង​នេះ។
ក្រុម​យុវជន​ព្រមាន​ថា ពួក​គេ​នឹង​ទៅ​កាយ​ដី​ឆ្នេរ​ព្រែក​ត្រែង​ដែល​រង​ការ​ចាក់​លុប​នោះ ដោយ​ខ្លួន​ឯង​ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​ព្រងើយ​កន្តើយ​រឿង​នេះ។
រូប​ថត៖ ដោយ​កញ្ញា ផេង ស្រីស កាល​ពី​សប្ដាហ៍​មុន

យុវតី​មួយ​ចំនួន​នាំគ្នា​ផលិត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទាក់ទង​ការ​ចាក់​ដី​រំលោភ​យក​ដី​ឆ្នេរសមុទ្រ និង​ការ​បង្ហូរទឹក​កខ្វក់​ដោយ​ផ្ទាល​ចូល​ក្នុង​សមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ។ ពួកគេ​ថែមទាំង​ហ៊ាន​ចេញមុខ​នាំគ្នា​ទៅ​កាយ​ដី​ចេញពី​សមុទ្រ​នៅ​តំបន់ ដែល​មាន​ការរំលោភ​ឆ្នេរសមុទ្រ​នោះ​ថែមទៀត។ តើ​ពួកគេ​ជា​អ្នកណា ហើយ​មាន​មូលហេតុ​អ្វី ពួកគេ​ហ៊ាន​ចេញមុខ​តស៊ូ​មតិ​បញ្ហា​បរិស្ថាន​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ?

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​យុវតី​ចេញមុខ​តស៊ូ​មតិ​ការពារ​បរិស្ថាន​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ៖

ក្រុម​យុវតី​ស៊ូ​មតិ​ការពារ​បរិស្ថាន​អះអាង​ថា ពួកគេ​មានបំណង​ចូលរួម​បំពេញ​ភាព​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ និង​ថែរក្សា​បរិស្ថាន​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឱ្យ​ស្រស់​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត។

កញ្ញា ផេង ស្រីស ស្ថិត​ក្នុង​ចំណោម​យុវតី​ប្រមាណ ១០​នាក់​នៅ​ក្នុង​ក្រុម​របស់​នាង ដែល​នាំគ្នា​ទៅ​កាយ​ដី​ចេញពី​ឆ្នេរសមុទ្រ​ក្នុង​តំបន់​ព្រែកត្រែង​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បានសម្រេច​រួចហើយ​ថា គប្បី​មានការ​កាយ​ដី​ចេញ​វិញ​នៅ​កន្លែង ដែល​គេ​បាន​លុប​រំលោភ​យក​ឆ្នេរសមុទ្រ​នោះ ប៉ុន្តែ​អាជ្ញាធរ​នៅតែ​មិន​ទាន់​មាន​វិធានការ​បែប​ណា​មួយ​នៅឡើយ​។ ស្រី​ស​បន្ត​ថា​ចំណុច​នេះ​ហើយ​ដែល​ជា​ភាព​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ ដែល​ក្រុម​យុវជន​ដូច​នាង​អាច​ជួយ​បំពេញ​បន្ថែម៖ «តែ​យើង​មិនមែន​មាន​ន័យថា យើង​ឃើញ​បញ្ហា​ហ្នឹង​ភា្លម​យើង​ចង់​ទៅ​ធ្វើ​ភ្លាមៗ​ទេ​។ យើង​មើល​ឃើញ​ថា អាជ្ញាធរ​ពិតជា​អត់​មានលទ្ធភាព​ក្នុង​ការ​ដោះស្រាយ ឬក៏​គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​។ អ៊ីចឹង​ប្រសិនបើ​គាត់​មិន​ធ្វើ​មានន័យថា​ក្នុងនាម​ជា​យុវជន ក្នុងនាម​ជា​ពលរដ្ឋ​ក្នុង​សង្គម ខ្ញុំ​នឹង​ចុះ​ធ្វើ​ដោយ​ខ្លួនឯង»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃ​ទី​១៨ ខែ កញ្ញា ឆ្នាំ​២០១៨ ឱ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​នេះ ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ភូមិ​៤ ឃុំ អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​កាយ​យក​ដី ដែល​បាន​ចាក់​បំពេញ​នោះ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​វិញ។

ភ្លាមៗ​នោះ​លោក ជា សុផារ៉ា បាន​ចុះទៅ​ដល់​ទីតាំង​នៃ​ឆ្នេរ​ព្រែកត្រែង ប៉ុន្តែ​អស់​ជាច្រើន​ខែ​មក​នេះ​ក៏​នៅតែ​មិន​ទាន់​មាន​ភាគី​ណាមួយ គឺ​ទាំង​ក្រុមហ៊ុន​ទាំង​អាជ្ញាធរ​មិនទាន់​ទៅ​កាយ​ដី​នោះ​ចេញ​នៅឡើយ។

មន្ត្រី​នាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​ថា កន្លង​ទៅ​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្លាប់​មាន​វិធានការ​ករណី​នេះ​រួចហើយ នៅ​ពេល​ក្រុមការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង និង​បាន​បញ្ជា​ផ្ទាល់​ឱ្យ​ម្ចាស់​ដីកា​យ​ដី​ចេញ​នៅ​ពេល​នោះ​។ ក្រោយមក​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​កាយ​ម្ដងទៀត ហើយ​មកដល់ពេលនេះ​ក៏​ពុំ​មាន​សកម្មភាព​អ្វី​ទៀត​ទេ​នៅ​ខាង​ក្រុមហ៊ុន។ លោក​បន្ត​ទៀត​ថា ដី​ដែល​នៅ​សេសសល់​គឺជា​ដី​ចាស់ ដែល​មាន​ពីមុន​យូរ​មក​ហើយ​។ លើស​ពី​នេះ​លោក ចាត់ទុកថា​ក្រុម​នេះ​ក្ដាប់​ព័ត៌មាន​មិនបាន​គ្រប់គ្រាន់​ពី​ការ​កាយ​ដី​ចេញពី​តំបន់​ដែល​មាន​ការ​ចាក់​ដី​រំលោភ​យក​ឆ្នេរ​នា​ពេល​កន្លង​ទោះ។

ឆ្លើយតប​រឿង​នេះ​កញ្ញា ផេង ស្រីស បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​ថា ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ​គឺជា​វិធីសាស្ត្រ​បន្លំ​ភ្នែក​សាធារណជន។

ស្រី​ស បន្ត​ថា ក្រុមហ៊ុន​ឯកជន ដែល​គេ​ស្គាល់​ជា​របស់​យាយ​ភូ​នេះ មិន​កាយ​ដី​ចេញ​វិញ​នោះ​ទេ ហើយ​នាង​កត់សម្គាល់​ថា ក្រុមហ៊ុន​បែបនេះ​អាច​នឹង​មាន​អ្នក​មាន​អំណាច​នៅ​ខាងក្រោយ​ខ្នង៖ «ពួក​ខ្ញុំ​ផ្ទាល់​ខ្ញុំ​យល់ថា ការដែល​ពន្យារពេល​មិន​ដោះស្រាយ​ហ្នឹង​គឺ​អាជ្ញាធរ និង​ក្រុមហ៊ុន​កំពុងតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ការ​ចាក់​ដី​ក្លាយ​ជា​រឿង​ស្របច្បាប់ ទី​១​ចង់​ឱ្យ​សាធារណជន​ភ្លេច​អំពី​រឿង​ហ្នឹង ទី​១ គឺ​ចង់បាន​សិទ្ធិ​ស្របច្បាប់​ចំពោះ​ការ​ចាក់​ដី​លុប​ឆ្នេរ​ហ្នឹង»

ស្រី​ស គឺជា​និស្សិត ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​បាន​ចាប់​អារម្មណ៍ និង​ការងារ​ស្ម័គ្រចិត្ត ជាមួយ​យុវតី​ជា​ច្រើន​នាក់​ទៀត ដែល​ស្រឡាញ់​បរិស្ថាន ដោយ​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​ថ្ងៃមុខ។

មិន​ខុសគ្នា​នេះ​ដែរ​យុវតី​មួយ​ក្រុម​ទៀត​បាន​នាំគ្នា​បង្ហោះ​វីដេអូ ពី​ការ​បង្ហូរទឹក​កង្វក់​ចេញពី​សណ្ឋាគារ​នៅ​កោះរុង​។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​បញ្ឈប់​បញ្ហា​នេះ​បន្ទាន់​ដែរ។

កញ្ញា ឡុង គន្ធា ជា​និស្សិត​ផ្នែក​គីមីវិទ្យា ឱ្យ​អាស៊ីសេរី​ដឹង​ថា កោះរុងសន្លឹម​ជាទី​តាំង​ដែល​មាន​សម្រស់​ល្អ​ត្រកាល ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​មិន​គួរ​ណា​ត្រូវ​បំផ្លាញ ដោយ​ការ​បង្ហូរទឹក​កខ្វក់​ចេញពី​សណ្ឋាគារ​ចេញទៅ​ដោយ​ផ្ទាល់ ដោយ​ពុំ​មាន​ច្រោះ​ឱ្យ​ស្អាត​ល្អជា​មុន​នោះ​ឡើយ៖ «ពេល​ដែល​ទៅដល់​ឃើញ​កោះ​ហ្នឹង​មាន​ទឹកថ្លា​ស្រស់​ស្អាត​មែនទែន តែ​ដល់ពេល​ទៅ​ឃើញ​នៅ​កន្លែង​កាស៊ីណូ​មានការ​បង្ហូរទឹក​កខ្វក់​អ៊ីចឹង ខ្ញុំ​គិត​ថា បើ​នៅតែ​បង្ហូរ​យូរៗ​ទៅ​ទឹកសមុទ្រ​ហ្នឹង​ដឹង​តែ​ខូច​ដូច​នៅ​តាម​ឆ្នេរ​ផ្សេងៗ ដូចជា​នៅ​ឆ្នេរ​អូរ​ឈើទាល​អី គឺ​ដឹង​តែ​ទឹក​ហ្នឹង​ប្រែ​ទៅជា​ខ្មៅ​ទៅជា​ខៀវ​អី​។ ទឹក​កខ្វក់​អ៊ី​ញ្ចឹ​ង​វា​ប៉ះពាល់​ដល់​អ្នក​ងូត ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​គឺ​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ស្បែក​អីចឹង​ហើយ​ភ្ញៀវ​ទេសចរណ៍​ក៏​លែង​ហ៊ាន​ទៅលេង សត្វ​ដែល​នៅ​ក្នុង​សមុទ្រ​ក៏​វា​អាច​ពលរដ្ឋ​អាច​អី​ដែរ»

កាលពី​ខែ​កុម្ភៈ ក្រុម​យុវតី ដែល​មាន​កញ្ញា ឡុង គន្ធា ចូលរួម​ដែរ​នោះ​បាន​បង្ហោះ​វីដេអូ​មួយ​ពី​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ក្នុង​សមុទ្រ​នៅ​កោះរុង​សន្លឹម។ ពួកគេ​បាន​ចោទសួរ​បញ្ហា​នេះ​ទៅ​អភិបាលខេត្ត​ព្រះសីហនុ ដែល​ពួកគេ​ចាត់ទុកជា​ខេត្ត​សម្បូរ​រឿងអាស្រូវ​ជាងគេ​។ ពួកគេ​ក៏​ផ្ញើ​សារ​ចេញ​ដែរ​ថា​តើ​សាធារណជន​គិត​ថា លោក យន្ត មីន គួរតែ​ទទួលស្គាល់​ពី​អសមត្ថភាព​របស់​ខ្លួន ហើយ​គួរតែ​លាលែង​តំណែង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​នេះ​ទេ៖ «ខ្ញុំ​ចង់​សួរ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជាពិសេស​អភិបាលខេត្ត ឯកឧត្ដម យន្ត មីន ថា​តើ​ក្រុមការងារ​របស់​ឯកឧត្ដម​ធ្លាប់​ចុះ​មក​ដល់​ទី​កន្លែង​នេះ​ដែរ ឬទេ?»

អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះទៅ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ​នៅ​លើ​កោះរុង​នោះ​ឱ្យ​បញ្ឈប់​បង្ហូរទឹក​កខ្វក់​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​សមុទ្រ។ លោក​ថា អាជ្ញាធរ​កំពុង​ដំណើរការ​ស្ថាបនា​អាង​ចម្រោះ​ទឹក​កខ្វក់ ក្នុង​ខេត្ត​នេះ។

បើទោះជា​យ៉ាងណា កញ្ញា ឡុង សុគន្ធា និង​ក្រុម​យុវតី​ថា ពួកគេ​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​បន្ដ​ទៀត ដើម្បី​ចង្អុលបង្ហាញ​អាជ្ញាធរ​ពី​បញ្ហា​បរិស្ថាន​ក្នុង​ខេត្ត​នេះ ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​។ ពួកគេ​គ្រោង​នឹង​បង្កើត​ក្រុមការងារ​យុវតី​បែបនេះ​បន្ត​ទៀត ដ្បិត​មាន​បញ្ហា​បរិស្ថាន​ជាច្រើន​ទៀត ដែល​ទាមទារ​ឱ្យ​ក្រុម​យុវជន​ចូលរួម។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសិន​( Alejandro Gonzalez Davidson) មាន​ប្រសាសន៍​ថា ក្រុម​យុវតី​គឺជា​សក្ដានុពល​ក្នុង​ការងារ​ការពារ​ធនធាន​ធម្មជាតិ ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​ពួកគេ​ពិតជា​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ពិតប្រាកដ​មួយ​នៅ​ថ្ងៃ​ខាងមុខ ដោយសារតែ​ភាព​ក្លាហាន រឹងមាំ និង​ទន់ភ្លន់​របស់​ពួកគេ៖ «ដំណោះស្រាយ​គឺ​ស្ថិត​នៅ​លើ​ដៃ​យុវនារី នៅ​លើ​ដៃ​របស់​ស្ត្រីៗ ច្រើនជាង​ប្រុស​ទៅទៀត ពីព្រោះ​ខ្ញុំ​ថា​លោក ហ៊ុន សែន និង​គ្នា​គាត់​ជា​មនុស្ស​ហិង្សា​និយម​ជា​មនុស្ស​ដែល​តែងតែ ចូលចិត្ត​ប្រើ​ពាក្យ​អសុរោះ និង ចូលចិត្ត​ប្រើ​ហិង្សា ហើយ​ខ្ញុំ​ថា​គាត់​ជា​មនុស្ស​ដែល​មិន​ហ៊ាន​ទប់ទល់​ជាមួយ​យុវនារី​ទេ ដោយសារ​គាត់​ជា​មនុស្ស ដែល​មាន​ប្រវត្តិ​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​ដែល​គាត់​ឃើញ​យុវតី ស្រីៗ​អាយុ​២២ ទៅ​២៣ ហ៊ាន​និយាយ​ចំៗ​ហ៊ាន​ធ្វើ​សកម្មភាព ដោយ​អហិង្សា គាត់​ដូចជា​រារែក ហើយ​គាត់​អាច​ធ្វើ​តាមតែ​ម្ដង»

ចំពោះ កញ្ញា ផេង ស្រីស ក៏​មើល​ឃើញ​ថា ក្រុម​យុវតី​មាន​បញ្ហា​មួយ​ចំនួន​កំពុង​ជួបប្រទះ​ដែរ ហើយ​បញ្ហា​ចម្បង​គឺ​ធនធាន​ថវិកា​សម្រាប់​ដំណើរការ​សកម្មភាព​របស់​ពួកគេ​។ កញ្ញា​បន្ត​ថា ពេលនេះ​ពួកគេ​ធ្វើ​សកម្មភាព​អាស្រ័យ​ទៅ​លើ​ជំនួយ​ឧបត្ថម្ភ​តិចតួច​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ពាក់ព័ន្ធ និង​ពី​សប្បុរសជន។ ម្យ៉ាងទៀត ស្រី​ស ថា យុវតី​តែង​ទទួល​គំនាប​ពី​គ្រួសារ​មិន​ឱ្យ​ចូលរួម​តស៊ូ​មតិ​ពី​បញ្ហា​ក្ដៅៗ​កើតមាន​ក្នុង​សង្គម ដោយសារតែ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​នាង​។ បើ​ទោះ​ជា​យ៉ាងណា​ស្រី​ស នៅតែ​ទទូច​ឱ្យ​យុវតី​ត្រូវ​ជម្នះ​បញ្ហា​នេះ ដើម្បី​អាច​ចូលរួម​ការងារ​សង្គម​ដែល​ខ្លួន​ចូលចិត្ត​។​

«​យើង​អាច​បង្ហាញ​ពី​ទីតាំង ដែល​យើង​ចុះទៅ យើង​ចុះ​កន្លែង​ណា យើង​អាច​កាត់បន្ថយ​ការបារម្ភ​របស់​ពួកគាត់ យើង​អាច​ជម្រាប​ជូនដំណឹង​គាត់​មុន​នឹង​ធ្វើ​សកម្មភាព​ផ្សេងៗ​។ ធម្មតា​ទេ​នៅ​ពេល​ដែល​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គម​ដូច​ពេល​បច្ចុប្បន្ន​គឺ​ការ​ព្រួយ​បារម្ភ​តែង​កើតមាន​ហើយ»

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រសួង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ជាពិសេស​សហគមន៍ ចូលរួម​រក្សា​បរិស្ថាន និង​ធនធានធម្មជាតិ ដែល​ជា​មធ្យោបាយ​ល្អ​មួយ​ធានា​រក្សា​ធនធានធម្មជាតិ​ឱ្យ​គង់វង្ស។

ពិតមែន​ថា​មានការ​លើកឡើង​បែបនេះ​ក្ដី​ក៏​មាន​យុវជន​ដែល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ជួប​បញ្ហា​មួយ​ចំនួន​ពិសេស​គឺ​ក្រុម​យុវជន​ធ្លាប់​ធ្វើ​ការងារ​នៅ​តំបន់​អារ៉ែង និង​ប្រមូល​ព័ត៌មាន​ទាក់ទង​អាជីវកម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​។ ឧទាហរណ៍​ជាអាទិ៍​យុវជន​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ ១ ឆ្នាំ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ក្រោយពេល​ពួកគេ​បាន​ជិះ​ទូក​ថតរូប​ភាព និង​វីដេអូ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា (Silica) ពីរ​គ្រឿងក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។ ដើមបណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រកស៊ី​នាំចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ចំពោះ​ក្រុម​យុវតី​វិញ​បើ​ទោះ​ជា​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ថា អាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ ការ​ចាប់ខ្លួន ឬ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ពី​សកម្មភាព​តស៊ូ​មតិ​របស់​ខ្លួន​នេះ ក៏​ក្រុម​យុវតី​ទាំងនេះ​នៅតែ​បន្ត​សកម្មភាព​ការងារ​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​ទស្សន​រួម​មួយ​ថា ប្រសិនបើ​ពួកគេ​មិន​ខំប្រឹង​ការងារ​បរិស្ថាន ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​នេះ​ទេ នោះ​នឹង​មាន​មាន​អ្វី​បន្សល់ទុក​ដល់​យុវជន​ជំនាន់​ក្រោយ​ឡើយ។ លើស​ពី​នេះ​ផល​ប៉ះពាល់​នឹង​កើត​មាន​ត​ជំនាន់ ហើយ​កាន់តែ​ធ្ងន់ធ្ងរ ដែល​នឹង​កើត​ចេញពី​បម្រែបម្រួល​អាកាសធាតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល