ក្រុម​អង្គការ​ស្ត្រី​ជំរុញ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ស្ត្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧

ដោយ សុជីវី
2016-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​អង្គការ​សីលការ និង​ជា​ប្រធាន​គ្រប់គ្រង និង​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ ថ្លែង​ក្នុង​សិក្ខាសាលា​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៥។
នាយិកា​អង្គការ​សីលការ និង​ជា​ប្រធាន​គ្រប់គ្រង និង​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ ថ្លែង​ក្នុង​សិក្ខាសាលា​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៥។
RFA/Um Raingsy

ក្រុម​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ដែល​ជា​បណ្ដុំ​អង្គការ​ចំនួន ១១​ស្ថាប័ន ជំរុញ​ឲ្យ​អ្នក​បោះ​ឆ្នោត ទៅ​បោះ​ឆ្នោត​ឲ្យ​ស្ត្រី​នៅ​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​ជួប​ជុំ​ស្ត្រី អបអរ​ទិវា​អន្តរជាតិ​នារី​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ដោយ​មាន​ប្រធានបទ "ខ្ញុំ​បោះ​ឆ្នោត​ឲ្យ​ស្ត្រី ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព"

ក្រុម​អង្គការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​រំពឹង​ថា ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ជាពិសេស​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ នឹង​អាច​ដោះស្រាយ​បញ្ហា​ចម្បងៗ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ ដែល​នឹង​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា យុវជន​ជា​កម្លាំង​ស្នូល​ដែល​ត្រូវ​ជំរុញ​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ទៅ​បោះ​ឆ្នោត ពិសេស​គឺ​ត្រូវ​ចូលរួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត។ ករណី​នេះ អ្នកស្រី​រំពឹង​ថា ចំនួន​ស្ត្រី​ឈរ​ឈ្មោះ​នឹង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់៖ «ការ​រៀបចំ​គោល​នយោបាយ ការ​រៀបចំ​ធ្វើ​ការ​សម្រេច​ចិត្ត​តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់ រហូត​ទៅ​ដល់​ថ្នាក់​ជាតិ គឺ​ត្រូវ​តែ​មាន​ការ​វិវឌ្ឍន៍​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ភូមិសាស្ត្រ​របស់​យើង និង​សេដ្ឋកិច្ច​របស់​យើង។ ដូច្នេះ​យើង​ជំរុញ ហើយ​ធ្វើ​ម៉េច​ឲ្យ​គណបក្ស​នយោបាយ​រៀបចំ​យ៉ាង​ណា ដើម្បី​ឲ្យ​គាត់​ដាក់​ស្ត្រី​ទៅ​ក្នុង​ពេល​គាត់​រៀបចំ​ដាក់​បេក្ខភាព​ស្ត្រី​ឲ្យ​បាន​ច្រើន។ យើង​អញ្ជើញ​ទាំង​ពីរ​គណបក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង ដែល​នៅ​ក្នុង​រដ្ឋសភា»

ក្នុង​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល បញ្ជាក់​ថា តំណាង​ស្ត្រី​នៅ​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច​នៅ​មូលដ្ឋាន​មាន​ចំនួន​តិច។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៤ ក្នុង​ចំណោម​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សរុប​ចំនួន​ជាង ១​ម៉ឺន​នាក់ (១១.៤៥៩​នាក់) មាន​ស្ត្រី​ចំនួន​ជាង ២​ពាន់​នាក់ (.០៣៨​នាក់) ដែល​ស្មើ​នឹង ១៧,៧៨​ភាគរយ ក្នុង​នោះ​ស្ត្រី​ជា​មេ​ឃុំ ចៅ​សង្កាត់​មាន​ចំនួន ៩៥​នាក់ ដែល​ស្មើ​នឹង ៥,៨១​ភាគរយ ស្ត្រី​ជា​ជំទប់​ទី​១ មាន ១៨៩​នាក់​ស្មើ​នឹង ១១,៥៧​ភាគរយ និង​ជំទប់​ទី​២ មាន​ចំនួន ១៦៤​នាក់ ស្មើ​នឹង ១០,០៤​ភាគរយ។

របាយការណ៍​សង្គម​ស៊ីវិល​អំពី​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៤។
របាយការណ៍​សង្គម​ស៊ីវិល​អំពី​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៤។ Photo: RFA

ក្នុង​ការ​ចូលរួម​វិស័យ​នយោបាយ ស្ត្រី​ជួប​ប្រទះ​បញ្ហា​ជាច្រើន​ចាប់​តាំង​ពី​ការ​ឈាន​ចូល​ឈរ​ឈ្មោះ។ បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ មិន​បាន​ដាក់​ស្ត្រី​នៅ​លំដាប់​លេខ​ដែល​អាច​ជាប់។ លើស​ពី​នេះ ប្រព័ន្ធ​សង្គម និង​ប្រព័ន្ធ​បោះ​ឆ្នោត ក៏​មិន​សម្រួល​ដល់​ការ​ចូលរួម​របស់​ស្ត្រី​ដែរ ស្រប​ពេល​ដែល​ស្ត្រី​នៅ​មាន​បញ្ហា​ចំណេះ​ដឹង ត្រូវ​ទទួល​ខុស​ត្រូវ​កិច្ចការ​ផ្ទះ និង​ឧបសគ្គ​ផ្នែក​សេដ្ឋកិច្ច។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ក្រសួង​កិច្ចការ​នារី លោក ថេ ឈុនហាក់ មាន​ប្រសាសន៍​ថា សមភាព​យេនឌ័រ​ជា​គោលដៅ​ទី​៥ ក្នុង​ផែនការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​អនុម័ត និង​អនុវត្ត។ បើ​ទោះ​បី​ជា​យ៉ាង​ណា លោក ឈុនហាក់ លើក​ឡើង​ដែរ​ថា ដើម្បី​សម្រេច​តាម​គោលដៅ​នេះ គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ស្ត្រី និង​បុរស៖ «សូម​សំណូមពរ​ឲ្យ​ការ​កើន​ឡើង​នេះ​អាច​ទៅ​បាន លុះត្រា​តែ​យើង​ទាំងអស់​គ្នា​ទាំង​ស្ត្រី និង​បុរស មិន​មែន​ថា​បង្កើន​ចំនួន​ស្ត្រី ទាល់​តែ​ស្ត្រី​ខំ​ប្រឹង​ទេ ទាល់​តែ​គណបក្ស​នយោបាយ​ដៃគូ​ពាក់ព័ន្ធ ក៏​ដូចជា​ប្រធានបទ​ថ្ងៃ​នេះ​បាន​លើក​ឡើង គឺ​យើង​ត្រូវ​តែ​បោះ​ឆ្នោត​ជូន​គណបក្ស​នយោបាយ​ណា​ដែល​យើង​គិត​ថា អាច​បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ជាពិសេស​យើង​ឃើញ​ថា ការ​ចូលរួម​របស់​ស្ត្រី​វា​បាន​ផ្ដល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​ទៅ​ដល់​ការ​អភិវឌ្ឍ ជាពិសេស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ កន្លង​មក​យើង​ឃើញ​ថា ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចូលរួម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​លើក​កម្ពស់​បញ្ហា​សុខមាលភាព បញ្ហា​សុខភាព​របស់​សហគមន៍ និង​ការ​ធ្វើ​ឲ្យ​សេវា​មូលដ្ឋាន​កាន់​តែ​ឆ្លើយ​តប​ទៅ​ដល់​ប្រជាពលរដ្ឋ​បាន​ពេញលេញ»

ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព កំណត់​ថា នឹង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​គ្រប់​វិស័យ រួម​ទាំង​វិស័យ​នយោបាយ​ផង​នោះ ឲ្យ​មាន​សមភាព​នឹង​ចំនួន​បុរស​ត្រឹម​ឆ្នាំ​២០៣០។ ចំពោះ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​សភា នៅ​តែ​អះអាង​ពី​ការ​បើក​ទូលាយ​ទទួល​យក​ស្ត្រី​ឲ្យ​ចូលរួម ប៉ុន្តែ​ពុំ​បាន​សន្យា​ថា មាន​វិធានការ​ពិសេស​ចំពោះ​ការ​បង្កើន​ចំនួន​ស្ត្រី​អ្នក​ឈរ​ឈ្មោះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា គណបក្ស​លោក​តែង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មាន​សមាសភាព​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ លោក​ថា រាល់​ការ​ដាក់​បេក្ខភាព គណបក្ស​ក៏​ពិចារណា​ពី​សមត្ថភាព​របស់​បេក្ខជន​ដែរ។ ពោល គឺ​មិន​សំដៅ​ថា​ត្រូវ​ដាក់​ចំនួន​ស្ត្រី​ស្មើ​គ្នា​នឹង​បុរស​ឡើយ៖ «ទី​១ ថ្នាក់​ដឹក​នាំ​ពិនិត្យ​មើល​លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន​បេក្ខនារី​ទាំងអស់​នោះ គឺ​ ទាំង​សមត្ថភាព​ទៀត​ដើម្បី​ដាក់។ គណបក្ស​មិន​បាន​កំណត់​ថា​ពាក់​កណ្ដាល ឬ​មិន​ពាក់​កណ្ដាល​ទេ អាស្រ័យ​លើ​សភាពការណ៍​ជាក់ស្ដែង។ យើង​មិន​អាច​បោះឆ្នោត​ជ្រើសរើស​តែ​ស្ត្រី​មួយ​ដាច់​ដោយឡែក​ពី​បញ្ជី​រាយ​នាម​ទេ សំខាន់​គណបក្ស​នយោបាយ​ដែល​ជ្រើសរើស​បេក្ខនារី​ឲ្យ​ច្រើន​នៅ​ក្នុង​បញ្ជី​រាយ​នាម ព្រោះ​យើង​បោះឆ្នោត​យក​បញ្ជី​ទេ»

មិន​ខុស​គ្នា​នេះ​ដែរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើក​ឡើង​ថា ការ​ដាក់​បេក្ខភាព​ស្ត្រី ត្រូវ​រំពឹង​លើ​ការ​ចូលរួម​របស់​ស្ត្រី៖ «គោលដៅ​ទី​មួយ គឺ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់ (ស្ត្រី) ចូលរួម មុន​នឹង​ដាក់​បេក្ខភាព​ស្ត្រី ទាល់​តែ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​សិន។ តាម​ការ​សង្កេត​កាល​ពី​អាណត្តិ​មុនៗ ស្ត្រី​មាន​ចំនួន​តិចតួច​មែន​ទែន។ ឥឡូវ​មាន​ច្រើន​ជាង​មុន។ សង្ឃឹម​ថា អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​នឹង​មាន​ច្រើន»

យុវតី​មួយ​រូប​ដែល​ចូលរួម​កម្មវិធី​របស់​ក្រុម​អង្គការ​ស្ត្រី កញ្ញា ស្ដើង ភារ៉ុង លើក​ឡើង​ថា ដើម្បី​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ចូលរួម​ច្រើន​ក្នុង​វិស័យ​នយោបាយ ចាំ​បាច់​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត និង​លើក​កម្ពស់​សមត្ថភាព​ពួក​គេ៖ «យើង​ដឹង​ថា​មាន​ច្បាប់​ថ្មី​ទាក់ទង​នឹង​បញ្ហា​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត (Social Media) ចឹង​ពេល​ដែល​យុវជន​បញ្ចេញ​ចេញ​មតិ​ចូល​ក្នុង​វិស័យ​នយោបាយ​ច្រើន វា​មាន​បញ្ហា មាន​គំនាប​ពី​ច្បាប់​ពី​អី ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច។ ម្យ៉ាង​ទៀត​មក​ពី​កត្តា​គ្រួសារ​ដែរ ព្រោះ​ពេល​ខ្លះ​ចាស់ៗ​គាត់​ចេះ​តែ​ខ្លាច​ថា ចូល​រឿង​នយោបាយ​ទៅ​ខ្លាច​គេ​ចាប់​គេ​អី ធ្វើ​ឲ្យ​យុវជន​ភ័យ​ខ្លាច​អត់​ហ៊ាន​ចូលរួម»

មេ​ឃុំ​ព្រៃឈរ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី សឹម សុខុម មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​មាន​ភាព​ក្លាហាន និង​មាន​ចំណេះ​ដឹង ស្ត្រី​ដែល​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​ត្រូវ​ចេះ​បង្ហាញ​សមត្ថភាព និង​កៀរគរ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ៖ «សូម​ឲ្យ​ប្អូនៗ​ក្មួយៗ​ជា​ស្ត្រី បើ​ចង់​ឈរ​ជា​អ្នក​ដឹក​នាំ គឺ​ត្រូវ​អត់ធ្មត់ អត្តចរិត​យើង​ល្អ តស៊ូ​ពុះពារ​ឧបសគ្គ​ទាំងអស់ និង​ហ៊ាន​លះបង់»

របាយការណ៍​ស្ទង់​មតិ​សម្រាប់​ឆ្នាំ​២០១៥ របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) រក​ឃើញ​ថា ក្រុម​ស្ត្រី​ដែល​ឋិត​ក្នុង​តួនាទី​ជា​តំណាង​ឲ្យ​ពលរដ្ឋ នៅ​តែ​ជួប​បញ្ហា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​បំពេញ​ការងារ រួម​មាន ការ​រើសអើង និង​ខ្វះ​ថវិកា​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល