មេធាវី​ស្នើសុំ​ឲ្យ​ស្ត្រី​ម្នាក់​រង​បទ​ចោទ​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​មាន​កូន​ភ្លោះ​តូចៗ​បាន​នៅ​ក្រៅ​ឃុំ

ដោយ សុជីវី
2015-09-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់​មុខ​ក្រសួង​យុត្តិធម៌ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១។
ពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​កាត់​មុខ​ក្រសួង​យុត្តិធម៌ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១១។
Photo: RFA

ទាញ​យក​កម្មវីធី

មេធាវី​មួយ​ក្រុម ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​កូន​ក្ដី​ម្នាក់​ជា​ស្ត្រី​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក្រុម​មេធាវី​សំអាង​ហេតុ​ផល​ថា ស្ត្រី​រូប​នោះ​មាន​កូន​ភ្លោះ​តូចៗ ពុំ​មាន​អ្នក​មើល​ថែ​ឲ្យ​បាន​ត្រឹមត្រូវ។

តើ​មាន​នីតិវិធី​អ្វី​ខ្លះ ពាក់ព័ន្ធ​នឹង​ការ​នៅ​ក្រៅ​ឃុំ​របស់​ស្ត្រី​ដែល​មាន​កូន​តូច​ត្រូវ​មើល​ថែ?

មូលហេតុ​ចម្បង​មួយ​នៃ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន សម្រាប់​កូន​ក្ដី​ដែល​ក្រុម​មេធាវី​បាន​អះអាង គឺ​នាង​មាន​កូន​ភ្លោះ​ដែល​ទើប​មាន​អាយុ ៨​ខែ កំពុង​ឋិត​នៅ​ខាង​ក្រៅ​ជាមួយ​ជីដូន​ចាស់​ជរា ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ពុំ​មាន​អ្នក​មើល​ថែ។

ពាក្យ​ស្នើសុំ​អន្តរាគមន៍​នោះ ចុះ​ថ្ងៃ​ទី​២៥ ខែ​សីហា របស់​មេធាវី ណាច ទ្រី ជុន សុជាតិ និង អ៊ិត ពិសិដ្ឋរង្ស៊ី ដោយ​បាន​រៀបរាប់​បញ្ជាក់​ថា កូន​ក្ដី​របស់​ពួក​គេ​មាន​ឈ្មោះ ហេង លីលី អាយុ ២២​ឆ្នាំ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។ បច្ចុប្បន្ន នាង​កំពុង​ជាប់​ក្នុង​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ក្នុង​លិខិត​ស្នើសុំ​របស់​ក្រុម​មេធាវី​ដដែល​បញ្ជាក់​ទៀត​ថា សំណើ​សុំ​របស់​ពួក​គេ ផ្អែក​លើ​ស្មារតី​មនុស្ស​ធម៌​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ធ្លាប់​លើក​លែង​ទោស និង​សម្រាល​ទោស​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​មាន​កូន​តូច​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ក្រសួង​ពុំ​អាច​អន្តរាគមន៍​អ្វី​បាន​ឡើង ដ្បិត​សំណុំ​រឿង​នេះ​កំពុង​ឋិត​ក្នុង​ដំណើរ​ការ​នៃ​តុលាការ​សាលា​ដំបូង។ ម្យ៉ាង ករណី​នេះ​ក៏​ពុំ​ចាត់​ចូល​ក្នុង​ស្មារតី​មនុស្ស​ធម៌​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ធ្លាប់​ប្រកាស​នា​ពេល​កន្លង​មក​នោះ​ឡើយ៖ «ករណី​ដែល​យើង​ដោះ​លែង ឬ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ហ្នឹង គឺ​ជា​ករណី​មួយ​ផ្សេង​ទៀត ដែល​អនុវត្ត​ចំពោះ​ស្ត្រី​ដែល​គាត់​កំពុង​តែ​ជាប់​ក្នុង​ពន្ធនាគារ បាន​ន័យ​ថា គាត់​មាន​ទោស​រួច​ហើយ ហើយ​គាត់​មាន​កូន​តូច​នៅ​ជាមួយ ឬ​មាន​ផ្ទៃ​ពោះ»

កាល​ពី​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​លើក​លែង និង​សម្រាល​ទោស​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​មាន​កូន​តូច​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ៖ «ប៉ុន្តែ​យោង​តាម​ច្បាប់​ពន្ធនាគារ គេ​បើក​ច្រក​មួយ​ឲ្យ​នាយក​រដ្ឋមន្ត្រី មាន​សិទ្ធិ​សុំ​ព្រះរាជទាន​លើក​លែង​ទោស​ពេល​ណា​ក៏​បាន។ ខ្ញុំ​អត់​មាន​បំពាន​ច្បាប់​ទេ។ សាលក្រម​ចូល​ស្ថាពរ​ហើយ យក​មក​ដាក់​ឲ្យ​ខ្ញុំ​ស៊ីញេ ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​លើក​លែង​ទោស​ឲ្យ​សម្រាប់​តែ​អ្នក​មាន​កូន អ្នក​ដែល​មាន​ផ្ទៃ​ពោះ​ក្នុង​ពន្ធនាគារ។ ខិតខំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​រួច​ទាំងអស់​មុន​ចូល​ឆ្នាំ​ខ្មែរ បាន​សេចក្ដី​ថា សម្អាត​កុំ​ឲ្យ​មាន​អ្នក​ដែល​មាន​កូន​ទៅ​រស់នៅ​ក្នុង​ពន្ធនាគារ និង​អ្នក​មាន​ផ្ទៃ​ពោះ»

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​បន្ថែម​ថា ស្មារតី​មនុស្ស​ធម៌​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​សំដៅ​តែ​ទៅ​លើ​រឿង​ក្ដី​ដែល​ទទួល​បាន​សាលក្រម​ស្ថាពរ​ពី​តុលាការ មិន​សំដៅ​ដល់​សំណុំ​រឿង​ក្នុង​ដំណើរ​ការ​ក្ដី​នោះ​ឡើយ៖ «ករណី​នេះ​ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​ដែរ ប៉ុន្តែ​ជា​គោលការណ៍ ក្រសួង​មិន​អាច​ធ្វើ​អន្តរាគមន៍​លើ​នីតិវិធី​តុលាការ ដែល​ជា​ដំណើរ​ការ​ឯករាជ្យ​នេះ​បាន​ទេ។ ការ​សម្រេច​ថា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ឬ​មិន​ឲ្យ​ហ្នឹង ជា​ការ​សម្រេច​របស់​ចៅក្រម​ស៊ើប​សួរ»

ស្រប​គ្នា​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​រំពឹង​ថា នឹង​មាន​ការ​ពិចារណា​ពី​គោលការណ៍​មនុស្ស​ធម៌ ក្នុង​ការ​សម្រេច​ឲ្យ​ស្ត្រី​ណា​ម្នាក់​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​តូចៗ​របស់​ពួក​គេ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​ថ្មី​មួយ​ដែល​គួរ​មាន​ការ​ពិចារណា​ពី​ស្ថានភាព​រស់នៅ​របស់​កុមារ ដែល​ជា​កូន​របស់​ស្ត្រី​ដែល​ជា​ជន​ត្រូវ​ចោទ៖ «រឿង​ហ្នឹង​រដ្ឋាភិបាល​ក៏​ដូចជា​តុលាការ​គួរ​ពិចារណា គឺ​ក៏​ត្រូវ​មើល​ដែរ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​គាត់​នេះ និង​ករណី​ដែល​កូន​តាម​ម្តាយ​ទៅ​រស់នៅ​ក្នុង​ពន្ធនាគារ ព្រោះ​វា​មិន​សូវ​ខុស​គ្នា​ទេ ដែល​កូន​តាម​ម្តាយ​ទៅ​ក្នុង​ពន្ធនាគារ ឬ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ហ្នឹង គឺ​វា​អត់​ខុស​គ្នា​ទេ ពីព្រោះ​គាត់​អត់​បាន​យក​កូន​ទៅ​តាម​ក្នុង​ពន្ធនាគារ​មែន តែ​នៅ​ខាង​ក្រៅ​តែ​អត់​មាន​អ្នក​មើល​ថែ»

ចំណែក​មន្ត្រី​ផ្នែក​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា មាន​ប្រសាសន៍​ថា ក្នុង​ករណី​ប្រភេទ​នេះ ចាំបាច់​ណាស់​ដែល​ចៅក្រម​ត្រូវ​ពិចារណា​ទៅ​តាម​ករណី​នីមួយៗ ដ្បិត​ក្នុង​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ ពុំ​បាន​កំណត់​ពី​ករណី​ប្រភេទ​នេះ​ឡើយ៖ «ជា​បឋម​ត្រូវ​ពិចារណា​ពី​ការ​រស់នៅ​របស់​កូន​តូច​ហ្នឹង ហើយ​យើង​អាច​ឲ្យ​គាត់​រស់នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​នៅ​ក្រៅ​ឃុំ ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ឧបមា​ថា មួយ​ខែ​គាត់​អាច​ទៅ​បង្ហាញ​មុខ​ម្តង ឬ ២​ដង​ចឹង​ទៅ បើ​យើង​ខ្លាច​គាត់​រត់។ យើង​ត្រូវ​ពិនិត្យ​លើ​ជីវិត​របស់​ក្មេង ២​នាក់​ហ្នឹង​ដែរ ព្រោះ​ថា បើ​គាត់​មាន​បញ្ហា​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត យើង (តុលាការ) ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដែរ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ចៅក្រម​ស៊ើបសួរ ដែល​កាន់​សំណុំ​រឿង​នេះ​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា។

យ៉ាង​ណា នៅ​ក្នុង​ផ្នែក​ទី​៥ នៃ​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ ដែល​ចែង​ពី​គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន ឲ្យ​ដឹង​ថា ការ​ឃុំ​ខ្លួន​ត្រូវ​អនុវត្ត​បាន​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ឬ​បទ​មជ្ឈិម ដែល​កំណត់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ឬ​លើស​ពី ១​ឆ្នាំ។ មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នេះ ជា​ការ​ចាំបាច់ ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី រារាំង​កុំ​ឲ្យ​មាន​ការ​គាប​សង្កត់​លើ​សាក្សី ឬ​ជន​រងគ្រោះ ឬ​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ និង​អ្នក​សម​គំនិត រក្សា​ភស្តុតាង ឬ​តម្រុយ​ជា​សម្ភារៈ ធានា​រក្សា​ជន​ត្រូវ​ចោទ ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី ធានា​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ការ​ច្របូកច្របល់ ដែល​បណ្ដាល​មក​ពី​បទល្មើស។

ទាក់ទិន​នឹង​សំណុំ​រឿង​របស់ ហេង លីលី ដែល​មាន​បទ​ចោទ​ប្រកាន់​ជួញ​ដូរ​គ្រឿង​ញៀន​នេះ ប្រសិន​បើ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ នាង​ប្រឈម​នឹង​ជាប់​ពន្ធនាគារ។ ប្រសិន​បើ​នាង​ត្រូវ​ជាប់​ពន្ធនាគារ លទ្ធភាព​មួយ​ដែល​អាច​មើល​ឃើញ គឺ​ការ​នាំ​កូន​តូច​ទៅ​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើក​ឡើង​ថា ស្មារតី​មនុស្ស​ធម៌​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ប្រើប្រាស់​សម្រាប់​ជា​លេស​ថា​ដោយសារ​មាន​កូន​តូច ឬ​មាន​ផ្ទៃ​ពោះ បែរ​ជា​មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស ដើម្បី​ទទួល​បាន​ការ​សម្រាល​ទោស​នោះ​ឡើយ៖ «បើ​សិន​ជា​ករណី​ហ្នឹង​កើត​ឡើង​មែន គឺ​យើង​ត្រូវ​ពិចារណា​តាម​ជាក់ស្ដែង តាម​ករណី​នីមួយៗ​ទៀត។ បើ​មិន​អ៊ីចឹង​ទេ វា​ជា​ករណី​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង ធ្វើ​បែប​ហ្នឹង​ទាំងអស់ គឺ​ជាប់​ពន្ធនាគារ​យក​កូន​ទៅ​នៅ​ជាមួយ ហើយ​ទទួល​បាន​ការ​ដោះ​លែង នោះ​អាច​នឹង​មាន​បញ្ហា​ធំ​ដល់​សង្គម​យើង»

នៅ​ដើម​ឆ្នាំ​២០១៥ នេះ មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​មាន​កូន​តូច​រស់នៅ​ជាមួយ​ជាច្រើន​នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ និង​លើក​លែង​ទោស ហើយ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​កុមារ​តូច​ដែល​ត្រូវ​តាម​ម្ដាយ​ទៅ​រស់នៅ​ក្នុង​ពន្ធនាគារ។

របាយការណ៍​របស់​អង្គការ​លីកាដូ កាល​ពី​ខែ​កុម្ភៈ ឲ្យ​ដឹង​ថា កុមារ​ដែល​តាម​ម្ដាយ​ទៅ​រស់នៅ​ក្នុង​ពន្ធនាគារ ជួប​ប្រទះ​បញ្ហា​ជាច្រើន​រួម​មាន ខ្វះ​ការ​អប់រំ ខ្វះ​អាហារូបត្ថម្ភ ការ​លូតលាស់​ផ្នែក​រាង​កាយ​យឺតយ៉ាវ បញ្ហា​សុខភាព និង​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី ខ្វះ​ទំនាក់ទំនង និង​រង​អំពើ​ហិង្សា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល