យុទ្ធនាការ​ពណ៌​ទឹក​ក្រូច​ដើម្បី​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ

ដោយ សុជីវី
2015-11-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​រាំ​ម៉ាឌីហ្ស៊ូន ដើម្បី​ចូលរួម​យុទ្ធនាការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ មុខ​វត្ត​បទុមវតី នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
យុវជន​រាំ​ម៉ាឌីហ្ស៊ូន ដើម្បី​ចូលរួម​យុទ្ធនាការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ មុខ​វត្ត​បទុមវតី នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Rann Samnang

សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន ទើប​ចាប់​ផ្ដើម​សកម្មភាព​ថ្មី​មួយ ក្នុង​គម្រោង​យុទ្ធនាការ​ពណ៌​ទឹក​ក្រូច ដែល​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។ សកម្មភាព​ថ្មី​នេះ មាន​គោលដៅ​ផ្ដោត​ទៅ​លើ​ការ​ចូលរួម​របស់​អាជ្ញាធរ​មូលដ្ឋាន។

តើ​អ្វី​ជា​យុទ្ធនាការ​ពណ៌​ទឹក​ក្រូច? តើ​យុទ្ធនាការ​នេះ​មាន​សកម្មភាព​អ្វី​ខ្លះ?

យុទ្ធនាការ​ពណ៌​ទឹក​ក្រូច បាន​កំណត់​យក​ថ្ងៃ​ទី​២៥ នៅ​រៀង​រាល់​ខែ ជា​ពេលវេលា​នៃ​ការ​ប្រារព្ធ​ពិធី​ដើម្បី​រំឭក​ពី​សារសំខាន់​នៃ​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ និង​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​លុប​បំបាត់​អំពើ​នេះ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា កន្លង​ទៅ យុទ្ធនាការ​ពណ៌​ទឹក​ក្រូច​នៅ​ក្នុង​សហគមន៍ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​លើក​ដំបូង​នៅ​ក្នុង​ខណ្ឌ​សែនសុខ ក្នុង​រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​នៃ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន និង​ជា​សមាជិក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ នៃ​យុទ្ធនាការ​បញ្ឈប់​អំពើ​ហិង្សា លោក អ៊ូ រតនៈ មាន​ប្រសាសន៍​ថា សកម្មភាព​ថ្មី​ដែល​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មាន​គោលដៅ​ជំរុញ​ឲ្យ​បុរស​មាន​តួនាទី​ចូលរួម​ដោះស្រាយ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ការងារ​សហគមន៍​នេះ គោល​បំណង​សំខាន់​របស់​យើង គឺ​យើង​ចង់​កៀរគរ​ក្រុម​បុរស ជាពិសេស​បុរស​ដែល​រស់នៅ​ក្នុង​សហគមន៍ បុរស​ដែល​មាន​តួនាទី​ជា​អាជ្ញាធរ​មូលដ្ឋាន ហើយ​ពួក​គាត់​មាន​ឥទ្ធិពល​នៅ​លើ​ជីវិត​របស់​ស្ត្រី ដែល​ពួក​គាត់​អាច​ជា​អ្នក​ការពារ ហើយ​អាច​ថា​បុរស​មួយ​ចំនួន​អាច​ជា​ជន​ប្រព្រឹត្តិ​បទល្មើស​អំពើ​ហិង្សា​ដែរ ក៏ប៉ុន្តែ​យើង​ចង់​ឲ្យ​បុរស​មួយ​ចំនួន​ដែល​ជា​អ្នក​មិន​ប្រព្រឹត្ត ក្លាយ​ជា​អ្នក​ដែល​ការពារ ហើយ​ជា​អ្នក​គាំពារ និង​ធ្វើ​អន្តរាគមន៍​ពេល​ឃើញ​ករណី​បុរស​ណា​ផ្សេង​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា ពួក​គាត់​ធ្វើ​សកម្មភាព​តប​ត​ប្រឆាំង​នឹង​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង»

នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​យុទ្ធនាការ​ពណ៌​ទឹក​ក្រូច​នៅ​កម្ពុជា បន្ទាប់​ពី​យុទ្ធនាការ​នេះ​ត្រូវ​អនុវត្ត​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៤។ យុទ្ធនាការ​ពណ៌​ទឹក​ក្រូច​នេះ ជា​យុទ្ធនាការ​អន្តរជាតិ​បង្កើត​ដោយ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​២០១២។

លោក អ៊ូ រតនៈ ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​ពណ៌​ទឹក​ក្រូច​ជំហាន​ដំបូង​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ បាន​ធ្វើ​ការងារ​ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ ដោយ​បង្កើត​កម្មវិធី​អប់រំ​តាម​វិទ្យាល័យ​ចំនួន​៤ និង​មហាវិទ្យាល័យ​ចំនួន​៦៖ «យើង​ក៏​បាន​រួម​ជា​ចំណែក​មួយ​របស់​គោល​នយោបាយ​របស់​ក្រសួង​អប់រំ ដែល​គាត់​អាច​បង្កើត​ឲ្យ​មាន​គោល​នយោបាយ​សហគមន៍​អប់រំ​ដែល​គ្មាន​អំពើ​ហិង្សា។ យើង​ចង់​ឲ្យ​ប្រាកដ​ថា សាលា​រៀន គឺ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ទាំង​ពីរ​ភេទ ពិសេស​ទាំង​បុរស​ទាំង​ស្ត្រី។ អ្វី​ដែល​យើង​ចង់​បាន​នោះ ជាពិសេស​ស្ត្រី​មិន​ត្រូវ​បាន​មាក់ងាយ ឬ​មិន​ត្រូវ​បាន​ទទួល​រង​អំពើ​ហិង្សា​ផ្សេងៗ»

យុទ្ធនាការ​នេះ​ទទួល​បាន​ថវិកា​ពី​មូលនិធិ​អង្គការ​សហប្រជាជាតិ (UN Trust Fund) តាម​រយៈ​អង្គការ​ឃែរ​អន្តរជាតិ​នៅ​កម្ពុជា (CARE)។ គេ​អាច​សម្គាល់​យុទ្ធនាការ​នេះ​ដោយ​ការ​ប្រើប្រាស់​សម្ភារៈ​សម្រាប់​អប់រំ​ផ្សព្វផ្សាយ ដែល​មាន​ពណ៌​ទឹក​ក្រូច ឬ​ខ្មែរ​ហៅ​ថា​ពណ៌​ស្លា​ទុំ។

ប្រធាន​កម្មវិធី​ទទួល​បន្ទុក​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ នៃ​អង្គការ​ឃែរ អ្នកស្រី អ៊ាត ពិសាល មាន​ប្រសាសន៍​ថា យុទ្ធនាការ​ពណ៌​ទឹក​ក្រូច គឺ​ជា​មធ្យោបាយ​ផ្ដល់​ចំណេះ​ដឹង​ដល់​សាធារណជន​ឲ្យ​ទទួល​ស្គាល់​ថា អំពើ​ហិង្សា​លើ​ស្ត្រី​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន និង​ទប់ស្កាត់​មិន​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​កើត​ឡើង៖ «ពីព្រោះ​គោល​បំណង​នៃ​យុទ្ធនាការ​នេះ គឺ​ចង់​ឲ្យ​ប្រជាជន​ទាំងអស់​បាន​ដឹង​បាន បាន​ទទួល​ចំណេះ​ដឹង​ថា បញ្ហា​របស់​ស្ត្រី និង​បញ្ហា​របស់​កុមារ ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់។ ប្រជាជន​ទាំងអស់ ទាំង​ថ្នាក់​ដឹក​នាំ ទាំង​សង្គម​ស៊ីវិល ទាំង​ប្រជាជន ទាំង​អ្នក​ដែល​មាន​តួនាទី​ទទួល​ខុស​ត្រូវ ដែល​យើង​ហៅ​ថា​ក្រុម​ប្រឹក្សា​ឃុំ​ហ្នឹង ចៅសង្កាត់ នឹង​ចូលរួម​ចំណែក​ក្នុង​រឿង​នេះ​ជាមួយ​នឹង​ឃុំ-សង្កាត់​ផ្សេង​ទៀត»

សកម្មភាព​ថ្មី​នៃ​យុទ្ធសាស្ត្រ​ថ្មី​នេះ គ្រោង​នឹង​អនុវត្ត​នៅ​ក្នុង​ខណ្ឌ​ចំនួន​៦ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជ្រើស​រើស​តំបន់​ដែល​មាន​រោងចក្រ​សហគ្រាស​ច្រើន និង​ជា​បណ្ដុំ​នៃ​ទីតាំង​ផ្ដល់​សេវា​កម្សាន្ត​សប្បាយ។

អ្នកស្រី អ៊ាត ពិសាស បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​កម្មវិធី​សម្រេច​ជ្រើស​រើស​យក​ទីតាំង​ទាំង​នោះ៖ «ស្ត្រី​ដែល​នៅ​ក្នុង​មុខ​របរ​កាត់​ដេរ ឬ​ក៏​ស្ត្រី​ដែល​នៅ​ក្នុង​មុខ​របរ​បដិសណ្ឋារកិច្ច ដែល​យើង​ធ្វើ​ការ​ជាមួយ ហើយ​យើង​មាន​អង្កេត​មុន​គម្រោង ជាពិសេស​យើង​ឆ្លើយ​តប​ជាមួយ​ការងារ​ការ​បៀតបៀន ទាំង​នៅ​កន្លែង​ធ្វើ​ការ ទាំង​នៅ​ក្នុង​សហគមន៍​របស់​ស្ត្រី ដែល​ស្ត្រី​ធ្វើ​ដំណើរ​ទៅ​មក​ទៅ​មក​ពី​ផ្ទះ​ទៅ​ពី​ផ្ទះ​ជួល ទៅ​កន្លែង​ធ្វើ​ការ ស្ត្រី​ទទួល​បាន​ភាព​ភិតភ័យ ឬ​ទទួល​បាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព​ជុំវិញ​ការ​បៀតបៀន​ផ្លូវ​ភេទ ជុំវិញ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​តាម​ផ្លូវ​របស់​គាត់​នៅ​ពេល​ទៅ​ធ្វើ​ការ និង​មក​ពី​ធ្វើ​ការ។ ចឹង យើង​មើល​ឃើញ​ថា​នៅ​មាន​កម្រិត​ខ្ពស់»

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ​បញ្ជាក់​ថា ស្ថានភាព​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​នៅ​កម្ពុជា នៅ​តែ​ជា​ក្ដី​បារម្ភ​នៅ​ឡើយ។

យ៉ាង​ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន លោក អ៊ូ រតនៈ លើក​ឡើង​ថា មាន​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ​បាន​យល់​ដឹង​ពី​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ និង​ការ​ចូលរួម​បញ្ឈប់​បញ្ហា​នេះ៖ «ស្ថានភាព​អំពើ​ហិង្សា​នៅ​តែ​បន្ត​កើត​មាន ពីព្រោះ​យើង​អត់​ទាន់​អាច​បញ្ឈប់​បាន​ទេ ហើយ​ឥរិយាបថ​មួយ​ចំនួន​នៅ​តែ​ជា​ឥរិយាបថ​មាន​ភាព​ងាយ​រងគ្រោះ​សម្រាប់​ស្ត្រី តែ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​យើង​ឃើញ​ថា ឥរិយាបថ​ទាំង​ឡាយ​នោះ​ដូចជា​មាន​ការ​កែប្រែ មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ហើយ​យើង​ឃើញ​ភាគ​ច្រើន​ក្រុម​បុរស ឬ​មនុស្ស​រស់នៅ​សហគមន៍ គេ​បាន​យល់​ឃើញ​ថា អំពើ​ហិង្សា ការ​រំលោភ​បំពាន ការ​បៀតបៀន​កេរ្តិ៍​ខ្មាស វា​មិន​មែន​ជា​រឿង​ដែល​គប្បី​ឲ្យ​កើត​ឡើង ឬ​បន្ត​ឲ្យ​អ្នក​ផ្សេង​ទៀត​ប្រព្រឹត្ត​លើ​ពួក​គាត់​នោះ​ទេ»

របាយការណ៍​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា មាន​ការ​ថយ​ចុះ​នូវ​អត្រា​នៃ​ស្ត្រី​ដែល​យល់​ស្រប​ថា មាន​ហេតុផល​យ៉ាង​តិច​មួយ ដែល​បុរស​អាច​វាយ​ប្រពន្ធ គឺ​ថយ​ចុះ​ពី ៥៥​ភាគរយ​ក្នុង​ឆ្នាំ​២០០៥ មក​នៅ​ត្រឹម ៤៥,៧​ភាគរយ។ នៅ​ឆ្នាំ​២០១៣ កម្មវិធី​ដៃគូ​ដើម្បី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី បាន​ធ្វើ​ការ​សិក្សា​មួយ​ដោយ​សម្ភាស​បុរស និង​ស្ត្រី​ចំនួន ១.៨៣១​នាក់ ក្នុង​នោះ​បុរស​ចំនួន ៣២,៥​ភាគរយ​និយាយ​ថា បាន​ប្រើ​ហិង្សា​លើ​រាង​កាយ និង​ផ្លូវ​ភេទ​លើ​ដៃគូ​ជិតស្និទ្ធ​របស់​ពួក​គេ។

នៅ​ក្នុង​ផែនការ​នារី​រតនៈ​ទី​៤ ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​សមភាព​យេនឌ័រ និង​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ បាន​លើក​ឡើង​ពី​ផែនការ​របស់​រដ្ឋាភិបាល​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ក្នុង​នោះ​រួម​មាន កិច្ច​ការពារ​បឋម កិច្ច​ការពារ​ពហុ​វិស័យ និង​សេវា​ផ្នែក​ច្បាប់ និង​គោល​នយោបាយ​ការ​អភិវឌ្ឍ​សមត្ថភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល