ផលិតផល​សូត្រ​និង​អំបោះ​ស្នាដៃ​ស្ត្រី​ខ្មែរ​នឹង​ត្រូវ​នាំ​ទៅ​ដាក់​តាំង​ពិព័រណ៍​នៅ​ជប៉ុន

ដោយ​ សុ ជីវី
2016-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សំពត់​សូត្រ ឬ​ហៅ​ថា ហូល ដែល​ច្នៃ​ជា​​​ក្បាច់​កូន​ហ៊ីង ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​ប្រទេស​ជប៉ុន ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ហាង ខ្មែរ អាធីហ្សានរី (Khmer Artisanry)។
សំពត់​សូត្រ ឬ​ហៅ​ថា ហូល ដែល​ច្នៃ​ជា​​​ក្បាច់​កូន​ហ៊ីង ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​ប្រទេស​ជប៉ុន ត្រូវ​បាន​ដាក់​តាំង​នៅ​ក្នុង​ហាង ខ្មែរ អាធីហ្សានរី (Khmer Artisanry)។
RFA/Sochivy

ផលិតផល​ពី​សូត្រ និង​ពី​អំបោះ​របស់​សិប្បកម្ម​សូត្រ​មួយ​កន្លែង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ទីផ្សារ​សូត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ សិប្បកម្ម​នេះ​នឹង​នាំ​ផលិតផល​របស់​ខ្លួន​ទៅ​ដាក់​តាំង​ក្នុង​ពិព័រណ៍​សូត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ដើម​ខែ​កុម្ភៈ ដើម្បី​ស្វែង​រក​អតិថិជន​ក្នុង​ប្រទេស​នេះ។ ផលិតផល​ដែល​គ្រោង​នឹង​នាំ​ទៅ​ដាក់​តាំង​ក្នុង​ប្រទេស​ជប៉ុន នោះ ផលិត​ដោយ​ស្ត្រី​ខ្មែរ​នៅ​ក្នុង​សហគមន៍​ចំនួន ២​នៅ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ។

នៅ​ក្នុង​ហាង​លក់​តូច​មួយ​មាន​ទីតាំង​ក្នុង​សង្កាត់​បឹងកេងកង២ ផលិតផល​សូត្រ និង​អំបោះ​ជា​ច្រើន​ត្រូវ​បាន​តាំង​លក់ ចាប់​តាំង​ពី​វត្ថុ​អនុស្សាវរីយ៍​តូចៗ អលង្ការ សំលៀកបំពាក់ សំពត់ កន្សែង រហូត​ដល់​ផ្ទាំង​គំនូរ។

ក្នុង​វ័យ ៣៧​ឆ្នាំ ម្ចាស់​ហាង​នេះ គឺ​អ្នកស្រី ប៉ុលហំម សីលា បាន​រៀបរាប់​ថា ផលិតផល​សូត្រ​ក្នុង​ហាង​នេះ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ពី​ប្រទេស​ជប៉ុន ឈ្មោះ​ពាន​រង្វាន់​ជីម៉ាក ហ្គោដ ឌីហ្ស៊ាញ (G-Mark Good Design) ដែល​កោត​សរសើរ​ថា ជា​ផលិតផល​ល្អ​មាន​ក្បូរក្បាច់​ល្អ​ពី​មជ្ឈមណ្ឌល​មួយ​ក្នុង​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ​២០១៤៖ «កាល​ហ្នឹង​ខ្ញុំ​បាន​យក​ជា​កំណាត់​សំពត់​សូត្រ​ដែល​ហៅ​ថា ហូល ដែល​ច្នៃ​ជា​​​ក្បាច់​កូន​ហ៊ីង យក​ទៅ​ផ្គុំ​គ្នា​ជា​បួន​ជ្រុង ដែល​មើល​ទៅ​ឃើញ​ជា​កូន​ហ៊ីង​ផង ជា​ផ្កា​ច័ន្ទ​ផង។ កាល​ដែល​ខ្ញុំ​យក​ទៅ​ប្រកួត​ហ្នឹង ជា​លក្ខណៈ​កំណាត់​សូត្រ​ដែល​ជ្រលក់​ពណ៌​ធម្មជាតិ​សុទ្ធ»

រង្វាន់​កោត​សរសើរ​នោះ​ហើយ ដែល​ជំរុញ​អោយ​អ្នក​ផលិត​សូត្រ​ក្នុង​ហាង​នេះ​ត្រូវ​ខិតខំ​កែច្នៃ​ផលិតផល​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​នាំ​ទៅ​កាន់​ពិព័រណ៍​ផលិតផល​សូត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន នៅ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN)។

ម្ចាស់​ហាង ខ្មែរ អាធីហ្សានរី (Khmer Artisanery) អ្នកស្រី ប៉ុលហំម សីលា រៀបរាប់​ពី​ការ​ឆ្នៃ​ផលិតផល​សូត្រ និង​អំបោះ​ខ្មែរ​ដើម្បី​នាំ​ទៅ​កាន់​ទីផ្សារ​របស់​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៦។ RFA/Sochivy
ម្ចាស់​ហាង ខ្មែរ អាធីហ្សានរី (Khmer Artisanery) អ្នកស្រី ប៉ុលហំម សីលា រៀបរាប់​ពី​ការ​ឆ្នៃ​ផលិតផល​សូត្រ និង​អំបោះ​ខ្មែរ​ដើម្បី​នាំ​ទៅ​កាន់​ទីផ្សារ​របស់​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៦។ RFA/Sochivy

ម្ចាស់​ហាង​ ខ្មែរ​ អាធីហ្សានរី (Khmer Artisanery) អ្នកស្រី ប៉ុលហំម សីលា រៀបរាប់​ពី​ការ​ឆ្នៃ​ផលិតផល​សូត្រ និង​អំបោះ​ខ្មែរ​ដើម្បី​នាំ​ទៅ​កាន់​ទីផ្សារ​របស់​ជប៉ុន ថា បន្ទាប់​ពី​បាន​ពានរង្វាន់​ផលិតផល​សូត្រ​ខាង​ជប៉ុន បាន​ផ្ដល់​អ្នក​បច្ចេកទេស​ផ្នែក​ឆ្នៃ​ម៉ូត​ផលិតផល​សូត្រ​អោយ​មក​សិក្សា​ជា​មួយ​សហគមន៍​អ្នក​ផលិត​សូត្រ។ គម្រោង​នេះ​បង្កើត​ឡើង​ដោយ​កិច្ចសហការ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជា​មួយ​មជ្ឈមណ្ឌល​អាស៊ាន ជប៉ុន (Japan Asean Center) ដែល​ត្រូវ​អនុវត្ត​ដោយ​សិប្បកម្ម​ផលិត​សូត្រ​ខ្មែរ​អាធិហ្សានរី។

ការ​នាំ​ផលិតផល​សូត្រ​ខ្មែរ​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ជប៉ុន នេះ​សិប្បកម្ម​ ខ្មែរ ​អាធីហ្សានរី ឋិត​ក្នុង​ចំណោម​សិប្បកម្ម​ចំនួន​៤ ដែល​បាន​ជ្រើសរើស​ពី​កម្ពុជា។

អ្នកស្រី ប៉ុលហំម សីលា ​បន្ត​ថា ផលិតផល​ចម្បង​ដែល​នឹង​យក​ទៅ​តាំង​ពិព័រណ៍ គឺ​ក្រមា​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា សេន ខ្មែរ អាធិហ្សានរី (Sen Khmer Artisanry) ជា​ប្រភេទ​ក្រមា​សូត្រ និង​អំបោះ​ដែល​ឆ្នៃ​យ៉ាង​ណា​អោយ​មាន​សាច់​យឺត។ សេន ជា​ភាសា​ជប៉ុន ប្រែជា​ភាសា​ខ្មែរ​ថា ខ្សែ ឬ​បណ្ដាញ៖ «ទៅ​ពិព័រណ៍​លើក​នេះ ពិសេស​បំផុត​គឺ​ការ​បង្ហាញ​គំរូ​ដែល​យើង​បាន​សហ​ប្រតិបត្តិការ​ជាមួយ​ភាគី​ជប៉ុន។ យើង​ក៏​មាន​ម៉ូត​ផ្សេងៗ​ទៀត​បន្ទាប់​ពី​យើង​ជាប់​ពាន​រង្វាន់​​​​ដែល​យើង​បាន​ធ្វើ​សម្រាប់​ឆ្នាំ​២០១៦ ដើម្បី​ដាក់​បង្ហាញ​អោយ​ខាង​នៅ​ប្រទេស​ជប៉ុន គេ​ស្គាល់​ពី​ថ្វី​ដៃ​របស់​ខ្មែរ​យើង»

ទាក់ទង​ដល់​ការ​ផលិត​អ្នកស្រី ប៉ុលហំម សីលា មាន​ប្រសាសន៍​ថា គោល​ដៅ​ចម្បង​នៃ​សិប្បកម្ម​នេះ​គឺ​ការ​អភិរក្ស​លក្ខ​ខ្មែរ និង​ថែ​កេរ​ដូនតា៖ «គំនិត​របស់​ខ្ញុំ​ចង់​អភិរក្ស​ល័ក្ដ​ខ្មែរ​យើង និង​ប្រពៃណី​ក្នុង​ការ​ធ្វើ​សូត្រ​ដែល​ជ្រលក់​ពណ៌​ធម្មជាតិ​ហ្នឹង​ខ្ញុំ​ក៏​បង្រួម​គ្នា​ទៀត​ទៅ។ អ្វី​ដែល​កូន​ចិត្ត​ចង់​បង្កើត​ទាំង​អស់​ហ្នឹង​គឺ​ដោយសារ​តាំង​ពី​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​សហគមន៍​ធ្លាប់​ឃើញ​ស្ត្រី​អ្នក​ផលិត​គាត់​មាន​ភាព​អយុត្តិធម៌​ដោយ​សារ​ជំនាញ​របស់​គាត់​មិន​ត្រូវ​បាន​គេ​អោយ​តម្លៃ»

ផលិតផល​របស់​សិប្បកម្ម​ ខ្មែរ ​អាធីហ្សានរី ត្រូវ​នាំ​មក​ពី​សហគមន៍​ចំនួន​២ ក្នុង​ខេត្ត​តាកែវ និង​ក្នុង​ខេត្ត កំពង់ស្ពឺ និង​ស្ត្រី​ពិការ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។ ក្រុម​ស្ត្រី​មេផ្ទះ និង​ស្ត្រី​វ័យ​ចំណាស់​ក្នុង​ស្រុក​បសេដ្ឋ ក្នុង​ខេត្ត​កំពង់ស្ពឺ គឺ​ជា​អ្នក​ត្បាញ​អំបោះ ចំណែក​ក្រុម​ស្ត្រី​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ជា​អ្នក​ត្បាញ​សូត្រ។ ចំណែក​ស្ត្រី​ពិការ​ក្នុង​រាជធានី​ភ្នំពេញ ជា​ជាង​ដេរ​សម្ភារៈ គ្រឿង​អលង្ការ និង​វត្ថុ​អនុស្សាវរីយ៍។ សូត្រ​ដែល​ប្រើប្រាស់​សម្រាប់​តម្បាញ​របស់​ខ្មែរ​អាធីហ្សានរី ជា​ផលិតផល​របស់​កសិករ​ខ្មែរ​អ្នក​ដាំ​មន និង​ចិញ្ចឹម​ដង្កូវ​នាង​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ចំណែក​ ផលិតផល​អំបោះ​​ជា​មរតក​ដូន​តា​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​គេ​ស្គាល់​ថា ក្រមា​ធ្លះ។

ប្រធាន​ក្រុម​ស្ត្រី​នៅ​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ លោកស្រី ច្រែង ទិរិនី ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​កូន​បី​នាក់​ក្នុង​បន្ទុក​មាន​ប្រសាសន៍​ថា ជីវភាព​របស់​អ្នកស្រី​បាន​គ្រាន់បើ​ជាង​មុន បន្ទាប់​ពី​បាន​ចូលរួម​ក្រុម​ស្ត្រី​ត្បាញ​អំបោះ​អោយ​ខ្មែរ​អាធិហ្សានរី។ អ្នកស្រី​បញ្ជាក់​ថា ស្ត្រី​នៅ​ក្នុង​ក្រុម​តម្បាញ​នេះ អាច​រក​ចំណូល​បាន​ចន្លោះ​ពី ១​ម៉ឺន ​ទៅ ២​ម៉ឺន​រៀល​បន្ថែម​ពី​ការងារ​កសិកម្ម​នៅ​ក្បែរៗ​ផ្ទះ។

អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​ចេះ​ត្បាញ​ត​ពី​ដូនតា និង​រៀន​សូត្រ​បន្ថែម​ពី​របៀប​ច្នៃ​ម៉ូត​ថ្មីៗ និង​ការ​ជ្រលក់​ពណ៌​ដោយ​ល័ក្ដ​ធម្មជាតិ។ អ្នកស្រី​បន្ត​ថា បើ​ទោះ​ជា​មាន​ចំណូល​បន្ថែម​ក៏​មុខ​របរ​នេះ​មិន​បាន​ការ​ពេញ​និយម​ពី​ស្ត្រី​វ័យ​ក្មេង​ឡើយ។

ក្រមា​ធ្វើ​ពី​សូត្រ​ខ្មែរ ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ហាង ខ្មែរ អាធីហ្សានរី (Khmer Artisanry)។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Sochivy
ក្រមា​ធ្វើ​ពី​សូត្រ​ខ្មែរ ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ហាង ខ្មែរ អាធីហ្សានរី (Khmer Artisanry)។ រូបថត​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦ RFA/Sochivy

អ្នកស្រី​ប្រាថ្នា​អោយ​មុខ​របរ​នេះ​បាន​បន្ត​ទៅ​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​រក្សា​កេរដំណែល​ដូនតា៖ «ក្នុង​មួយ​ផ្ទះ​មាន​កី​មួយ អ៊ីចឹង​ត្បាញ​តែ​ម៉ែ​មួយ កូនៗ​ចេះ​តែ​ទៅ​ធ្វើ​ការ​រោងចក្រ​អស់​ទៅ​ ហើយ​ម៉ែៗ ក៏​ចេះ​តែ​នៅ​ត្បាញ ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ កូន​គាត់​មិន​សូវ​នៅ​ត្បាញ និយាយ​រួម​គាត់​ចង់​ចេញ​ទៅ​រក​បរិយាកាស​ទូលំទូលាយ​នៅ​ខាង​ក្រៅ»

នៅ​ក្នុង​គម្រោង​សហការ​រវាង​ជប៉ុន និង​កម្ពុជា ផលិត​ក្រមា​ឈ្មោះ សេន ខ្មែរ អាធីហ្សានរី ក្នុង​ការ​នាំ​សូត្រ​ខ្មែរ​ទៅ​ទីផ្សារ​ជប៉ុន នេះ លោកស្រី​បញ្ជាក់​ថា តម្បាញ​អំបោះ​ដែល​អ្នក​ជំនាញ​ជប៉ុន ផ្ដល់​គំរូ​អោយ​ក្រុម​របស់​លោកស្រី នៅ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​តាម​តម្រូវការ​នៅ​ឡើយ៖ «គាត់​មក​គាត់​បង្រៀន​ពី​របៀប​ជ្រលក់​ពណ៌​ថ្មី​ផ្សេង​ទៀត និង​ប្រាប់​អោយ​យើង​ធ្វើ​យ៉ាង​ណា​អោយ​ខុស​ពី​ក្រមា​គេ​ គឺ​ក្រមា​ដែល​គេ​អត់​ទាន់​មាន​ ធ្វើ​អោយ​ខុស​គេ អ៊ីចឹង​ខ្ញុំ​ធ្វើ​ទៅ​បាន ៥០​ភាគរយ»

ទាំង​អ្នក​ផលិត និង​ម្ចាស់​សិប្បកម្ម​រំពឹង​ថា ស្នាដៃ​ស្ត្រី​ខ្មែរ​នឹង​បាន​ការ​និយម​ពី​អតិថិជន​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​ជប៉ុន។

អ្នកស្រី ប៉ុលហំម សីលា លើក​ឡើង​ថា មាន​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​ថែរក្សា​របៀប​ផលិត​សូត្រ​អំបោះ ការ​ជ្រលក់​ពណ៌ និង​ការ​ក្បាច់ក្បូរ​របស់​ខ្មែរ។ អ្នកស្រី​ថា កិច្ចការ​នេះ​ទាមទារ​អោយ​មាន​ការ​គាំទ្រ និង​យល់​ពី​តម្លៃ៖ «គ្រាន់​តែ​ឃើញ​ក្រមា​ខ្ញុំ​មួយ​តម្លៃ ៣០ ឬ ៥០ (ដុល្លារ) អី​គាត់​ថា ថ្លៃ​ណាស់ ប៉ុន្តែ​យើង​ធ្វើ​ពី​សរសៃ​សូត្រ​ធ្វើ​ដោយ​ដៃ ហើយ​បើ​យើង​គិត​ថា​ តាំង​ពី​ចាប់​ផ្ដើម​រហូត​ដល់​បាន​គឺ​ចំណាយ​ពេល​យូរ​មែន​ទែន។ ទី​២ ខ្ញុំ​អោយ​គាត់​ពិចារណា​ថា បើ​យើង​មិន​ជួយ​ផលិតផល​យើង​តើ​នរណា​ជួយ​យើង ដើម្បី​អោយ​បរទេស​គាត់​ស្គាល់​​​​​​​ពី​វប្បធម៌ និង​ប្រពៃណី​របស់​យើង»

នៅ​ពេល​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​ជប៉ុន​នេះ ទាំង​ក្រុម​ស្ត្រី​ក្នុង​សហគមន៍ និង​ម្ចាស់​សិប្បកម្ម​រំពឹង​ថា ផលិត​ផល​សូត្រ ដែល​រក្សា​មរតក​ពី​ដូនតា​នេះ​នឹង​អាច​នាំ​ចូល​ទៅ​កាន់​ទី​ផ្សា​ក្នុង​អន្តរជាតិ​ផ្សេង​ទៀត រួម​មាន​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល