លក្ខណៈ​សម្បត្តិ​នៃ​ពុទ្ធសាសនិក

ដោយ កេសរណ្ណីយ្យា
2015-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពុទ្ធសាសនិក​រាប់បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​វត្ត​ទួលសន្តិវ័ន្ត (វត្ត​ទួលអស់លោក) ក្នុង​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫញស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៥។
ពុទ្ធសាសនិក​រាប់បាត្រ​ព្រះសង្ឃ​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​វត្ត​ទួលសន្តិវ័ន្ត (វត្ត​ទួលអស់លោក) ក្នុង​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫញស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៥។
RFA/Rann Samnang

កម្ពុជា​គឺ​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ក្នុង​នោះ​ជាង ៩០% នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពុទ្ធសាសនិក។ តើ​ការ​ដែល​ចុះ​ក្នុង​សំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​ជាដើម ថា​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា អាច​ចាត់​ទុក​បុគ្គល​នោះ​ជា​ពុទ្ធសាសនិក​ដែរ ឬ​ទេ?

គោលការណ៍​គ្រឹះ​របស់​ព្រះពុទ្ធ​សាសនា​មាន​ចារឹក​ទុក​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​មាន​ន័យ​ថា កញ្ជើ​បី ឬ​ល្អី​បី គឺ​ព្រះ​វិន័យ​បិដក ព្រះ​សុត្តន្តបិដក និង​ព្រះ​អភិធម្មបិដក ក្នុង​នោះ​រួមមាន​ពុទ្ធវចនៈ ឬ​ពាក្យ​ប្រៀនប្រដៅ​របស់​សម្មាសម្ពុទ្ធ​ចំនួន ៨​ម៉ឺន ៤​ពាន់​ធម្មក្ខន្ធ។

ពុទ្ធវចនៈ​ទាំង​អស់​បំព្រួញ​សេចក្ដី​មក​មាន​បី​ប្រការ គឺ​ទី​១ កុំ​ធ្វើ​អំពើ​បាប​ទាំងពួង ទី​២ ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​ទី​៣ ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់។ ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​ត្រាស់​សំដែង​ថា គោលការណ៍​ទាំង​បី​នេះ គឺ​ជា​ពាក្យ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ ដែល​មាន​សេចក្ដី​ជា​ភាសា​បាលី​ថា "សព្វ​បាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ​ឯតំ ពុទ្ធាន សាសនំ"។ បុគ្គល​ទាំង​ឡាយ​ណា​ដែល​ព្យាយាម​ប្រព្រឹត្ត​តាម​លំ​អាន​ពុទ្ធវចនៈ ជា​ប្រទីប​បំភ្លឺ​វិថី​ជីវិត បុគ្គល​ទាំង​ឡាយ​នោះ​គឺ​ជា​ពុទ្ធបរិស័ទ ឬ​ពុទ្ធសាសនិក ដោយ​មិន​កំណត់​ជាតិ​សាសន៍​អ្វី​ឡើយ។

ភិក្ខុ​សមណត្ថេរ មី ឡែម  គង់​នៅ​វត្ត "ត្រៃរតនារាម" ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក មាន​ថេរដីកា​អំពី​លក្ខណៈសម្បត្តិ​ពុទ្ធបរិស័ទ ឬ​ពុទ្ធសាសនិកជន ដែល​សំដៅ​ទាំង​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ ទាំង​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា៖ «ពរ! ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​អត្ថន័យ​នៃ​ពាក្យ​ពុទ្ធសាសនិក គឺ​យើង​ត្រូវ​យក​គុណធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​មក​ដាក់​ក្នុង​ខ្លួន។ ប្រសិនបើ​គ្រាន់​តែ​អាន​គម្ពីរ គ្រាន់តែ​ស្ដាប់ គ្រាន់តែ​យើង​ជឿ ហើយ​សូត្រ ពុទ្ធំសរណំ គច្ឆាមិ [សូម​ដល់​នូវ​ព្រះពុទ្ធ​ជាទី​ពឹង ទី​រលឹក] ហើយ​យើង​អះអាង​ខ្លួន​យើង​ថា ជា​ពុទ្ធសាសនិក យើង​ថា មាត់​ខាងក្រៅ​ចេះ​តែ​ថា​បាន​ហើយ ប៉ុន្តែ​គុណសម្បត្តិ គុណធម៌ បរិមាណ​ដែល​យើង​មាន​ក្នុង​ខ្លួន​យើង ក្នុង​ចិត្ត​យើង​អត់​មាន។  ដូច្នេះ​សំខាន់​ណាស់​ការ​ប្រតិបត្តិ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ គឺ​យើង​ត្រូវ​ប្រតិបត្តិ  ក្នុង​នោះ​យើង​មាន​បរិយត្តិ និង​បដិបត្តិ  មាន​គន្ថធុរៈ មាន​វិបស្សនាធុរៈ យើង​មាន​អមិសទាន អមិសបូជា យើង​មាន​បដិបត្តិ​បូជា។ ទាំង​ពីរ​នេះ​យើង​ត្រូវ​ដើរ​ឱ្យ​ស្រប​គ្នា»

​ពាក្យ​ថា "បាប" ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ភាសា​បាលី មាន​ន័យ​ថា ទុគ្គតិ ឬ​អាក្រក់ លាមក វិនាស មិន​ចម្រើន។  រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ជា​បច្ច័យ​បណ្ដាល​ឱ្យ​កើតមាន​ហេតុ​ទាំង​អស់​នេះ គឺ​ចាត់​ជា​បាបកម្ម អំពើ​បាប អំពើ​អកុសល ឬ​អកុសលធម៌។  កាលបើ​បុគ្គល​បាន​លះបង់​នូវ​អំពើ​បាប​ទាំង​ពួង ដោយ​ការ​រក្សា​នូវ​សីល​ជាដើម នោះ​ឈ្មោះ​ថា បាន​បំពេញ​នូវ​អំពើ​ជា​កុសល ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ថា ជា​អភ័យ​ទាន គឺ​ការ​ផ្ដល់​នូវ​សេចក្ដី​សុខ​ដល់​ជន​ដទៃ ផ្ដល់​នូវ​សេចក្ដី​អាណិត​មេត្តា​ដល់​មនុស្ស​សត្វ​ផង​គ្នា។

ក្នុង​ន័យ​នេះ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដម​សិក្សា​នៃ​វត្ត "និគ្រោធវ័ន" រាជធានី​ភ្នំពេញ មាន​ថេរដីកា​បញ្ជាក់​ថា ពុទ្ធបរិស័ទ ឬ​ពុទ្ធមាមិកជន ជា​អ្នក​ដល់​នូវ​ត្រៃសរណគមន៍ ពោល​គឺ​ការ​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ទី​ពឹង​ទី​រឭក ដោយ​ព្យាយាម​បណ្ដុះ​នូវ​គុណសម្បត្តិ សីលធម៌ នៅ​ក្នុង​ខ្លួន​ផ្ទាល់៖ «ការ​សមាទាន​សីល ឬ​ក៏​ការ​ប្រកាស​ខ្លួន​ដើម្បី​បាន​ដល់​ព្រះសម្មាសម្ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ​នេះ មិន​មែន​ចាំបាច់​ទាល់តែ​ថា យើង​ទៅ​វត្ត ឬ​សមាទាន​ពី​សំណាក់​បុគ្គល​ណា​នោះ​ទេ។ បើសិនជា​យើង​បាន​យល់​ដឹង​អំពី​គុណ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះធម៌ ព្រះសង្ឃ យល់​ពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ យើង​នៅ​ទី​ណា​កន្លែង​ណា​ក៏​យើង​អាច​តាំង​ចិត្ត​ដើម្បី​ដល់​ព្រះសម្មាសម្ពុទ្ធ​ជា​សរណៈ​បាន។  គ្រាន់តែ​ថា​បើ​យើង​អាច​មាន​ឱកាស​បាន​ទៅកាន់​ទី​វត្ត​អារាម ឬ​ក៏​យើង​សមាទាន​នូវ​កុសលធម៌ ឬ​ការ​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​សរណៈ​ពី​ព្រះសង្ឃ ឬ​ក៏​ពី​គ្រហស្ថ​ក៏ដោយ ឬ​ក៏​ជា​អ្នក​ដែល​មាន​សីល​ប្រសើរ​ខ្ពង់ខ្ពស់ ដែល​យើង​គិត​ថា គួរ​បាន​នូវ​ការ​សមាទាន​នូវ​សេចក្ដី​ល្អ​ពី​គាត់ ក៏​យើង​អាច​សុំ​សមាទាន​បាន​ដែរ»

ការ​សំអាត​ចិត្ត​ឱ្យ​បរិសុទ្ធ​ជា​កត្តា​សំខាន់​ណាស់​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ គឺ​គាថា​បទ​ទី​៣ "ស​ចិត្ត​បរិយោទ​បនំ"។  បុគ្គល​ម្នាក់​អាច​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា អាត្មា​អញ​តោង​ធ្វើ​តែ​អំពើ​ល្អ ហើយ​ត្រូវ​ចៀសវាង​កុំ​ធ្វើអំពើ​បាប ដែល​នឹង​នាំ​ឱ្យ​មាន​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង និង​អ្នក​ដទៃ។  ប៉ុន្តែ​ជា​ញឹកញយ​ណាស់ ខណៈ​ដែល​ចិត្ត​ពាល់​ត្រូវ​ដោយ​គ្រឿង​សៅហ្មង​ផ្សេងៗ មាន​លោភៈ គឺ​ក្តី​លោភលន់ ឬ​ទោសៈ កំហឹង​និង​ការ​ស្អប់​ខ្ពើម​ជាដើម បុគ្គល​នោះ​រមែង​ត្រូវ​គ្រប​សង្កត់​ជាប់​ដោយ​មោហៈ គឺ​ក្តី​ភ័ន្ត​ភាំង​មិន​ដឹង​ការពិត វង្វេង​មិន​ស្គាល់​ខុសត្រូវ  ហើយ​ក៏​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល​ទាំងពួង​បាន​ដោយ​ងាយ។

ត្រង់​ប្រការ​នេះ ភិក្ខុ សមណត្ថេរ មី ឡែម  គង់​នៅ​វត្ត "ត្រៃ​រតនា​រាម" ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក មាន​ថេរដីកា​អំពី​សារសំខាន់​ក្នុង​ការ​សិក្សា​រៀន​សូត្រ​ធម៌​វិន័យ​ដែល​ជា​ទ្រឹស្ដី និង​ការ​បដិបត្តិ ដែល​ជា​ការអនុវត្ត​ជាក់ស្ដែង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ នូវ​ពុទ្ធសាសនា ជា​ពាក្យ​ប្រៀនប្រដៅ​នៃ​ព្រះសម្មាសម្ពុទ្ធ ដែល​មាន​ចារឹក​ទុក​អស់​កាល ២៥៥៩​ឆ្នាំ​មក​ហើយ​នេះ៖ «ចំណុច​ដែល​ជា​មូលដ្ឋាន គឺ​ដើម្បី​ក្លាយ​ជា​ពុទ្ធសាសនិក យើង​ត្រូវ​រក្សាសីល​៥ រក្សាសីល​៨ រក្សាសីល​១០  ក៏ប៉ុន្តែ​ដូច​អាត្មា​ចំរើនពរ​ពី​ខាង​ដើម​អ៊ីចឹង បើ​សិន​យើង​គ្រាន់តែ​អញ្ជើញ​ទៅ​វត្ត យើង​ទទួល​សីល​៥ ទទួល​សីល​៨ ទទួល​សីល​១០ រួច​ហើយ យើង​មក​ផ្ទះ​វិញ ក៏ប៉ុន្តែ​ចិត្ត​យើង​អត់​ទោរទន់ ចិត្ត​យើង​អត់​ដូច​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង យើង​អត់​បាន​អប់រំ​ចិត្ត។ ដូច​សម្ដេច ដាឡៃឡាម៉ា លោក​មាន​សង្ឃដីកា​ថា យើង​កុំ​ព្យាយាម​លាប​ឈ្មោះ​ដាក់​ឈ្មោះ​យើង​ថា ជា​ពុទ្ធសាសនិក  ហើយ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដូច​ព្រះសម្មាសម្ពុទ្ធ ទោះបីជា​មិន​បាន ១០០%  ក៏​យើង​បាន​ដំណើរ​របស់​យើង​ដូច​ព្រះសម្មាសម្ពុទ្ធ​ដែរ។  ដូច្នេះ​ដើម្បី​ឱ្យ​គុណធម៌​ដែល​កើត​ក្នុង​ចិត្ត​យើង​វិញ  គឺ​យើង​ត្រូវ​ប្រតិបត្តិ ប្រតិបត្តិ ពរ!  គឺ​ការ​ធ្វើ​ដូច​យើង​ថា ចម្រើន​សមាធិ ធ្វើ​អានាបា ធ្វើ​វិបស្សនា​នេះ​ជាដើម»

​ចំពោះ​សំណួរ​ថា តើ​ការ​ដែល​ចុះ​ក្នុង​សំបុត្រ​បញ្ជាក់​កំណើត អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លងដែន​ជាដើម ថា​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា អាច​ចាត់​ទុក​បុគ្គល​នោះ ជា​ពុទ្ធសាសនិក​ដែរ ឬ​ទេ?

ភិក្ខុ​សុវណ្ណជោតោ ភួង សុវណ្ណ អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដមសិក្សា​នៃ​វត្ត "និគ្រោធវ័ន" ភ្នំពេញ មាន​ថេរដីកា​បញ្ជាក់​ថា ពុទ្ធបរិស័ទ ពុទ្ធមាមិកជន ឬ​ពុទ្ធសាសនិក គឺ​ជា​អ្នក​ដែល​ប្រកបដោយ​សេចក្ដី​ព្យាយាម​ក្នុង​ការ​ឱ្យ​ទាន រក្សាសីល ចម្រើន​នូវ​សមាធិ​មេត្តាភាវនា និង​ការ​អប់រំ​សំអាត​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​កុសលធម៌ ជាប់​ជា​ប្រចាំ៖ «ជា​លក្ខណៈ​សម្បត្តិ​របស់​ពុទ្ធបរិស័ទ​ពិត​ប្រាកដ​នោះ អាត្មា​គិត​ថា មិន​អាច​ដល់​ប៉ុណ្ណឹង​ទេ ពរ​! ព្រោះ​នោះ​គឺ​ជា​ចំនួន គ្រាន់តែ​ថា ការ​រាប់អាន​ព្រះពុទ្ធសាសនា​ដ៏​ច្រើន គឺ​តាម​ប្រពៃណី ឬ​ក៏​តាម​មាតាបិតា​ជា​អ្នក​រាប់​អាន​ព្រះពុទ្ធសាសនា អ៊ីចឹង​ខ្លួន​ឯង​ក៏​ថា ជា​អ្នក​រាប់អាន​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ជួន​កាល គឺ​មិន​បាន​យល់ដឹង​អំពី​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ ឬក៏​ការ​អប់រំ​របស់​ព្រះអង្គ​យ៉ាង​ណា​នោះ គឺ​មិន​បាន​យល់​ទេ។  អ្នក​ខ្លះ​ប្រកាស​ថា ខ្លួន​ឯង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ប្រកបមុខរបរ ជួនកាល​សម្លាប់​សត្វ​ទៅ ជួនកាល​ទៅ​ធ្វើ​នូវ​ជំនួញ​ជួញដូរ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាមឃាត់​ថា ជា​អំពើ​បាប ជា​អំពើ​អសីលធម៌ ឬ​ថា​ជា​អំពើ​អត់​មាន​មេត្តា​ចិត្ត ឬ​ទឹកចិត្ត​អនុគ្រោះ​នោះ​ក៏​អត់​មាន។  គិត​តាម​ធម៌ គឺ​មិន​អាច​រាប់​ថា ជា​ពុទ្ធសាសនិក​ទេ»

ក្នុង​ការ​សិក្សា​មុខ​វិជ្ជាជីវៈ​នានា ទោះបីជា​បុគ្គល​រៀន​សូត្រ​ចេះដឹង​នៅ​សាលា​បាន​ជ្រៅជ្រះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​បើ​មិន​យក​មក​អនុវត្ត​ទេ វិជ្ជា​ទាំងឡាយ​នោះ​ក៏​មិន​ផ្ដល់​ផលប្រយោជន៍​អ្វី​ឡើយ។ ដូច​គ្នា​នេះ​ដែរ បុគ្គល​អ្នក​សិក្សា​រៀន​សូត្រ​វិជ្ជា​ផ្នែក​ពុទ្ធសាសនា គឺ​តោង​មាន​ការ​ប្រតិបត្តិ ទន្ទឹម​គ្នា​នឹង​ផ្នែក​ទ្រឹស្ដី ទើប​ទទួល​បាន​ផលប្រយោជន៍​ពេញលេញ ប្រៀប​ឧបមា​ដូចជា​សត្វ​បក្សាបក្សី ដែល​ត្រូវ​ការ​ស្លាប​ទាំង​សង​ខាង​ឱ្យ​មាន​ទំហំ និង​កម្លាំង​ស្មើ​គ្នា ដើម្បី​មាន​លំនឹង​អាច​ហោះហើរ​ទៅមុខ​បាន​ខ្ពស់​លឿន​ល្អ​យ៉ាង​ដូច្នោះ​ដែរ។

ក្នុង​ពុទ្ធសាសនា ការ​សិក្សា​គន្ថធុរៈ បាន​ដល់​ផ្នែក​បរិយត្តិ ឬ​ទ្រឹស្ដី និង​វិបស្សនាធុរៈ បាន​ដល់​ផ្នែក​បដិបត្តិ ឬ​ការ​អនុវត្ត​ជាក់ស្ដែង គឺ​ជា​វិស័យ​ពីរ​ដែល​មាន​សារសំខាន់​ស្មើ​គ្នា​មិន​អាច​ខ្វះ​បាន។ ការ​យល់​ដឹង​ពី​ទ្រឹស្ដី វិន័យ ក្បួន​ច្បាប់ នឹង​ជួយ​តម្រង់​ទិស​ក្នុង​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ មិន​ឃ្លាត​ចាក​ពី​មាគ៌ា​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ។ ប៉ុន្តែ​ការ​មាន​ចំណេះ​ដឹង​តែ​ផ្នែក​ទ្រឹស្ដី ដោយ​មិន​បាន​ឈាន​ដើរ សូម្បី​តែមួយ​ជំហាន​លើ​មាគ៌ា​នៃ​ការ​បដិបត្តិ​ដុសខាត់​សីល សមាធិ បញ្ញា ឱ្យ​បាន​ចំរើន​ឡើង​ជា​លំដាប់ ដើម្បី​លះ​ការ​ប្រកាន់​ភាព​អញ​និយម ក្ដី​លោភៈ ទោសៈ មោហៈ​ទេ​នោះ គឺ​នឹង​មិន​អាច​ជួយ​បុគ្គល​ឱ្យ​ទទួល​បាន​នូវ​ផលប្រយោជន៍​ដ៏​ឧត្ដម​ជា​សេចក្ដី​សុខ​ទីបំផុត​ក្នុង​ជីវិត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល