ការ​ទ្រទ្រង់​ស្បែក​ជើង​និង​ទ្រនាប់​ជើង

ដោយ កេសរណ្ណីយ្យា
2015-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សព្វថ្ងៃ​នេះ​អ្នក​ស្រុក​និយម​ហៅ​ស្បែកជើង ថា​ជា ទ្រនាប់ជើង។ ប៉ុន្តែ​សេចក្ដី​ពន្យល់​ក្នុង​វិន័យ​អំពី​គ្រឿង​ស្លៀក​ដណ្ដប់ និង​បរិក្ខារ​របស់​ភិក្ខុសង្ឃ ពាក្យ​ស្បែកជើង និង​ទ្រនាប់ជើង​នេះ គឺ​ជា​វត្ថុ​ពីរ​ផ្សេង​ដាច់​ដោយ​ឡែក​ពី​គ្នា។

សេចក្ដី​អធិប្បាយ​នៃ​ឯកសារ​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធ​សាសនា​ទាក់ទង​នឹង​វិន័យ​ចំពោះ​ភិក្ខុ​សាមណេរ​ក្នុង​ការ​ទ្រទ្រង់​ស្បែកជើង និង​ទ្រនាប់​ជើង​បញ្ជាក់​ថា ពាក្យ «ឧបាហន» ដែល​ជា​ភាសា​បាលី និង​សំស្ក្រឹត​សំដៅ​ទៅ​លើ​ស្បែកជើង ខុសប្លែក​ពី​ទ្រនាប់ជើង ដែល​ហៅ​ថា «បាទុកា»។

នេះ​គឺ​ជា​សេចក្ដី​ពន្យល់​បន្ថែម​របស់​អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដម​សិក្សា​នៃ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ ភិក្ខុសុវណ្ណជោតោ ភួង សុវណ្ណ អំពី​ភាព​ខុស​ប្លែក​គ្នា​នៃ​ទ្រង់ទ្រាយ​សណ្ឋាន​រវាង​ស្បែកជើង និង​ទ្រនាប់ជើង តាម​វិន័យ​បញ្ញត្តិ​ដែល​មាន​តាំង​ពី​សម័យ​ពុទ្ធកាល​មក៖ «ទាក់ទង​រឿង​ស្បែកជើង និង​ទ្រនាប់ជើង​នេះ បើ​សិក្សា​ទៅ​តាម​លក្ខណៈ​វិន័យ គឺ​ផ្សេង​គ្នា​ដោយ​សណ្ឋាន​ទេ។  ស្បែកជើង​គឺ​មាន​ខ្សែ​ដល់​ពេល​ទ្រនាប់​ជើង​ដែល​ប្រែ​ចេញ​មក​ពី​សព្ទ​បាទុកា​នេះ គឺ​អត់​មាន​ខ្សែ​ទេ គឺ​គ្រាន់តែ​ច្រងុយ​មួយ​ដូចជា​ដង​ឆត្រ​អ៊ីចឹង។ ពេល​ដែល​យើង​ស៊ក​ជើង​ទៅ​កៀប​មេជើង​នឹង​ចង្អុល​នៃ​ម្រាមជើង ដើរ​ទៅ​អូស​ទៅ​តែម្ដង ហ្នឹង​ហៅ​ថា ទ្រនាប់ជើង! សព្វថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា គេ​មាន​ប្រើ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​យើង​អត់​ឃើញ​មាន​ប្រើ​ទេ ហ្នឹង​មាន​លក្ខណៈ​ខុស​គ្នា​រវាង​ស្បែក​ជើង និង​ទ្រនាប់​ជើង​ហ្នឹង ហើយ​មួយ​ទៀត គឺ​ដែល​ព្រះអង្គ​ហាម​មិន​ឱ្យ​ប្រើ​ហ្នឹង [ទ្រនាប់ជើង] មាន​លក្ខណៈ​ទាក់ទង​នឹង​ប្រវត្តិ​នៅ​នា​សម័យ​ពុទ្ធកាល មាន​ភិក្ខុ​ប្រើប្រាស់​នូវ​ទ្រនាប់​ជើង​ឈើ​ទៅ​វា​ឮ​សូរ ដល់​ក្រោយ​មក​ទើប​ព្រះអង្គ​អនុញ្ញាត​នូវ​ស្បែក​ជើង​ដែល​គួរ​ដល់​សមណ​ប្រើ»

តាម​ពុទ្ធបញ្ញត្តិ ទ្រនាប់ជើង ឬ​បាទុកា ១៩​យ៉ាង ដែល​ភិក្ខុ​សាមណេរ​គប្បី​ចៀសវាង​ប្រើប្រាស់​ក្នុង​នោះ រួម​មាន​ទ្រនាប់​ជើង​ដែល​គេ​ត្បាញ​ដោយ​រោមសត្វ និង​ទ្រនាប់​ជើង ៨​ប្រភេទ​ទៀត ដែល​ធ្វើ​អំពី​រុក្ខជាតិ ដូចជា​ធ្វើ​អំពី​ឈើ​ស្លឹក​ត្នោត ស្លឹក​ឫស្សី ស្លឹក​ទន្សែ ទ្រនាប់​ជើង​ធ្វើ​អំពី​ស្មៅ ស្មៅ​យ៉ាប្លង ស្មៅ​ដំណេក​ទន្សាយ និង​ស្មៅ​មាន​ពណ៌​ផ្កាឈូក។

សមាជិក​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជា​ជំនួយការ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សួន ឱសថ បញ្ជាក់​បន្ថែម​អំពី​លក្ខណៈ​ខុសគ្នា​នៃ​វត្ថុ​ដែល​យក​មក​ធ្វើ​ជា​ស្បែកជើង និង​ទ្រនាប់ជើង ដែល​ភិក្ខុ​សាមណេរ​គួរ និង​មិន​គួរ​ប្រើប្រាស់៖ «ក្នុង​បទបាលី​វិន័យ​មហាវគ្គ កន្លែង​បិដក​ខ្មែរ​យើង​លេខ​៧ គឺ​ឧបាហន​ហ្នឹង ប្រែ​មក​ថា​ស្បែកជើង ហើយ​ស្បែង​ជើង​នៅ​ក្នុង​អដ្ឋកថា​ក៏​លោក​ពន្យល់​សេចក្ដី​ហ្នឹង​ដែរ គឺ​សំដៅ​ទៅ​លើ​ស្បែក ធ្វើ​ឱ្យ​ហើយ​ស្រេច​គេ​ស្បែក​សត្វ​ហ្នឹង យក​មក​កាត់​ឱ្យ​បាន ២​ជាន់ ៤​ជាន់ ឬ​ក៏ ៦​ជាន់ ឱ្យ​មាន​ជាន់ ២ៗ អ៊ីចឹង​ទៅ អាច​យក​មក​ធ្វើ​ជា​ស្បែកជើង​បាន​ហើយ ស្បែក​សុទ្ធ​ស្បែក​សត្វ វៀរតែ​ស្បែក​មនុស្ស។  ចំណែក​ឯ​បទ​បាលី​មួយ​ទៀត មាន​សេចក្ដី​បញ្ជាក់​ក្នុង​នោះ​ដែរ គេ​ហៅ​ថា ទ្រនាប់ជើង បាលី​ហៅ​ថា បាទុកា។  ទ្រនាប់ជើង​មាន​ទ្រនាប់​ដែល​ធ្វើ​អំពី​ឈើ ពី​សំបក​ឈើ ឬ​ក៏​យក​ចំបើង​មក​ក្រង​ឱ្យ​ទៅ​ជា​ទ្រនាប់​ជាដើម ហៅ​ថា ទ្រនាប់ជើង​ហ្នឹង​ព្រះអង្គ​មិន​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​ទេ…»

​ចំណែក​ទ្រនាប់ជើង​ធ្វើ​អំពី​លោហៈ និង​ត្បូង​មាន​តម្លៃ ១០​ប្រការ​ទៀត ដែល​ភិក្ខុ​សាមណេរ​ប្រើប្រាស់​ទៅ​ត្រូវ​មានទោស​អាបត្តិ​នោះ គឺ​ទ្រនាប់ជើង​ធ្វើ​អំពី​មាស ប្រាក់ សំរឹទ្ធិ សំណ​ស សំណ​ខ្មៅ ទង់ដែង ទ្រនាប់ជើង​ធ្វើ​អំពី​កែវមណី កែវ​ពិទូរ្យ កែវ​ផ្លេក និង​កែវ​កញ្ចក់។  ចំពោះ​ស្បែកជើង​ដែល​ពុទ្ធបញ្ញត្តិ​ឱ្យ​ភិក្ខុ​សាមណេរ​ចៀសវាង​ប្រើប្រាស់​នោះ គឺ​បាន​ដល់​ស្បែក​ជើង ដែល​ដេរ​ចំ​ជាយ​ដោយ​ស្បែក​សត្វ​មួយ​ចំនួន រួមមាន​ស្បែក​សីហៈ ពោល​គឺ​សត្វ​តោ ឬ​សិង្ហ ស្បែក​ខ្លាធំ ខ្លាដំបង ខ្លារខិន ស្បែក​សត្វ​ភេ សត្វ​ឆ្មា ស្បែក​សត្វ​កង្ហែន និង​ស្បែក​សត្វ​មៀម ជាដើម។

ទាក់ទង​នឹង​សំណួរ​ថា​តើ​ស្រោមជើង​ចាត់​ចូល​ក្នុង​ចំពួក​ស្បែក​ជើង ឬ​ទ្រនាប់ជើង? មាន​ការ​អធិប្បាយ​ដោយ​ប្រការ​ផ្សេងៗ​ពី​គ្នា។

ភិក្ខុ​ចូឡវរធម្មោ ហ៊ឺ ជីតៅ គង់​នៅ​វត្ត «ព្រះគន្ធកុដិ» ជាយ​ក្រុង​បាត់ដំបង មាន​ថេរដីកា​អំពី​ពុទ្ធបញ្ញត្តិ​ចំពោះ​ប្រការ​នេះ៖ «ស្រោមដៃ​យើង​អាច​ប្រើប្រាស់​បាន  ប៉ុន្តែ​ដោយឡែក​សម្រាប់​ស្រោមជើង គឺ​មិន​សមគួរ ដោយ​ស្រោមជើង​ចាត់​ចូល​ក្នុង​ន័យ​ពាក្យ​ថា បាទុកា ក្នុង​ន័យ​ថា ទ្រនាប់ជើង គឺ​ព្រះ​ដ៏​មាន​ប្រភាគ​ព្រះអង្គ​ទ្រង់​ហាម​មិន​ឱ្យ​ទ្រទ្រង់​នូវ​ទ្រនាប់ជើង អ៊ីចឹង​ស្រោមជើង​សង្គ្រោះ​ចូល​ទៅ​ក្នុង​ទ្រនាប់ជើង គឺ​បាទុកា​ហើយ»

​ចំណែក​អាចារ្យ​បង្រៀន​ព្រះ​វិន័យ​ថ្នាក់​ឧត្ដមសិក្សា​នៃ​វត្ត «និគ្រោធវ័ន» រាជធានី​ភ្នំពេញ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ មាន​ថេរដីកា​បកស្រាយ​ចំពោះ​វិន័យ​បញ្ញត្តិ​ក្នុង​ការ​អនុលោម​ស្បែកជើង និង​ទ្រនាប់ជើង ជា​ផ្នែក​នៃ​គ្រឿង​បរិក្ខារ​ប្រើប្រាស់​របស់​ភិក្ខុ​សាមណេរ ដោយ​សេចក្ដី​ខុស​ប្លែក​គ្នា​ក្នុង​ករណី​អាពាធ ពោល​គឺ​ក្នុង​ករណី​ភិក្ខុ​ដែល​មាន​ជំងឺ៖ «ទាក់ទង​នឹង​ការ​បញ្ញត្តិ​ក្នុង​ចំណុច​នេះ បើ​យើង​គិត​ពី​លក្ខណៈ​នៃ​ការ​អាពាធ​វិញ នៅ​ក្នុង​លក្ខណៈ​នៃ​ខន្ធកៈ មាន​ពាក្យ​ថា គិលានសៈ គឺ​ភិក្ខុ​អាពាធ​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​បើ​មិន​អាពាធ​គឺ​ពាក់​បាន​តែម្ដង លើកលែងតែ​ករណី​អាពាធ។ និយាយ​អំពី​លក្ខណៈ​អាពាធ​វិញ គឺ​ដូចជា​ជើង​មាន​ដំបៅ ហៅ​ថា អាពាធ ប៉ុន្តែ​អាពាធ​ម្យ៉ាង​ទៀត​កើត​ពី​រឿង​ត្រជាក់ ក៏​​ចូល​ក្នុង​លក្ខណៈ​ប្រភេទ​អាពាធ​ដែរ។  បើសិនជា​ត្រជាក់​ខ្លាំង​ក្នុង​លក្ខណៈ​ថា បើ​មិន​ពាក់​ទេ​វា​អត់​បាន [នឹង​អាពាធ]  ដូចជា​ក្នុង​ស្រុក​ខ្មែរ​យើង​មិន​អី​ទេ ប៉ុន្តែ​នៅ​ខាង​អឺរ៉ុប ក្នុង​ប្រទេស​ត្រជាក់​ខ្លាំង​នោះ គឺ​វា​លំបាក​ដែរ...»

ម្យ៉ាង​ទៀត ពាក្យ​ទ្រនាប់ជើង ដែល​ភាសា​បាលី​ហៅ​ថា «បាទុកា» នេះ គឺ​សំដៅ​ទៅ​ទ្រនាប់​ជូត​ជើង​ផង​ដែរ ជា​វត្ថុ​ដែល​នៅ​ហ្នឹង​មួយ​កន្លែង​មិន​កម្រើក​តាម​ជើង។ ក្នុង​នោះ​មាន​ទ្រនាប់​សម្រាប់​ជូត​ជើង​បី​ប្រភេទ ដែល​ស្ថិត​ក្នុង​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​សាមណេរ​ប្រើប្រាស់​បាន គឺ​ទី​១ ក្រួស ឬ​ដុំ​ថ្ម ទី​២ អំបែង​ក្បឿង ឬ​ឥដ្ឋ និង​ទី​៣ គឺ​ផ្សិត​ដែល​កើត​ពី​ពពុះទឹក​សមុទ្ទ។  ប៉ុន្តែ​រាល់​ទ្រនាប់​សម្រាប់​ជូត​ជើង ឬ​វត្ថុ​អ្វី​មួយ​ដែល​គេ​ធ្វើ​ឱ្យ​មាន​កន្ទួល​ឡើង ដើម្បី​ជា​គ្រឿង​ជូត​ជើង មាន​រចនា​ដូច​ពក​ផ្លែ​ឈូក គឺ​មិន​គួរ​ដល់​ភិក្ខុ​សាមណេរ​អ្នក​បួស​ក្នុង​ពុទ្ធសាសនា​ប្រើប្រាស់​ឡើយ ព្រោះ​ជា​របស់​ឧបត្ថម្ភ​ដល់​ភាព​ជា​អ្នក​ប្រាថ្នា​ច្រើន។

តាម​សេចក្ដី​អធិប្បាយ​ក្នុង​គម្ពីរ​អដ្ឋកថា កម្រាល ជា​របស់​ដែល​គេ​ក្រាល​ទុក​ជិត​ទី​លាង​ជើង ដើម្បី​ប្រយោជន៍​ជាន់​ដោយ​ជើង​ដែល​លាង​ស្អាត​ហើយ គឺ​ភិក្ខុ​គួរ​ជាន់​បាន។ ក្នុង​ន័យ​នេះ គឺ​ស្រប​នឹង​ពុទ្ធបញ្ញត្តិ​ចំពោះ​ភិក្ខុ​ដែល​ឥត​លាង​ជើង និង​ជើង​ទទឹក មិន​ត្រូវ​ដើរ​ជាន់​សេនាសនៈ ពោល​គឺ​ទី​ដេក​ទី​អង្គុយ​ឡើយ បើ​ភិក្ខុ​ណា​ជាន់​នឹង​ត្រូវ​មាន​ទោស​អាបត្តិ​ទុក្កដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល