ការ​បូជា​សំពត់​កឋិន​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ

ដោយ កេសរណ្ណីយ្យា
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កឋិនទាន​គឺ​ជា​បុណ្យ​សំខាន់​មួយ ជា​ពុទ្ធានុញ្ញាត និង​ពុទ្ធបញ្ញត្តិ។  អាស្រ័យ​ហេតុ​នេះ គោល​កំណត់​នៃ​កាល​វេលា គឺ​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ​ប្រារព្ធ​ធ្វើ​ដូចគ្នា​ទាំង​អស់ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ រហូត​ដល់​ថ្ងៃ ១៥​កើត ពេញបូណ៌មី ខែ​កត្តិក តាម​ប្រតិទិន​ចន្ទគតិ ឬ​ដំណើរ​គោចរ​នៃ​ព្រះ​ចន្ទ។  ចំណុច​ដូចគ្នា​មួយ​ទៀត គឺ​ការ​ចូល​ចាំ​ព្រះវស្សា​រយៈពេល ១​ត្រីមាស ឬ​បី​ខែ​របស់​ភិក្ខុសង្ឃ​ដែល​ជា​គោល​សំខាន់ និង​ចាំបាច់​នៃ​ពិធី​បុណ្យ។

​កឋិនទាន​គឺ​ជា​ការ​បូជា​នូវ​សំពត់​ចីវរ រួមមាន​ស្បង់ ចីពរ និង​សង្ឃាដី។ ក្នុង​ចំណោម​វត្ថុ​ទាំង​បី​យ៉ាង​នេះ ពុទ្ធបរិស័ទ​អ្នក​ម្ចាស់​ទាន​អាច​ជ្រើស​រើស​យក​មួយ​ណា​ក៏បាន ហើយ​វេរ​ប្រគេន​ដល់​ភិក្ខុសង្ឃ​ជា​ការ​ស្រេច ក៏​កើតជា​អង្គ​កឋិនទាន​បាន​ដោយ​បរិបូរណ៍ ពុំ​ចាំបាច់​ត្រូវ​តែ​មាន​គ្រប់​ទាំង​បី​មុខ​នោះ​ឡើយ។

ចំណែក​កិច្ច​ខាង​ភិក្ខុសង្ឃ​វិញ គឺ​ភិក្ខុ​មួយ​អង្គ ដែល​មាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​អាច​ទទួល​អានិសង្ស​កឋិន​បាន​នោះ លោក​អាច​ជ្រើស​យក​តែ​វត្ថុ​មួយ​មុខ​គត់​ប៉ុណ្ណោះ ក្នុង​ចំណោម​ត្រៃចីវរ​ទាំង​បី​ដើម្បី​បំពេញ​សង្ឃកម្ម​ក្រាល​គ្រង​កឋិន។

​ភិក្ខុ​អគ្គចិត្តោ យ៉ុន យី គង់​នៅ​វត្ត​មណីរតនារាម ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ មាន​ថេរដីកា​បញ្ជាក់​បន្ថែម​អំពី​កិច្ច​ក្រាល​គ្រង​សំពត់​ចីវរ​ទាន​នេះ ដើម្បី​ឱ្យ​បាន​កើត​ជា​កឋិន​ពេញ​អង្គ​តាម​ពុទ្ធបញ្ញត្តិ៖ «ចំពោះ​កិច្ច​ពី​សម័យ​ពុទ្ធកាល​មក លោក​ទ្រង់​អនុញ្ញាត គឺ​ភិក្ខុ​ដែល​មាន​ចីវរ​ទុព្វល ហើយ​អនុញ្ញាត​ក្រាល​គ្រង​ក្នុង​ភិក្ខុសង្ឃ​ក្នុង​វត្ត​ហ្នឹង​បាន​តែ​មួយ​អង្គ​គត់។ ចីវរ​ទាំង​អស់ កិច្ច​ដែល​ត្រូវ​ធ្វើ គឺ​មាន​តែ​ភិក្ខុ​មួយ​អង្គ​ទេ ប៉ុន្តែ​នៅ​សល់​ទាំង​ប៉ុន្មាន នៅ​ពេល​ដែល​ក្រាល​គ្រង​ហើយ ជា​សង្ឃ​លាភ​ដែល​កើត​ឡើង​ចំពោះ​សង្ឃ​នៅ​ក្នុង​វត្ត គឺ​ចែក​ដល់​ភិក្ខុ​ផ្សេងៗ។  ភិក្ខុ​ដែល​ក្រាល​ហ្នឹង គឺ​ក្នុង​បណ្ដា​ទាំង​បី​ហ្នឹង លោក​យក​បាន​តែ​មួយ​គត់។ ក្នុង​មួយ​ហ្នឹង​ជ្រើស​រើស​មួយ​ណា​ក៏​បាន​ដែរ បើ​សិន​លោក​ខ្វះ​ស្បង់​លោក​ក្រាល​គ្រង​ស្បង់ ខ្វះ​សង្ឃាដី​លោក​ក្រាល​គ្រង​សង្ឃាដី ខ្វះ​ចីវរ​លោក​ក្រាល​គ្រងចីវរ»

​សព្វថ្ងៃ​នេះ នៅ​ស្រុក​ខ្មែរ ព្រះ​ភិក្ខុសង្ឃ​ច្រើន​ជ្រើស​រើស​យក​ស្បង់​មក​ក្រាល​គ្រង​ជា​អង្គ​កឋិន​ចីវរ​ទាន​ដោយ​ហេតុ​ថា ស្បង់​មាន​ថ្នេរ​កាត់ដេរ​តិច ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យមើល​ឱ្យ​ត្រឹមត្រូវ​តាម​ពុទ្ធ​វិន័យ។ ប៉ុន្តែ​នៅ​ប្រទេស​ភូមា​វិញ ភាគ​ច្រើន​ពុទ្ធបរិស័ទ​គេ​ជ្រើស​រើស​យក​សង្ឃាដី​តែ​មួយ​មុខ​គត់ មក​ធ្វើជា​ទានវត្ថុ​នៃ​អង្គ​កឋិនទាន។

ភិក្ខុ​ញាណាវុធៈ ទុយ លីហូវ គង់​នៅ​វត្ត «ខន្តី» ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដែល​ធ្លាប់​បាន​ទៅ​គង់​នៅ​សិក្សា​ក្នុង​ប្រទេស​ភូមា​ជា​ច្រើន​ឆ្នាំ មាន​ថេរដីកា​បញ្ជាក់​អំពី​មូលហេតុ​នៃ​ទំនៀម​នេះ​របស់​អ្នក​ស្រុក​ភូមា៖ «ចំរើន​ពរ!  សង្ឃាដី គឺ​គេ​កាត់​ត្រឹមត្រូវ​តាម​ព្រះ​វិន័យ អ៊ីចឹង​ងាយស្រួល​ក្នុង​ការ​មើល។  ដល់​ចីពរ​ជួនកាល​លោក​អ្នក​ម្ចាស់​ហាង​គេ​កាត់​មិន​ត្រឹមត្រូវ​តាម​វិន័យ អ៊ីចឹង​លោក​ពិបាក​ក្រាល [គ្រង]។  ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ថ្ងៃ​ចូល​វស្សា គេ​ប្រគេន​ចីវរ​១​លៀង​ទៅ​ហើយ ថ្ងៃ​កឋិន​ប្រគេន​ចីវរ​១​លៀង​ទៀត។  ពាក្យ​ថា ១​លៀង គឺ​មាន​ស្បង់​១ ចីពរ​១។  អ៊ីចឹង​ចីវរ​មាន​២ ទៅ​ហើយ​ក្នុង​១​ឆ្នាំ ហើយ​ទៅ​បុណ្យ​ឆាន់​តាម​ផ្ទះ បុណ្យ​សង្ឃទាន បុណ្យ​បច្ច័យ​៤ សុទ្ធតែ​ប្រគេន​ចីវរ អ៊ីចឹង​ចីវរ​មាន​ច្រើន លោក​ពុំ​សូវ​មាន​ចីវរ​ខាត​ទេ មានតែ​សង្ឃាដី​ខាត ព្រោះ​១​ឆ្នាំ​បាន​តែម្ដង គឺ​ថ្ងៃ​កឋិន​នេះ​ឯង។ ចីវរ​ខាត បាន​ន័យ​ថា ចីវរ​រហែក ប្រើ​មិន​កើត ត្រូវ​ផ្លាស់​ថ្មី»

ក្នុង​ចំណោម​សំពត់​ស្បង់​ស្បៃ​ត្រៃចីវរ​ទាំង​៣ ដែល​ជា​អង្គ​កឋិន​នោះ សង្ឃាដី​គឺជា​សំពត់​ធំ​ជាង​គេ​បង្អស់ ហើយ​អាច​ប្រើ​សម្រាប់​ដណ្ដប់​ការពារ​ធាតុអាកាស​ត្រជាក់​រងា ដូចជា​ភួយ​ក៏​បាន។ សៀវភៅ «បុណ្យ​ទំនៀម​ទម្លាប់​ខ្មែរ» របស់​លោក ឆឹង ផាន់សុផុន សរសេរ​ថា អាស្រ័យ​ហេតុ​នេះ​ហើយ តាម​ធម្មតា​ភិក្ខុសង្ឃ​ច្រើន​រើស​យក​សង្ឃាដី​សម្រាប់​ក្រាល​គ្រង​ជា​អង្គ​កឋិន។

​តាម​ឯកសារ​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា នា​សម័យ​ពុទ្ធកាល​នៅ​ពេល​ដែល​ទាយក​ទាយិកា​អ្នក​ម្ចាស់​ទាន​មិន​ទាន់​ចេះ​កាត់ដេរ​ត្រៃចីវរ​នៅ​ឡើយ ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​យក​សំពត់​ជា​ផ្ទាំងៗ ដែល​មិន​ទាន់​កាត់ដេរ​នោះ ធ្វើ​ជា​អង្គ​កឋិន រួច​ហើយ​កាត់ដេរ​ជា​ស្បង់​ស្បៃ​ត្រៃចីវរ​ដោយ​ខ្លួន​ឯង។ សព្វថ្ងៃ​នេះ​ ​ជាទូទៅ ពុទ្ធ​បរិស័ទ​នៅ​ប្រទេស​កម្ពុជា ច្រើន​ទិញ ឬ​ជាវ​សំពត់​កឋិន​ដែល​គេ​កាត់​ដេរ​ស្រាប់ៗ ហៅ​ថា «គហបតិចីវរ»។

ប៉ុន្តែ​លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ អ្នក​កាន់​កម្មវិធី​ឧបាសក-​ឧបាសិកា​ផ្កាឈូក នៃ​វិទ្យុ​ព្រះពុទ្ធ​សាសនា នៅ​ខេត្ត​សៀមរាប រៀបរាប់​អំពី​ពុទ្ធបរិស័ទ​សិរី​លង្កា​មួយ​ចំនួន​ដែល​លោក​បាន​ទៅ​ឃើញ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​កឋិនទាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​គេ​នៅ​រក្សា​ទៅតាម​លំ​អាន​ដើម​នៃ​ប្រពៃណី​ពី​សម័យ​ព្រះពុទ្ធ​គង់​ព្រះជន្ម​នៅ​ឡើយ​នោះ៖ «ខ្មែរ​យើង ថៃ ឡាវ មិន​ខុសគ្នា​ទេ របៀប​នៃ​ការ​ធ្វើ។  ដោយឡែក​សិរីលង្កា​នេះ គឺ​យក​សំពត់​ក្រណាត់​ស-​សុទ្ធ​ជា​ផ្ទាំង​ទៅ​ធ្វើ​នៅ​ទីនោះ​តែម្ដង។ ឧបាសក-​ឧបាសិកា​យក​សំពត់​ដែល​សាច់​ក្រណាត់​ស-​សុទ្ធ​អត់​ទាន់​មាន​ជ្រលក់​ឱ្យ​ទៅ​ជា​របស់​សៅហ្មង​ទេ ហើយ​ក៏​បាន​ទៅ​ឃើញ​ព្រះ​ភិក្ខុសង្ឃ​លោក​កាត់ដេរ​ចីវរ​ដោយ​ខ្លួន​ព្រះអង្គ​តែម្ដង គឺ​ឃើញ​ដេរ​រាល់​តែ​ឆ្នាំ។  ប៉ុន្តែ​ដោយ​ឡែក​នៅ​វត្ត​ដទៃ​ទៀត នៅ​ប្រទេស​ឥណ្ឌា​ហ្នឹង របៀប​ធ្វើ​គឺ​មិន​ខុស​ពី​យើង​ទេ គឺ​យក​សំពត់​ចីវរ​ស្រេច​ស្រាប់​ហ្នឹង​ទៅ​វេរ ​ប្រគេន​ព្រះសង្ឃ] ដូច​យើង​អ៊ីចឹង​ដែរ»

ម្យ៉ាង​ទៀត នា​សម័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទើប​បាន​ត្រាស់​ដឹង​ថ្មីៗ ទ្រង់​អនុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់​តែ​ចីវរ​ឥត​ម្ចាស់ គឺ​សំពត់​ដែល​ភិក្ខុ​បាន​ដោយ​បង្សុកូល​យក​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សំរាម​មក​ប៉ះប៉ុន ធ្វើជា​ត្រៃចីវរ​ស្លៀក​ដណ្ដប់។   ត្រៃចីវរ​ទាំងនេះ​គឺ​ភិក្ខុសង្ឃ​លោក​យក​ទៅ​ជ្រលក់​ពណ៌​ទឹកអម្ចត់ (ម្ចត់) ដែល​ដាំ​រំងាស់​ចម្រាញ់​ពី​ផ្កាឈើ ផ្លែឈើ មើម​ឈើ ស្លឹក និង​សំបក​ឈើ​ជាដើម​ដើម្បី​ឱ្យ​ចីវរ​មាន​ពណ៌​ស្រគាំ​មិន​ឆើតឆាយ។

ចំពោះ​ប្រពៃណី​នេះ ភិក្ខុ សោនុត្តរៈ នុត បញ្ញា គង់នៅ «ពុទ្ធ​មណ្ឌល​អន្តរជាតិ កម្ពុជា-សិរីលង្កា» ហៅ​វត្ត​ខ្មែរ-​សិរីលង្កា ខេមរារាម ក្នុង​ក្រុង​កូឡុំបូ ប្រទេស​សិរីលង្កា មាន​ថេរដីកា​ថា នៅ​សិរីលង្កា ក៏​ដូចជា​នៅ​ប្រទេស​កាន់​ពុទ្ធ​សាសនា​ថេរវាទ​ដទៃ​ទៀត​ដែរ គឺ​គេ​ឃើញ​មាន​ធ្វើ​ដោយ​កម្រ៖ «ចម្រើនពរ!  នៅ​ប្រទេស​សិរីលង្កា ដែល​គេ​ហែ​ក្រណាត់​ជា​កី​ហ្នឹង ក្រណាត់​ហ្នឹង​គឺ​មាន​ពណ៌​ជា​ស្រេច មាន​ពណ៌​ខ្លឹម​ខ្នុរ ឬ​ពណ៌​ខ្លាញ់​ក្ដាម។  គ្រាន់​តែ​លោក​នៅ​តែ​ធ្វើ​កិច្ច​តែ​ម្យ៉ាង​គឺ​កាត់​ហើយ និង​ដេរ ដោយ​មិន​បាច់​ពិបាក​ជ្រលក់​ពណ៌​អី​ទៀត​ទេ ដែល​ភាគ​ច្រើន​សព្វថ្ងៃ​នៅ​សិរី​លង្កា​នេះ។  ប៉ុន្តែ​នៅ​កន្លែង​ខ្លះ ក៏​នៅ​មាន​ដង្ហែ​ក្រណាត់​ស មាន​ល័ក្ដ មាន​ម្ជុល មាន​ចេស​អី​យក​ទៅ​សម្រាប់​លោក​កាត់​ដេរ​ជ្រលក់​ពណ៌ ប៉ុន្តែ​នៅ​មាន​តិចតួច។  ភាគ​ច្រើន​គឺ​លោក​គ្រាន់​តែ​ដាំ​ទឹក​ហើយ គឺ​គេ​មាន​ល័ក្ដ​ហើយ​ជា​ស្រេច ព្រោះ​ជនជាតិ​ឥណ្ឌា ជនជាតិ​សិរីលង្កា​នេះ គេ​សំបូរ​ប្រើ​ល័ក្ដ​ណាស់។  ដូច្នេះ គឺ​គ្រាន់​ដាំ​ទឹក​ទៅ យក​ល័ក្ដ​ទៅ​ដាក់​ប្រមាណ​អាច​ថា​ឱ្យ​ចីវរ​ហ្នឹង​កាន់​ពណ៌​ល្អ​ហើយ ក៏​គេ​ជ្រលក់​តែម្ដង មិន​មាន​ជា​សំបក​ឈើ​ដូច​សម័យ​ពុទ្ធកាល​ទេ»

​លក្ខណៈ​ពិសេស​មួយ​នៃ​បុណ្យ​កឋិនទាន គឺ​ទាំង​ពលរដ្ឋ​ពុទ្ធបរិស័ទ​ជា​គ្រហស្ថ ទាំង​ព្រះសង្ឃ​អាច​ប្រារព្ធ​ធ្វើបុណ្យ​កឋិនទាន​បាន​ដូច​គ្នា។  សព្វថ្ងៃ​នេះ ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ថេរវាទ​ដទៃ​ទៀត ក៏​នៅ​មាន​ភិក្ខុសង្ឃ​អង្គ​ខ្លះ​រក្សា​ប្រពៃណី​នាំ​យក​កឋិន​ចីវរ​ទាន​ទៅ​វេរ​ប្រគេន​ភិក្ខុសង្ឃ​ផង​គ្នា​ដែរ។  ប៉ុន្តែ​ជា​ទូទៅ លោក​អ្នក​ម្ចាស់​ទាន​ភាគ​ច្រើន គឺ​ពុទ្ធបរិស័ទ​ដែល​ជា​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ។

កាល​ដើម​ឡើយ បន្ទាប់ពី​ព្រះពុទ្ធ​សមណគោតម​ទ្រង់​បាន​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទទួល​ក្រាល​គ្រង និង​អនុមោទនា​កឋិន​ចីវរ​មក គឺ​មានតែ​សហធម្មិកៈ​៥​ក្រុម ដែល​បាន​ធ្វើ​កឋិនទាន​ដល់​គ្នា​នឹង​គ្នា​តាម​វិន័យ​បញ្ញត្តិ។

សហធម្មិកៈ​ទាំង​៥​ពួក​នេះ រួម​មាន​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី និង​សិក្ខមានា ពោល​គឺ​សាមណេរី​មាន​អាយុ ១៨​ឆ្នាំ ដែល​ត្រូវ​បាន​ទទួល​ឱ្យ​សិក្សា​ធម៌​វិន័យ និង​បំពេញ​ផ្នួស​ជា​ភិក្ខុនី។  ចំណេរ​ក្រោយ​មក ទើប​មាន​ឧបាសក ឧបាសិកា ទាយក ទាយិកា បាន​នាំ​គ្នា​ផ្ដួចផ្ដើម​ធ្វើ​កឋិនទាន​តៗ​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល