តើ​គួរ​ប្រគេន​បារី​និង​ថ្នាំជក់​ដល់​ព្រះសង្ឃ​ឬ​ទេ?

ដោយ កេសរណ្ណីយ្យា
2015-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​បារី ដែល​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​យក​ពី​ប្រទេស​ផ្សេងៗ ដើម្បី​ប្រៀបធៀប។ រូបថត​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥
សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​បារី ដែល​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក​យក​ពី​ប្រទេស​ផ្សេងៗ ដើម្បី​ប្រៀបធៀប។ រូបថត​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥
RFA/Leng Maly

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ក្នុង​មួយ​ឆ្នាំៗ​មនុស្ស​ប្រមាណ​ជិត ៦​លាន​នាក់​ស្លាប់​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​ទូទាំង​ពិភពលោក។ ក្នុង​នោះ​មនុស្ស​ជាង ៥​លាន​នាក់ គឺ​ជា​អ្នក​ប្រើប្រាស់​ផ្ទាល់ រី​ឯ​មនុស្ស ១​លាន​នាក់​ទៀត គឺ​ជា​អ្នក​រងគ្រោះ​ដោយ​ប្រយោល​រហូត​បាត់​បង់ជីវិត​ដោយសារ​តែ​ស្រូប​ផ្សែង​បារី ឬ​ថ្នាំ​ជក់​ពី​អ្នក​ដទៃ។ ​ដោយ​ឡែក​ប្រទេស​កម្ពុជា ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១​ម៉ឺន​នាក់​ស្លាប់ ឬ ៣០​នាក់​ក្នុង​១​ថ្ងៃៗ ស្លាប់ បណ្ដាល​មក​ពី​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជក់​បារី។

ក្នុង​ពុទ្ធសាសនា ការ​ឱ្យ​ទាន​នូវ​បច្ច័យ​ទាំង​ឡាយ ៤ រួម​មាន​គ្រឿង​ស្លៀក​ដណ្ដប់ អាហារ​ភោជន ទីស្នាក់​អាស្រ័យ និង​ថ្នាំ​កែ​រោគ គឺ​ជា​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ជួយ​សង្គ្រោះ​មនុស្ស​សត្វ​ផង​គ្នា ឱ្យ​មាន​ជីវិត​រស់នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​នៅ​ក្នុង​សង្គម។

​ចំពោះ​បព្វជិត​អ្នកបួស​ក្នុង​ពុទ្ធសាសនា ភោជនាហារ ឬ​អាហារ​ភោជន​ដែល​ជន​មាន​សទ្ធា​ជ្រះថ្លា​បាន​បូជា​ដោយ​សេចក្ដី​គោរព ហៅ​ថា "បិណ្ឌបាត​បច្ច័យ" មាន​នំ​ចំណី ផ្លែឈើ មើម​ឈើ និង​បាយ​ជាដើម។

សេចក្ដី​អធិប្បាយ​អំពី​បច្ច័យ​ទាំង​៤ ព្រមទាំង​ទាន​វត្ថុ ១០​យ៉ាង ពុំ​ឃើញ​មាន​ចែង​អំពី​ការ​ឱ្យ​បារី ឬ​ថ្នាំ​ជក់​ជា​ទាន​ឡើយ។  អាស្រ័យ​ហេតុ​នេះ តើ​ពុទ្ធបរិស័ទ​អាច​ប្រគេន​បារី ឬ​ថ្នាំជក់​ដល់​ព្រះសង្ឃ​បាន​ដែរ ឬ​ទេ?

ភិក្ខុ​ព្រះ​មហា​ធម្មលង្ការោ ចាន់ សុជន គង់​នៅ​វត្ត "ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់" ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ថេរដីកា​បញ្ជាក់​អំពី​ពុទ្ធបញ្ញត្តិ និង​ពុទ្ធានុញ្ញាត​ទាក់ទង​នឹង​ការ​ឱ្យ​ទាន​ជា​បារី ឬ​ថ្នាំ​ជក់​នេះ៖ «នៅ​ក្នុង​ព្រះពុទ្ធសាសនា​មិន​បាន​ដាក់​ចំ​ថា ទាន​ដែល​ធ្វើ​ទៅ​មិន​បាន​ផល​នោះ មាន​បារី នេះ​ទេ ប៉ុន្តែ​ក្នុង​បណ្ដា​ទាន​ទាំង​៥ មាន​ស្រា ជា​ប្រការ​មួយ​ដែល​ហាម​ថា ធ្វើ​ទៅ​មិន​បាន​ផល មិន​បាន​បុណ្យ។  ប៉ុន្តែ​យើង​សិក្សា​ក្នុង​ព្រះពុទ្ធសាសនា​ទៅ​ឃើញ​ថា បារី​នេះ​គឺ​ជា​ប្រភេទ​នៃ​ការ​ញៀន។ បើ​ទោះ​ជា​នៅ​ក្នុង​វិន័យ​មិន​បាន​ដាក់​ចំ​ក្តី ក៏​មិន​គួរ​ដែរ​ក្នុង​ការ​ប្រគេន ព្រោះ​លោក​ឆាន់​ទៅ​វា​អាច​ញៀន​ទៅ អាច​ប្រព្រឹត្ត​ក្នុង​រឿង​ឥត​ប្រយោជន៍​ផ្សេងៗ»

សៀវភៅ "ទាន​កថា" ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មាន​សរសេរ​អធិប្បាយ​ទាក់ទង​នឹង​ទាន ៥​ប្រការ ដែល​បុគ្គល​ធ្វើ​ហើយ​មិន​បាន​ផល​ជា​បុណ្យ​ជា​កុសល​អ្វី​ឡើយ។ វត្ថុ​ជា​ទាន​ទាំង ៥​យ៉ាង​នោះ រួមមាន ទី​១ ការ​ឱ្យ​ស្ត្រី​ដល់​បុរស ឬ​ការ​ឱ្យ​បុរស​ដល់​ស្ត្រី ទី​២ ការ​ឱ្យ​គោ​ឧសភ គឺ​គោបា ឬ​គោ​ឈ្មោល​ដល់​មេ​គោ ឬ​ការ​ឱ្យ​មេ​គោ​ដល់​គោ​ឧសភ ទី​៣ ការ​ឱ្យ​ទឹក​ស្រវឹង​ជា​ទាន ទី​៤ ការ​ឱ្យ​ទាន​ជា​ការ​រាំ​ច្រៀង ឬ​របាំ​ត្លុក​កំប្លែង និង​ទី​៥ ការ​ឱ្យ​ទាន​ជា​រូបគំនូរ​ស្ត្រី និង​បុរស ដែល​ជា​រូប​នាំ​ឱ្យ​កើត​សេចក្ដី​ត្រេកត្រអាល​ទៅ​រក​សេចក្ដី​ប្រាថ្នា​ក្នុង​ផ្លូវ​កាម។ ក្នុង​ពុទ្ធសាសនា​បណ្ដា​ទាន​ទាំង ៥​ប្រការ​នេះ ហៅ​ថា "អសម្មតទាន" គឺ​ទាន​ដែល​មិន​សន្មត ឬ​ចាត់​ចូល​ជា​ទាន​ឡើយ។

ចំពោះ​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធ​សាសនា ដែល​ជា​បដិគាហកៈ ពោល​គឺ​បុគ្គល​អ្នក​ទទួល​នូវ​ទាន​វិញ ភិក្ខុ​ព្រះ​មហា​ធម្មលង្ការោ ចាន់ សុជន មាន​ថេរដីកា​អធិប្បាយ​សេចក្ដី​ត្រង់​ប្រកា​រថា តើ​ភិក្ខុ​សាមណេរ​គួរ​ឆាន់​បារី ឬ​ថ្នាំ​ជក់ និង​ទទួល​នូវ​ទាន​ប្រភេទ​នេះ​ដែរ ឬ​ទេ បើ​ទោះ​បី​ជា​វិន័យ​មិន​មាន​កំណត់​ដោយ​ត្រង់​ក្តី៖ «បារី​នេះ បើ​ពុទ្ធបរិស័ទ​ប្រគេន​ទៅ​ហើយ លោក​មិន​ទទួល​ក៏​មិន​ប្រព្រឹត្ត​ទៅ​ជា​ទោស ជា​អាបត្តិ​អ្វី​ដែរ ព្រោះ​ការ​ធ្វើ​ទៅ​មិន​មាន​ផលប្រយោជន៍​ដល់​អ្នក​ដែល​ប្រគេន​ផង និង​អ្នក​ទទួល​ផង។ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ព្រះសង្ឃ​អ្នក​ឆាន់ និង​វា​អាច​ធ្វើ​ឱ្យ​ពុទ្ធបរិស័ទ ជា​ទាយក​ទាយិកា ធ្វើ​ទាន​ក្នុង​របៀប​មួយ​មិន​សង្រួម ហាក់​ដូច​ថា ប្រគេន​រោគ​ទៅ​លោក​អ៊ីចឹង ជា​រូបភាព​បែប​អ៊ីចឹង។ ម្យ៉ាង​ទៀត ក្នុង​ពុទ្ធសាសនា ព្រះអង្គ​សំដែង​ថា "ការ​មិន​មាន​រោគ គឺ​ជា​លាភ​ដ៏​ឧត្ដម" ទាំង​ព្រះសង្ឃ ទាំង​បាសក គឺ​ថា កាល​ណា​បើ​អត់​មាន​រោគ​ទេ ស្មើ​នឹង​បាន​លាភ​ដ៏​ប្រសើរ​ក្រៃលែង​ណាស់»

​ការ​សិក្សា​ស្រាវជ្រាវ​នៃ​ក្រុម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព​បង្ហាញ​ថា ក្នុង​ចំណោម​សារធាតុ​គីមី ៧​ពាន់​មុខ​ក្នុង​ផ្សែង​បារី គឺ​មាន ៧០​មុខ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក។  រី​ឯ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​បង្ក​អោយ​មាន​ជំងឺ​ច្រើន​មុខ ដូចជា​មហារីក​សួត មហារីក​ច្រមុះ ជំងឺ​ត្បៀត​សរសៃ​ឈាម​ខួរក្បាល គាំង​បេះដូង ជំងឺ​ផ្លូវ​ដង្ហើម​ជាដើម។

ទាក់ទង​នឹង​ប្រការ​នេះ ភិក្ខុ​ព្រះ​ធម្មឃោសាចារ្យ ឃី សុវណ្ណរតនា គង់​នៅ​វត្ត "មង្គលវ័ន" ហៅ​វត្ត "ថ្វាយដង្គំ" រាជធានី​ភ្នំពេញ មាន​ថេរដីកា​បញ្ជាក់​អំពី​គ្រោះថ្នាក់​នៃ​ការ​ទទួលទាន​បារី និង​ថ្នាំជក់ ដែល​មនុស្ស​ភាគ​ច្រើន​មើល​រំលង ដោយ​ហេតុថា​ផលវិបាក​អាក្រក់​ហុច​ឱ្យ​ក្នុង​រយៈពេល​វែង៖ «ឥទ្ធិពល​នៃ​ការ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​គ្រឿង​សុរា និង​មេរ័យ គឺ​ឃើញ​នូវ​វិបាក​ភ្លាមៗ ដូច្នេះ​បណ្តាល​ឱ្យ​បាត់បង់​ស្មារតី បាត់បង់​នូវ​ការ​ដឹង​ខុសត្រូវ​ភ្លាមៗ ធ្វើ​ឱ្យ​បុគ្គល​អ្នក​ផឹក​អាច​ទៅ​ប្រព្រឹត្ត​បំពាន​សិក្ខាបទ​ដទៃ។  ប៉ុន្តែ​ការ​ប្រគេន​បារី និង​ថ្នាំជក់​វា​មិន​មែន​មាន​ឥទ្ធិពល ឬ​វិបាក ដែល​យើង​ឃើញ​បាត់បង់​ស្មារតី​ភា្លមៗ ដូច​សុរា និង​មេរ័យ​នោះ​ទេ»

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ដូចគ្នា​ដែរ​ពី​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ ដែល​មនុស្ស​លោក​កំពុង​ប្រឈមមុខ​សព្វថ្ងៃ​នេះ គឺ​ដោយសារ​លទ្ធផល​មួយ​ផ្នែក​នៃ​ការ​ប្រើប្រាស់​បារី និង​ថ្នាំជក់ កាល​ពី​ច្រើន​ទសវត្សរ៍​មុន។ អ្នក​ប្រើប្រាស់​ថ្នាំជក់ និង​បារី​ភាគ​ច្រើន​ចង់​ឈប់​ជក់​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន ដោយសារ​តែ​ញៀន​នឹង​សារធាតុ​ក្នុង​ថ្នាំជក់​យ៉ាង​ខ្លាំង។អាស្រ័យ​ហេតុ​នេះ អង្គការ​សុខភាព​ពិភពលោក ព្រម​ទាំង​ប្រទេស​ជាច្រើន​បាន​ព្យាយាម​រួម​គ្នា ដើម្បី​ប្រែក្លាយ​ភព​ផែនដី​យើង​នេះ ឱ្យ​ទៅ​ជា​ទីកន្លែង​គ្មាន​ផ្សែង​បារី ជា​ទី​សុខដុមរមនា សម្រាប់​មនុស្ស​ជាតិ ជា​សេចក្ដី​ប្រឹងប្រែង​ប្រកប​ដោយ​ទឹក​ចិត្ត​គិតគូរ​អធ្យាស្រ័យ​ល្អ​ដល់​មនុស្ស​ផង​គ្នា​ក្នុង​សង្គម។

​ក្នុង​ន័យ​ដូច​គ្នា​នេះ ភិក្ខុ​ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា គង់​នៅ​វត្ត "មង្គលវ័ន" ហៅ​វត្ត "ថ្វាយដង្គំ" រាជធានី​ភ្នំពេញ មាន​ថេរដីកា​បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ហើយ​នោះ ផ្សែង​បារី​បង្ក​ឱ្យ​មាន​ការ​ប៉ះពាល់​រំខាន​ដល់​សេចក្ដី​សុខ និង​ភាព​ស្ងប់ស្ងាត់​របស់​បុគ្គល​ដទៃ ដែល​រស់​នៅ​ជាមួយ​គ្នា​ក្នុង​សង្គម ដែល​ប្រការ​នេះ បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា គួរ​ព្យាយាម​វៀរចាក​ប្រព្រឹត្ត។

ភិក្ខុ​ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា៖ «ជាតិ​បារី ជា​ថ្នាំ​ឆាន់ ឬ​ថ្នាំជក់ គឺ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ផ្នែក​វិន័យ គឺ​កិច្ច​បដិបត្តិ​នោះ។  ពេលណា​ភិក្ខុ​សាមណេរ​ឆាន់​ទៅ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ភិក្ខុផង​គ្នា ទាំង​ខ្លួន​ព្រះអង្គ និង​ភិក្ខុ​ដទៃ គឺ​បង្ក​នូវ​ផ្សែង បង្ក​នូវ​ក្លិន ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​ដទៃ​ដែល​មិន​ឆាន់ មិន​ជក់ គឺ​ប៉ះពាល់​ខ្លាំង​មែន​ទែន ធ្វើ​ឱ្យ​ឈ្លក់ បើ​ថា ក្នុង​កិច្ច​បដិបត្តិ​ធម៌ អង្គុយ​សមាធិ​ដូច​គ្នា​អ៊ីចឹង បើ​អង្គ​ផ្សេង​ឆាន់​បារី អង្គ​ផ្សេង​ដែល​មិន​ឆាន់ គឺ​អង្គុយ​សមាធិ​បដិបត្តិ​មិន​កើត​ទេ»

ការ​ប្រើប្រាស់​បារី និង​ថ្នាំជក់​បាន​បណ្ដាល​ឱ្យ​មនុស្ស ១០០​លាន​នាក់​ស្លាប់ ក្នុង​អំឡុង​សតវត្ស​ទី​២០ ហើយ​ចំនួន​នេះ​នឹង​កើន​ឡើង​ដល់ ១​ពាន់​លាន​នាក់​ក្នុង​សតវត្ស​ទី​២១​នេះ ប្រសិនបើ​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​បារី និង​ថ្នាំជក់​មិន​មាន​ការ​កែប្រែ​ទេ​នោះ។

បារី និង​ថ្នាំជក់ គឺ​ស្ថិត​ក្នុង​ចំណោម​ជំងឺ​រាតត្បាត ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​សុខភាព​ដ៏​ធំធេង ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ ពិភពលោក​មិន​ដែល​ជួប​ប្រទះ។  នៅ​កម្ពុជា  របាយការណ៍​ឆ្នាំ​២០១៥ របស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ថា មាន​អ្នក​ស្លាប់​ជាង ១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ក្នុង​ចំណោម​អ្នក​ជក់ និង​ចុក​ថ្នាំ សរុប ២​លាន​នាក់ ដែល​នោះ​គឺ​ជា​អត្រា​ដ៏​ខ្ពស់​គួរ​ឱ្យ​បារម្ភ។

ព្រះពុទ្ធសាសនា​ណែនាំ​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​រក្សាសីល​៥ ក្នុង​នោះ​សិក្ខាបទ​ទី​៥ ស្ដីពី​ការ​ចៀសវាង​ប្រព្រឹត្ត ឬ​ជួញដូរ​គ្រឿង​ស្រវឹង គ្រឿងញៀន​ទាំងពួង ដើម្បី​សេចក្ដី​សុខ​ផ្ទាល់ខ្លួន និង​សេចក្ដី​សុខ​ដល់​មនុស្ស​ផង​គ្នា​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល