ទី​គោចរ​របស់​ភិក្ខុសង្ឃ​ក្នុង​ការ​និមន្ត​បិណ្ឌបាត

ដោយ កេសរណ្ណីយ្យា
2015-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពុទ្ធ​បរិស័ទ​រាប់បាត្រ​នៅ​ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៥។
សកម្មភាព​ពុទ្ធ​បរិស័ទ​រាប់បាត្រ​នៅ​ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៥។
RFA

ក្នុង​ពុទ្ធកិច្ច ៥​យ៉ាង ដែល​ព្រះសម្មាសម្ពុទ្ធ​តែង​ប្រព្រឹត្ត​ជា​ប្រចាំ​ក្នុង​ជីវិត​រស់​នៅ​របស់​ព្រះអង្គ គឺ​ពេល​ទៀបភ្លឺ (បច្ឆិមយាម) ទ្រង់​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ បន្ទាប់​មក​ពេល​ព្រឹក​ទ្រង់​និមន្ត​បិណ្ឌបាត។  ពេល​រសៀល ព្រះអង្គ​ទ្រង់​សំដែង​ធម្មទេសនា​ប្រោស​ពុទ្ធបរិស័ទ ពេល​យប់ (បឋមយាម) ទ្រង់​ប្រទាន​ឱវាទ​ចំពោះ​ភិក្ខុសង្ឃ និង​ពេល​ពាក់​កណ្ដាល​អធ្រាត្រ (មជ្ឈិមយាម) ទ្រង់​ដោះប្រស្នា​ទេវតា។
តើ​ទី​ណា​ខ្លះ​ដែល​គួរ និង​មិន​គួរ​ចំពោះ​ភិក្ខុ​សាមណេរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត?

តាម​ន័យ​ដើម​ជា​ភាសា​បាលី និង​សំស្ក្រឹត ពាក្យ «ភិក្ខុ» សំដៅ​ដល់​សមណ​បព្វជិត អ្នក​បួស អ្នក​សូម​ដែល​រស់​ដោយសារ​ទាន​របស់​សប្បុរស មាន​អាហារ​ចំណី គ្រឿង​ស្លៀក​ដណ្ដប់ ទី​ស្នាក់​អាស្រ័យ និង​ថ្នាំ​កែ​រោគ​ជាដើម។

មាន​វិន័យ​ជា​ច្រើន​ប្រការ​ទាក់ទង​នឹង​ទី​និមន្ត​គោចរ​បិណ្ឌបាត ដែល​ជា​កិច្ច​វត្ត​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ដើម្បី​ស្វែង​រក​អាហារ​ភោជន​យក​មក​ទ្រទ្រង់​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​តាម​ពុទ្ធានុញ្ញាត និង​ពុទ្ធបញ្ញត្តិ។

ដោយ​ផ្អែក​ទៅ​តាម​សេចក្ដី​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក និង​អដ្ឋកថា ដែល​ជា​ការ​អធិប្បាយ​ឱ្យ​ងាយ​យល់ យល់​ស្ដាប់ ភិក្ខុ​សក្យមុនី​បុត្តោ ជា សុមាលា គង់​នៅ​វត្ត «សារាវ័ន្ត​តេជោ» ក្រុង​ភ្នំពេញ មាន​ថេរដីកា​អំពី​ទី​អគោចរ ៦​កន្លែង ដែល​ភិក្ខុ​សាមណេរ​គប្បី​ចៀសវាង​ក្នុង​ការ​ត្រាច់ចរ​និមន្ត​បិណ្ឌបាត​នៅ​តាម​ភូមិ​ស្រុក និគម​ជនបទ៖ «កន្លែង​ទី​១ គឺ​ទីកន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ដែល​ជា​ស្ត្រី​ផ្កាមាស ចិញ្ចឹម​ជីវិត​អាស្រ័យ​សម្រស់ ជា​ទី​ដែល​ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ។ ទី​២ គឺ​កន្លែង​ស្ត្រី​មេម៉ាយ ហើយ​ទី​៣ គឺ​កន្លែង [ផ្ទះ] ស្ត្រី​ដែល​នៅ​ក្រមុំ។  ទី​៤ គឺ​កន្លែង​ខ្ទើយ ក៏​ភិក្ខុសង្ឃ​មិន​គួរ​និមន្ត​ទៅ​ដែរ ព្រោះ​មើល​ទៅ​ដូច​តែ​ស្ត្រី​អ៊ីចឹង​ដែរ។  ទី​៥​នោះ គឺ​កន្លែង​ភិក្ខុនី គឺ​ភិក្ខុ​ស្ត្រី ដែល​សម័យ​ព្រះ​មាន ឥឡូវ​មិន​មាន​ទេ ហើយ​ទី​៦ គឺ​កន្លែង​ដែល​គេ​លក់​សុរា កន្លែង​លក់​ស្រា គឺ​ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ។ មាន ៦​យ៉ាង​ហ្នឹង!»

ចំពោះ​សំណួរ​ថា តើ​ភិក្ខុ​សាមណេរ អាច​និមន្ត​ឆ្លង​កាត់​ទី​ទាំង ៦​កន្លែង​នោះ​បាន​ដែរ ឬ​យ៉ាង​ណា?

ភិក្ខុ​ធម្មបញ្ញោ ឡាយ សារិទ្ធិ គង់នៅ​វត្ត «សំពៅ​មាស» ក្រុង​ភ្នំពេញ មាន​ថេរដីកា​ពន្យល់​ថា ក្នុង​ករណី​ដែល​គ្រាន់តែ​និមន្ត​ឆ្លង​កាត់ គឺ​មិន​មែន​ជា​ការ​ខុស​ឆ្គង​អ្វី​ឡើយ។ ម្យ៉ាង​ទៀត ភិក្ខុ​ធម្មបញ្ញោ ឡាយ សារិទ្ធិ មាន​ថេរដីកា​បញ្ជាក់​បន្ថែម​អំពី​វិន័យ​បញ្ញត្តិ​ចំពោះ​កន្លែង​ទី​២ និង​ទី​៣ ជា​លំនៅ​បរិស័ទ​ដែល​មាន​កូន​ស្រី ឬ​ទីលំនៅ​ស្ត្រី​នៅ​ទំនេរ មិន​មាន​ស្វាមី ហើយ​តែង​រៀបចំ​អាហារ​ដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ​តាម​ទម្លាប់​ធម្មតា​ជា​រៀងរាល់​ថ្ងៃ។

ភិក្ខុ​ធម្មបញ្ញោ ឡាយ សារិទ្ធិ៖ «ចម្រើនពរ! ក្នុង​កិច្ច​នេះ ព្រះពុទ្ធ​ព្រះអង្គ​ទ្រង់​ហាម​តែ​ក្នុង​ត្រកូល​ណា​ដែល​យើង​មិន​ធ្លាប់​ទៅ អត់​ដែល​ស្គាល់​ចិត្ត ដូច​ថា ញោមញាតិ​គាត់​អធ្យាស្រ័យ គឺ​ថា​ក្មេង​ហ្នឹង​ធ្លាប់​ដាក់​បាត្រ​ពី​មុន​មក​ជាមួយ​ជីដូន​ជីតា  តែ​ក្រោយ​មក​មាតាបិតា​មិន​នៅ ប៉ុន្តែ​យើង​ធ្លាប់​ទៅ​បិណ្ឌបាត បាន​ន័យ​ថា អត់​អាច​ឡើង​ទៅ​លើ​ផ្ទះ តែ​អាច​នៅ​មុខ​ផ្ទះ​បាន នៅ​តាម​ផ្លូវ​អី​បាន។ តាម​ធម្មតា អាត្មា​លើក​ឡើង​ចំណុច​ត្រង់​នេះ បើ​មាន​កូន​សិស្ស គឺ​លោក​អាច​និមន្ត​ទៅ​បាន ប៉ុន្តែ​បើ​មិន​មាន​កូនសិស្ស លោក​មិន​អាច​ទៅ​បាន​ទេ មិន​ជា​លក្ខណៈ​សេចក្ដី​ជ្រះថ្លា​ទេ​ក្នុង​ពុទ្ធ​សាសនា។ និយាយ​ត្រង់​ទីកន្លែង​អគោចរ​នេះ គឺ​សំដៅ​ទៅ​លើ​ទីកន្លែង​ដែល​យើង​មិន​គួរ​ទៅ ប៉ុន្តែ​បើ​សិន​លោក​និមន្ត​បិណ្ឌបាត​នៅ​តាម​ផ្លូវ គឺ​មិន​ជា​បញ្ហា​អី​ទេ ព្រោះ​នេះ​វា​មិន​មែន​ជា​អាការៈ​ដែល​ភិក្ខុសង្ឃ​ត្រូវ​មាន​ថេរដីកា ឬ​ក៏​បរិស័ទ​មាន​ពាក្យ​សម្ដី​អី​មក​សារសង ព្រោះ​ក្នុង​ច្បាប់​ពុទ្ធ​សាសនា ព្រះសង្ឃ​មួយ​អង្គ ស្ត្រី​ម្នាក់ និយាយ​គ្នា​លើស​តែ​ពី ៦​ម៉ាត់​ឡើង​ទៅ គឺ​ត្រូវ​ទោស ត្រូវ​អាបត្តិ ចម្រើនពរ!»

ត្រង់​ចំណុច​នេះ ភិក្ខុ​សក្យមុនី​បុត្តោ ជា សុមាលា គង់​នៅ​វត្ត «សារាវ័ន្ត​តេជោ» ក្រុង​ភ្នំពេញ មាន​ថេរដីកា​ពន្យល់​បន្ថែម​អំពី​វិន័យ​មួយ​ចំនួន​ដែល​ភិក្ខុ​គួរ និង​មិន​គួរ​និមន្ត​បិណ្ឌបាត​ទៅ​កាន់​ទី​ទាំង ៦​កន្លែង​នោះ ទោះបី​ជាមួយ​អង្គ​ឯង​ក្ដី ឬ​និមន្ត​ទៅ​ជា​ក្រុម​ជា​ពួក​ក្ដី៖ «ត្រឹមតែ​និមន្ត​ឆ្លងកាត់​មិន​ជា​បញ្ហា​អី​ទេ ព្រោះ​ធម្មតា​ក្នុង​ការ​រស់នៅ ផ្ទះ​គឺ​ជា​ទី​នៅ​របស់​មនុស្ស​សត្វ​ដូច្នេះ​ការ​និមន្ត​គឺ​និមន្ត​ធម្មតា​កុំ​ឱ្យ​តែ​ឈប់​ឈរ​នៅ​កន្លែង​នោះ ឈរ​នៅ​ទាំង ៦​កន្លែង​នោះ កុំ​ឈរ​នៅ​ពី​មុខ បើ​គ្រាន់តែ​និមន្ត​កាត់​បាន។ ការ​និមន្ត​តែមួយ​អង្គ​ក៏​មិន​គួរ និមន្ត​ច្រើន​អង្គ​ក៏​មិន​គួរ​នឹង​និមន្ត​ទៅ​ដែរ លើកលែងតែ​ទីនោះ​ជា​ទី​កន្លែង ជា​កន្លែង​ផ្ទះ​នៅ​ជាប់​គ្នា និង​ផ្ទះ​របស់​ញោម​ស្ត្រី​បង្កើត​ដែល​និមន្ត​ទៅ​សំដែង​ធម៌​ឱ្យ​ញោមស្រី​ស្ដាប់  ឬ​ក៏​ទី​ដែល​គេ​មាន​ការ​ថ្វាយ​ទាន​ដល់​សង្ឃ ហើយ​គេ​និមន្ត​ទៅ​ដើម្បី​សម្ដែង​ធម៌​ដើម្បី​ទទួល​បិណ្ឌបាត មាន​កិច្ច​និមន្ត​ដូច្នេះ គ្រាន់​តែ​ទីតាំង​ជាប់​គ្នា​មិន​ជា​បញ្ហា​អី​ទេ មិន​ជាទី​រង្កៀស​ទេ​អាច​និមន្ត​ទៅ​បាន»

ក្នុង​ន័យ​នេះ បញ្ញត្តិ​ចំពោះ​ទីឋាន​ទាំង ៦​កន្លែង​នេះ ដែល​ចាត់​ចូល​ជា​ទី​អគោចរ គឺ​ហាមឃាត់​ក្នុង​ករណី​ដែល​ភិក្ខុ​សាមណេរ និមន្ត​ទៅ​បិណ្ឌបាត​ជា​កិច្ច​វត្ត​ប្រចាំថ្ងៃ​នៃ​ជីវភាព​របស់​អ្នក​បួស​ដែល​ត្រូវ​តែ​អាស្រ័យ​ការ​ចិញ្ចឹម​ជីវិត​ដោយ​កម្លាំង​ស្មង​កំភួនជើង​ដរាប​អស់​មួយ​ជីវិត។

ក្រៅ​ពី​ទី​អគោចរ​ទាំង ៦​នេះ ភិក្ខុ​ធម្មបញ្ញោ ឡាយ សារិទ្ធិ គង់​នៅ​វត្ត «សំពៅ​មាស» ក្រុង​ភ្នំពេញ មាន​ថេរដីកា​អំពី​ទីកន្លែង​ដទៃ​មួយ​ចំនួន​ទៀត ដែល​ភិក្ខុ​សាមណេរ​ក្នុង​ពុទ្ធ​សាសនា​មិន​គួរ​គប្បី​នឹង​ត្រាច់ចរ​និមន្ត​បិណ្ឌបាត ទោះបីជា​មិន​មាន​បញ្ញត្តិ​ក្នុង​វិន័យសិក្ខា​ក្តី៖ «តាម​ពិត​ទៅ​មាន​ទីកន្លែង​ច្រើន​ទៀត ប៉ុន្តែ​ព្រះពុទ្ធ​ព្រះអង្គ​ទ្រង់​ប្រារព្ធ​ប្រកាស​សម្ដែង​តែ ៦​ចំណុច ដូចជា​ទីកន្លែង​ហ្វឹកហាត់​បន្ទាយ​ទាហាន ភិក្ខុសង្ឃ​មិន​គួរ​និមន្ត​ទៅ​កាន់​ទេ ព្រោះ​ជា​ទី​កន្លែង​សស្ត្រាវុធ ដូចជា​លក់​សាច់ កន្លែង​លក់​ត្រី លក់​សំលៀកបំពាក់ ទីផ្សារ​អី​ហ្នឹង ភិក្ខុសង្ឃ​លោក​អាច​ដឹង​ហើយ ថា​មិន​ជា​ច្បាប់​ឱ្យ​សុក្រឹត​ទេ បាន​ន័យ​ថា បាន​សមគួរ គឺ​របស់​ណា​ដែល​មិន​គួរ ទោះបីជា​ព្រះពុទ្ធ​លោក​មិន​បញ្ញត្តិ​ក៏ដោយ គឺ​ថា​ភិក្ខុសង្ឃ​មិន​គួរ​ទេ ដូចជា​ម៉ូតូ​ឡាន​អី​ហ្នឹង គឺ​ភិក្ខុសង្ឃ​មិន​គួរ​បើកបរ​ដោយ​ខ្លួន​ឯង​ទេ ថ្វី​ត្បិត​តែ​ព្រះពុទ្ធ​ព្រះអង្គ​មិន​ប្រកាស​សំដែង​មែន តែ​យើង​អាច​ដឹង​ថា ភិក្ខុសង្ឃ​អ្នក​បួស​ក្នុង​ពុទ្ធសាសនា គឺ​មិន​គួរ​អី​ក្នុង​ការ​ប្រើ ចម្រើនពរ!»

ក្នុង​ពុទ្ធសាសនា​នៅ​មាន​វិន័យ​ក្រឹត្យក្រម​ជា​ច្រើន​ប្រការ​ទៀត ដែល​ញ៉ាំង​ឱ្យ​ការ​និមន្ត​បិណ្ឌបាត សូម​អាហារ​ចំណី​របស់​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ខុស​ប្លែក​គ្នា​ពី​ការ​សូម​នៃ​ជន​កម្សត់​ទុរគត​នានា មាន​ស្មូម​យាចក​ជាដើម។  ក្នុង​នោះ​រួម​មាន ការ​សង្រួម​នូវ​ឥន្ទ្រិយ​ទាំង ៦ ខណៈ​កំពុង​និមន្ត​ត្រាច់ចរ​ទៅ​បិណ្ឌបាត មាន​ជា​អាទិ៍​ដូចជា គប្បី​ឈប់ឈរ​នៅ​នឹង​ផ្ទះ​របស់​អ្នក​ស្រុក មិន​ឆ្ងាយ​ពេក​មិន​ជិត​ពេក ដោយ​ឈរ​នឹង​មួយ​កន្លែង ភ្នែក​សម្លឹង​ចុះ​ក្រោម​ចម្ងាយ​តែ ៤​ហត្ថ​ទៅ​មុខ មិន​ងាក​ឆ្វេង មិន​ងាក​ស្តាំ។  ម្យ៉ាង​ទៀត សូម្បីតែ​ម្ចាស់ផ្ទះ​គេ​មិន​ឃើញ​ក៏ដោយ គឺ​ភិក្ខុ​សាមណេរ លោក​មិន​ចេញ​ស្រដី​ពាក្យ​សូម​វត្ថុ​អី​ណា​មួយ​នោះ​ឡើយ។

តើ​បញ្ញត្តិ​នូវ​ទី​គោចរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត​នៃ​ភិក្ខុ​សាមណេរ មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា ពុទ្ធបរិស័ទ និង​សង្គម? លោក​អ្នក​នាង​កញ្ញា​នឹង​បាន​ស្ដាប់​ការ​អធិប្បាយ​ជុំវិញ​ប្រការ​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល