ការ​និមន្ត​បិណ្ឌបាត​នៃ​ព្រះ​ភិក្ខុសង្ឃ​និង​ការ​សុំទាន​នៃ​ស្មូម​យាចក

ដោយ កេសរណ្ណីយ្យា
2015-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​និមន្ត​បិណ្ឌបាត គឺ​ជា​កិច្ច​វត្ត​របស់​ភិក្ខុសង្ឃ ជា​បវេណី​នៃ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​តាំង​ពី​បុរាណកាល​ដែល​មាន​ចារឹក​ទុក​ក្នុង​គម្ពីរ​ដីកា អដ្ឋកថា និង​ឯកសារ​នានា​ផ្នែក​ពុទ្ធសាសនា។

តើ​ការ​និមន្ត​បិណ្ឌបាត​នៃ​ព្រះ​ភិក្ខុសង្ឃ និង​ការ​សុំទាន​នៃ​ស្មូម​យាចក​ខុស​គ្នា​បែប​ណា?

សព្វ​សត្វ​ទាំង​អស់​មាន​ជីវិត​តាំង​នៅ​បាន​ក៏​អាស្រ័យ​អាហារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​ញ៉ាំង​ឱ្យ​រូប​កាយ សាច់​ឈាម ស្បែក​សរសៃ និង​ពណ៌​សម្បុរ ចម្រើន​លូតលាស់​ស្រស់បស់​ទៅ​បាន។ កាល​បើ​ប្រាសចាក​អាហារ​ហើយ រូបរាងកាយ​ទាំង​មូល​ក៏​ស្វិត​ស្រពោន ថមថយ​ចុះ​ជា​លំដាប់ ទាំង​ជីវិត​ទៀត​សោត​ក៏​តាំង​នៅ​បាន​ដោយ​កម្រ។

សម្រាប់​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ជា​អ្នក​លះ​ជីវភាព​ជា​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ​មក​បួស​ជា​បព្វជិត​ទ្រទ្រង់​ត្រ័យសិក្ខា​ក្នុង​ព្រះពុទ្ធ​សាសនា អាហារ​ភោជន  រួម​មាន​បាយ​ជាដើម​នេះ ចាត់​ចូល​ក្នុង​ចំពូក​បិណ្ឌបាតប្បច្ច័យ ដែល​ស្ថិត​ក្នុង​ចំណោម​បច្ច័យ​ទាំង​ឡាយ ៤។

ទន្ទឹម​គ្នា​នេះ និស្ស័យ​៤ ដែល​គ្រូ​ឧបជ្ឈាយាចារ្យ​តែង​ណែនាំ​ដល់​ភិក្ខុ​សាមណេរ​ទើប​នឹង​បួស​ថ្មី ក្នុង​នោះ​ការ​និមន្ត​បិណ្ឌបាត គឺ​ជា​និស្ស័យ​ទី​១ មាន​សេចក្ដី​ជាអាទិ៍​ថា៖ "បព្វជ្ជា​អាស្រ័យ​ដោយ​ភោជន​ជា​ពំនូត ដែល​ភិក្ខុ​ត្រូវ​បាន​មក​ដោយ​កម្លាំង​កំភួនជើង អ្នក​ត្រូវ​ធ្វើ​សេចក្ដី​ប្រឹងប្រែង​ក្នុង​ភោជន​នោះ​អស់​មួយ​ជីវិត…"។  អាស្រ័យហេតុនេះ បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា​តែង​ត្រាច់ចរ​និមន្ត​បិណ្ឌបាត ស្វែង​រក​អាហារ​យក​មក​ទ្រទ្រង់​ជីវិត ដែល​ជា​ទាន​របស់​សប្បុរសជន។  ចំពោះ​សំណួរ​ថា តើ​ការ​និមន្ត​បិណ្ឌបាត​របស់​ភិក្ខុ​សាមណេរ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​យ៉ាង​ណា​ទៅ​នឹង​ការ​សុំ​ទាន​នៃ​យាចក​ទាំង​ពួង?

លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ អ្នក​កាន់​កម្មវិធី "ឧបាសក-ឧបាសិកា​ផ្កាឈូក" នៃ​វិទ្យុ​ព្រះពុទ្ធ​សាសនា ក្នុង​ក្រុង​សៀមរាប អធិប្បាយ​អំពី​ចំណុច​ពិសេស​ក្នុង​ការ​សុំទាន​នៃ​ភិក្ខុសង្ឃ ហើយ​និង​ក្រុម​បុគ្គល​ចំពូក​ផ្សេង​ទៀត៖ «បាទ! ចំពោះ​ការ​សុំ​របស់​ភិក្ខុ​ទាំង​ឡាយ​ក៏​មាន​ឈ្មោះ​ថា សុំ​ដែរ ប៉ុន្តែ​ការ​សុំ​នេះ​ខុស​គ្នា​ពី​ការ​សុំ​របស់​ពួក​អ្នក​ដែល​សុំ​គេ​ហើយ ពោល​សរសើរ​គុណ​ម្ចាស់​អ្នក​ឱ្យ​នេះ​មួយ​ពួក​ទៅ។ មួយ​ទៀត យាចក​គឺ​អ្នក​សុំ​របស់​របរ​គេ​ដើម្បី​រស់ អ្នក​កម្សត់​អី ក៏​ដើរ​សុំ​គេ។  ប៉ុន្តែ​លក្ខណៈ​របស់​ភិក្ខុ​អ្នក​បួស ការ​ដែល​សុំ គឺ​ខុស​គ្នា​ពី​អ្នក​ដែល​សុំ​ទាំង​ប៉ុន្មាន​ពួក​ហ្នឹង ពោល​គឺ​ថា ត្រាច់​ទៅ​ឈរ​នៅ​នឹង​ផ្ទះ​របស់​អ្នក​ស្រុក មិន​ឆ្ងាយ​ពេក​មិន​ជិត​ពេក ហើយ​ឈរ​នឹង គឺ​សូម្បីតែ​ម្ចាស់ [ផ្ទះ] គេ​មិន​ឃើញ​ក៏ដោយ គឺ​លោក​មិន​ចេញ​ស្រដី​ពាក្យ​សូម​វត្ថុ​អី​ណា​មួយ​នោះ​ទេ…»

ពាក្យ «បិណ្ឌ» នេះ គឺ​ជា​ភាសា​បាលី​ដែល​មាន​ន័យ​ថា ការ​ប្រមូល​ឱ្យ​មូល ឬ​ពូន​ឱ្យ​ជា​ដុំៗ និង​ន័យ​ម្យ៉ាង​ទៀត គឺ​ការ​ចិញ្ចឹម​ជីវិត។ តាម​ការ​ចារឹក​ទុក​ក្នុង​គម្ពីរ​ដីកា អដ្ឋកថា និង​ឯកសារ​នានា ផ្នែក​ពុទ្ធសាសនា ការ​ត្រាច់​និមន្ត​បិណ្ឌបាត​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ នៃ​កិច្ច​វត្តប្រតិបត្តិ​របស់​ភិក្ខុ​សាមណេរ ក្នុង​ជីវិត​ជា​អ្នកបួស​ចេញ​ចាក​កាម​តាម​លំ​អាន​នៃ​ពុទ្ធកិច្ច និង​ពុទ្ធានុញ្ញាត ជា​បវេណី​នៃ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​តាំង​ពី​បុរាណកាល ដរាប​មក​ដល់​សព្វថ្ងៃ​នេះ។

ចំណែក​ពុទ្ធបរិស័ទ​នៅ​ក្នុង​ប្រទេស​កាន់​ពុទ្ធសាសនា​ក៏​នៅ​រក្សា​ទំនៀម​រៀបចំ​សម្រិតសម្រាំង​ចម្អិន​អាហារ​សម្រាប់​ដាក់​បាត្រ​ប្រគេន​ចង្ហាន់​ចំពោះ​ភិក្ខុ​សាមណេរ ដែល​និមន្ត​បិណ្ឌបាត​នៅ​តាម​ភូមិ​ស្រុក ខេត្ត ខណ្ឌ និគម​ជនបទ​នានា។ ចំពោះ​ទំនៀម​នៃ​ឱ្យ​ទាន​ជា​ចង្ហាន់​បិណ្ឌបាត ដែល​ទាយក​ទាយិកា​តែង​បូជា​ប្រកបដោយ​ក្តី​គោរព​ចំពោះ​ព្រះសង្ឃ  អ្នកស្រី ស៊ុយ សុវណ្ណារី នៅ​ខេត្ត​សៀមរាប បង្ហាញ​អំពី​ការ​យល់​ឃើញ​ផ្ទាល់​ថា ដោយសារ​ព្រះសង្ឃ គឺ​ជា​ឧត្ដម​ភេទ ជា​អ្នកបួស ជា​បុគ្គល​រក្សា​នូវ​វិន័យ​ត្រ័យសិក្ខា ជា​អ្នក​ព្យាយាម​ប្រតិបត្តិ​ខ្លួន សង្រួម​កាយ​វាចា​ចិត្ត​លើ​មាគ៌ា​សីល សមាធិ បញ្ញា។

ទាំង​នេះ​គឺ​ជា​គុណសម្បត្តិ​ចម្បង​ដែល​បរិស័ទ​ចាត់​ទុក​ព្រះសង្ឃ​គឺ​ជា​ស្រែបុណ្យ​ដ៏​មាន​ជីជាតិ ញ៉ាំង​ឱ្យ​ការ​ធ្វើ​ទាន​មាន​លក្ខណៈ​ខុស​គ្នា​រវាង​ព្រះសង្ឃ និង​ស្មូម​យាចក​ទាំង​ឡាយ​ទាំង​ពួង​ដែល​ជា​គ្រហស្ថ​ជា​បុថុជ្ជន អ្នក​នៅ​មាន​សេចក្ដី​សៅហ្មង​ច្រើន៖ «ការ​ធ្វើ​ទាន​ជាមួយ​ព្រះសង្ឃ យើង​តែងតែ​គិត​ថា យើង​ឧទ្ទិស​នូវ​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​នឹង​ដល់​ញាតិ​ទាំង​ឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ។ ខុស​ប្លែក​គ្នា​ត្រង់​ថា យើង​មាន​ការ​គោរព​ចំពោះ​ព្រះសង្ឃ​ព្រះសង្ឃ គឺ​ជា​សាវក​របស់​ព្រះសម្មាសម្ពុទ្ធ លោក​មាន​តួនាទី​ច្រើន​ណាស់​ក្នុង​ការ​ជួយ​កសាង​ស្ថាបនា​ព្រះពុទ្ធ​សាសនា។ អ្នក​សុំទាន​ដូចជា​អ្នក​ក្រីក្រ យើង​មិនមែន​មើលងាយ​គាត់​ទេ ប៉ុន្តែ​វា​ខុស​គ្នា ព្រោះ​មួយ​គឺ​ជា​អ្នក​បួស មួយ​ជា​គ្រហស្ថ​ធម្មតា។ ព្រះសង្ឃ​លោក​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់ ជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​របស់​ពុទ្ធបរិស័ទ…»

ទន្ទឹម​គ្នា​នេះ អ្នកស្រី ស៊ុយ សុវណ្ណារី ផ្ដល់​សារសំខាន់​ទៅ​ដល់​ការ​ឱ្យ​ទាន​ចំពោះ​ស្មូម​យាចក និង​អ្នក​កម្សត់​ទុរគត​ទាំង​ឡាយ ថា​គឺ​ជា​ការ​ចាំបាច់ ជា​សង្គហធម៌ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ផង​គ្នា​នៅ​ក្នុង​សង្គម​ឱ្យ​ចាក​ផុត​ពី​ទុក្ខ​លំបាក។

ក្នុង​ន័យ​ស្រដៀង​គ្នា​នេះ​ដែរ យុវជន រស់ សុដារិទ្ធ ជា​បុគ្គលិក​បម្រើ​ការងារ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បញ្ចេញ​នូវ​យោបល់​ផ្ទាល់​អំពី​ភាព​ខុស​ប្លែក​គ្នា​រវាង​ការ​ឱ្យ​ទាន​ដល់​ស្មូម​យាចក ហើយ​និង​ការ​បូជា​ទាន​ចំពោះ​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី សុដារិទ្ធ បញ្ជាក់​ថា ថ្វី​ត្បិត​ទឹក​ចិត្ត​ក្នុង​ការ​ដាក់​ទាន​ដល់​ជន​ក្រីក្រ​កម្សត់​ទុរគត​ទាំង​ឡាយ និង​ការ​ធ្វើ​ទាន​ចំពោះ​ភិក្ខុសង្ឃ​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ក៏ដោយ ប៉ុន្តែ​ការ​ឱ្យ​ទាន​ទាំង​ពីរ​បែប​នេះ សុទ្ធ​តែ​ជា​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​សហគមន៍ ក្នុង​សង្គម​ជាតិ​មួយ៖ «គឺ​យើង​ធ្វើ​ទាន​ជាមួយ​ព្រះសង្ឃ​ផ្ទាល់ យើង​ដឹង​គោលដៅ​ច្បាស់លាស់​ជាង​ធ្វើ​ជាមួយ​មនុស្ស​ធម្មតា។ ព្រះសង្ឃ​លោក​បិណ្ឌបាត ឬ​ក៏​យក​បច្ច័យ​ហ្នឹង គឺ​សម្រាប់​តែ​កសាង ឬ​សម្រាប់​តែ​ឆាន់​មួយ​ពេល​ពីរ​ទេ។ ចំណែក​ស្មូម​ធម្មតា មិន​ដឹង​ថា គាត់​យក​ទៅ​ធ្វើ​អី​ផ្សេង អ៊ីចឹង​វា​មាន​ករណី​ច្រើន​ជាង​ហ្នឹង គាត់​អាច​តុបតែង​ខ្លួន​ឱ្យ​កម្សត់​ធ្វើ​ជា​លំបាក ឬ​ក៏​គាត់​អត់​ធ្វើ [ការ] អី​ផ្សេង ហើយ​គាត់​យក​ការ​សុំ​ទាន​នឹង​ជា​មុខ​របរ ដូច្នេះ​ហើយ​ទើប​បាន​ជា​ធ្វើ​ឱ្យ​មនុស្ស​ភាគ​ច្រើន​គេ​មិន​សូវ​ចង់​បរិច្ចាគ…»

សេចក្ដី​អធិប្បាយ​នៅ​ក្នុង​សៀវភៅ​ឯកសារ​ផ្នែក​ពុទ្ធសាសនា ស្ដីពី​វិន័យ​សិក្ខាបទ​ធំៗ​សម្រាប់​ភិក្ខុសង្ឃ​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​អស់​មួយ​ជីវិត មាន​បែងចែក​យ៉ាង​ល្អិតល្អន់​នូវ​រាល់​សកម្មភាព​ផ្លូវ​កាយ ផ្លូវ​វាចា និង​ផ្លូវ​ចិត្ត ដែល​ណែនាំ​អំពើ​អ្វី​ជា​ការ​គួរ និង​មិន​គួរ​គប្បី​ប្រព្រឹត្ត​គ្រប់​ឥរិយាបថ​ទាំង​៤ គឺ​ដេក ដើរ ឈរ អង្គុយ។

ទាក់ទង​នឹង​ការ​និមន្ត​ត្រាច់​បិណ្ឌបាត​របស់​ព្រះ​ភិក្ខុសង្ឃ លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ អ្នក​កាន់​កម្មវិធី "ឧបាសក-ឧបាសិកា​ផ្កាឈូក" នៃ​វិទ្យុ​ព្រះពុទ្ធ​សាសនា​ក្នុង​ក្រុង​សៀមរាប អធិប្បាយ​អំពី​លក្ខណៈ​ពិសេសៗ ភ្ជាប់​ជានិច្ច​នូវ​វិន័យ​ដ៏​តឹងរ៉ឹង​ក្នុង​ការ​ស្វែងរក​អាហារ​ភោជន​ពី​សប្បុរស ដើម្បី​ឆាន់​ទ្រទ្រង់​រាង​កាយ​ដែល​មាន​ភាព​ខុស​ប្លែក​ពី​ពពួក​ស្មូម​យាចក៖ «នៅ​ក្នុង​សេចក្ដី​នេះ ទាក់ទង​នឹង​ការ​ត្រាច់​នៅ​ក្នុង​ស្រុក មាន​សិក្ខាបទ​ហាម​មិន​ឱ្យ​លោក​មើល​ឆ្ងាយ ដោយ​សេចក្ដី​ថា ភិក្ខុ​គប្បី​ពិចារណា​ថា អាត្មា​អញ​មិន​សម្លឹង​មើល​ហួស​ពី​១​ជួរ​នឹម គឺ​ស្មើ​នឹង ៤​ហត្ថ។  គឺ​លោក​មិន​សម្លឹង​មើល​ហួស​ពី​ហ្នឹង​ទេ វារ​តែ​មាន​អន្តរាយ ដូចជា​មាន​សត្វ​សាហាវ​អី​ហ្នឹង ទើប​លោក​អាច​មើល​ពី​ហ្នឹង ឬ​ក៏​ថា លោក​ឈរ​ឱ្យ​ត្រង់​ស្ងៀម លោក​អាច​មើល​បាន។  ដូច្នេះ ក្នុង​ការ​បិណ្ឌបាត គឺ​លោក​ត្រាច់ចរ​របៀប​ហ្នឹង​ឯង…»

បច្ច័យ​ទាំងឡាយ​៤ សម្រាប់​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា រួមមាន​ចីវរ គឺ​ស្បង់ ចីពរ សង្ឃាដី ជា​គ្រឿង​បិទបាំង​រាងកាយ សេនាសនៈ គឺ​ទី​សម្រាប់​ដេក អង្គុយ មាន​កុដិ​សាលា​ជាដើម និង​គិលាន​ភេសជ្ជៈ បាន​ដល់​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ។

សេចក្ដី​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​បិណ្ឌបាតប្បច្ច័យ ក៏​ដូចជា​បច្ច័យ​ទាំង​ឡាយ ៣​ទៀត​ដែរ ពោល​គឺ​គ្រាន់​តែ​ញ៉ាំង​រាងកាយ និង​ជីវិត​ឱ្យ​តាំង​នៅ​ដើម្បី​ប្រតិបត្តិ​ធម៌ ជម្រះ​ចិត្ត​ឱ្យ​បរិសុទ្ធ​ផូរផង់​ប្រាសចាក​រាគៈ ទោសៈ មោហៈ ដែល​ជា​ឫសគល់​នៃ​គ្រឿង​សៅហ្មង​នានា។

ក្នុង​ពុទ្ធសាសនា​អធិប្បាយ​ដោយ​សេចក្ដី​ធៀប​ថា ដំណើរ​នៃ​ហ្វូង​សត្វ​ភមរជាតិ គឺ​ពពួក​ឃ្មុំ​ជាដើម​នេះ ដែល​ត្រាច់ចរ​ទៅ​ត្រឹបត្រង​លំអង​កេសរ​ផ្កា ដោយ​មិន​បណ្ដាល​ឱ្យ​អន្តរាយ​នូវ​ស្រទាប់ផ្កា​យ៉ាង​ណា​មិញ ភាព​បរិសុទ្ធ​ផូរផង់​នៃ​ដំណើរ​ត្រាច់​និមន្ត​បិណ្ឌបាត​របស់​ព្រះ​ភិក្ខុសង្ឃ​នៅ​តាម​និគម​ជនបទ​នានា ក៏​នឹង​មិន​ត្រូវ​ធ្វើ​ឱ្យ​សប្បុរសជន អ្នក​ម្ចាស់​ទាន មាន​ក្តី​រង្កៀស​ដោយ​ប្រការ​ណា​មួយ ដោយ​ការ​សុំ​របស់​បព្វជិត​យ៉ាង​ដូច្នោះ​ដែរ។

ក្នុង​ពុទ្ធកិច្ច​៥​យ៉ាង ដែល​ព្រះសម្មាសម្ពុទ្ធ​តែង​ប្រព្រឹត្ត​ជា​ប្រចាំ​ក្នុង​ជីវិត​រស់​នៅ​របស់​ព្រះអង្គ គឺ​ពេល​ទៀប​ភ្លឺ (បច្ឆិមយាម) ទ្រង់​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ បន្ទាប់​មក​ពេល​ព្រឹក​ទ្រង់​និមន្ត​បិណ្ឌបាត។  ពេល​រសៀល ព្រះអង្គ​ទ្រង់​សំដែង​ធម្មទេសនា​ប្រោស​ពុទ្ធបរិស័ទ ពេល​យប់ (បឋមយាម) ទ្រង់​ប្រទាន​ឱវាទ​ចំពោះ​ភិក្ខុសង្ឃ និង​ពេល​ពាក់​កណ្ដាល​អធ្រាត្រ (មជ្ឈិមយាម) ទ្រង់​ដោះប្រស្នា​ទេវតា។

តើ​ទីណា​ខ្លះ​ដែល​គួរ និង​មិន​គួរ​ក្នុង​ការ​និមន្ត​បិណ្ឌបាត ដែល​ជា​កិច្ច​វត្ត​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា?  លោក​អ្នក​នាង​កញ្ញា​នឹង​បាន​អាន​និង​ស្ដាប់​ការ​អធិប្បាយ​ជុំវិញ​ប្រការ​នេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ខ្ញុំ​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល