តើ​ពុទ្ធ​បរិស័ទ​គួរ​យល់​ដឹង​អំពី​បញ្ញត្តិ​ទី​គោចរ​របស់​ភិក្ខុសង្ឃ​ក្នុង​ការ​និមន្ត​បិណ្ឌបាត​ឬ​ទេ?

ដោយ កេសរណ្ណីយ្យា
2016-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពុទ្ធ​បរិស័ទ​រាប់បាត្រ​នៅ​ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៥។
សកម្មភាព​ពុទ្ធ​បរិស័ទ​រាប់បាត្រ​នៅ​ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៥។
RFA

ក្នុង​ពុទ្ធសាសនា​មាន​វិន័យ​បញ្ញត្តិ​ជាច្រើន​ប្រការ​ទាក់ទង​នឹង​ការ​និមន្ត​គោចរ​បិណ្ឌបាត ដែល​ជា​កិច្ច​វត្ត​របស់​ព្រះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា ដើម្បី​ស្វែងរក​អាហារ​ភោជន​យក​មក​ទ្រទ្រង់​ជីវិត។ តើ​ការ​យល់​ដឹង​នូវ​បញ្ញត្តិ​ទាំង​នោះ​មាន​ប្រយោជន៍​យ៉ាង​ណា​ដែរ ចំពោះ​ពុទ្ធបរិស័ទ និង​សង្គម?

«ភ្លេង​ពិណពាទ្យ»

ដូនតា​ខ្មែរ​បាន​ណែនាំ​អប់រំ​កូន​ចៅ​តៗ​ជំនាន់ អំពី​ការ​ប្រព្រឹត្ត​ក្នុង​ជីវិត​រស់នៅ​ថា «វិន័យ​នាំ​មក​នូវ​សេចក្តី​ថ្លៃថ្នូរ» ដែល​មាន​ជាប់​ជា​សុភាសិត​បុរាណ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

សេចក្តី​មួយ​ផ្នែក​របស់​ពាក្យ «វិន័យ» បាន​ដល់​ច្បាប់​បញ្ញត្តិ ឬ​ច្បាប់​អនុញ្ញាត​សម្រាប់​បព្វជិត អ្នក​បួស​ក្នុង​ពុទ្ធសាសនា។ ន័យ​ផ្សេង​ទៀត​នៃ​ពាក្យ​នេះ គឺ​សំដៅ​ដល់​ការ​ដឹក​នាំ​ទៅ​រក​ផ្លូវ​ល្អ ច្បាប់​ប្រដៅ​ឲ្យ​ប្រព្រឹត្ត​ត្រឹមត្រូវ ច្បាប់​ប្រដៅ​ឲ្យ​សង្រួម​កាយ​វាចា​ឲ្យ​ត្រឹមត្រូវ និង​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​ជាអាទិ៍។

ក្នុង​ពុទ្ធសាសនា ត្រង់​សេចក្តី​ណែនាំ​ឲ្យ​មាន​ការ​សង្រួម​នេះ អាចារ្យ​បង្រៀន​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះសីហនុ​រាជ ក្រុង​បាត់ដំបង ភិក្ខុ បញ្ញា​វឌ្ឍនោ វី សុវិជ្ជា មាន​ថេរ​ដីកា​អំពី​ពុទ្ធ​បញ្ញត្តិ​ចំពោះ​ភិក្ខុ​ក្នុង​ការ​និមន្ត​បិណ្ឌបាត ដែល​ជា​គុណ​ប្រយោជន៍​ចំពោះ​បព្វជិត ព្រម​ទាំង​ពុទ្ធ​បរិស័ទ និង​សប្បុរសជន​ទាំងឡាយ​ដែល​បាន​ធ្វើ​ទាន​ជា​ចង្ហាន់​បិណ្ឌបាត​ដោយ​ក្តី​គោរព​ជ្រះ​ថ្លា៖ «ពរ! ការ​បិណ្ឌបាត​នេះ​មាន​សារសំខាន់​ច្រើន​សម្រាប់​អនុគ្រោះ​ដល់​ភិក្ខុ​សង្ឃ​ខ្លួន​ព្រះអង្គ គឺ​ព្រះអង្គ​បាន​បំពេញ​នូវ​បុណ្យ​កុសល គឺ​ដូចជា​នាំ​បុណ្យ​ដល់​ញាតិ​ញោម។ លោក​និមន្ត​ទៅ​បិណ្ឌបាត​ដោយ​សង្រួម​កាយ​សង្រួម​វាចា សង្រួម​ចិត្ត​ដ៏​ល្អ​សម​ជា​បដិគ្គាហក អ្នក​ទទួល ហើយ​និមន្ត​ទៅ​ជា​ការ​អនុគ្រោះ មិន​មែន​ជា​ការ​បង្ខិត​បង្ខំ ឬ​ចង់​បាន​របស់​របរ​ទាំង​នោះ ដើម្បី​សម្រាប់​ជា​តណ្ហា​សម្រាប់​បម្រើ​ឲ្យ​ទោសៈ លោភៈ មោហៈ ទេ គឺ​ព្រះ​ភិក្ខុ​សង្ឃ​និមន្ត​ទៅ​ទទួល​ចង្ហាន់ គ្រាន់​តែ​ឆាន់​ទៅ ដើម្បី​ទ្រទ្រង់​ជីវិត​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​តែ​ប៉ុណ្ណឹង ពរ

ទាក់ទង​នឹង​វិន័យ​បញ្ញត្តិ​ក្នុង​ការ​និមន្ត​ត្រាច់​បិណ្ឌបាត​របស់​ព្រះ​ភិក្ខុសង្ឃ អ្នក​កាន់​កម្មវិធី «ឧបាសក​ឧបាសិកា​ផ្កា​ឈូក» នៃ​វិទ្យុ​ព្រះពុទ្ធសាសនា ក្នុង​ក្រុង​សៀមរាប លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ អធិប្បាយ​អំពី​ចំណុច​សំខាន់ៗ​ភ្ជាប់​ជានិច្ច​នូវ​វិន័យ​ដ៏​តឹងរ៉ឹង ក្នុង​ការ​ស្វែងរក​អាហារ​ភោជន​ពី​សប្បុរស ដើម្បី​ឆាន់​ទ្រទ្រង់​រាង​កាយ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពពួក​ស្មូម​យាចក៖ «នៅ​ក្នុង​សេចក្តី​នេះ ទាក់ទង​នឹង​ការ​ត្រាច់​នៅ​ក្នុង​ស្រុក មាន​សិក្ខាបទ​ហាម​មិន​ឲ្យ​លោក​មើល​ឆ្ងាយ ដោយ​សេចក្តី​ថា ភិក្ខុ​គប្បី​ពិចារណា​ថា អាត្មា​អញ​មិន​សម្លឹង​មើល​ហួស​ពី ១​ជួរ​នឹម គឺ​ស្មើ​នឹង ៤​ហត្ថ។ គឺ​លោក​មិន​សម្លឹង​មើល​ហួស​ពី​ហ្នឹង​ទេ វារ​តែ​មាន​អន្តរាយ​ដូចជា​មាន​សត្វ​សាហាវ​អី​ហ្នឹង ទើប​លោក​អាច​មើល​ពី​ហ្នឹង ឬ​ក៏​ថា​លោក​ឈរ​ឲ្យ​ត្រង់​ស្ងៀម លោក​អាច​មើល​បាន។ បាទ! ចំពោះ​ការ​សូម​របស់​ភិក្ខុ​ទាំងឡាយ​ក៏​មាន​ឈ្មោះ​ថា​សូម​ដែរ ប៉ុន្តែ​ការ​សូម​នេះ គឺ​ត្រាច់​ទៅ​ឈរ​នៅ​នឹង​ផ្ទះ​របស់​អ្នក​ស្រុក មិន​ឆ្ងាយ​ពេក មិន​ជិត​ពេក ហើយ​ឈរ​នឹង គឺ​សូម្បី​តែ​ម្ចាស់ (ផ្ទះ) គេ​មិន​ឃើញ​ក៏ដោយ គឺ​លោក​មិន​ចេញ​ស្រដី​ពាក្យ​សូម​វត្ថុ​អី​ណា​មួយ​នោះ​ទេ»

ចំពោះ​វិន័យ​បញ្ញត្តិ «មិន​ចេញ​ស្រដី ឬ​ពាក្យ​សូម​វត្ថុ​អ្វី​មួយ​នេះ» ក្នុង​ការ​និមន្ត​គោចរ​បិណ្ឌបាត ប្រសិន​បើ​កូន​សិស្ស ឬ​លោក​អាចារ្យ​ដែល​ត្រាច់​ទៅ​តាម​ភិក្ខុសង្ឃ ហើយ​អំពាវនាវ​ស្រែក​ប្រាប់​ម្ចាស់​ផ្ទះ សូម​ចង្ហាន់​បិណ្ឌបាត តើ​បាន​ដែរ​ឬ​ទេ? លោកគ្រូ​ធម្មាចារ្យ លាវ សុមនោ បញ្ជាក់​អំពី​ប្រការ​នេះ៖ «បាទ! នេះ​គឺ​ជា​រឿង​កូន​សិស្ស កុំ​ឲ្យ​តែ​លោក​ប្រាប់​កូន​សិស្ស​ឲ្យ​ស្រែក​ប្រាប់​គេ គឺ​ជា​ការ​មិន​មាន​ក្នុង​លក្ខណៈ​ត្រឹមត្រូវ​របស់​ភិក្ខុ​ត្រាច់ចរ​ទៅ​បិណ្ឌបាត​ទេ។ មិន​បរិសុទ្ធ​នៅ​ក្នុង​លក្ខណៈ​នៃ​ការ​សូម​របស់​ភិក្ខុ គឺ​ជា​វត្ត​មួយ​ដែរ ក្នុង​បណ្ដា​វត្ត​ទាំង​១៤ ខន្ធ​ក​វត្ត គឺ​ត្រាច់ចរ​ដើម្បី​បិណ្ឌបាត​មិន​ឲ្យ​មាន​ចេញ​សំឡេង​ឲ្យ​គេ​ឮ​ទេ។ គឺ​និមន្ត​ទៅ​កាន់​ស្រុក​ហ្នឹង​ដោយ​សន្សឹមៗ ទោ​ចូល​ផ្ទះ​ហ្នឹង គឺ​កុំ​ឲ្យ​ឆាប់​ពេក កុំ​ឲ្យ​យូរ​ពេក​ដែរ។ បើ​សិន​ម្ចាស់ (ផ្ទះ) គេ​រវល់ គឺ​លោក​គប្បី​និមន្ត​សន្សឹមៗ តែ​បើ​សិន​ជា​គេ​ឃើញ​ហើយ គេ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ក៏​និមន្ត​ធម្មតា​ទៅ»

វិន័យ គឺ​ជា​ធម្មនុញ្ញ ជា​គោលការណ៍​គ្រឹះ ជា​របាំង​ការពារ​ដ៏​ប្រសើរ ជួយ​ទ្រទ្រង់​សីលធម៌​គុណធម៌​របស់​ភិក្ខុសង្ឃ ដែល​ពុទ្ធបរិស័ទ​តែង​គោរព​បូជា ជា​តំណាង​ព្រះពុទ្ធ​សាសនា មិន​ឲ្យ​ធ្លាក់​ចុះ​ចាក​ឧត្តមភាព។

ចំពោះ​សំណួរ​ថា តើ​ពុទ្ធបរិស័ទ​ជា​គ្រហស្ថ​អ្នក​គ្រប់គ្រង​ផ្ទះ គប្បី​សិក្សា​ស្វែង​យល់​អំពី​វិន័យ​របស់​ភិក្ខុ​សាមណេរ​ដែរ​ឬ​ទេ? សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ជំនួយការ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សួន ឱសថ បញ្ជាក់​ថា គឺ​ជា​ការ​សំខាន់​ណាស់​ដែល​បរិស័ទ​គប្បី​មាន​ការ​យល់​ដឹង​ពី​វិន័យ​ទាំង​នោះ ដោយ​ភ្ជាប់​ជាមួយ​ឧទាហរណ៍​ក្នុង​ការ​ដាក់​បាត្រ និង​បូជា​ទាន​ផ្សេងៗ៖ «សំណួរ​នេះ​ល្អ ព្រោះ​ថា​ពុទ្ធបរិស័ទ​អ្នក​ដែល​ផ្គត់ផ្គង់​ព្រះសង្ឃ ជាពិសេស​អ្នក​ដែល​គ្រប់គ្រង​ផ្ទះ​ហ្នឹង គឺ​ថា​ចាំបាច់​ណាស់​ត្រូវ​ដឹង​វិន័យ​របស់​អ្នក​បួស ព្រោះ​ថា​ដើម្បី​ទី​១ ឲ្យ​មាន​ការ​អនុគ្រោះ​ក្នុង​ការ​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក ដូចជា​ការ​ថ្វាយ​ទាន ប្រគេន​ចង្ហាន់​ដល់​ភិក្ខុសង្ឃ តើ​ត្រូវ​ប្រគេន​យ៉ាង​ម៉េច​គួរ​ដល់​ព្រះសង្ឃ​រួច​ចាក​ទោស​បាន​នោះ យើង​ត្រូវ​ប្រគេន​ទៅ​តាម​ហត្ថបាស បាន​ន័យ​ថា ឲ្យ​ត្រូវ​ហត្ថបាស​ក្នុង​ការ​ប្រគេន។ មួយ​ទៀត​នោះ កាល​ណា​យើង​ដឹង​វិន័យ​របស់​អ្នក​បួស លោក​អ្នក​បួស​នឹង​មាន​សេចក្តី​ព្យាយាម​ធ្វើ​ចិត្ត​គេច​ឲ្យ​ផុត ពីព្រោះ​ថា​អាបត្តិ​ដោយសារ​វិន័យ​ហ្នឹង ពុទ្ធបរិស័ទ​គេ​ដឹង​ថា ធ្វើ​យ៉ាង​នេះ​ខុស ធ្វើ​យ៉ាង​នេះ​ត្រូវ ដូច្នេះ​អាត្មា​អញ​មិន​គប្បី​ធ្វើ​ឲ្យ​កន្លង​ទេ»

សេចក្តី​នៅ​ក្នុង​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​គូស​បញ្ជាក់​ថា គ្រប់​វិន័យ​ទាំងអស់​ទាល់​តែ​មាន​ហេតុ​កើត​ឡើង​ជា​មុន ទើប​ព្រះសម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​ត្រាស់​បញ្ញត្តិ​ចំពោះ​ភិក្ខុសង្ឃ​ជា​ក្រោយ។ ភិក្ខុ​មហា​ធម្មលង្ការោ ចាន់ សុជន គង់​នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ថេរ​ដីកា​អំពី​ការ​ចូលរួម​របស់​ពុទ្ធ​បរិស័ទ​នា​សម័យ​ពុទ្ធកាល ដែល​ជា​ដើម​ហេតុ​ឲ្យ​មាន​វិន័យ​បញ្ញត្តិ​ជាច្រើន​ប្រការ​ជាប់​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៖ «នៅ​ក្នុង​រឿង​គ្រហស្ថ​ដែល​ជា​ពុទ្ធ​បរិស័ទ គឺ​គួរ​តែ​ដឹង គួរ​តែ​រៀន គួរ​តែ​សិក្សា​នៅ​ក្នុង​ព្រះ​វិន័យ ជាពិសេស​ទាក់ទង​នឹង​អគោចរ​ឋាន​កន្លែង​ដែល​ភិក្ខុ​សង្ឃ​មិន​គួរ​និមន្ត​ទៅ ជាពិសេស​គឺ​ត្រាច់ចរ​បិណ្ឌបាត​នេះ។ ដែល​ត្រូវ​តែ​ដឹង​ហ្នឹង ត្រង់​ថា​ពុទ្ធបរិស័ទ​ជា​ភ្នែក​ជា​ត្រចៀក​សម្រាប់​ជួយ​ដល់​ព្រះសង្ឃ។ អាត្មា​ឃើញ​ចំណុច​មួយ ឧបាសិកា​វិសាខា​គាត់​ឈ្លាស​ក្នុង​វិន័យ សូម្បី​តែ​រឿង​អគោចរ​ឋាន កន្លែង​ដែល​ភិក្ខុសង្ឃ​មិន​គួរ​និមន្ត​ត្រាច់ចរ​ទៅ​ហ្នឹង ក៏​បណ្ដាល​មក​ពី​ឧបាសិកា​វិសាខា​ហ្នឹង​ដែរ ជាដើម ដែល​ធ្វើ​ឲ្យ​រឿងរ៉ាវ​ទាំងឡាយ​ហ្នឹង​មិន​គួរ​គប្បី មិន​ជា​ទីតាំង​នៃ​សេចក្តី​ជ្រះ​ថ្លា​របស់​បរិស័ទ​ទូទៅ បាន​ជា​ដឹង​ដំណឹង​ហ្នឹង​ទៅ​ដល់​ព្រះសម្មាសម្ពុទ្ធ ព្រោះ​ហេតុ​ដូច្នេះ​ទើប​ព្រះអង្គ​បញ្ញត្តិ​សិក្ខាបទ​ហ្នឹង​មក»

ភិក្ខុ​មហា​ធម្មលង្ការោ ចាន់ សុជន មាន​ថេរ​ដីកា​រំឭក​អំពី​ការ​ពោល​សរសើរ​របស់​ព្រះសម្មាសម្ពុទ្ធ​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ដែល​បាន​ប្រាប់​នូវ​ទោស​កំហុស​ដល់​អ្នក​ដទៃ ថា​ជា​ការ​បង្ហាញ​នូវ​កំណប់​ទ្រព្យ​ដ៏​ប្រសើរ ព្រោះ​បាន​រំឭក​ដល់​បុគ្គល​ដែល​ធ្វើ​ខុស​ឲ្យ​បាន​ដឹង ហើយ​កែ​តម្រង់​នូវ​សេចក្តី​ឆ្គាំឆ្គង​នោះ។

តាម​ពុទ្ធ​បញ្ញត្តិ​មាន ៦​កន្លែង​ដែល​ភិក្ខុ​មិន​គប្បី​និមន្ត​ទៅ​បិណ្ឌបាត គឺ​ទី​១ កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កា​មាស។ ទី​២ កន្លែង​ស្ត្រី​មេម៉ាយ។ ទី​៣ គឺ​កន្លែង​ស្ត្រី​ដែល​នៅ​ក្រមុំ។ ទី​៤ កន្លែង​ខ្ទើយ។ ទី​៥ កន្លែង​ភិក្ខុនី និង​ទី​៦ កន្លែង​លក់​សុរា។ ក្រៅ​ពី​ទីតាំង ៦ នោះ នៅ​មាន​កន្លែង​ជាច្រើន​ទៀត​រួម​មាន កន្លែង​ហ្វឹកហាត់​បន្ទាយ​ទាហាន កន្លែង​សាស្ត្រាវុធ ទីផ្សារ​លក់​សម្លៀកបំពាក់ ត្រី​សាច់ ជាដើម ដែល​ភិក្ខុ​គប្បី​ចៀសវាង​ក្នុង​ការ​និមន្ត​បិណ្ឌបាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល