តើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ ២០១៩ ឬ H.R. 526 ជា​អ្វី?

ដោយ មួង ណារ៉េត
2019-02-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។
លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។
Screenshot from Ted Yoho facebok

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា សមាជិក​រដ្ឋសភា​ទាំង​ពីរ​គណបក្ស បាន​ដាក់​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា​កន្លង​ទៅ​នេះ។

តើ​ច្បាប់​នេះ មាន​គោលដៅ និង​នីតិវិធី​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ (Cambodia Democracy Act of 2019) H.R. 526 គឺ​ជា​សេចក្ដី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​សហរដ្ឋ​អាមេរិក អនុម័ត​ជា​ឯកច្ឆន្ទ​ម្ដង​រួច​ទៅ​ហើយ នៅ​ចុង​អាណត្តិ​ទី ១១៥ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨។ កាល​ណោះ ច្បាប់​នោះ​មាន​ឈ្មោះ​ថា “ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨ ឬ H.R 5754។ ច្បាប់​នោះ បាន​ទៅ​ដល់​ដៃ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ ព្រឹទ្ធសភា មិន​ទាន់​បាន​អនុម័ត​នៅ​ឡើយ ហើយ​អាណត្តិ​ចាស់​នោះ ក៏​បាន​ផុត​នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៨។

តាម​នីតិវិធី​រដ្ឋសភា​អាមេរិក កាល​ណា​សេចក្ដី​ស្នើ​ច្បាប់​ណា​មួយ មិន​បាន​ឆ្លង​ការ​អនុម័ត​ជា​ស្ថាពរ នៅ​ក្នុង​អាណត្តិ​ដដែល​នោះ សមាជិក​សភា​ត្រូវ​ស្នើ​ច្បាប់​នោះ​ជា​ថ្មី នៅ​ក្នុង​សភា​អាណត្តិ​ថ្មី។

សភា​អាណត្តិ​ថ្មី នីតិកាល​ទី ១១៦ ចាប់​ផ្ដើម​កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។ មួយ​សប្ដាហ៍​ក្រោយ​មក តំណាង​សាស្ត្រា​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​លោក ថិត យ៉ូហូ (Ted YOHO) បាន​ដាក់​សេចក្ដី​ស្នើ​ច្បាប់​ដដែល​នេះ ដោយ​គ្រាន់​តែ​ប្ដូរ​ឆ្នាំ ប៉ុន្តែ​រក្សា​ខ្លឹមសារ​ទាំងស្រុង​ឲ្យ​នៅ​ដដែល។

ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ នេះ​មាន​គោល​ដៅ “ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​ស្ដារ​ការ​គោរព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា»

លោក ថិត យ៉ូហូ (Ted YOHO) ថា ច្បាប់​នេះ គឺ​ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​នៃ​របប​នេះ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ដែល​បាន​ចូល​ដៃ បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប ទៅ​តាម​សំណូមពរ​របស់​អ្នក​និយម​ប្រជាធិបតេយ្យ ជា​ពិសេស​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រង​ភាព​អយុត្តិធម៌ ក្រោម​របប​ដឹក​នាំ​ផ្ដាច់ការ​របស់​របប​លោក ហ៊ុន សែន៖ «សហគមន៍​ខ្មែរ​យ៉ាង​ច្រើន​លើសលប់ នៅ​សហរដ្ឋ​អាមេរិក ចង់​បាន​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។ ពួក​គាត់​ជា​ច្រើន បាន​មក​ជួប​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ។ ពួក​គាត់​គាំទ្រ​ច្បាប់​នេះ ព្រោះ​គាត់​ជឿ​ជាក់​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​នេះ ពិត​ជា​អាច​ជួយ​កម្ពុជា ស្ដារ​ស្ថានភាព​អាក្រក់​នៅ​កម្ពុជា​បាន។ ដូច​លោក​ដឹង​ស្រាប់​ហើយ ការ​បោះ​ឆ្នោត​កន្លងទៅ គឺ​ជា​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​គួរ​ឲ្យ​អាម៉ាស់ ដែល​មេ​ដឹក​នាំ​ផ្ដាច់​ការ​លោក ហ៊ុន សែន រម្លាយ​សំឡេង​ប្រឆាំង រួច​ហើយ​រៀបចំ​បោះ​ឆ្នោត ដោយ​គ្មាន​បក្ស​ប្រឆាំង។ ក្រោយ​បោះ​ឆ្នោត​រួច លោក ហ៊ុន សែន បែរ​ជា​បន្ទន់​ឥរិយាបថ ចង់​បើក​ចំហ​សេរីភាព​វិញ​ខ្លះ។ ប៉ុន្តែ ជិត​ដល់​បោះ​ឆ្នោត​ទៀត គាត់​ធ្វើ​ដដែល​ទៀត។ លោក ហ៊ុន សែន កាន់​អំណាច​តាំង​ពី​ឆ្នាំ ១៩៨៥ ប៉ុន្តែ បើ​មើល​កម្រិត​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ នៅ​តែ​រក​ប្រាក់​ចំណូល​បាន​ទាប​ជាង​គេ លើ​ពិភព​លោក។ នេះ​គឺ​ដោយសារ​តែ​លោក ហ៊ុន សែន គាត់​ខ្វល់​តែ​បុគ្គល ហ៊ុន សែន មិន​ខ្វល់​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ទេ។ ឥឡូវ​គាត់​ក្លាយ​ជា​កូន​ជឹង​របស់​ចិន​ទៀត។ ឲ្យ​តែ​ចិន​ឲ្យ​ធ្វើ​អ្វី គាត់​ធ្វើ​តាម​ហ្នឹង។ គួរ​ឲ្យ​អនិច្ចា​ណាស់​រឿង​នេះ

ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន​ពីរ​ធំៗ គឺ​ទី​មួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឲ្យ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ ចូល​ទឹក​ដី​អាមេរិក និង​ទី​ពីរ គឺ​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ។

គិត​ត្រឹម​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ មាន​តំណាង​រាស្ត្រ​អាមេរិក​ទាំង​ពីរ​គណបក្ស គឺ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​ចំនួន​ប្រាំ​នាក់ បាន​ចុះ​ហត្ថលេខា​គាំទ្រ​ ទៅ​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ។ សមាជិក​សភា​ទាំង​នោះ រួម​មាន​ពីរ​រូប​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក ស្ទីវ ឆាបុត (Steve Chabot) និង លោក ​ម៉ៃឃើល ម៉ាកខល (Michael T. McCaul) និង​បី​រូប​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal), លោក អ៊ីលៀត អិនង៉ិល (Eliot Engel), និង លោក ប្រ៊ែដ ស្ស៊ើម៉ែន (Brad Sherman)

តើ​ទម្រាំ​ច្បាប់​នេះ ចូលជាធរមាន ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​អ្វី​ខ្លះ?

ច្បាប់​ដែល​សមាជិក​សភា ជា​អ្នក​ស្នើ​ឡើង​នេះ គឺ​ផ្ដើម​ដោយ​អក្សរ H.R. (House of Representatives ឬ​រដ្ឋសភា​នេះ) ត្រូវ​ឆ្លង​កាត់​បួន​ដំណាក់​កាល។ ដំណាក់​កាល​ដំបូង គឺ​ដាក់​ស្នើ​ច្បាប់​នេះ។ ដំណាក់​ទី​ពីរ គឺ​សភា​អនុម័ត។ ដំណាក់​កាល​ទី​បី ព្រឹទ្ធសភា​អនុម័ត។ ចុង​ក្រោយ​ប្រធានាធិបតី ចុះ​ហត្ថលេខា ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ។

ឥឡូវនេះ ច្បាប់​នេះ​បាន​ឆ្លង​ផុត​ដំណាក់​កាល​ទី​មួយ​ហើយ។ ដំណាក់​កាល​ទីពីរ និង ទីបី អាច​ប្រព្រឹត្ត​ទៅ​ឆាប់ ឬ យូរ អាស្រ័យ​ទៅ​លើ​ការ​ជំរុញ​ពី​តំណាង​រាស្ត្រ ដែល​ស្នើ​ច្បាប់ និង​តំណាង​រាស្ត្រ​ដែល​គាំទ្រ​សេចក្ដី​ស្នើ​ច្បាប់​នេះ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ពលរដ្ឋ​ខ្មែរ-អាមេរិក​ទូទៅ អាច​ជួយ​ជំរុញ​ឲ្យ​ច្បាប់​នេះ​ចេញ​ឆាប់ ដោយ​សរសេរ​ញត្តិ​ទៅ​កាន់​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ឬ​តំបន់​របស់​ខ្លួន ឬ​ណាត់​ជួប​តំណាង​រាស្ត្រ​ទាំង​នោះ ដោយ​បញ្ជាក់​អំពី​គោល​បំណង ដែល​ចង់ឲ្យ​ប្រញាប់​អនុម័ត​ច្បាប់​នេះ។

ក្រោយ​ពី​ស្ថាប័ន​សភា និង​ព្រឹទ្ធសភា​អនុម័ត​រួច ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ប្រធានាធិបតី​មាន​ជម្រើស​បី។ ទី​មួយ ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ ដើម្បី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ។ ទី​ពីរ​ជំទាស់​ច្បាប់​នោះ ដោយ​ប្រើ​សិទ្ធិ​វ៉េតូ (veto) រួច​បញ្ជូន​វា​ត្រឡប់​ទៅ​សភា និង​ព្រឹទ្ធសភា​វិញ។ បើ​មតិ ២ ភាគ ៣ នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​តែ​គាំទ្រ​ច្បាប់​នោះ ការ​ជំទាស់​របស់​ប្រធានាធិបតី គ្មាន​ប្រសិទ្ធភាព។ ច្បាប់​នោះ​នឹង​ចូល​ជា​ធរមាន។ ទីបី ប្រធានាធិបតី មិន​ចាំបាច់​ធ្វើ​អ្វី​សោះ។ ក្នុង​ករណី​ដែល​ប្រធានាធិបតី​មិន​ធ្វើអ្វី​សោះ​នេះ ក្រោយ​ពី​ច្បាប់​នេះ​បាន​ដល់​ដៃ​ប្រធានាធិបតី ១០ថ្ងៃ វា​នេះ​នឹង​ចូល​ជា​ធរមាន ដោយ​ស្វ័យប្រវត្តិ។

លោក ថិត យ៉ូហូ (Ted YOHO) មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា ច្បាប់​នេះ​នឹង​ត្រូវ​សភា និង​ព្រឹទ្ធសភា​អនុម័ត​ដោយ​គ្មាន​ជំទាស់ ឬ​អល់អែក​អ្វី​នោះ​ឡើយ៖ «ខ្ញុំ​សង្ឃឹម 100% ថា ច្បាប់​នេះ​នឹង​ត្រូវ​រដ្ឋសភា​យល់​ព្រម​ជា​ឯកច្ឆន្ទ។ ខ្ញុំ​សង្ឃឹម ៩៨% ថា ព្រឹទ្ធសភា​នឹង​យល់​ស្រប​តាម​សំណើ​នេះ​ដែរ។ ក្រោយ​មក​ច្បាប់​នេះ នឹង​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ចូល​ជា​ធរមាន។ ដូច្នេះ ខ្ញុំ​រំពឹង​ថា នៅ ៦ខែ ឬ​មួយ​ឆ្នាំ មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន»

ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២០។

សហរដ្ឋអាមេរិក គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ ក្នុង​ចំណោម​ប្រទេស ១៩ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ ១៩៩១។ កិច្ច​ព្រមព្រៀង​នោះ គឺ​ដើម្បី​រក​ដំណោះ​ស្រាយ​រួម បិទ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ នៃ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ដោយ​កម្ពុជា​សន្យា​ស្ការ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន ដោយ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ប៉ុន្តែ រយៈ​ពេល​ជាង​មួយ​ឆ្នាំ ចុង​ក្រោយ​នេះ ពោល​គឺ ២៥ឆ្នាំ​ក្រោយ​មាន​កិច្ច​ព្រមព្រៀង​នេះ របប​លោក ហ៊ុន សែន រង​ការ​រិះគន់ និង​ថ្កោល​ទោស​ជុំ​ទិស ដោយ​សារ​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដែល​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក អារិន ស្វាតចេស (Arend Zwartjes) បាន​ឱ្យ​អាស៊ី​សេរី​ដឹង​កាល​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ សហរដ្ឋ​អាមេរិក​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ចង់​ឃើញ​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា។ លោក​បន្ថែម​ថា ជាអកុសល រដ្ឋាភិបាល​កម្ពុជា មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដូច​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ដើម្បី​ការពារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ។

សហរដ្ឋអាមេរិក មាន​យន្តការ​ច្បាប់​ជា​ច្រើន ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​រក​គន្លង​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ រួម​ទាំង​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ផង។ យន្តការ​ច្បាប់​ទាំង​នោះ រួម​មាន​ទាំង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល