"វៀតណាម​បន្ត​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម"

ដោយ យាង សុជាមេត្តា
2016-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​កម្លាំង​សមត្ថកិច្ច​រុញ​ច្រាន​គ្នា ខណៈ​ក្រុម​អ្នក​តវ៉ា​ចង់​ចូល​ជិត​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម។
ព្រះសង្ឃ និង​កម្លាំង​សមត្ថកិច្ច​រុញ​ច្រាន​គ្នា ខណៈ​ក្រុម​អ្នក​តវ៉ា​ចង់​ចូល​ជិត​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម តវ៉ា​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម។
Photo: RFA

បញ្ហា​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម នៅ​តែ​ជា​ប្រធានបទ​នៃ​ការ​បកស្រាយ​ផ្ទុយ​គ្នា​រវាង​ជនជាតិ​ខ្មែរ និង​វៀតណាម។ បើ​ទោះ​ជា​អ្នក​ប្រវត្តិសាស្ត្រ​ភាគ​ច្រើន​លើក​ឡើង​ថា ដែនដី​កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹកដី​របស់​កម្ពុជា ក៏ដោយ រដ្ឋាភិបាល​វៀតណាម នៅ​តែ​ព្យាយាម​លាក់បាំង​បញ្ហា​នេះ ដោយ​ចង់​បំបាត់​ដាន​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​យល់​ថា ទឹកដី​កម្ពុជា​ក្រោម ជា​ដី​ភូមិសាស្ត្រ​របស់​វៀតណាម។ រដ្ឋាភិបាល​វៀតណាម លើក​ឡើង​ថា ពលរដ្ឋ​វៀតណាម គឺ​ជា​អ្នក​ចូល​រុករាន​កាប់​ឆ្ការ​ព្រៃ បង្កើត​សហគមន៍​កាន់កាប់​នៅ​ទី​នោះ តាំង​ពី​ដើម​មក។

តើ​ខ្មែរ​ក្រោម​ប្រតិកម្ម​បែប​ណា​ចំពោះ​បញ្ហា​នេះ?

បើ​ទោះ​ជា​កន្លង​មក​ព្រះសង្ឃ និង​ពលរដ្ឋ បាន​ផ្ទុះ​ឡើង​ធ្វើ​បាតុកម្ម​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោស​ពី​រឿង​ដែល​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម​ក្ដី មក​ទល់​ពេល​នេះ មិន​ត្រឹមតែ​មិន​សុំទោស​នោះ​ទេ រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​បំភ្លៃ​ប្រវត្តិសាស្ត្រ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភ័ន្តច្រឡំ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម។

ជាក់ស្ដែង​នៅ​លើ​គេហទំព័រ​ឈ្មោះ​ក្រាំង​ព័ត៌មាន​អេឡិចត្រូនិក​ខេត្ត​ត្រាវិញ បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​រៀបរាប់​ពី​ទឹកដី​ខេត្ត​ព្រះត្រពាំង ដែល​សព្វថ្ងៃ​វៀតណាម ហៅ​ថា ខេត្ត​ត្រាវិញ​នោះ រដ្ឋាភិបាល​វៀតណាម ក៏​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន។

រដ្ឋាភិបាល​វៀតណាម លើក​ឡើង​ថា ចាប់​ពី​សតវត្ស​ទី​១ ដល់​សតវត្ស​ទី​៧ ដែនដី​សណ្ដ​ទន្លេ​មេគង្គ បច្ចុប្បន្ន​វៀតណាម ហៅ​ថា វាលរាប​ទន្លេ​គីវឡុង (Cuu Long) ត្រូវ​បាន​គ្រប់គ្រង​ដោយ​រាជាណាចក្រ​ហ៊្វូណន។ ប្រភព​ដដែល​បរិយាយ​បន្ត​ថា ចាប់ពី​ដើម​សតវត្ស​ទី​៧ ដែនដី​សណ្ដ​ទន្លេ​មេគង្គ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ចេនឡា​ក្រោយ​ពី​ចេនឡា​បាន​វាយ​កម្ទេច និង​ដណ្ដើម​យក​នគរ​ហ៊្វូណន។ ប៉ុន្តែ​ដោយសារ​ប្រទេស​ចេនឡា តែង​ផ្ដុំ​កម្លាំង​អភិវឌ្ឍ​តំបន់​ទន្លេសាប និង​ខិតខំ​បើក​ទូលាយ​ឆ្ពោះ​ទៅ​ទិស​ខាងលិច​នោះ នៅ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ ឬ​កម្ពុជា​ក្រោម មិន​ទាន់​មាន​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ដោយ​ពិតប្រាកដ​របស់​ប្រទេស​ចេនឡា នៅ​ឡើយ។

​លុះ​ចាប់ពី​សម័យ​ចេនឡា​នេះ​មក រដ្ឋាភិបាល​វៀតណាម មិន​បាន​រៀបរាប់​ពី​ការ​គ្រប់គ្រង​របស់​កម្ពុជា លើ​ដែនដី​កម្ពុជា​ក្រោម​ទេ តែ​គេ​ហក់​ចូល​និយាយ​ពី​សតវត្ស​ទី​១៧ តែម្ដង។ ពួកគេ​ថា ចាប់​ពី​សតវត្ស​ទី​១៧ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ដែនដី​សណ្ដ​ទន្លេ​មេគង្គ​បាន​ក្លាយ​ជា​ចំណែក​មួយ​របស់​ប្រទេស​វៀតណាម។ ពួកគេ​ថា ពី​ដើម​ឡើយ​ជនជាតិ​វៀតណាម ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជនជាតិ​កិញ (Kinh) ជា​អ្នក​បាន​ចូល​មក​កាប់ឆ្ការ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ទី​នោះ។ លើស​ពី​នេះ ពួកគេ​ថា ទំនាក់ទំនង​មេត្រីភាព​រវាង​រជ្ជកាល​ស្ដេច​វៀតណាម ង្វៀន (Nguyne) និង​រជ្ជកាល​ចេនឡា បាន​បង្ក​លក្ខណៈ​ឲ្យ​ជនជាតិ​វៀតណាម មក​ស្នាក់​នៅ​លើ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ។

​សរុប​សេចក្ដី​មក រដ្ឋាភិបាល​វៀតណាម អះអាង​ថា ប្រវត្តិសាស្ត្រ​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ​វៀតណាម ហៅ​ថា តំបន់​ណាមបូ (Nam Bo) បាន​ឆ្លងកាត់ ៣​ដំណាក់កាល​ហើយ​រហូត​មក​ទល់​ពេល​នេះ គឺ​ដំណាក់កាល​ហ៊្វូណន ចេនឡា និង​វៀតណាម។ ពួកគេ​សង្កត់​ធ្ងន់​ថា ប្រការ​សំខាន់​គឺ​ជនជាតិ​វៀតណាម បាន​មក​កាន់កាប់ និង​រួម​ប្រាស្រ័យ​ក្នុង​ការ​កាប់​ឆ្ការ​ដី​តំបន់​នោះ​ដោយ​គ្មាន​ប្រើ​អាវុធ និង​ធ្វើ​សង្គ្រាម​ឡើយ គឺ​ដោយ​មាគ៌ា​សន្តិភាព និង​មាន​កិច្ចសហការ​នឹង​បណ្ដា​ជនជាតិ​ផ្សេងៗ។ ពួក​គេ​ថា តាម​រយៈ​ទឡ្ហីករណ៍​ទាំង​អស់​នេះ​ហើយ​ដែល​បញ្ជាក់​ថា វៀតណាម​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​នៅ​លើ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ។

យ៉ាង​ណា​ក៏ដោយ ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម​ នេះ គឺ​ផ្ទុយ​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម និង​ប្រវត្តិសាស្ត្រ​ផ្ទាល់​ខ្លួន​របស់​ប្រទេស​វៀតណាម ខ្លួន​ឯង។

វៀតណាម​លើក​ឡើង​ថា ដោយសារ​ប្រទេស​ចេនឡា​តែង​ផ្ដុំ​កម្លាំង​អភិវឌ្ឍ​តំបន់​ទន្លេសាប និង​ខិតខំ​បើក​ទូលាយ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​នោះ នៅ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ ឬ​កម្ពុជា​ក្រោម មិន​ទាន់​មាន​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​ដោយ​ពិត​ប្រាកដ​របស់​ប្រទេស​ចេនឡា នៅ​ឡើយ។ ប្រការ​នេះ គឺ​មិន​ពិត​នោះ​ទេ ព្រោះ​ថា ខ្មែរ​បាន​បង្កើត​នគរ​ដំបូង​របស់​ខ្លួន​ដែល​គេ​ស្គាល់​ថា ជា​នគរ​ហ៊្វូណន តាំង​ពី​សតវត្ស​ទី​១ មក​ម្ល៉េះ ហើយ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​លើ​ដែនដី​សណ្ដ​ទន្លេ​មេគង្គ​នោះ​រួច​បាត់​ទៅ​ហើយ។ ជាក់ស្ដែង នៅ​ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង វត្ត​ខ្មែរ​មួយ​ឈ្មោះ​ថា វត្ត​សម្បួររង្សី ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​កសាង​តាំង​ពី​ឆ្នាំ​៣៧៣ នៃ គ.ស. គឺ​តាំង​ពី​សម័យ​នគរ​ភ្នំ ឬ​ហ៊្វូណន​នេះ​ឯង ហើយ​វត្ត​នេះ​នៅ​មាន​រូបរាង​រហូត​មក​ទល់​សព្វថ្ងៃ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ខ្មែរ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​មាន​វត្តមាន​នៅ​ទី​នោះ​តាំង​ពី​យូរ​មក​ហើយ មុន​ពេល​មាន​ជនជាតិ​វៀតណាម ចូល​មក​ដល់។

​រដ្ឋាភិបាល​វៀតណាម អះអាង​ដែរ​ថា ទំនាក់ទំនង​មេត្រីភាព​រវាង​រជ្ជកាល​ស្ដេច​វៀតណាម ង្វៀន និង​រជ្ជកាល​ចេនឡា បាន​បង្ក​លក្ខណៈ​ឲ្យ​ជនជាតិ​វៀតណាម មក​ស្នាក់​នៅ​លើ​ដែនដី​ទន្លេ​មេគង្គ។ ការ​លើក​ឡើង​នេះ គឺ​ខុស​ស្រឡះ​ទាំង​ស្រុង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង។ សម័យ​ចេនឡា​នៅ​កម្ពុជា ចាប់​ផ្ដើម​ពី​សតវត្ស​ទី​៦ ដល់​ទី​៨ នៃ គ.ស. គឺ​មាន​រូបរាង​តាំង​ពី​មុន​ពេល​ជនជាតិ​វៀតណាម មាន​រដ្ឋ​ឯករាជ្យ​ផ្ទាល់ខ្លួន​បែក​ចេញ​ពី​ចិន នៅ​សតវត្ស​ទី​១០ ទៅ​ទៀត។ បើ​ដូច្នេះ តើ​មាន​ស្ដេច​វៀតណាម ឯ​ណា​ទៅ​ទាក់ទង​ជាមួយ​ស្ដេច​ខ្មែរ​សម័យ​ចេនឡា​នោះ?

លើស​ពី​នេះ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​វៀតណាម រជ្ជកាល​ស្ដេច ង្វៀន គឺ​ចាប់​ផ្ដើម​គ្រប់គ្រង​ប្រទេស​វៀតណាម ចាប់​ពី​ឆ្នាំ​១៨០២ ប៉ុណ្ណោះ។ តើ​វា​អាច​ទៅ​រួច​ដែរ​ទេ ដែល​មាន​ស្ដេច​វៀតណាម នៅ​ដើម​សតវត្ស​ទី​១៩ ទៅ​ទាក់ទង​ជាមួយ​ស្ដេច​ខ្មែរ​នៅ​សតវត្ស​ទី​៦ ដល់​ទី​៩ ដែល​គ្រប់គ្រង​ប្រទេស​ក្នុង​សម័យកាល​ខុស​គ្នា​សឹង​ជាង ១​ពាន់​ឆ្នាំ​ដូច​នេះ។

លើស​ពី​នេះ រដ្ឋាភិបាល​វៀតណាម បញ្ជាក់​ថា ប្រវត្តិសាស្ត្រ​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ​វៀតណាម ហៅ​ថា តំបន់​ណាមបូ បាន​ឆ្លងកាត់ ៣​ដំណាក់កាល​ហើយ រហូត​មក​ទល់​ពេល​នេះ គឺ​ដំណាក់កាល​ហ៊្វូណន ចេនឡា និង​វៀតណាម នោះ។ បើ​ដូចជា​ការ​អះអាង​របស់​រដ្ឋាភិបាល​វៀតណាម មែន​នោះ ប្រការ​នេះ​មាន​ន័យ​ថា គ្មាន​ឡើយ​សម័យ​មហានគរ ឬ​សម័យ​អាណាចក្រ​ខ្មែរ ដែល​គ្រប់គ្រង​ទឹក​ដី​លាតសន្ធឹង​រហូត​ដល់​ដែនដី​កម្ពុជា​ក្រោម ឬ​គ្មាន​ឡើយ​នគរ​ចំប៉ា របស់​ជនជាតិ​ចាម ដែល​ត្រូវ​បាន​វៀតណាម លេប​ត្របាក់​យក​មុន​ពេល​ពួកគេ​ចូល​មក​ឈ្លានពាន​យក​ដែនដី​កម្ពុជា​ក្រោម​នោះ។

អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ណា​ក៏​ដឹង​ដែរ​ថា មុន​ពេល​មក​ដល់​កម្ពុជា​ក្រោម ជនជាតិ​វៀតណាម ត្រូវ​ឆ្លង​កាត់​នគរ​ចំប៉ា​ជា​មុន​សិន។   ជាង​នេះ​ទៀត រដ្ឋាភិបាល​វៀតណាម​ថា ជនជាតិ​វៀតណាម បាន​ចូល​មក​កាន់កាប់ និង​រួម​ប្រាស្រ័យ​ក្នុង​ការ​កាប់​ឆ្ការ​ដី​នៅ​កម្ពុជា​ក្រោម​ដោយ​គ្មាន​ប្រើ​អាវុធ និង​ធ្វើ​សង្គ្រាម​ឡើយ គឺ​ដោយ​មាគ៌ា​សន្តិភាព និង​មាន​កិច្ចសហការ​នឹង​បណ្ដា​ជន​ជាតិ​ផ្សេងៗ។

​ជា​ការ​ពិត​ណាស់ នៅ​ក្នុង​សតវត្ស​ទី​១៧ ប្រទេស​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ប្រទេស​សៀម ដែល​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​នោះ គឺ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌ និង​រាជបុត្រ​ព្រះអង្គ​ព្រះបាទ​ជ័យ ជេដ្ឋា​ទី​២ ត្រូវ​សម្រេច​ព្រះទ័យ ចង​ស្ពាន​មេត្រី​ជាមួយ​ស្ដេច​វៀតណាម ដើម្បី​ពឹង​ពួកគេ​មក​ទប់​ទល់នឹង​ឥទ្ធិពល​របស់​សៀម។ បើ​ទោះ​ជា​ព្រះមហាក្សត្រ​ខ្មែរ​បាន​ឲ្យ​ស្ដេច​វៀតណាម ខ្ចី​ហាត់​ទ័ព​ដែល​ក្រោយ​មក​ត្រូវ​បាន​ស្ដេច​វៀតណាម បញ្ជូន​ពលរដ្ឋ​ខ្លួន​មក​រស់​នៅ​ក្តី ប៉ុន្តែ​វៀតណាម មិន​បាន​ធ្វើ​ឲ្យ​ខ្មែរ​បាន​សុខ​ឡើយ។

​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ប្រាកដ​ជា​ដឹង​ថា  មាន​រឿងរ៉ាវ​ច្រើន​ណាស់​ដែល​ជនជាតិ​វៀតណាម បាន​ធ្វើ​បាប​ខ្មែរ​ក្រោម ក្នុង​នោះ​មាន​តាំងពី​ព្រឹត្តិការណ៍​កំពប់​តែអុង ការ​បង្ខំ​ឲ្យ​ខ្មែរ​ជីក​ព្រែក​វិញតេ (Vinh Te) រួច​ទម្លាយ​ទំនប់​ទឹក​សម្លាប់​ខ្មែរ ការ​ដើរ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ឲ្យ​ឧកញ៉ា សឺន គុយ ចេញ​ប្រគល់​ខ្លួន និង​ការ​ប៉ុនប៉ង​កម្ទេច​វត្ត​អារាម លុប​បំបាត់​វប្បធម៌​ខ្មែរ​ក្រោម​ជាដើម។ ទាំង​អស់​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា វៀតណាម​មិន​បាន​ប្រកាន់​យក​មាគ៌ា​សន្តិភាព​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​នោះ​ទេ។

ប្រហែលជា​ដោយសារ​តែ​រដ្ឋាភិបាល​វៀតណាម ប្រឌិត​ឡើង​នូវ​ប្រវត្តិសាស្ត្រ​ក្លែងក្លាយ និង​ដាក់​ឲ្យ​ពលរដ្ឋ​ខ្លួន​សិក្សា​បែប​នេះ​ហើយ ទើប​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាន​និយាយ​ថា ទឹកដី​កម្ពុជា​ក្រោម ឬ​វៀតណាម ហៅ​ថា ទឹក​ដី​ណាមបូ គឺ​ជា​របស់​វៀតណាម តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។

ទោះ​ជា​សម័យ​កាល​នេះ នៅ​ក្នុង​សតវត្ស​ទី​២១ ហើយ​ក្ដី ក៏​រដ្ឋាភិបាល​វៀតណាម នៅ​តែ​បង្ហាញ​ពី​មហិច្ឆតា​ឈ្លានពាន និង​ចង់​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដដែល។ បញ្ហា​នេះ តាម​មើល​ទៅ​វៀតណាម ចង់​ឲ្យ​ខ្មែរ​ក្រោម​ឈប់​រើ​បម្រាស់ និង​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដូចជា​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ភាសា​ខ្មែរ សិទ្ធិ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ និង​សិទ្ធិ​រស់​រាន​មាន​ជីវិត​សមរម្យ​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន ។ល។

ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ព្រះត្រពាំង មួយ​អង្គ ដែល​ស្នើ​មិន​បញ្ចេញ​ព្រះនាម និង​សំឡេង មាន​ថេរដីកា​តាម​ទូរស័ព្ទ​ពី​ដែនដី​កម្ពុជា​ក្រោម​ថា កម្មវិធី​សិក្សា​នៅ​សាលា​រដ្ឋ​វៀតណាម មិន​និយាយ​ពី​ប្រវត្តិសាស្ត្រ​ពិត​អំពី​ដែនដី​កម្ពុជា​ក្រោម​នោះ​ទេ។ ពួកគេ​តែង​លើក​ឡើង​ថា ជនជាតិ​វៀតណាម គឺ​ជា​អ្នក​ចូល​កាប់​ឆ្ការ​ព្រៃ​នៅ​ទី​នោះ​តាំង​ពី​ដើម​មក។ រដ្ឋាភិបាល​វៀតណាម ក៏​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ក្រោម​ឡើយ។

​ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​មិន​មែន​ដោយសារ​សិក្សា​នៅ​តាម​សាលា​ឡើយ តែ​ដោយសារ​ចាស់ៗ​និយាយ​ប្រាប់​តៗ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ព្រះតេជព្រះគុណ​បន្ត​ថា ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន ព្រះសង្ឃ និង​យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ក៏​អាច​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ក្រោម​តាម​រយៈ​ការ​អាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ផ្សព្វផ្សាយ​ដោយ​អង្គការ-​សមាគម​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​កន្លង​មក​ធ្លាប់​បាន​ដឹកនាំ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ខ្មែរ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។ លោក​មាន​ប្រសាសន៍​នៅ​ពេល​នេះ​ថា រដ្ឋាភិបាល​វៀតណាម បាន​ប្រឌិត​រឿងរ៉ាវ​ច្រើន​ណាស់​ដើម្បី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរ។

លោក ថាច់ សេដ្ឋា ទទូច​ឲ្យ​រដ្ឋាភិបាល និង​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ត្រូវ​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​បំភ្លៃ​របស់​រដ្ឋាភិបាល​វៀតណាម៖ «ប្រសិនបើ​យើង​មិន​ប្រតិកម្ម ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​យួន វា​ទៅ​ជា​ការ​ពិត ដូច្នេះ​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ក៏​ត្រូវតែ​សិក្សា​ពី​ឯកសារ​របស់​យួន ដែល​សរសេរ​ឡើង​បំភ្លៃ​ប្រវត្តិសាស្ត្រ​នេះ​ដែរ សូម្បី​អ្នក​ប្រវត្តិសាស្ត្រ​របស់​យួន ពី​មុន​មក​ក៏​គេ​ទទួល​ស្គាល់​ថា នេះ​ជា​ទឹកដី​ខ្មែរ​ដែរ ដូច្នេះ​យួន មាន​ចេតនា​មួលបង្កាច់ បំភ្លៃ​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​មាន​ការ​ភ័ន្តច្រឡំ​ចំពោះ​ប្រវត្តិសាស្ត្រ»

​ក្រោយ​ការ​ថ្លែង​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​ស្ថានទូត​វៀតណាម កាល​ពី​ឆ្នាំ​២០១៤ លោក ថាច់ សេដ្ឋា បាន​ដឹកនាំ​ប្រតិភូ​ទៅ​ស្វែង​រក​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​នៅ​ប្រទេស​បារាំង។ លោក​ថា ក្រោយ​ពេល​បកប្រែ​រួច លោក​នឹង​បោះពុម្ព​ឯកសារ​ទាំង​អស់​នេះ​ចែកចាយ​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​តាម​លទ្ធភាព​ថវិកា​ដែល​មាន​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​ខ្មែរ ពិសេស​ខ្មែរ​ក្រោម​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ជៀសវាង​ជឿ​តាម​ការ​បំភ្លៃ​របស់​រដ្ឋាភិបាល​វៀតណាម។

លោក ថាច់ សេដ្ឋា ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បញ្ឈប់​នូវ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

វឍ្ឍនា

ពី ភ្នំ ពេញ

ខ្ញុំបាទកូនខ្មែរពេលបានឮបែបនេះគិតថាខ្មែរអីក៍វេទនាយ៉ាងនេះ ត្រូវរងការឈ្លានពីជនជាតិបរទេសគ្រប់សមយ័កាល តើថ្ងៃណាទើបផុតកម្មពាររបស់ខ្មែរ តស៊ូឡើងបងប្អូនខ្មែរក្រោម ខ្ញុំបាទកូន ខ្មែរសូមអំពាវនាវដល់លោក ប្រធានាធិប្បតី បារ៉ាក់ អូបាម៉ា សូមជួយរកយុត្តិធម៌ឲ្យកូនខ្មែរផង។

Jan 14, 2016 08:08 AM

អ្នក​អាន​អនាមិក

នៅកម្ពុជាមានតែលោកហុនសែនទេដែលអាចសម្រេចជោគវាសនានេះបាន

តែគួរអោយស្តាយការគិតវាមិនដូចការធ្វើទេ

និមល

Jan 14, 2016 06:33 AM

គេហទំព័រ​ទាំងមូល