ខ្មែរ​ក្រោម​សោកស្ដាយ​បណ្ឌិត កែម ឡី ដែល​មិន​បាន​បញ្ចប់​យុទ្ធនាការ​១០០​រាត្រី

ដោយ យាង សុជាមេត្តា
2016-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara
សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅ​ប្រទេស​មាន​ក្តី​រន្ធត់ និង​ស្ដាយ​ស្រណោះ​អាឡោះអាល័យ​លោក​ជា​ពន់ពេក។ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​វិញ មិន​ថា ខ្មែរ​ក្រោម​នៅ​កម្ពុជា ឬ​នៅ​ឯ​នាយ​សមុទ្រ​ឡើយ សុទ្ធតែ​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​បញ្ញវន្ត​ដែល​គេ​ចាត់​ទុក​ថា ជា​បណ្ឌិត​សម្ដី​មាស​រូប​នេះ។ លើស​ពី​នេះ ខ្មែរ​ក្រោម​យល់​ថា ការ​បាត់បង់​បណ្ឌិត កែម ឡី គឺ​ជា​ការ​នាំ​យក​ទៅ​ជាមួយ​នូវ​ឯកសារ​ស្រាវជ្រាវ​ស្ដីពី​ដែនដី​កម្ពុជា​ក្រោម ដែល​បណ្ឌិត កែម ឡី គ្រោង​ចងក្រង​នៅ​ក្នុង​យុទ្ធនាការ ១០០​រាត្រី​របស់​លោក។

​ខ្មែរ​ក្រោម​ចាត់​ទុក​ការ​បាត់បង់​បណ្ឌិត កែម ឡី ថា ជា​ការ​បាត់បង់​កញ្ចក់​ទិព្វ​ដែល​នឹង​ជួយ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា ក្រោម​ឲ្យ​មនុស្ស​ទូទៅ​បាន​ដឹង​តាម​រយៈ​របាយការណ៍​ដែល​លោក​គ្រោង​សរសេរ​ក្រោយ​ការ​ស្រាវជ្រាវ ១០០​រាត្រី​របស់​លោក។

​បណ្ឌិត កែម ឡី មិន​មែន​ទើប​តែ​ចាប់​អារម្មណ៍​នឹង​រឿងរ៉ាវ​របស់​ខ្មែរ​ក្រោម​នៅ​ពេល​លោក​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ ១០០​រាត្រី​នោះ​ទេ ប៉ុន្តែ​កាល​ពី​ពេល​នៅ​រស់​លោក​តែង​បង្ហាញ​មុខ​ជា​ហូរហែ​នៅ​ក្នុង​ពិធី ឬ​ការ​ជួបជុំ​នានា​របស់​ខ្មែរ​ក្រោម។ ជាក់ស្ដែង​លោក​តែង​ចូលរួម​នៅ​ក្នុង​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែល​ខ្មែរ​ក្រោម​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ខ្មែរ​ក្រោម​រៀបចំ​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​នេះ​នៅ​ក្នុង​បរិវេណ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ បណ្ឌិត កែម ឡី ក៏​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ជាមួយ​ភរិយា​របស់​លោក​ដែរ។ វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ដដែល​នេះ​ហើយ​ដែល​សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​យក​ទៅ​តម្កល់​នៅ​ពេល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ពោល​គឺ​ជាង​មួយ​ខែ​ក្រោយ​ពី​លោក​ទៅ​ចូលរួម​ពិធី​បុណ្យ រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​ទី​នោះ។

​ក្រៅ​ពី​នោះ នៅ​ពេល​ដែល​ព្រះសង្ឃ ពលរដ្ឋ និង​យុវជន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោស​ខ្មែរ​បន្ទាប់​ពី​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាន​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ នោះ គេ​សង្កេត​ឃើញ​ថា បណ្ឌិត កែម ឡី ក៏​បាន​ចូលរួម​គាំទ្រ និង​ឃ្លាំមើល​សកម្មភាព​របស់​បាតុករ​ជា​ហូរហែ​ដែរ។ លើស​ពី​នេះ លោក​ក៏​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ពិភាក្សា​នានា ដែល​ខ្មែរ​ក្រោម​រៀបចំ​ឡើង។

​នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន យឿង មាន​ប្រសាសន៍​ថា សមាគម​លោក​ធ្លាប់​អញ្ជើញ​បណ្ឌិត កែម ឡី ឲ្យ​ចូលរួម​ក្នុង​វេទិកា​ចំនួន ២​ដង កាល​ពី​ឆ្នាំ​២០១៥ ដើម្បី​ឲ្យ​បណ្ឌិត កែម ឡី ផ្ដល់​យោបល់​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​យុវជន​ខ្មែរ​ក្រោម និង​បញ្ហា​ផ្សេងៗ​ដែល​ខ្មែរ​ក្រោម​នៅ​កម្ពុជា ជួប​ប្រទះ។

លោក សឺន យឿន បញ្ជាក់​ថា ខ្មែរ​ក្រោម​ចូលចិត្ត​អញ្ជើញ​បណ្ឌិត កែម ឡី ចូលរួម​ក្នុង​វេទិកា​នានា ដោយសារ​បណ្ឌិត​សម្ដី​មាស​រូប​នេះ​ចូលចិត្ត​ប្រើ​ភាសា​សាមញ្ញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្រួល​យល់ ជា​ពិសេស​លោក​តែង​វែកញែក​បង្ហាញ​នូវ​ឫសគល់​នៃ​បញ្ហា រួច​ផ្ដល់​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាង​នោះ៖ «បើ​និយាយ​ពី​បង កែម ឡី គឺ​ថា គាត់​សាមញ្ញ​បំផុត គឺ​យើង​ទាក់ទង​គាត់ គាត់​ថា ពេល​ណា​គាត់​អត់​មាន​រវល់ គាត់​នឹង​អញ្ជើញ​មក​ពេល​នោះ ហើយ​គាត់​ក៏​មិន​បាន​ទាមទារ​អ្វី​ពី​យើង​ដែរ។ នេះ​ជា​លក្ខណៈ​មួយ​ដែល​យើង​ទទួល​ស្គាល់ ហើយ​គាំទ្រ និង​ស្រឡាញ់​គាត់​ត្រង់​កន្លែង​ហ្នឹង»

​លោក សឺន យឿង ឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ពិធី​ធំៗ​វិញ បណ្ឌិត កែម ឡី មិន​ចាំបាច់​ឲ្យ​ខ្មែរ​ក្រោម​អញ្ជើញ​ឡើយ គឺ​លោក​តែង​ទៅ​ចូលរួម​ដោយ​ចិត្ត​ឯង៖ «ការ​ចូលរួម​របស់​គាត់​ក្នុង​កម្មវិធី​ធំៗ យើង​មិន​បាន​អញ្ជើញ​គាត់​ផ្ទាល់​ទេ យើង​គ្រាន់​តែ​ប្រកាស​ហើយ​អញ្ជើញ​ជា​សាធារណៈ​នៅ​ពេល​គាត់​បាន​ឮ​គាត់​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង ហើយ​ដូច​យើង​បាន​កត់សម្គាល់​ឃើញ​អ៊ីចឹង គាត់​ជា​មនុស្ស​មួយ​សាមញ្ញ និង​ស្រឡាញ់​ទូទៅ គាត់​មិន​ប្រកាន់​ថា ខាង​ណា​ខ្មែរ​លើ ខ្មែរ​ក្រោម ឬ​ខ្មែរ​កណ្ដាល​ទេ ឲ្យ​តែ​ថា ខ្មែរ​គាត់​អញ្ជើញ​ចូល​រួម​ជាមួយ​យើង​ដោយ​រីករាយ»

​គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​បណ្ឌិត កែម ឡី បាន​ទៅ​ចូលរួម​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា លោក​បាន​ចំណាយ​ពេល​ដើរ​មើល​ព្រះ​ឆាយាល័ក្ខណ៍ និង​រូបថត​ព្រះ​វីរសមណៈ និង​វីរបុរស​ខ្មែរ​ក្រោម​ដែល​គេ​រៀបចំ​ដាក់​តាំង​នៅ​ក្នុង​ពិធី​នោះ។ គឺ​ទីតាំង​វត្ត​ដដែល​នោះ​ហើយ ដែល​ជាង​មួយ​ខែ​ក្រោយ​មក រូបថត​របស់​បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​យក​ទៅ​ដាក់​តាំង​ចាត់​ទុក​ជា​វីរបុរស​របស់​ពួកគេ​វិញ​ម្ដង។

​កាល​ពេល​នៅ​រស់ បណ្ឌិត កែម ឡី ធ្លាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​យុទ្ធនាការ ១០០​រាត្រី​របស់​លោក ក្រៅ​តែ​ពី​ចំណាយ​ពេល​ចុះ​ស្រាវជ្រាវ​នៅ​តាម​ភូមិ​ឃុំ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ក៏​គ្រោង​ចុះ​ទៅ​កាន់​ដែនដី​កម្ពុជា​ក្រោម ដើម្បី​សិក្សា​ពី​ស្ថានភាព​របស់​ខ្មែរ​ក្រោម​នៅ​ទី​នោះ​ដែរ។ លោក​គ្រោង​ទៅ​ជួប​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពិនិត្យ​មើល​ទីតាំង​ប្រវត្តិសាស្ត្រ វត្ត​អារាម​នៅ​ទី​នោះ រួច​សរសេរ​ចងក្រង​ជា​របាយការណ៍​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ដឹង​ពី​កម្ពុជា​ក្រោម។ ទោះជា​យ៉ាងណា ក្តី​ស្រមៃ​របស់​លោក​ត្រូវ​រលាយ​សាបសូន្យ ដោយសារ​មាន​ជន​កំណាច​មក​ផ្ដាច់ផ្ដិល​ជីវិត​លោក។

​នាយក​ប្រតិបត្តិ​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន យឿង សម្ដែង​ការ​សោកស្ដាយ​ដែល​បណ្ឌិត កែម ឡី មិន​បាន​សម្រេច​បំណង​ចុះ​ទៅ​ដែនដី​កម្ពុជា​ក្រោម។ លោក​ថា មរណភាព​បណ្ឌិត កែម ឡី បាន​នាំ​យក​ទៅ​ជាមួយ​លោក​នូវ​ឯកសារ​ស្រាវជ្រាវ​ដ៏​មាន​សារសំខាន់​ដែល​បណ្ឌិត​រូប​នេះ​ចង់​លាតត្រដាង​ឲ្យ​មនុស្ស​ទូទៅ​បាន​យល់​បន្ថែម​ទៀត​ពី​កម្ពុជា​ក្រោម។

​ចំណែក​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ហាសំអាង។ ព្រះអង្គ​មាន​ថេរដីកា​ថា ព្រះអង្គ​ក៏​មាន​អនុស្សាវរីយ៍​ច្រើន​ជាមួយ​បណ្ឌិត កែម ឡី។ ព្រះតេជព្រះគុណ​រម្លឹក​ថា កាល​ពី​បណ្ឌិត កែម ឡី នៅ​រស់ ព្រះអង្គ​តែង​ទូរស័ព្ទ​ទៅ​រក​បណ្ឌិត កែម ឡី ដើម្បី​សុំ​យោបល់​នៅ​ពេល​ខ្មែរ​ក្រោម​មាន​បញ្ហា ឬ​នៅ​ពេល​ខ្មែរ​ក្រោម​មាន​គម្រោងការ​ធ្វើ​អ្វី​មួយ។ ព្រះអង្គ​ឲ្យ​ដឹង​ដែរ​ថា តាម​ពិត​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ថែម​ទាំង​បាន​រៀបចំ​អញ្ជើញ​បណ្ឌិត កែម ឡី ឲ្យ​ជួយ​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​របស់​សមាគម​ទៀត​ផង ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ លោក​ត្រូវ​គេ​បាញ់​សម្លាប់។

​ព្រះតេជព្រះគុណ ថាច់ ហាសំអាង ចាត់​ទុក​ការ​បាត់បង់​បណ្ឌិត កែម ឡី ថា​ជា​ការ​បាត់បង់​ភ្នែក​ទិព្វ កញ្ចក់​ទិព្វ​សម្រាប់​ឆ្លុះ​បង្ហាញ​ឲ្យ​ខ្មែរ​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ៖ «នៅ​លើ​លោក​បណ្ឌិត​គឺ​ច្រើន​ណាស់ ហើយ​បើ​បណ្ឌិត​នៅ​យើង​ហ្នឹង​ដឹង​រឿង​ច្រើន មាន​ន័យ​ថា គាត់​នឹង​ស្រាវជ្រាវ គាត់​ស្វែង​យល់ សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ច្បាស់លាស់​សម្រាប់​មក​បង្ហាញ​ឲ្យ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម​យល់ កុំ​ឲ្យ​ស្រពេចស្រពិល ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង ១០០​រាត្រី​ដែល​រហូត​ដល់​និយាយ​ថា ចង់​ទៅ​សិក្សា​ភូមិ​នៅ​កម្ពុជា​ក្រោម​ទៀត។ អាត្មា​ថា អា​ហ្នឹង​ហើយ​ជា​បញ្ហា​ដែល​គ្រោះថ្នាក់​សម្រាប់​គាត់ គំនិត​របស់​អាត្មា​ការ​ចុះ​ទៅ​សិក្សា ១០០​ភូមិ ១០០​រាត្រី គឺ​ជា​គ្រោះ​ថ្នាក់​ធំ​ណាស់​សម្រាប់​លោក​បណ្ឌិត បន្ទាប់​មក​រឿង​កោះ​រឿង​អី​ហ្នឹង​អាត្មា​គិត​ថា វា​ជា​រឿង​ធំ​ណាស់។ រឿង​ហ្នឹង​ហើយ​ដែល​ជា​រឿង​ជាប់​ពាក់ព័ន្ធ អាច​ឲ្យ​គេ​ធ្វើ​ឃាត​លោក​បណ្ឌិត»

​បើ​ទោះ​ជា​ជន​កំណាច បាន​ផ្ដាច់​សង្ខារ​បណ្ឌិត កែម ឡី ក្តី តែ​ពាក្យពេចន៍​ផ្ដែផ្ដាំ​របស់​លោក​ចំពោះ​ខ្មែរ​ក្រោម​មិន​បាន​ស្លាប់​ទៅ​ជាមួយ​លោក​នោះ​ឡើយ។ ព្រះតេជព្រះគុណ ថាច់ ហាសំអាង មាន​ថេរដីកា​ថា បណ្ឌិត កែម ឡី តែង​ណែនាំ​ឲ្យ​ខ្មែរ​ក្រោម​ស្រឡាញ់​សាមគ្គី​គ្នា ជាពិសេស​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ពេល​នោះ​ហើយ​ដែល​លោក​ថា ខ្មែរ​ក្រោម​អាច​សម្រេច​វាសនា​របស់​ខ្លួន​ឯង​បាន។

ព្រះតេជព្រះគុណ ថាច់ ហាសំអាង៖ «ហ្នឹង​ធ្វើ​តាម​គាត់ ទី​១ គាត់​បាន​ផ្ដល់​សង្ឃឹម​ថា ខ្មែរ​ក្រោម​មាន​សង្ឃឹម​នឹង​ទាមទារ​វិញ​បាន មិន​ត្រឹម​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង មិន​ត្រឹមតែ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ទេ ថែម​ទាំង​ទាមទារ​បាន​វិញ​នូវ​ទឹក​ដី កាល​ណា​យើង​ព្យាយាម យើង​តស៊ូ​អនុសាសន៍​ទី​២ គឺ​គាត់​និយាយ​ថា ឲ្យ​យើង​ខំ​រៀន​សូត្រ​ឲ្យ​ច្បាស់​ពី​សង្គម​ពី​ប្រវត្តិសាស្ត្រ កុំ​ឲ្យ​យើង​ធ្វើ​អ្វី​មួយ​មិន​បាន​យល់​ដឹង មិន​បាន​ចេះដឹង ធ្វើ​ទៅ​វា​មិន​ឈ្នះ​គេ​ទេ អ៊ីចឹង​អ្វី​ដែល​យើង​ទទួល​បាន​យើង​គិត​ថា ជា​សម្ដី​មាស​មួយ​ដែល​យើង​មាន​សង្ឃឹម កាល​ណា​ខ្មែរ​ក្រោម​មាន​ការ​តស៊ូ ខ្មែរ​ក្រោម​ពោរពេញ​ដោយ​អ្នក​ប្រាជ្ញ​បណ្ឌិត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល