ខ្មែរ​ក្រោម​ប្ដេជ្ញា​បន្ត​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​នៅ​ដែនដី​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2015-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ទាញ​យក​កម្មវីធី

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថ្លែង​ប្ដេជ្ញា​បន្ត​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​របស់​ខ្លួន សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម​សព្វថ្ងៃ។ ការ​បង្ហាញ​ជំហរ​ជា​ថ្មី​របស់​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​ចំ​ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧។

ខ្មែរ​ក្រោម​មើល​ឃើញ​ថា បើ​ទោះ​ជា​ប្រទេស​វៀតណាម ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដែល​ទទួល​ស្គាល់​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ក្តី ប៉ុន្តែ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​មិន​បាន​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ជនជាតិ​ដើម ឲ្យ​បាន​ពេញ​លេញ​ឡើយ។

កត្តា​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា រៀបចំ​កម្មវិធី​ជួប​ជុំ​អបអរ​សាទរ និង​ផ្សព្វផ្សាយ​អំពី​សេចក្តី​ប្រកាស​របស់​ជនជាតិ​ដើម​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ទូទៅ ឲ្យ​ដឹង ឲ្យ​យល់​អំពី​ខ្លឹមសារ​នានា​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស និង​ដើម្បី​សម្ដែង​ការ​បារម្ភ​របស់​ពួក​គេ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម។

តួលេខ​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា ជនជាតិ​ដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០​លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ពួក​គេ​ទាំង​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កាន់​កាប់​ដីធ្លី វប្បធម៌ ភាសា និង​ប្រពៃណី​ផ្សេងៗ។

លោក យន្ត ថារូ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
លោក យន្ត ថារូ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​ខួប​លើក​ទី​៨ ទិវា​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​ប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០០៧ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

ដោយឡែក​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​វិញ ខ្លឹមសារ​សំខាន់ៗ​នៃ​សេចក្តី​ប្រកាស​នេះ​ចែង​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ស្វ័យ​សម្រេច នោះ​មាន​ន័យ​ថា ជនជាតិ​ដើម​ភាគ​តិច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​អំពី​ឋានៈ​នយោបាយ​របស់​ខ្លួន​ដោយ​សេរី និង​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ខ្លួន​ដោយ​សេរី និង​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​រាល់​បញ្ហា ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ តាម​រយៈ​តំណាង​ដែល​ជ្រើស​តាំង​ដោយ​ពួក​គេ​ផ្ទាល់។

ទាក់ទង​នឹង​ការ​ប្រតិបត្តិ​វប្បធម៌​វិញ ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ​នូវ​ប្រពៃណី និង​ទំនៀមទម្លាប់​ជា​វប្បធម៌​របស់​ខ្លួន។ សិទ្ធិ​នេះ​រួម​មាន សិទ្ធិ​ក្នុង​ការ​ថែរក្សា ការពារ និង​អភិវឌ្ឍ​អ្វីៗ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីត​កាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណវិទ្យា តំបន់​ប្រវត្តិសាស្ត្រ បុរាណ​វត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា ការ​សម្ដែង​សិល្បៈ និង​ការ​ថែរក្សា​អក្សរសាស្ត្រ​ជាតិ​ជាដើម។

ជាង​នេះ​ទៀត ជនជាតិ​ដើម​ភាគ​តិច​មាន​សិទ្ធិ​ប្រើប្រាស់ អភិវឌ្ឍ និង​ផ្ទេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ពួក​គេ​នូវ​ប្រវត្តិសាស្ត្រ ភាសា ច្បាប់​ទម្លាប់ ទស្សនវិជ្ជា ប្រព័ន្ធ​នៃ​ការ​សរសេរ និង​អក្សរសាស្ត្រ ព្រម​ទាំង​ធ្វើ​ការ​កំណត់​ឈ្មោះ និង​រក្សា​ឈ្មោះ​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង សម្រាប់​សហគមន៍ ទីកន្លែង និង​បុគ្គល។ ជនជាតិ​ដើម​ភាគ​តិច ក៏​មាន​សិទ្ធិ​បង្កើត និង​គ្រប់គ្រង​ស្ថាប័ន និង​ប្រព័ន្ធ​អប់រំ​របស់​ខ្លួន​ដោយ​ផ្តល់​ការ​អប់រំ​ជា​ភាសា​របស់​ខ្លួន​ផ្ទាល់ ព្រម​ទាំង​មាន​សិទ្ធិ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ប្រើ​ភាសា​របស់​ខ្លួន និង​មាន​សិទ្ធិ​ប្រើប្រាស់​តាម​គ្រប់​រូបភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដោយ​គ្មាន​ការ​រើសអើង​ឡើយ។

ចំណែក​ជនជាតិ​ដើម​ដែល​ត្រូវ​បាន​បែង​ចែក​ដោយ​ព្រំដែន​អន្តរជាតិ​ដូច​ខ្មែរ​ក្រោម​វិញ ពួក​គេ​មាន​សិទ្ធិ​រក្សា និង​បង្កើត​ទំនាក់ទំនង ប្រាស្រ័យ​ទាក់ទង សហការ​គ្នា​ក្នុង​គោល​បំណង​ខាង​ជំនឿ​សាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ជាមួយ​នឹង​សមាជិក​ផ្ទាល់​របស់​ពួក​គេ ព្រម​ទាំង​ជាមួយ​អ្នក​ដទៃ​ទៀត​ដែល​នៅ​ក្រៅ​ព្រំដែន។

យ៉ាង​ណា​ក៏ដោយ អង្គការ​ខ្មែរ​ក្រោម​មើល​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម មិន​ទាន់​បាន​គោរព​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​ក្រោម ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ នេះ​នៅ​ឡើយ។

នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម កំពុង​ប្រឈម​បញ្ហា​ធំៗ​ចំនួន​៣ ក្នុង​នោះ​រួម​មាន បញ្ហា​ការ​ប្រតិបត្តិ​ជំនឿ​សាសនា ការ​ថែរក្សា​វប្បធម៌ និង​អក្សរសាស្ត្រ​ជាតិ​ខ្មែរ។ លោក​ថា នៅ​កម្ពុជា​ក្រោម​សព្វថ្ងៃ វិស័យ​ព្រះពុទ្ធ​សាសនា​ខ្មែរ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វៀតណាម រាប់​ទាំង​ការ​រៀបចំ​រចនាសម្ព័ន្ធ​នៅ​តាម​វត្ត​អារាម ឬ​ការ​រៀបចំ​ពិធី​បំបួស​ព្រះសង្ឃ​ជាដើម គឺ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ទាំងអស់។ លោក សឺន ជុំជួន ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃ​ក្នុង​ព្រះពុទ្ធ​សាសនា និង​វត្ត​អារាម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម៖ «យើង​ចង់​បាន​សិទ្ធិ​ស្វ័យ​សម្រេច​របស់​យើង រៀបចំ​ដោយ​ខ្លួន​ឯង នេះ​ខាង​វិស័យ​សាសនា រីឯ​វិស័យ​វប្បធម៌​វិញ យើង​មើល​ឃើញ​ថា រមណីយដ្ឋាន ឬ​តំបន់​បុរាណ​ផ្សេងៗ ត្រូវ​បាន​គេ​លុប​បំបាត់ ដូចជា​ប្ដូរ​ឈ្មោះ​ទៅ​ជា​ភាសា​របស់​គេ​វិញ ខ្មែរ​យើង​អាច​បាត់បង់​ឈ្មោះ​របស់​ខ្មែរ ហើយ​ក្លាយ​ទៅ​ជា​តំបន់​របស់​វៀតណាម ទៅ​វិញ»

លើស​ពី​នេះ លោក​ថា សូម្បី​តែ​សម្លៀកបំពាក់​សិល្បៈ ភ្លេង ឬ​ចម្រៀង​របស់​ខ្មែរ​មួយ​ចំនួន ក៏​ត្រូវ​បាន​វៀតណាម បង្ខំ​ឲ្យ​ក្លាយ​ទៅ​ជា​បែបបទ​របស់​ពួក​គេ​ផង​ដែរ។ ទាក់ទង​នឹង​ការ​សិក្សា​អក្សរសាស្ត្រ​ប្រវត្តិសាស្ត្រ​ជាតិ​ខ្មែរ​វិញ លោក​ថា​អាជ្ញាធរ​នៅ​រឹត​បន្តឹង​នៅ​ឡើយ៖ «រដ្ឋាភិបាល​វៀតណាម ផ្តល់​ការ​សិក្សា​ឲ្យ​ខ្មែរ​ក្រោម គឺ​មាន​កម្រិត គេ​ឲ្យ​យើង​សិក្សា​តែ​អ្វី​ដែល​គេ​អនុញ្ញាត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ គឺ​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ដែល​នៅ​តែ​ត្រូវ​បាន​វៀតណាម រឹត​បន្តឹង»

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ឃ្លាំង ចំនួន ២​អង្គ គឺ​ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន និង​ពលរដ្ឋ​ខ្មែរ​ក្រោម ២​នាក់​ផ្សេង​ទៀត គឺ​លោក ថាច់ ភូមិរាជ និង​លោក ថាច់ ថា ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ព្រះ​កាយ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ២ ដល់ ៦​ឆ្នាំ។ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ ដោយសារ​ពួក​គេ​បាន​ព្យាយាម​បង្កើត​សាលា​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត។ ប៉ុន្តែ​ខាង​អាជ្ញាធរ​វៀតណាម វិញ បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម និង​ការ​រៀបចំ​ឲ្យ​អ្នក​ដទៃ​រត់​ទៅ​ក្រៅ​ប្រទេស។

ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី​៨ នៃ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម នា​វត្ត​សាមគ្គីរង្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី​៨ នៃ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម នា​វត្ត​សាមគ្គីរង្សី ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

នេះ​ជា​លើក​ទី​១ ដែល​ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម។ កញ្ញា ញឹក ស្រីតូច សព្វថ្ងៃ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ និយាយ​ថា កញ្ញា​ចូលរួម​ជាមួយ​ខ្មែរ​ក្រោម​ពេល​នេះ ដោយសារ​កញ្ញា​ចង់​ដឹង​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម ពិសេស​ចង់​ដឹង​ថា តើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ​ការ​លំបាក​អ្វី​ខ្លះ?៖ «ខ្ញុំ​មក​ដើម្បី​លើក​ទឹក​ចិត្ត ជួយ​ជា​គំនិត​យោបល់ ខ្ញុំ​ក៏​បាន​ចំណេះ​ដឹង ហើយ​ខ្ញុំ​នឹង​យក​ទៅ​ប្រាប់​ក្រុម​ការងារ​របស់​ខ្ញុំ ឬ​មិត្តភ័ក្ដិ​ឲ្យ​ដឹង​ពី​បញ្ហា​របស់​ខ្មែរ​ក្រោម»

អង្គការ​ខ្មែរ​ក្រោម ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ៨​លាន​នាក់​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។

យ៉ាង​ណា​ក៏ដោយ លោក សឺន ជុំជួន ថ្លែង​ថា អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស នឹង​ខិតខំ​ផ្សព្វផ្សាយ​បញ្ហា​របស់​ខ្មែរ​ក្រោម​ទៅ​កាន់​សហគមន៍​អន្តរជាតិ ជាពិសេស គឺ​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា ដើម្បី​ឲ្យ​ពួក​គេ​ជួយ​ខ្មែរ​ក្រោម​តាម​ដែល​អាច​ធ្វើ​បាន។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យន្ត ថារូ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដែរ​នោះ លោក​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​ក្រោម​ទាំងអស់ ស្វែង​យល់​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម ហើយ​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​តែ​មួយ ដើម្បី​ជួយ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម។

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ស្រាវជ្រាវ​សន្តិភាព នៃ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម រស់នៅ​មាន​ភាព​តែលតោល គ្មាន​សិទ្ធិ​សេរីភាព គ្មាន​ទីពឹង​ពាក់ រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច និង​អស់​សង្ឃឹម។ ចំណែក​ការ​អប់រំ​វិញ ពលរដ្ឋ​ខ្មែរ​ក្រោម​គ្មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ជា​ភាសា​ខ្មែរ​ឡើយ។ ចំពោះ​អ្នក​ដែល​អាច​រៀន​សូត្រ​ភាសា​ខ្មែរ​បាន​មាន​ចំនួន​តិចតួច។ ពួក​គេ​ភាគ​ច្រើន​ជា​មនុស្ស​ប្រុស​ដែល​ទៅ​រៀន​សូត្រ​នៅ​តាម​វត្ត​អារាម។ លទ្ធផល​ក៏​បង្ហាញ​ដែរ​ថា បញ្ហា​ដែល​ខ្មែរ​នៅ​កម្ពុជា​ក្រោម​កំពុង​ជួប​ប្រទះ រួម​មាន ធ្វើ​ស្រែ​បាន ប៉ុន្តែ​តម្លៃ​ស្រូវ​ទាប ស៊ី​ឈ្នួល​គេ​បាន​កម្រៃ​តិច អំពើ​អយុត្តិធម៌ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ ខ្វះ​ការ​អប់រំ ភាព​ក្រីក្រ ជាពិសេស​ពួក​គេ​គ្មាន​សិទ្ធិ​បញ្ចេញ​មតិ និង​ធ្វើ​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

spottagus

ពី Lowell

I am extremely agree with that. This is the best time for Khmer Kumpuchea Krom to claim yourself as the original land owner. Why is it best time to do? Well, while Cambodia is working on remapping the border with Vietnam, you must take advantage to go extra mile. I know it hard, but you must think about logic. If you don't do anything, it will not come to you so easy. The only question is when to do it and how to get start? The answer is to start doing it now and have to use France as a bridge and United Nation as a judge or eyes and ears. This is the best time to execute the plan since the borderline is the hot topic right now. If you know the world knew that the land of Khmer Kompuchea Krom belong to Khmer Krom, then why have to wait? The longer you wait, the harder time to claim it back.

Sep 13, 2015 12:20 AM

គេហទំព័រ​ទាំងមូល