មន្ត្រី​បក្ស​កាន់​អំណាច​គាំទ្រ​ខ្មែរ​ក្រោម​ធ្វើ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2016-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​ខ្មែរ​ក្រោម​ធ្វើ​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​រដ្ឋាភិបាល​អាណានិគម​បារាំង បាន​កាត់​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ក្នុង​ពេល​ជាមួយ​គ្នា ខ្មែរ​ក្រោម​ចង់​ឲ្យ​រដ្ឋាភិបាល យក​ថ្ងៃ​ទី​៤ មិថុនា ធ្វើ​ជា​ទិវា​ជាតិ​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ។

នេះ​ជា​រឿង​កម្រ​ដែល​មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​មុខ​ថ្លែង​គាំទ្រ​ចំពោះ​ការ​ប្រារព្ធ​ខួប​រំឭក​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ព្រោះ​ថា កន្លង​មក​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ចូលរួម​ក្នុង​ពិធី​បុណ្យ​រំឭក​ខួប​បាត់បង់​ទឹក​ដី​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​អញ្ជើញ​សឹងតែ​រាល់​ឆ្នាំ​ពី​ខ្មែរ​ក្រោម​ក៏ដោយ។

នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​នេះ គឺ​ជា​ខួប​លើក​ទី ៦៧​ឆ្នាំ ដែល​ដែនដី​កម្ពុជា​ក្រោម ត្រូវ​បាន​រដ្ឋាភិបាល​អាណានិគម​បារាំង កាត់​ចេញ​ពី​កម្ពុជា ប្រគល់​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ជា​រៀង​រាល់​ឆ្នាំ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ធ្វើ​ពិធី​រំឭក​ខួប​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចងចាំ និង​ដើម្បី​រំឭក​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​បូជា​ជីវិត ដើម្បី​ការពារ​ទឹក​ដី។ នៅ​ឆ្នាំ​នេះ ពិធី​នឹង​ត្រូវ​គេ​រៀបចំ​ឡើង​ក្នុង​បរិវេណ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេ ទល់​មុខ​ព្រះបរមរាជវាំង។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មិថុនា ថា វា​ជា​រឿង​ល្អ​ដែល​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម រៀបចំ​ឲ្យ​មាន​ពិធី​ចងចាំ​ថ្ងៃ​បាត់បង់​ទឹក​ដី​នេះ​ឡើង។ លោក សុខ ឥសាន ដែល​ចាត់​ទុក​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ថា​ជា​រឿង​សោកស្ដាយ​ខ្លាំង​មួយ​នោះ មាន​ប្រសាសន៍​ថា លោក​មាន​ការ​ខក​ចិត្ត​ដែល​មិន​គួរ​ណា​រដ្ឋាភិបាល​បារាំង សម្រេច​ចិត្ត​ប្រគល់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​ទាល់​តែ​សោះ។ លោក សុខ ឥសាន ចាត់​ទុក​ទង្វើ​របស់​បារាំង កាត់​ទឹក​ដី​ខ្មែរ​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង ថា​ជា​ការ​មិន​បាន​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​ដែល​តាំង​ពី​ដើម​មក ដែនដី​កម្ពុជា​ក្រោម គឺ​ជា​របស់​កម្ពុជា៖ «គំនិត​ខ្ញុំ ខ្ញុំ​ថា​ជា​ថ្ងៃ​ល្អ​ហើយ​ដែល​បង​ប្អូន​ចងចាំ។ ហ្នឹង​ក្នុង​ប្រវត្តិសាស្ត្រ​ទេ ប៉ុន្តែ​ខ្ញុំ​ថា​កុំ​យក​ថ្ងៃ​ល្អ​នេះ​បរិហារ​កេរ្តិ៍​អ្នក​នេះ​អ្នក​នោះ ថា​ធ្វើ​បាត់បង់​ទឹក​ដី បាត់​កោះ​ត្រល់​អី​នោះ វា​គឺ​ជា​ការ​ហែកហួរ​គ្នា​ឯង​ក្នុង​រង្វង់​ខ្មែរ និង​ខ្មែរ​ទេ។ វា​អត់​វា​មាន​ប្រយោជន៍​អី​ទេ ពីព្រោះ​អ្នក​ប្រគល់​ផ្សេង ឯ​អ្នក​សោកស្ដាយៗ​ទាំងអស់​គ្នា។ ដូច្នេះ​អ្នក​សោកស្ដាយ​ទាំងអស់ មិន​គួរ​ហែកហួរ​គ្នា​ដាក់​ទោស​កំហុស​ទៅ​លើ​អ្នក​នេះ​អ្នក​នោះ​ទេ»

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ​នេះ គឺ​ដូច​ឆ្នាំ​មុនៗ​ដែរ នឹង​មាន​ការ​យាង​ចូលរួម​ជា​អធិបតី​របស់​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ គឺ​ព្រះអង្គម្ចាស់ ពង្ស​នារី មុនី​ពង្ស។ ក្រៅ​ពី​នោះ ខ្មែរ​ក្រោម​ក៏​អញ្ជើញ​តំណាង​មក​ពី​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម។ ប៉ុន្តែ​កន្លង​មក តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ចូលរួម​ម្តង​ណា​ឡើយ។ ប្រការ​នេះ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា អាច​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​ប្រទេស​វៀតណាម អន់​ចិត្ត ឬ​ខឹងសម្បា​នឹង​ខ្លួន ព្រោះ​ថា​គឺ​វៀតណាម នេះ​ឯង ដែល​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឡើង​កាន់​អំណាច​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៧៩។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។ Photo: RFA


មក​ដល់​ចំណុច​នេះ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ថា តើ​លិខិត​អញ្ជើញ​របស់​ខ្មែរ​ក្រោម បាន​មក​ដល់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ? ប៉ុន្តែ​លោក​បញ្ជាក់​ថា បើ​មាន​ការ​ចាត់​តាំង​របស់​ថ្នាក់​ដឹក​នាំ​បក្ស ឲ្យ​លោក ឬ​តំណាង​ផ្សេង​ទៀត​ចូលរួម លោក​ប្រាកដ​ជា​ចូលរួម៖ «ខ្ញុំ​អត់​ដឹង​ទេ ក៏ប៉ុន្តែ​បើ​ចាត់​តាំង​ចំ​ខ្ញុំ ខ្ញុំ​នឹង​ទៅ ចំ​ឯកឧត្តម​ណា ដាច់​ខាត​ឯកឧត្តម​នោះ​ត្រូវ​តែ​គោរព​តាម​ការ​ចាត់​តាំង។ គណបក្ស​ប្រជាជន គឺ​ថា​ជា​គណបក្ស​មាន​វិន័យ​គោរព​មេ​គោរព​កើយ​ត្រឹមត្រូវ»

បើ​ទោះ​ជា​រួម​ចំណែក​ឈឺ​ចាប់​នឹង​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ក្តី ប៉ុន្តែ​លោក សុខ ឥសាន ហាក់​មិន​មាន​សង្ឃឹម​ឡើយ​ថា ទឹក​ដី​នេះ កម្ពុជា អាច​ប្តឹងផ្តល់​យក​មក​វិញ​តាម​ផ្លូវ​ច្បាប់ ព្រោះ​លោក​ថា ទឹក​ដី​នេះ​ត្រូវ​បាន​ប្រទេស​វៀតណាម កាន់​កាប់​រួច​ហើយ។

កន្លង​មក ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា រឿង​ទាមទារ​យក​ទឹក​ដី​កម្ពុជា​ក្រោម មក​វិញ ឬ​យ៉ាង​ណា​នោះ វា​មិន​មែន​ជា​ការងារ​សម្រាប់​ខ្មែរ​ក្រោម​តែ​ឯង​ទេ ព្រោះ​លោក​ថា ម្ចាស់​ទឹក​ដី​កម្ពុជា​ក្រោម គឺ​ពលរដ្ឋ​ខ្មែរ​ទាំង​មូល ហើយ​រដ្ឋាភិបាល​ដែល​ជា​ម៉ែ​ជា​ឪ​របស់​ពលរដ្ឋ​ខ្មែរ គឺ​ជា​អ្នក​មាន​កាតព្វកិច្ច​គិតគូរ​ពី​រឿង​ប្តឹងផ្តល់​នេះ។

រឿង​ទាមទារ​យក​ទឹក​ដី​ជា​រឿង​មួយ តែ​រឿង​ចំពោះ​មុខ​ដែល​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ទទូច​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​នោះ គឺ​យក​ថ្ងៃ​ទី​៤ មិថុនា ធ្វើ​ជា​ថ្ងៃ​ចងចាំ និង​ជា​បុណ្យ​ជាតិ ដើម្បី​ឲ្យ​ពលរដ្ឋ ពិសេស​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ។ កន្លង​មក ខ្មែរ​ក្រោម​ក៏​ធ្លាប់​ស្នើ​បញ្ហា​នេះ​ទៅ​រដ្ឋាភិបាល​ដែរ តែ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​មក​ពិចារណា​ឡើយ។ លើស​ពី​នេះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ចង់​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ចេញ​មុខ​រៀបចំ​ពិធី​រំឭក​ខួប​នេះ​ដោយ​ខ្លួន​ឯង គឺ​មិន​ត្រូវ​ពឹង​តែ​លើ​ខ្មែរ​ក្រោម ឬ​ពលរដ្ឋ​នោះ​ទេ។

លោក ថាច់ សេដ្ឋា ដែល​ចាត់​ទុក​ការ​ប្រារព្ធ​ថ្ងៃ​រំឭក​ខួប​បាត់បង់​ទឹក​ដី ថា​មាន​សារសំខាន់​ដើម្បី​ឲ្យ​កូន​ខ្មែរ​ចងចាំ​មេ​រៀន​ជូរ​ចត់ និង​ចៀសវាង​ដើរ​តាម​គន្លង​ប្រវត្តិសាស្ត្រ​ចាស់​នោះ សង្ឃឹម​ថា គណបក្ស​កាន់​អំណាច នឹង​បញ្ជូន​តំណាង​របស់​ខ្លួន​ឲ្យ​ចូលរួម​ពិធី​នៅ​ឆ្នាំ​នេះ៖ «យើង​ចង់​ឲ្យ​មាន​ការ​ចងចាំ​ថា ការ​បាត់បង់​ទឹក​ដី​របស់​យើង​នៅ​ពេល​ណា ដោយ​របៀប​ណា ដើម្បី​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដដែលៗ​វិល​មក​រក​យើង​ត​ទៅ​ទៀត។ អ៊ីចឹង​ហើយ​បាន​យើង​នឹក​ឃើញ​ថា ត្រូវ​តែ​ឲ្យ​មាន​ការ​ចងចាំ បើ​មិន​ចងចាំ​ទេ វា​អាច​ភ្លេច។ ម្យ៉ាង​យើង​ឃើញ​ថា ស្រុក​ខ្មែរ​យើង​មិន​ដែល​បាន​ធ្វើ​ពិធី​អី​សម្រាប់​រំឭក​វីរបុរស​វីរ​សមណៈ​ក្នុង​ការ​តស៊ូ​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ»

ស្រប​ពេល​ដែល​ខ្មែរ​ក្រោម​នៅ​កម្ពុជា កំពុង​ត្រៀម​លក្ខណៈ​រៀបចំ​ពិធី​រំឭក​ខួប ៦៧​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ ដូចជា​នៅ​សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី និង​នៅ​ទ្វីប​អឺរ៉ុប ជាដើម ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​នេះ​ដែរ។ ដោយឡែក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ឯណោះ ពួក​គេ​មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Bora

Because CPP Lost more than 20 seats.

Jun 02, 2016 11:33 AM

គេហទំព័រ​ទាំងមូល