សាច់ញាតិ​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​២​អង្គ

ដោយ យាង សុជាមេត្តា
2015-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឪពុក​ព្រះតេជព្រះគុណ ជា វណ្ណដា ឈ្មោះ តាំង ជា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។
ឪពុក​ព្រះតេជព្រះគុណ ជា វណ្ណដា ឈ្មោះ តាំង ជា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ឪពុក​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​តុលាការ​ដោះ​លែង​កូន​របស់​គាត់​វិញ ដោយ​ជឿជាក់​ថា កូន​ប្រុស​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​នោះ​ឡើយ។ ចំណែក​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម វិញ ប្ដេជ្ញា​នឹង​បន្ត​ធ្វើ​សកម្មភាព​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង​ពីរ​អង្គ។

សាច់ញាតិ​ព្រះសង្ឃ​ខ្មែរ​ក្រោម​សម្ដែង​ការ​ហួស​ចិត្ត និង​តក់ស្លុត នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ដំណឹង​ថា កូន​ចៅ​របស់​ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់។

លោក តាំង ជា ដែល​ត្រូវ​ជា​ឪពុក​របស់​ព្រះតេជព្រះគុណ ជា វណ្ណដា។ លោក​បាន​ឡើង​មក​ពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដើម្បី​ជួប​កូន បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ លោក តាំង ជា បាន​មាន​ប្រសាសន៍​ទាំង​ទឹក​ភ្នែក​រលីងរលោង ក្នុង​ពេល​ចូលរួម​តវ៉ា​ឲ្យ​ដោះ​លែង​កូន​ប្រុស​គាត់​នៅ​មុខ​តុលាការ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ថា តាំង​ពី​កូន​ប្រុស​របស់​គាត់​បាន​បួស​រៀន​អស់​រយៈពេល​ជាង ១០​ព្រះវស្សា​មក កូន​ប្រុស​របស់​គាត់​មិន​ធ្លាប់​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​អ្វី​ឡើយ តាំង​ពី​ពេល​នៅ​កម្ពុជា​ក្រោម រហូត​ដល់​ពេល​ឡើង​មក​រៀន​សូត្រ​នៅ​ប្រទេស​កម្ពុជា៖ «ពេល​គេ​ប្រាប់​ចឹង ខ្ញុំ​តក់ស្លុត កូន​មិន​ដែល​មាន​ខុស​អ្វី​សោះ ពេល​លោក​ទៅ​រៀន​សូត្រ​នៅ​តាម​វត្ត​នានា មិន​ដែល​មាន​រឿង​អ្វី​នោះ​ទេ ស្រាប់​តែ​មក​ដល់​ហ្នឹង​គេ​ប្រាប់​ថា លោក​ត្រូវ​គេ​ចោទ​ពី​រឿង​ថ្នាំ​ញៀន ឥឡូវ​សឹក​ហើយ ខ្ញុំ​ធ្លាក់​ថ្លើម​តែ​ម្តង ប៉ុន្តែ​អ៊ំ​ថា​កូន​អ៊ំ​គ្មាន​ហ៊ាន​ធ្វើ​អំពើ​ផ្ដេសផ្ដាស​យក​ខោ​ទ្រនាប់ ឬ​ស្រោម​អនាម័យ​ទេ លោក​នៅ​វត្ត​មិន​ដែល​មាន​រឿងរ៉ាវ​ស្រី​ញី​នោះ​ទេ»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ព្រះសង្ឃ​ខ្មែរ​ក្រោម​ជាង ៤០​អង្គ និង​ពលរដ្ឋ​ប្រមាណ ២០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ផ្សឹក នៅ​ថ្ងៃ​ទី​១ សីហា។

លោក តាំង ជា ដែល​ហ៊ាន​យក​ជីវិត​មក​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​កូន​ប្រុស​របស់​ខ្លួន លោក​យល់​ឃើញ​ថា​ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​មក​លើ​កូន​ប្រុស​របស់​គាត់ ថា​ជា​ការ​គ្មាន​មូលដ្ឋាន និង​ជា​ចេតនា​មួលបង្កាច់​កូន​ប្រុស​គាត់​តែ​ម្តង៖ «គេ​ចោទ​រឿង​ខោ​ទ្រនាប់ អ្នក​បួស​រៀន​ទៅ​យក​ខោ​ទ្រនាប់​ស្រោម​អនាម័យ​មក​ធ្វើ​អី មាន​ក្មេង​វត្ត​មួយ​នៅ​ទីនោះ​ដែរ ក្មេង​នោះ​ថា​ជា​ខោ​របស់​វា ហើយ​ស្រោម​អនាម័យ​ក៏​ជា​របស់​វា​ដែរ។ ដល់​ឥឡូវ​គេ​ចោទ​ប្រកាន់​លោក ខ្ញុំ​សោកស្ដាយ​ណាស់ សូម​ឲ្យ​ជួយ​ដោះ​លែង​កូន​ខ្ញុំ​ទៅ ខ្ញុំ​ហ៊ាន​យក​ជីវិត​មក​ធានា​ថា គ្មាន​ខុស​អ្វី​សោះ»

ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

តុលាការ​បាន​ចោទ​ប្រកាន់​ព្រះសង្ឃ​ទាំង ២​អង្គ​ចំនួន ៣​ករណី គឺ​ការ​រក្សា​ទុក​គ្រឿង​ញៀន ការ​គំរាម​សម្លាប់ និង​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ គឺ​នៅ​ក្រោយ​ពី​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ ចុះ​ឆែកឆេរ​កុដិ​របស់​ព្រះតេជព្រះគុណ ដាវ ទេព្យ និង​ព្រះតេជព្រះគុណ ជា វណ្ណដា ដែល​ឋិត​នៅ​ក្នុង​វត្ត​អង្គ​តា​មិញ ហៅ​វត្ត​គោក​ចំបក់។ បន្ទាប់​ពី​ការ​ឆែកឆេរ​នោះ សមត្ថកិច្ច​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន មាន​ដូចជា ម្សៅ​គ្រាប់​ពណ៌​ស​មួយ​កញ្ចប់ កាំបិត​ផ្គាក់​១ ដាវ​១ ដំបង​១ ខោ​ទ្រនាប់​ប្រុស​មិន​ទាន់​ប្រើ​២ ខោ​ទ្រនាប់​ប្រុស​ប្រើ​ហើយ​២ ខោ​ទ្រនាប់​ស្រី​១ ស្រោម​អនាម័យ​១ បៀ​១​ហ៊ូ ក្រដាស​កន្ទុយ​ឆ្នោត ២​សន្លឹក ឌីស ២​សន្លឹក ទូរស័ព្ទ​ដៃ ៣​គ្រឿង និង​ព្រះ​ឆាយា​គណៈ​មហា​និកាយ​ចំនួន​១។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​តាម​ដាន​រឿង​នេះ​លើក​ឡើង​ថា តុលាការ​មិន​អាច​យក​សម្ភារៈ​ទាំងអស់​នេះ​ធ្វើ​ជា​វត្ថុ​តាង ដើម្បី​ចោទ​ប្រកាន់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង ២​អង្គ​បាន​ឡើយ។

អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​នៅ​តែ​ចាត់​ទុក​ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ពី​សំណាក់​សមត្ថកិច្ច គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ខុស​នីតិវិធី។ លោក ណៃ វ៉ង់ដា ថ្លែង​ទទូច​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​ឲ្យ​មាន​សេរីភាព​វិញ និង​ត្រូវ​ជួសជុល​សំណង​ផ្លូវ​ចិត្ត ឬ​ហិរញ្ញវត្ថុ​ចំពោះ​ការ​ខូចខាត​នូវ​ព្រះ​កិត្តិនាម​របស់​ព្រះសង្ឃ ២​អង្គ។

លោក​ថា គេ​មិន​អាច​យក​ភស្តុតាង​បាន​មក​ពី​ការ​ឆែកឆេរ​ដោយ​គ្មាន​តម្លាភាព និង​គ្មាន​ដីកា​មក​ធ្វើ​ជា​វត្ថុ​តាង ដើម្បី​ចោទ​ប្រកាន់ ឬ​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​បាន​ឡើយ៖ «បទ​ចោទ​៣ មិន​ស័ក្តិសម​ទេ ដោយសារ​បទ​ចោទ​ទី​១ គឺ​យុវជន​ម្នាក់​នោះ​សុំ​ដក​វិញ​ទៅ​ហើយ តែ​មិន​ឲ្យ​គេ​ដក​រហូត​ដល់​ពេល​នេះ។ ចំណែក​បទ​ចោទ​មួយ​ទៀត​ថា​ក្លែង​ព្រះ​ឆាយា តាម​ព័ត៌មាន​យើង​ស៊ើប​អង្កេត​បាន គឺ​មាន​ការ​ប្រថាប់​ត្រា​របស់​ព្រះចៅ​អធិការ​វត្ត តែ​បើ​ថា​ឲ្យ​ក្លែងក្លាយ គឺ​មិន​ក្លែង​ទេ ហើយ​ការ​ចោទ​មួយ​ទៀត គឺ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ គ្រឿង​ញៀន​នេះ​រក​ឃើញ​ក្នុង​កុដិ​ព្រះអង្គ ប៉ុន្តែ​ដោយសារ​កុដិ​នេះ​រស់នៅ​ច្រើន​គ្នា កុដិ​នេះ​មិន​មាន​ចាក់​សោ​ទេ ហើយ​ការ​ឆែក​នេះ​មិន​មាន​ដីកា​ទេ ដូច្នេះ​អ្នក​ណា​យក​គ្រឿង​ញៀន​ទៅ​បង្កប់​នៅ​ទីនោះ ដើម្បី​ដាក់​បន្ទុក​ចោទ​លើ​ព្រះអង្គ​ក៏​បាន​ដែរ»

ចំណែក​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម ធ្វើ​ឡើង​ក្នុង​ស្ថានភាព​មន្ទិល​សង្ស័យ​ជាច្រើន តាំង​ពី​នីតិវិធី​ក្នុង​ការ​ឆែកឆេរ ការ​ឃាត់​ខ្លួន ការ​ចាប់​ផ្សឹក រហូត​ដល់​ការ​បញ្ជូន​ទៅ​កាន់​តុលាការ។ លោក​ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ព្រះសង្ឃ​ទាំង​ពីរ​អង្គ អាច​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ប្រសិន​បើ​ព្រះអង្គ​មិន​ទាន់​ទទួល​បាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទេ​នោះ៖ «បើ​សិន​ជា​យើង​អនុវត្ត​ទៅ​តាម​ច្បាប់ ខ្ញុំ​គិត​ថា ព្រះសង្ឃ​ទាំង ២​អង្គ​អាច​នឹង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ប៉ុន្តែ​បើ​យើង​គិត​ទៅ​លើ​បញ្ហា​នយោបាយ​គួប​ផ្សំ​បន្ថែម​ទៀត គឺ​ព្រះសង្ឃ​ទាំង ២​អង្គ គឺ​ខ្ញុំ​គ្មាន​សង្ឃឹម​ថា នឹង​អាច​នៅ​ក្រៅ​ឃុំ​ទេ យើង​ឃើញ​ហើយ​ថា ព្រះសង្ឃ​ទាំង ២​អង្គ កន្លង​មក​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​មុខ​ស្ថានទូត​វៀតណាម ជាច្រើន​ដង ហើយ​ជា​ចុង​ក្រោយ គឺ​លោក​បាន​និមន្ត​ទៅ​មើល​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​១៩ ខែ​កក្កដា ផង​ដែរ។ មូលហេតុ​ទាំងអស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​ជា​មុខ​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ទាំង ២​អង្គ​នេះ»

ព្រះសង្ឃ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ព្រះសង្ឃ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

ក្នុង​ពេល​កន្លង​មក អាជ្ញាធរ​ខ្មែរ​ក៏​ធ្លាប់​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា ព្រះតេជព្រះគុណ ទឹម សាខន អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ស្រុក​គិរីវង់ ខេត្ត​តាកែវ ដែល​ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក និង​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម កាត់​ទោស​នៅ​ឆ្នាំ​២០០៧។ ដោយឡែក​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ និង​ផ្សឹក ដោយសារ​ព្រះអង្គ​ចូលរួម​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ស្ត្រី​បឹងកក់ ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស។ ក្រោយ​មក ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ពី​បទ​បង្ក​ការ​រំខាន​ដល់​មន្ត្រី​សាធារណៈ និង​ប្រើប្រាស់​ព្រះ​ឆាយា​ក្លែងក្លាយ។

សម្រាប់​ការ​ចាប់​ព្រះ​កាយ និង​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដោយ​សមត្ថកិច្ច​ពេល​នេះ ត្រូវ​បាន​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចាត់​ទុក​ថា ជា​ការ​ខុស​ច្បាប់ និង​ជា​រឿង​នយោបាយ ដើម្បី​គំរាម​កំហែង​ព្រះសង្ឃ​ខ្មែរ​ក្រោម មិន​ឲ្យ​ចេញ​មុខ​តវ៉ា ឬ​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ។ ពួក​គេ​បាន​ទាមទារ​ឲ្យ​តុលាការ ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា បើ​មិន​មាន​ការ​ដោះ​លែង​នោះ​ទេ ពួក​គេ​នឹង​បន្ត​ការ​តវ៉ា និង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​តាម​បណ្ដា​ស្ថាប័ន​នានា ដូចជា​ក្រសួង​ធម្មការ ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ រដ្ឋសភា ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ និង​អាច​ឈាន​ដល់​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល