ខ្មែរ​ក្រោម​ស្នើ​រដ្ឋាភិបាល​យក​គំរូ​តាម​អតីត​ព្រះមហាក្សត្រ​ក្នុង​ការ​ជួយ​ខ្មែរ​ក្រោម

ដោយ យាង សុជាមេត្តា
2015-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា (លើក​ដៃ) ដឹក​នាំ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា (លើក​ដៃ) ដឹក​នាំ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Ouk Savborey

ទាញ​យក​កម្មវីធី

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​យក​គំរូ​តាម​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​កំពុង​រស់នៅ​កម្ពុជា និង​នៅ​ដែនដី​កម្ពុជា​ក្រោម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស កំពុង​ត្រៀម​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។ ព្រះរាជ​ពិធី​បុណ្យ​នេះ នឹង​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចូលរួម​ផង​ដែរ។

សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គឺ​ជា​អតីត​ព្រះមហាក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ ដែល​តែង​ទទួល​បាន​នូវ​ការ​គោរព​ស្រឡាញ់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ។ ការ​គោរព​ស្រឡាញ់​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​គុណូបការៈ​របស់​ខ្មែរ​ក្រោម ចំពោះ​អតីត​ព្រះមហាក្សត្រ ដែល​កាល​ពី​ពេល​នៅ​មាន​ព្រះជន្ម ព្រះអង្គ​តែង​យក​ព្រះទ័យ​ទុក​ដាក់​ពី​សុខ​ទុក្ខ​របស់​ខ្មែរ​ក្រោម និង​តែង​ចាត់​ទុក​ខ្មែរ​ក្រោម ថា​ជា​កូន​ជា​ចៅ​របស់​ព្រះអង្គ ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​កម្ពុជា ដែរ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​នឹង​ដឹក​នាំ​ប្រតិភូ​ខ្មែរ​ក្រោម​ទៅ​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សម្ដេច​ព្រះ​នរោត្តម សីហនុ ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​រស់នៅ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ក្តី ប៉ុន្តែ​ខ្មែរ​ក្រោម​នៅ​តែ​ជា​ខ្មែរ ហើយ​នៅ​តែ​ស្រឡាញ់​ព្រះមហាក្សត្រ​របស់​ខ្លួន។

លោក ថាច់ សេដ្ឋា បន្ត​ថា ដោយសារ​នៅ​កម្ពុជា ព្រះមហាក្សត្រ គឺ​ជា​និមិត្តរូប​តែ​មួយ​គត់​ក្នុង​ការ​ឯកភាព​ជាតិ និង​ជា​តំណាង​នៃ​ការ​គោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ទូទៅ ដូច្នេះ​លោក​ថា ការ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ គឺ​ជា​ការ​ផ្សារភ្ជាប់​រវាង​ខ្មែរ​ក្រោម ទៅ​នឹង​អតីត​ព្រះមហាក្សត្រ​របស់​ខ្លួន ដែល​កន្លង​មក ព្រះអង្គ​តែង​យក​ព្រះទ័យ​ទុក​ដាក់​គាំពារ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ពេល​ដែល​ពួក​គេ​រត់​ឡើង​មក​កម្ពុជា។

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា មិន​មែន​តែ​ខ្មែរ​ក្រោម​នៅ​កម្ពុជា នោះ​ទេ ដែល​គោរព​ស្រឡាញ់​ព្រះមហាក្សត្រ​ខ្មែរ សូម្បី​តែ​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​នៅ​ឯ​ដែនដី​កម្ពុជា​ក្រោម ឯណោះ បើ​ទោះ​ជា​ពួក​គេ​មិន​ដែល​បាន​ឃើញ​ព្រះមហាក្សត្រ​ផ្ទាល់​ក្តី ក៏​ពួក​គេ​នៅ​តែ​ស្រឡាញ់ និង​ចាត់​ទុក​ព្រះមហាក្សត្រ​ជា​ស្ដេច​របស់​ពួក​គេ​ជានិច្ច៖ «នៅ​ខាង​ក្រោម នៅ​គោរព​ព្រះមហាក្សត្រ​ខ្លាំង​បំផុត ពួក​គេ​មិន​ដែល​ភ្លេច​ឡើយ ផ្ទះ​ណា​ក៏​ដូច​ផ្ទះ​ណា តែង​និយាយ​ដល់​ព្រះមហាក្សត្រ និង​តែង​ចាត់​ទុក​ព្រះមហាក្សត្រ​ជា​ព្រះមហាក្សត្រ​របស់​ខ្លួន។ គេ​មិន​ដែល​ចាត់​ទុក​ប្រធានាធិបតី ឬ​នាយក​រដ្ឋមន្ត្រី​យួន ជា​របស់​ខ្លួន​នោះ​ទេ គឺ​នៅ​តែ​គិត​ថា ព្រះមហាក្សត្រ​ខ្មែរ​ជា​ស្ដេច​របស់​ខ្លួន​ដដែល គាត់​នៅ​តែ​តាំង​ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​ដដែល»

គេ​នៅ​ចាំ​បាន​ថា សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៤២ ព្រះអង្គ​បាន​យាង​ទៅ​កាន់​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ធ្វើ​ជា​ព្រះ​រាជ​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​រង នៅ​ទីនោះ។ ព្រះអង្គ​តែង​បាន​បញ្ជូន​មន្ត្រី​សង្ឃ​ខ្មែរ​ពី​កម្ពុជា ទៅ​ជួប​ព្រះសង្ឃ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​បាន​សិក្សា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រៅ​ពី​នេះ កាល​ពី​ពេល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម ព្រះអង្គ​តែង​ចាត់​ព្រះរាជ​តំណាង​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ព្រម​ទាំង​ប្រោស​ព្រះរាជទាន​ថវិកា​ផ្ទាល់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ខ្មែរ​ក្រោម​រៀបចំ​ចាត់​ចែង​ធ្វើ​ពិធី​រំឭក​ខួប​បាត់​ទឹក​ដី​ទៀត​ផង។

ជា​បន្តបន្ទាប់​មក​ទៀត ព្រះអង្គ​តែង​បាន​ចេញ​ព្រះរាជសារ​បង្ហាញ​ជំហរ​ចាត់​ទុក​ខ្មែរ​ក្រោម ថា​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ថា​ខ្មែរ​ក្រោម​ត្រូវ​តែ​មាន​អំណាច​រក្សា​នូវ​សិទ្ធិ​ជា​ពលរដ្ឋ​ពេញ​លក្ខណៈ​ច្បាប់​ទាំង​ស្រុង ពេល​ពួក​គេ​ឡើង​មក​កម្ពុជា។ ព្រះអង្គ​ក៏​បាន​គាំទ្រ​ការ​ទាមទារ​របស់​ខ្មែរ​ក្រោម ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​នូវ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​គ្រួសារ ការ​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន និង​លិខិត​ឆ្លង​ដែន​ទៅ​ឲ្យ​ខ្មែរ​ក្រោម​នៅ​កម្ពុជា។

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា សម្ដេច​ព្រះ​នរោត្តម សីហនុ មាន​គុណូបការៈ​ធំ​ធេង​ណាស់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ពេល​ដែល​ព្រះអង្គ​ដឹក​នាំ​ប្រទេស ក្នុង​នោះ​មាន​ទាំង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​រស់នៅ​របស់​ខ្មែរ​ក្រោម​ពេល​មក​ដល់​កម្ពុជា ការ​ផ្តល់​លិខិត​ស្នាម​ផ្ទះ​សម្បែង ដីធ្លី ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ​ខ្ពង់ខ្ពស់ និង​ការ​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ​ពី​កម្ពុជា​ក្រោម មក​កម្ពុជា ជាដើម។

ផ្ទុយ​ទៅ​វិញ លោក​ថា រដ្ឋាភិបាល​កម្ពុជា នា​សម័យ​បច្ចុប្បន្ន មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ខ្មែរ​ក្រោម ដូច​អតីត​ព្រះមហាក្សត្រ​ឡើយ។ លោក ថាច់ សេដ្ឋា ថ្លែង​ថា បើ​គ្មាន​ការ​តវ៉ា​ទាមទារ​ពី​ខ្មែរ​ក្រោម​នោះ​ទេ រដ្ឋាភិបាល​នឹង​ពុំ​សូវ​ខ្វល់ខ្វាយ​ពី​ខ្មែរ​ក្រោម​នោះ​ទេ៖ «រដ្ឋាភិបាល​របស់​យើង​គ្រប់​សព្វ​បែប​យ៉ាង​ទាំងអស់ សូម្បី​តែ​លិខិត​ស្នាម​ផ្សេងៗ យើង​ត្រូវ​តែ​តវ៉ា ហើយ​នៅ​តែ​រើសអើង​ទៀត​ផង ថា​យើង​មាន​អត្តសញ្ញាណ​មិន​ច្បាស់ នេះ​វា​មិន​ស្រប​តាម​ច្បាប់​សោះ ព្រោះ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សញ្ជាតិ​ចែង​ច្បាស់​ណាស់​ថា ខ្មែរ​នៅ​ទីណា​ក៏ដោយ កើត​មក​ពី​ឪពុក​ម្ដាយ​ជា​ខ្មែរ ត្រូវ​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ស្វ័យ​ប្រវត្តិ ខ្មែរ​នៅ​បរទេស​ត្រូវ​បាន​គាំពារ​ផ្នែក​ការទូត​ដោយ​រដ្ឋាភិបាល»

កន្លង​មក នៅ​ពេល​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដូចជា​ករណី​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដោយ​បំពាន​ជាដើម ខ្មែរ​ក្រោម​តែង​បាន​ស្នើ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ឆ្លើយ​តប​ឡើយ ដោយ​ចាត់​ទុក​ថា វា​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​វៀតណាម។

ខ្មែរ​ក្រោម ក៏​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​តាម​បណ្ដា​ខេត្ត​កម្ពុជា​ក្រោម ដែល​មាន​ខ្មែរ​ក្រោម​រស់នៅ​ច្រើន ដើម្បី​ជួយ​ឃ្លាំ​មើល​ពី​ស្ថានភាព​របស់​ខ្មែរ​នៅ​ទីនោះ។ លើស​ពី​នេះ ខ្មែរ​ក្រោម​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​បង្កើត​អង្គការ-សមាគម​របស់​ខ្លួន​នៅ​កម្ពុជា​ក្រោម ដូច​ដែល​កម្ពុជា អនុញ្ញាត​ឲ្យ​វៀតណាម បើក​សមាគម​វៀតណាម ពួក​គេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា អ៊ីចឹង​ដែរ។ តែ​សំណើ​របស់​ខ្មែរ​ក្រោម​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ឡើយ។

ផ្ទុយ​ពី​នេះ កន្លង​មក គេ​បែរ​ជា​ឃើញ​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទៅ​ឲ្យ​តុលាការ​វៀតណាម កាត់​ទោស​ទៅ​វិញ ដូចជា​ករណី​អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង ក្នុង​ខេត្ត​តាកែវ ព្រះតេជព្រះគុណ ទឹម សាខន ជាដើម។

លោក ថាច់ សេដ្ឋា ថ្លែង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម​ឲ្យ​ដូច​ទៅ​នឹង​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ។

ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​របស់​ខ្មែរ​ក្រោម​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត​គំរូ​របស់​ព្រះមហាក្សត្រ។ ទាក់ទង​នឹង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​វិញ លោក​ថា វា​ជា​កាតព្វកិច្ច​សកល​របស់​ប្រទេស​នីមួយៗ​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ លោក​ថា កម្ពុជា នៅ​តែ​រក្សា​សិទ្ធិ​ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​សិទ្ធិ​ជំនឿ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ដទៃ​ទៀត​របស់​ខ្មែរ​ក្រោម។ យ៉ាង​ណា លោក​ថា រដ្ឋាភិបាល​កម្ពុជា មិន​អាច​ធ្វើ​អ្វី​ហួស​ហេតុ​ដែល​លូក​លាន់​ទៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​វៀតណាម បាន​ឡើយ៖ «ទាំង​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម និង​រដ្ឋាភិបាល​ឥឡូវ យល់​ឃើញ​ថា ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដូច​ជនជាតិ​វៀតណាម ហើយ​យើង​មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​វៀតណាម យើង​អត់​យក​ខ្មែរ​កម្ពុជា​ក្រោម ជា​ទិសដៅ ធ្វើ​ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម នោះ​ទេ»

ចំណែក​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ វិញ យល់​ឃើញ​ថា ការ​អំពាវនាវ​របស់​ខ្មែរ​ក្រោម​ឲ្យ​រដ្ឋាភិបាល​យក​គំរូ​តាម​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ពេល​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក​ថា បច្ចុប្បន្ន រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្មែរ​ក្រោម​ដែរ តែ​លោក​ថា វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ លោក​ថា កន្លង​មក រដ្ឋាភិបាល​មិន​បាន​ចេញ​មុខ​ដោះស្រាយ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ហើយ​សូម្បី​តែ​រឿង​មន្ត្រី​ស្ថានទូត​វៀតណាម ថ្លែង​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ក៏​ក្រសួង​ការ​បរទេស​វៀតណាម មិន​ចេញ​មុខ​ដោះស្រាយ​ដែរ៖ «បើ​សិន​ជា​យើង​និយាយ​ពី​រឿង​អធិបតេយ្យ​ភាព គឺ​យើង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តវ៉ា​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​វៀតណាម ដែល​បាន​រំលោភ​មក​លើ​អធិបតេយ្យ​ភាព​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ទេ អ៊ីចឹង​កុំ​ខឹង​គេ ថា​យើង​នឹង​ជ្រក​ក្រោម​នយោបាយ​របស់​វៀតណាម ព្រោះ​យើង​មិន​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ»

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ទូទៅ មើល​ឃើញ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ពិត​ជា​ធ្វើ​តាម​គំរូ​របស់​អតីត​ព្រះមហាក្សត្រ​មែន​នោះ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​សកម្មភាព​ឲ្យ​ពលរដ្ឋ​បាន​ឃើញ តួយ៉ាង​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ចាត់​តំណាង ឬ​មន្ត្រី​បក្ស​របស់​ខ្លួន ឲ្យ​ចូលរួម​ក្នុង​ខួប​រំឭក​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​រដ្ឋាភិបាល ក៏​ត្រូវ​ហ៊ាន​ដោះស្រាយ​បញ្ហា​ដទៃ​ទៀត​ដែល​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល