សហគមន៍​ខ្មែរ​ក្រោម​គ្រោង​ស្នើ​ដាក់​បញ្ចូល​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ក្នុង​កម្មវិធី​សិក្សា

ដោយ យាង សុជាមេត្តា
2015-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។
ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Tin Zakariya

ទាញ​យក​កម្មវីធី

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ស្នើ​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បញ្ចូល​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ។ គម្រោង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ឯកសារ​កម្ពុជា​ក្រោម​ជា​លើក​ទី​២ នៅ​ប្រទេស​បារាំង ដើម្បី​យក​មក​ធ្វើ​ជា​ឯកសារ និង​ដើម្បី​បង្ហាញ​រដ្ឋាភិបាល​វៀតណាម ដែល​កន្លង​មក​បាន​អះអាង​ថា ទឹក​ដី​កម្ពុជា​ក្រោម មិន​មែន​ជា​ទឹក​ដី​របស់​ខ្មែរ ដែល​បារាំង កាត់​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​នោះ​ទេ តែ​វា​ជា​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យល់​ឃើញ​ថា ឯកសារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ទៅ​នឹង​ដែនដី​កម្ពុជា​ក្រោម ដែល​ពួក​គេ​បាន​រក​ឃើញ​នៅ​ប្រទេស​បារាំង កាល​ពី​ពេល​ថ្មីៗ​នេះ នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​កូន​ខ្មែរ​យល់​កាន់​តែ​ច្រើន​ថែម​ទៀត​អំពី​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បាត់បង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រទេស​វៀតណាម។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​កន្លង​មក​បាន​ដឹក​នាំ​ខ្មែរ​ក្រោម យុវជន​និង​ពលរដ្ឋ​ខ្មែរ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ពេល​នេះ​លោក​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ឯកសារ​ជា​លើក​ទី​២ របស់​លោក​ពី​ប្រទេស​បារាំង រួច​ហើយ។

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា ឯកសារ​ដែល​លោក​ស្វែងរក​បាន​ពី​ប្រទេស​បារាំង មាន​ទាំងអស់​ជាង ៣​ពាន់​ទំព័រ ចំណែក​ផែនទី​វិញ​មាន ២៧៥​ផ្ទាំង។ លោក​ថា ឯកសារ និង​ផែនទី​ទាំងអស់​នោះ គឺ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ដែល​កើត​មាន​នៅ​លើ​ទឹក​ដែន​ដី​កម្ពុជា​ក្រោម ក្នុង​សម័យ​បារាំង គ្រប់គ្រង ជាពិសេស គឺ​សន្ធិសញ្ញា និង​ឯកសារ​ពាក់ព័ន្ធ​នានា​រវាង​បារាំង និង​វៀតណាម ក្នុង​ការ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង។

លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​ផែនទី និង​ឯកសារ​អំពី​កម្ពុជា​ក្រោម ក្រុម​ការងារ​របស់​លោក​ក៏​បាន​រក​ឃើញ​ឯកសារ និង​ផែនទី​របស់​ប្រទេស​កម្ពុជា ផង​ដែរ។ យ៉ាង​ណា លោក​ថា ឯកសារ និង​ផែនទី​ទាំងអស់​នេះ មួយ​ចំនួន​បាន​ដល់​ដៃ​របស់​ក្រុម​លោក​រួច​ហើយ។ ចំណែក​ឯកសារ​សេសសល់ ក្រុម​លោក​កំពុង​ឲ្យ​គេ​ថត​ចម្លង និង​អាច​បញ្ជូន​មក​កម្ពុជា នៅ​ចុង​ខែ​តុលា។

យ៉ាង​ណា លោក ថាច់ សេដ្ឋា ថ្លែង​ថា ឯកសារ និង​ផែនទី​ដែល​ក្រុម​ការងារ​លោក​រក​បាន​នេះ គឺ​មិន​មែន​សម្រាប់​យក​មក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល​អ្វី​នោះ​ឡើយ តែ​សម្រាប់​ធ្វើ​ជា​ឯកសារ​យោង​បម្រើ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ជាទូទៅ​របស់​សិស្ស និស្សិត និង​អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ប៉ុណ្ណោះ។

លោក​ថា ក្រុម​ការងារ​លោក​កំពុង​បកប្រែ​ឯកសារ​ទាំងអស់​នេះ​ទៅ​ជា​ភាសា​ខ្មែរ រួច​បោះពុម្ព​ជា​សៀវភៅ​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ សិស្ស និស្សិត ឬ​អ្នក​ស្រាវជ្រាវ ទៅ​តាម​លទ្ធភាព​ថវិកា​ដែល​មាន។ ក្រុម​លោក​ក៏​គ្រោង​យក​ឯកសារ​ទាំង​នេះ​ទៅ​តម្កល់​ទុក​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា ផង​ដែរ។ លើស​ពី​នេះ​លោក​ថា លោក​ក៏​គ្រោង​នឹង​ស្នើ​ទៅ​កាន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បញ្ចូល​ប្រវត្តិសាស្ត្រ​ដែន​ដី​កម្ពុជា​ក្រោម ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​ដែរ៖ «ខ្ញុំ​ចង់​ស្នើ​គេ​ឲ្យ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​ឲ្យ​សិស្ស និស្សិត​បាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​របស់​ខ្លួន​ពី​អតីតកាល បច្ចុប្បន្ន ការ​បាត់បង់​ហូរហែ ពីព្រោះ​ប្រទេស​ជិត​ខាង​គេ​រៀន​រហូត រហូត​ដល់​គេ​បំភ្លៃ​ប្រវត្តិសាស្ត្រ គេ​ថា​របស់​គេ រឿង​អី​ទឹក​ដី​របស់​យើង យើង​មិន​ខំ​ប្រឹង​រៀន ខំ​បណ្តុះបណ្តាល​ឲ្យ​យុវជន សិស្ស និស្សិត ឲ្យ​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ យើង​នាំ​គ្នា​ទៅ​កាយ​កប់​រហូត។ ដូច្នេះ​ហើយ​ខ្ញុំ​យល់​ថា ការ​ដាក់​ចូល​ទៅ​ក្រសួង​អប់រំ គឺ​មាន​សារសំខាន់​ណាស់ បើ​សិន​ណា​ខាង​រដ្ឋាភិបាល​គិត​ថា​ជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​ជាតិ​របស់​ខ្លួន​ឯង សម្រាប់​យុវជន សិស្ស និស្សិត ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង»

ដែន​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​អាណានិគម​បារាំង គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ​១៨៥៩។ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ បារាំង បាន​កាត់​ទឹក​ដី​នេះ​ទៅ​ឲ្យ​ស្ដេច​វៀតណាម បាវ ដាយ (Bao Dai) គ្រប់គ្រង ដើម្បី​ជា​ថ្នូរ​យក​កម្លាំង​របស់​ស្ដេច បាវ ដាយ ទៅ​ទប់ទល់​នឹង​កម្លាំង​កុម្មុយនីស្ត​របស់ លោក ហូ ជីមិញ (Ho Chi Minh)។ ការ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​នេះ បារាំង មិន​បាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ស្រុក​បាន​ដឹង​ឡើយ។

បើ​ទោះ​ជា​បែប​នេះ​ក្តី រដ្ឋាភិបាល​វៀតណាម កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ បាន​ថ្លែង​ថា ទឹក​ដី​កម្ពុជា​ក្រោម មិន​មែន​បារាំង កាត់​ឲ្យ​វៀតណាម គ្រប់គ្រង​បន្ត​នោះ​ទេ ប៉ុន្តែ​វា​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរយារ​មក​ហើយ។ ការ​ថ្លែង​របស់​រដ្ឋាភិបាល​វៀតណាម នេះ បាន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ខឹង​សម្បារ​ជា​ខ្លាំង ហើយ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម រហូត​ដល់​មាន​ការ​ដុត​កម្ទេច​ទង់ជាតិ​វៀតណាម មួយ​ចំនួន​ផង។

ដំណើរ​ស្វែងរក​ឯកសារ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ពេល​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ខ្មែរ​ក្រោម ក្នុង​ការ​បញ្ជាក់​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដឹង​ថា ទឹក​ដី​កម្ពុជា​ក្រោម មិន​មែន​ជា​របស់​វៀតណាម តាំង​ពី​យូរ​ណាស់​មក​ហើយ​នោះ​ទេ ប៉ុន្តែ​វា​ជា​អតីត​ទឹក​ដី​របស់​កម្ពុជា។

ក្បួន​ហែ​របស់​បាតុករ​ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​វៀតណាម សុំ​ទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Ouk Savborey
ក្បួន​ហែ​របស់​បាតុករ​ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​វៀតណាម សុំ​ទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Ouk Savborey

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នយោបាយ និង​ជា​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​ស្រាវជ្រាវ​របស់​ខ្មែរ​ក្រោម​នេះ។ លោក​បណ្ឌិត សុខ ទូច ដែល​ថ្លែង​ចាត់​ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​ថា​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នោះ លោក​មាន​ប្រសាសន៍​ថា លោក​រីករាយ​នឹង​ទទួល​យក​ឯកសារ​ទាំងអស់​នោះ​មក​តម្កល់​ទុក ប្រសិន​បើ​ខ្មែរ​ក្រោម​ប្រគល់​ទៅ​ឲ្យ​រាជបណ្ឌិត្យសភា​កម្ពុជា។ លោក​ថា គេ​អាច​ប្រើ​ឯកសារ​ទាំង​នេះ​ធ្វើ​ជា​ឯកសារ​យោង សម្រាប់​បម្រើ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ទៀត៖ «យើង​ត្រូវ​បណ្តុះបណ្តាល​ប្រវត្តិសាស្ត្រ រឿង​ប្រវត្តិសាស្ត្រ​ជា​រឿង​ប្រវត្តិសាស្ត្រ យើង​ត្រូវ​តែ​ដឹង​ឯកសារ​សម្រាប់​ប្រវត្តិសាស្ត្រ ខ្មែរ​ត្រូវ​តែ​ដឹង កុំ​ឲ្យ​យើង​នាំ​គ្នា​បន្ត​បាត់​ដី​ទៀត។ ខ្ញុំ​ជឿ​ថា​វា​មាន​សារសំខាន់»

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មូលដ្ឋាន​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រ​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស គឺ​យុវជន នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។

ចំពោះ​គម្រោង​ស្នើសុំ​បញ្ចូល​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ វិញ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន ឆ្លើយ​តប​ថា រាល់​ការ​ស្នើ​ផ្សេងៗ ក្រសួង​នឹង​ពិនិត្យ​មើល​ទៅ​លើ​គោលការណ៍​គរុកោសល្យ​ជា​មូលដ្ឋាន ថា​តើ​វា​ចាំបាច់​សម្រាប់​សិស្សានុសិស្ស​យល់​ដឹង​ពី​កម្រិត​មួយ​ទៅ​កម្រិត​មួយ ឬ​ក៏​វា​មាន​ការ​ផ្សារភ្ជាប់​គ្នា​តាំង​ពី​កម្រិត​ទាប​រហូត​ដល់​កម្រិត​ខ្ពស់​ឬ​ទេ? យ៉ាង​ណា លោក​ថា​មាន​ចំណេះ​ដឹង​ផ្សេង​ទៀត ដែល​អ្នក​សិក្សា​អាច​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​បាន តាម​រយៈ​ព្រឹត្តិបត្រ​តាម​រយៈ​សៀវភៅ ឬ​ព័ត៌មាន​ជាទូទៅ​នៅ​ខាង​ក្រៅ៖ «ចំណុច​សំខាន់​នៅ​ក្នុង​កម្មវិធី​សិក្សា គឺ​យើង​មិន​អាច​ដាក់​គ្រប់​ទិដ្ឋភាព​បាន​ទេ យើង​ត្រូវ​ដាក់​នូវ​មុខវិជ្ជា​ណា​ដែល​ជា​មុខវិជ្ជា ដែល​កំណត់​តាម​ក្រឹត្យ​ក្រម​គរុកោសល្យ​ដែល​ត្រូវ​បញ្ចូល។ ដូច្នេះ​ហើយ ក្រសួង​មាន​អនុ​គណៈកម្មការ​រៀបចំ​កម្មវិធី​សិក្សា​របស់​ក្រសួង គឺ​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​ទាំងអស់​នេះ»

បើ​ទោះ​ជា​កម្ពុជា​ក្រោម ជា​អតីត​ទឹក​ដី​ដ៏​ធំ​របស់​ខ្មែរ​ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​ស្គាល់​កម្ពុជា​ក្រោម ច្បាស់​នៅ​ឡើយ ខ្លះ​នៅ​មិន​ទាន់​ទាំង​ដឹង​ថា តើ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​កន្លែង​ណា ឬ​លាត​សន្ធឹង​ពី​ណា​ដល់​ណា​ឡើយ?

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​សិស្ស​និស្សិត​ខ្មែរ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្រោម ពិសេស​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា បាត់បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង ដើម្បី​អាច​ឲ្យ​ពួក​គេ​រៀន​សូត្រ​ពី​ប្រវត្តិសាស្ត្រ និង​ចេះ​នាំ​គ្នា​ការពារ​ទឹក​ដី​ដែល​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

យើងសូមគាំទ្រគោលគំនិតដែលចង់ដាក់ប្រវត្តិទឹកដី
កម្ពុជាក្រោមឲ្យចូលក្នុងកម្មវិធីប្រវត្តិសាស្ត្រនៃក្រសួង
អប់រំ​ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ច្បាស់
នូវពង្សាវតារជាតិយើង​ ។ យើងមានសង្ឃឹមតិច
ណាស់ថារដ្ឋាភិបាលសព្វថ្ងៃអាចធ្វើបាន ប៉ុន្តែយើង
ប្រាកដក្នុងចិត្តថារដ្ឋាភិបាលដឹកនាំដោយគណបក្ស
សង្គ្រោះជាតិនឹងធ្វើកិច្ចការនេះដោយសោមនស្សរីក
រាយជាទីបំផុត​ ៕

Oct 03, 2015 08:23 PM

គេហទំព័រ​ទាំងមូល