ព្រះសង្ឃ​ខ្មែរ​ក្រោម​គង់​នៅ​វត្ត​ស្ទឹងមានជ័យ​ទាមទារ​ឲ្យ​មន្ត្រី​សង្ឃ​សង​កុដិ​ឲ្យ​ព្រះអង្គ​វិញ

ដោយ យាង សុជាមេត្តា
2015-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះតេជព្រះគុណ គឹម សិលា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
ព្រះតេជព្រះគុណ គឹម សិលា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ព្រះសង្ឃ​ខ្មែរ​ក្រោម គង់​នៅ​វត្ត​ចង្ក្រាន​តាព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ថ្នាក់​ដឹក​នាំ​សង្ឃ​វត្ត​ស្ទឹងមានជ័យ ប្រគល់​កុដិ​ដែល​ព្រះអង្គ​បាន​ជាវ​ចំនួន ៥​ម៉ឺន​ដុល្លារ​នៅ​ក្នុង​វត្ត​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មក​ឲ្យ​ព្រះអង្គ​វិញ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ បាន​ចាក់​សោ​មិន​ឲ្យ​ព្រះអង្គ​ចូល​កុដិ ហើយ​មាន​បំណង​រឹប​អូស​យក​កុដិ​នេះ ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​ទិញ​ដូរ​កុដិ​នេះ គឺ​ជា​រឿង​ខុស​ច្បាប់​វត្ត។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម គឹម សិលា ហៅ គង់ ដែល​អះអាង​ថា កុដិ​របស់​ព្រះអង្គ​ត្រូវ​បាន​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ ប៉ុនប៉ង​រំលោភ​យក ប្ដេជ្ញា​ថា​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ស្រប​ច្បាប់ ដើម្បី​ប្តឹងប្តល់​ទាមទារ​យក​កុដិ​របស់​ព្រះអង្គ​មក​វិញ។

ព្រះតេជព្រះគុណ គឹម សិលា មាន​ថេរ​ដីកា​រៀបរាប់​ដំណើរ​ដើម​ទង​នៃ​សាច់​រឿង​ថា កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ព្រះអង្គ​ត្រូវ​បាន​ព្រះចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះនាម ថៃ ប៊ុនធឿន ចោទ​ប្រកាន់​ថា បាន​យក​ព្រះពុទ្ធ​រូប​មួយ​ចំនួន​បោះ​ចោល​ទៅ​ក្នុង​ស្រះ​ទឹក​ស្អុយ​ក្បែរ​កុដិ​របស់​ព្រះអង្គ។ ក្រោយ​មក មន្ត្រី​សង្ឃ​ក្នុង​វត្ត បាន​បើក​កិច្ច​ប្រជុំ​សម្ងាត់ ដោយ​សម្រេច​ថា​ចាប់​ព្រះអង្គ​ផ្សឹក​តែ​ម្តង។ ប៉ុន្តែ​ព្រះតេជព្រះគុណ គឹម សិលា ថា​ការ​ចោទ​ប្រកាន់​នេះ​ជា​រឿង​មិន​ពិត​នោះ​ទេ។

លុះ​ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ នៅ​វេលា​ម៉ោង​ប្រមាណ ៦ និង ៣០​នាទី​ល្ងាច ព្រះចៅ​អធិការ​ស្តីទី គ្រូ​សូត្រ​ស្តាំ ឆ្វេង និង​មន្ត្រី​សង្ឃ​ក្នុង​វត្ត រួម​ជាមួយ​កង​កម្លាំង​ប៉េអិម​ផង បាន​នាំ​គ្នា​មក​ប៉ុនប៉ង​ទម្លុះ​ទ្វារ​ចូល​ចាប់​ព្រះអង្គ​ផ្សឹក តែ​ពេល​នោះ​ព្រះអង្គ​កំពុង​គង់​នៅ​ក្នុង​កុដិ។ លុះ​មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត ពោល​គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ព្រះចៅ​អធិការ​ស្តីទី និង​ព្រះ​គ្រូ​សូត្រ​ស្តាំ បាន​បើក​កិច្ច​ប្រជុំ​មួយ ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះ​អនុគណ និង​ព្រះ​វិន័យ​ធម៌​ខណ្ឌ​មានជ័យ ព្រម​ទាំង​មាន​មន្ត្រី​មក​ពី​ធម្មការ​រាជធានី​ភ្នំពេញ និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ ផង​ដែរ។

ព្រះតេជព្រះគុណ គឹម សិលា មាន​ថេរ​ដីកា​ថា ក្នុង​កិច្ច​ប្រជុំ​នោះ មិន​បាន​និយាយ​ពី​រឿង​ដែល​ចោទ​ប្រកាន់​ព្រះអង្គ​ថា បាន​បោះ​ព្រះពុទ្ធ​រូប​ចោល​ក្នុង​ស្រះ​នោះ​ទេ តែ​បែរ​ទៅ​ជា​និយាយ​ពី​ការ​ជាវ​កុដិ និង​គំរាម​ដក​ហូត​យក​កុដិ​របស់​ព្រះអង្គ​ដែល​ទើប​ជាវ​ទៅ​វិញ ដោយ​ចោទ​ប្រកាន់​ថា ជាវ​កុដិ​ខុស​ច្បាប់។

យ៉ាង​ណា​ក៏ដោយ ព្រះតេជព្រះគុណ គឹម សិលា អះអាង​ថា ការ​ទិញ ឬ​ការ​ជាវ​កុដិ​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នេះ គឺ​កើត​មាន​ឡើង​ជាទូទៅ​ហើយ។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការ​ជាវ​កុដិ​នេះ គឺ​ព្រះអង្គ​យក​បច្ច័យ​ផ្ទាល់​ខ្លួន​ដែល​បាន​សន្សំ​ទុក​ជា​យូរ ហើយ​ការ​ជាវ​នេះ គឺ​ក្នុង​គោល​បំណង​ប្រគេន​ព្រះសង្ឃ និង​និស្សិត​ដែល​មាន​ជីវភាព​ខ្វះខាត ដើម្បី​គង់ និង​ស្នាក់នៅ​បន្ត​ការ​សិក្សា​រៀន​សូត្រ​ដោយ​មិន​មាន​ការ​រើសអើង ហើយ​កុដិ​នេះ​នឹង​ទុក​ជា​សម្បត្តិ​សង្ឃ​រហូត គឺ​មិន​មាន​ការ​លក់​ដូរ​បន្ត​ទៀត​ឡើយ។

ព្រះតេជព្រះគុណ គឹម សិលា ដែល​មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​ព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម ហើយ​ដែល​បាន​និមន្ត​មក​គង់​នៅ​វត្ត​ស្ទឹងមានជ័យ តាំង​ពី​ឆ្នាំ​២០១១ យល់​ឃើញ​ថា អ្វី​ដែល​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ កំពុង​ធ្វើ​លើ​ព្រះអង្គ គឺ​បង្ហាញ​នូវ​ការ​រើសអើង និង​ជា​ចេតនា​ដាក់​សម្ពាធ​ទៅ​លើ​ព្រះអង្គ ដែល​ជា​សង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នេះ។ ព្រះអង្គ​នៅ​តែ​អះអាង​ថា អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​មិន​មាន​អ្វី​ខុស​ច្បាប់​នោះ​ឡើយ៖ «អាត្មា​ចង់​និយាយ​ថា ហេតុ​អី​ព្រះសង្ឃ​ដទៃ​ទិញ​បាន​មិន​ខុស ចំណែក​អាត្មា​ទិញ​កុដិ​នេះ​លោក​ថា​ខុស ខុស​វិន័យ​ត្រង់​កន្លែង​ណា? ព្រោះ​អាត្មា​ទិញ​ទៅ អាត្មា​ទុក​ជា​សម្បត្តិ​រួម​វត្ត​ស្ទឹងមានជ័យ ដដែល ហើយ​អាត្មា​នៅ​តែ​ជ្រក​ក្រោម​ចៅ​អធិការ​ដដែល ដូចជា​កូន​ចៅ​របស់​ចៅ​អធិការ​ដដែល»

នៅ​ក្នុង​លិខិត​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​កុដិ ធ្វើ​ឡើង​រវាង​ព្រះ​មេ​កុដិ​ចាស់ និង​ព្រះតេជព្រះគុណ គឹម សិលា ចុះ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក៏​ឃើញ​មាន​ការ​ចុះ​ហត្ថលេខា​ឯកភាព​ពី​ព្រះចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន និង​ព្រះ​គ្រូ​សូត្រ​ស្តាំ​ផង​ដែរ។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ព្រះតេជព្រះគុណ គឹម សិលា បញ្ជាក់​ថា ប្រសិន​បើ​ការ​ជាវ​កុដិ​របស់​ព្រះអង្គ​ខុស ឬ​ប្រាសចាក​វិន័យ ហេតុ​អ្វី​បាន​ជា​ព្រះចៅ​អធិការ​ស្តីទី និង​ព្រះ​គ្រូ​សូត្រ​ស្តាំ​វត្ត ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​កុដិ​របស់​ព្រះអង្គ?៖ «កុដិ​អាត្មា​ជាវ​ពេញ​សិទ្ធិ ឥឡូវ​ទៅ​កិប​សោ​អត់​ឲ្យ​អាត្មា​ចេញ​ចូល​បាន អាត្មា​ឈឺ​ចាប់​មែន​ទែន! ពីព្រោះ​ទឹក​លុយ​អាត្មា​សន្សំ អាត្មា​អត់​មាន​ប្រាក់​ខែ ឬ​បើក​អាជីវកម្ម​អ្វី​ឡើយ តែ​អំណោយ​ធម្មជាតិ​ដែល​អាត្មា​ខំ​សិក្សា​រៀន​សូត្រ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ធម៌​អារ្យ​ព្រះ​វិន័យ ដើម្បី​ប្រោស​ព្រហ្ម​សត្វ​លោក​សូត្រ​មន្ត​រំដោះ​គ្រោះ​តាម​គេហដ្ឋាន ធ្លាប់​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ប្រទេស​បារាំង អាមេរិក ដើម្បី​បាន​លុយ​តិចតួច​យក​មក​ទំនុក​បម្រុង​និស្សិត​រៀន​សូត្រ»

ចាប់​តាំង​ពី​មាន​ផ្ទុះ​រឿង​ចោទ​ប្រកាន់​ព្រះតេជព្រះគុណ គឹម សិលា ថា​បាន​បោះ​ព្រះពុទ្ធ​រូប​ចោល​ក្នុង​ស្រះ រហូត​ដល់​ពេល​គេ​ចាក់​សោ​បិទ​ទ្វារ​កុដិ​របស់​ព្រះអង្គ​មក ព្រះសង្ឃ ពលរដ្ឋ​ខ្មែរ​ក្រោម និង​សកម្មជន​សង្គម​មួយ​ចំនួន បាន​ទៅ​ចូលរួម​ការពារ​ព្រះអង្គ​ក្រែង​មាន​ការ​ចាប់​ផ្សឹក​ដោយ​មន្ត្រី​សង្ឃ​វត្ត ឬ​អាជ្ញាធរ។ ពួក​គេ ក៏​បាន​ទាមទារ​ឲ្យ​មន្ត្រី​សង្ឃ​ប្រគល់​កុដិ​ទៅ​ឲ្យ​ព្រះតេជព្រះគុណ គឹម សិលា វិញ។

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ទាមទារ​ឲ្យ​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ ប្រគល់​កុដិ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះតេជព្រះគុណ គឹម សិលា វិញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ទាមទារ​ឲ្យ​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ ប្រគល់​កុដិ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះតេជព្រះគុណ គឹម សិលា វិញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Yeang Socheametta

ព្រះចៅ​អធិការ​ស្តីទី​វត្ត​សាមគ្គីរង្សី និង​ជា​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ហារសំអាង។ ព្រះអង្គ​មាន​ថេរ​ដីកា​ក្នុង​ពេល​ទៅ​ចូលរួម​តវ៉ា​កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ ថា ថ្នាក់​ដឹក​នាំ​សង្ឃ​វត្ត​ស្ទឹងមានជ័យ មាន​ចេតនា​រឹប​អូស​យក​កុដិ​ពី​ព្រះសង្ឃ​ខ្មែរ​ក្រោម។ លើស​ពី​នេះ ពួក​គេ​ក៏​មាន​ចេតនា​បំបែក​បំបាក់​រវាង​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ព្រះសង្ឃ​ដទៃ​ទៀត​នៅ​ក្នុង​វត្ត និង​មាន​ចេតនា​កម្ចាត់​ព្រះសង្ឃ​ខ្មែរ​ក្រោម កុំ​ឲ្យ​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ៖ «ដើម្បី​កម្ទេច​លោក​ដើម្បី​យក​កុដិ​លោក គេ​ហ៊ាន​បង្កើត​រហូត​ដល់​យក​ព្រះពុទ្ធ​រូប​បោះ​ចោល​ក្នុង​ទឹក​ស្អុយ ហើយ​ដើម្បី​កម្ទេច​លោក​តា គឹម សិលា នេះ​ចោល ដោយសារ​គេ​គិត​ថា លោក​តា គឹម សិលា នេះ គឺ​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ដែល​មាន​ប្រជាប្រិយ​ក្នុង​វត្ត​ស្ទឹងមានជ័យ។ ចឹង​គេ​គិត​ថា ត្រូវ​តែ​កម្ទេច​លោក​តា​នេះ​ចោល​មុន​សិន រឿង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ផ្សេងៗ​នៅ​វត្ត​ស្ទឹងមានជ័យ មិន​មាន​ជា​បញ្ហា​សម្រាប់​គេ​ទេ ហើយ​រហូត​ឈាន​ដល់​ចង់​ចាប់​លោក​ផ្សឹក ចង់​ដេញ​លោក​ចេញ​ពី​វត្ត ធ្វើ​ហ្នឹង​ដើម្បី​គំរាម​កំហែង​យើង ធ្វើ​ឲ្យ​យើង​ភ័យ យើង​តក់​ស្លុត ដើម្បី​រត់​ចេញ​ដោយ​ខ្លួន​ឯង»

កន្លង​មក ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម សឺន ហាយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ​ផ្សឹក​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ដោយសារ​ព្រះអង្គ​បាន​ចូលរួម​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​តំបន់​បឹងកក់ ក៏​ធ្លាប់​គង់​នៅ​វត្ត​ស្ទឹងមានជ័យ មួយ​រយៈពេល​ដែរ។ ក្នុង​ពេល​គង់​នៅ​នោះ ព្រះតេជព្រះគុណ សឺន ហាយ និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ផ្សេង​ទៀត ធ្លាប់​ត្រូវ​បាន​សាច់ញាតិ​របស់​ព្រះចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ វាយ​ឲ្យ​របួស។

ចំពោះ​រឿងរ៉ាវ​កើត​ឡើង​នៅ​ពេល​នេះ​វិញ ព្រះចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន មាន​ថេរ​ដីកា​ឆ្លើយ​តប​ថា អ្វី​ដែល​ព្រះអង្គ​ធ្វើ មិន​មែន​ជា​ការ​រើសអើង ឬ​ជា​ការ​ធ្វើ​បាប​ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ប៉ុន្តែ​ព្រះតេជព្រះគុណ​ថា វា​គ្រាន់​តែ​ជា​ការ​អនុវត្ត​ច្បាប់​វត្ត ដែល​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​ទិញ​ដូរ​ពី​មួយ​ទៅ​មួយ​ប៉ុណ្ណោះ៖ «ពេល​ដែល​យក​មក​ឲ្យ​ព្រះចៅ​អធិការ​វត្ត គ្រូ​សូត្រ​ឆ្វេង​ស្តាំ​សម្រួល​ឲ្យ អត់​មាន​និយាយ​រឿង​លុយ​កាក់​ទេ និយាយ​ពី​ការ​ផ្លាស់ប្ដូរ​ស្នាក់នៅ​បន្ត​វេន​ពី​មួយ​ទៅ​មួយ ដោយ​មិន​មាន​ការ​លក់​ដូរ​ឡើយ ប៉ុន្តែ​បែរ​ជា​បង្ហោះ​ថា លក់​ដូរ​កុដិ​តម្លៃ ៥​ម៉ឺន​ដុល្លារ ពីព្រោះ​ថា គ្រប់​កុដិ​ទាំងអស់​នៅ​ពេល​លោក​សង្ឃ​មួយ​អង្គ​សឹក​ទៅ ម្ចាស់​កុដិ​សុំ​ផ្ទេរ​ឲ្យ​ព្រះសង្ឃ​មួយ​អង្គ​ទៀត​មក​គ្រប់គ្រង​បន្ត អ៊ីចឹង​ជា​ធម្មតា​ទេ​កុដិ​នីមួយៗ​ត្រូវ​មាន​អ្នក​គ្រប់គ្រង​បន្ត​ចឹង​ហើយ តែ​មិន​អាច​ទិញ​ដូរ​បាន​ទេ គឺ​វត្ត​មិន​អនុញ្ញាត​ឲ្យ​ឡើយ»

ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន ចាត់​ទុក​ការ​ចោទ​ប្រកាន់​ដែល​ថា មាន​ការ​ទិញ​លក់​កុដិ​ក្នុង​វត្ត​ស្ទឹងមានជ័យ គឺ​ជា​ការ​បំប៉ោង​សភាពការណ៍​ដើម្បី​បំភ្លៃ​ការ​ពិត​ប៉ុណ្ណោះ។ ចំពោះ​កុដិ​ដែល​ចាក់​សោ​បិទ​ទ្វារ​វិញ ព្រះអង្គ​ថា​ត្រូវ​រក្សា​ទុក​មួយ​រយៈ​សិន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ។

ព្រះសង្ឃ​ខ្មែរ​ក្រោម​ម្ចាស់​កុដិ​បញ្ជាក់​ថា បើ​មន្ត្រី​សង្ឃ​វត្ត​ចង់​រឹប​អូស​យក​កុដិ​ពី​ព្រះអង្គ មន្ត្រី​សង្ឃ​ត្រូវ​ប្រគល់​ប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ព្រះអង្គ​វិញ ហើយ​ព្រះអង្គ​នឹង​យក​ប្រាក់​នេះ​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌​ផ្សេង​វិញ។ ប៉ុន្តែ​ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន អះអាង​ថា វត្ត​មិន​បាន​ទទួល​ប្រាក់ ៥​ម៉ឺន​ដុល្លារ​នោះ​ទេ ហើយ​បើ​ចង់​ទារ​ទៅ​ទារ​ពី​អ្នក​លក់​កុដិ​វិញ​ទៅ។

ចំណែក​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា លោក តាំង សារៈ កត់​សម្គាល់​ថា ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ព្រះសង្ឃ​ខ្មែរ​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក និង​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ និង​ព្រះសង្ឃ​នៅ​កម្ពុជា បញ្ឈប់​ការ​ធ្វើ​បាប​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ព្រះនាម គឹម សិលា នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល