ខ្មែរ​ក្រោម​នៅ​កម្ពុជា​រអ៊ូរទាំ​រឿង​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ​ពេល​ទៅ​លេង​ស្រុក

ដោយ យាង សុជាមេត្តា
2015-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សឺន ជុំជួន ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ក្នុង​ឱកាស​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៣ នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ។
លោក សឺន ជុំជួន ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ក្នុង​ឱកាស​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៣ នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ។
RFA/Yang Socheametta

ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា រអ៊ូរទាំ​ចំពោះ​ការ​រំខាន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម។ ពួក​គេ​ថា អាជ្ញាធរ​វៀតណាម តែង​តាម​ដាន និង​កោះ​ហៅ​ពួក​គេ​ទៅ​សាកសួរ បើ​ទោះ​ជា​ពួក​គេ​មាន​លិខិត​ឆ្លង​ដែន​កម្ពុជា ក៏ដោយ។

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ថា​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ជា​ការ​គំរាម​កំហែង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​ក្រោម។

ពលរដ្ឋ​ខ្មែរ​ក្រោម​តែង​តែ​រអ៊ូរទាំ​ម្តង​ហើយ​ម្តង​ទៀត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ម្តងៗ។ ពួក​គេ​បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម តែង​តាម​ដាន សួរ​នាំ ឬ​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ឈ្មោះ សឺន ថៃថាញ់ ដែល​អះអាង​ថា លោក​បាន​ឡើង​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៨៣។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ តុលា ថា លោក​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​ភូមិ​កំពង់ប្រទាល ឃុំ​ព្រែកគយ ស្រុក​ព្រែកគយ ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដើម្បី​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នៅ​ទីនោះ។ យ៉ាង​ណា​លោក​ថា លោក​មិន​អាច​ទ្រាំ​ស្នាក់នៅ​ទីនោះ​រហូត​ដល់​ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន ដោយសារ​ការ​រំខាន​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

លោក សឺន ថៃថាញ់ ឲ្យ​ដឹង​ថា នៅ​ពេល​លោក​ទៅ​ដល់​ស្រុក​កំណើត​ភ្លាម លោក​មិន​បាន​ជូន​ដំណឹង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម បាន​ដឹង​នោះ​ទេ ដោយ​លោក​សំអាង​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស ហើយ​លោក​ក៏​មាន​លិខិត​ឆ្លង​ដែន​កម្ពុជា ត្រឹមត្រូវ​ផង​ដែរ។

លោក​ថា ក្រោយ​មក អាជ្ញាធរ​វៀតណាម បាន​បញ្ជូន​ភ្នាក់ងារ​របស់​គេ គឺ​បញ្ជា​ការពារ​ភូមិ ឲ្យ​ទៅ​តាម​ដាន និង​បាន​កោះ​ហៅ​លោក​ទៅ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅ​សាលា​ឃុំ។ ពួក​គេ​សួរ​ពី​ការ​រស់នៅ​របស់​លោក​នៅ​កម្ពុជា ពី​មូលហេតុ​ដែល​លោក​ទៅ​ស្រុក​កំណើត និង​ពី​ពេលវេលា​ត្រឡប់​មក​កម្ពុជា វិញ​ជាដើម។ លោក​ថា ក្រោយ​ពី​សាកសួរ​រួច អាជ្ញាធរ​វៀតណាម បាន​ឲ្យ​លោក​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​សន្យា ថា​ថ្ងៃ​ក្រោយ​ពេល​ទៅ​ស្រុក​កំណើត ត្រូវ​តែ​ជូន​ដំណឹង​ឲ្យ​អាជ្ញាធរ​បាន​ដឹង៖ «បង្ខំ​ប្អូន​ស្រី​ខ្ញុំ​ជា​ម្ចាស់​ផ្ទះ ដល់​ហើយ​ប្អូន​ស្រី​ខ្ញុំ​គាត់​ភ័យ ខ្ញុំ​យល់​ឃើញ​អាណិត​ប្អូន ខ្ញុំ​ក៏​ទៅៗ។ ដល់​ពេល​ខ្ញុំ​ទៅ​ដល់​ឃុំ គេ​សួរ​ថា ហេតុ​អី​មក​បួន​ប្រាំ​ថ្ងៃ​ហើយ មិន​មក​ជម្រាប​គេ គេ​ថា​រាល់​បរទេស​មិន​មែន​ជា​ជនជាតិ​វៀតណាម ឲ្យ​តែ​មក​ត្រូវ​មក​ធ្វើ​កំណត់​ហេតុ​អ៊ីចឹង​ទាំងអស់»

លោក សឺន ថៃថាញ់ ថា បើ​ទោះ​ជា​លោក​បាន​ឡើង​មក​កម្ពុជា វិញ​ហើយ​ក៏ដោយ ក៏​អាជ្ញាធរ​វៀតណាម នៅ​តែ​ទៅ​មើល​នៅ​ផ្ទះ​បង​ប្អូន​របស់​លោក ដោយ​គិត​ថា ក្រែង​លោក​កំពុង​នៅ​ទីនោះ​នៅ​ឡើយ។ លោក​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម នេះ ថា​ជា​ការ​គំរាម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​ខ្មែរ​ក្រោម​នៅ​កម្ពុជា និង​បង​ប្អូន​របស់​ពួក​គេ​នៅ​កម្ពុជា​ក្រោម៖ «គេ​រំលោភ​សិទ្ធិ​យើង​ជា​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​តែ​ម្តង យើង​មាន​ប៉ាសស្ព័រ (Passport) ហើយ វា​នៅ​តែ​បំពាន គេ​ត្រូវ​រក្សា​ការពារ​យើង ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ទៅ​គំរាម សួរ​យើង​មួយ​ម៉ោង​ពីរ​ម៉ោង​នៅ​សាលា​ឃុំ ដូច​យើង​ជា​អ្នក​ទោស រូបភាព​នេះ​អាក្រក់​មែន​ទែន មាន​អ្នក​អង្គុយ​ជុំវិញ យើង​មាន​អ្នក​ឈរ​មាត់​ទ្វារ​មើល​យើង ដណ្ដើម​គ្នា​សួរ​នាំ»

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ អាជ្ញាធរ​វៀតណាម នៅ​ខេត្ត​ក្រមួនស ឬ​វៀតណាម ហៅ​ថា​ខេត្ត​កៀនយ៉ាង (Kien Giang) បាន​បណ្ដេញ​ព្រះសង្ឃ​ខ្មែរ​ក្រោម ពលរដ្ឋ និង​យុវជន​ប្រមាណ ១៣​នាក់ ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​ទីនោះ​ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​សួរ​ចម្លើយ​អស់​ជាច្រើន​ម៉ោង មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បន្ត​ត្រឡប់​មក​ប្រទេស​កម្ពុជា។ ចំណែក​វត្ថុ​មាន​តម្លៃ​របស់​ពួក​គេ​មួយ​ចំនួន ដូចជា​ម៉ាស៊ីន​ថត ទូរស័ព្ទ ម៉ាស៊ីន​អាយភែត (iPad) ស៊ីមកាត​ទូរស័ព្ទ យូអេសប៊ី (USB) និង​សៀវភៅ​កត់ត្រា​ផ្សេងៗ ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រឹប​អូស​យក។ អ្នក​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ពិន័យ​ជា​ប្រាក់​អស់​ជាច្រើន​លាន​ដុង​ទៀត​ផង។

អាជ្ញាធរ​វៀតណាម ចោទ​ប្រកាន់​ពួក​គេ​ថា​ឆ្លង​ដែន​ខុស​ច្បាប់ យក​រូបថត​ទៅ​ចែក​ចាយ​ឲ្យ​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រៅ​ប្រទេស និង​បំផ្លើស​ព័ត៌មាន ធ្វើ​ឲ្យ​ខូច​កិត្តិយស​ប្រទេស​វៀតណាម ជាដើម។ នគរបាល​វៀតណាម ក៏​បាន​បង្ខំ​ឲ្យ​ពួក​គេ​ផ្ដិត​មេដៃ​ទទួល​យក​ការ​ចោទ​ប្រកាន់​ទាំងអស់​នេះ ដោយ​គំរាម​ថា បើ​មិន​ព្រម​ទទួល​ស្គាល់​នោះ​ទេ ពួក​គេ​នឹង​មិន​ដោះ​លែង​ឡើយ។ ទោះ​យ៉ាង​ណា ពួក​គេ​ថា អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​នោះ សុទ្ធតែ​មាន​លិខិត​ស្នាម​ឆ្លង​ដែន​ត្រឹមត្រូវ​ទាំងអស់។

ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ពេល​នេះ​វិញ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ជា​ការ​ខុស​ច្បាប់ និង​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​វៀតណាម អាច​មាន​ការ​ភ័យ​ខ្លាច ដោយសារ​តែ​ខ្មែរ​ក្រោម​យើង​មាន​ការ​ចុះ​ឡើង​ពី​កម្ពុជា ទៅ​កម្ពុជា​ក្រោម។ ទី​១ គេ​ខ្លាច​យើង​ពាំនាំ​រឿង ព័ត៌មាន​ពី​ខ្មែរ​ក្រោម​ទៅ​ខ្មែរ​ក្រោម។ បញ្ហា​មួយ​ទៀត យើង​គិត​ថា ជា​ការ​គំរាម​មួយ ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​មាន​ការ​ភ័យ​ខ្លាច ជៀសវាង​ថ្ងៃ​ក្រោយ​កុំ​ឲ្យ​មាន​ការ​ចុះ​ឡើង ហើយ​អាច​ពាំនាំ​ព័ត៌មាន​មក​ឲ្យ​អង្គការ​ខ្មែរ​ក្រោម ជាដើម»

លោក សឺន ជុំជួន ថ្លែង​ថា អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​អំពាវនាវ​រដ្ឋាភិបាល​វៀតណាម មិន​ឲ្យ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ខ្មែរ​ក្រោម​ដែល​ទៅ​លេង​ស្រុក​កំណើត ប៉ុន្តែ​លោក​ថា រហូត​មក​ទល់​ពេល​នេះ ខ្មែរ​ក្រោម​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ទេ​នៅ​ពេល​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អធិប្បាយ​លើ​ករណី​នេះ​បាន​ទេ ដោយ​លោក​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ទាក់ទង​នឹង​រឿង​នេះ​នៅ​ឡើយ។

របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម​ឆ្នាំ​២០១៣ បង្ហាញ​ថា ករណី​រំលោភ​សិទ្ធិ​សេរីភាព​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម មាន​ច្រើន​ករណី ក្នុង​នោះ​មាន​ដូចជា ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ដោយ​បង្ខំ ការ​ធ្វើ​ទារុណកម្ម ការ​គាប​សង្កត់​លើ​សិទ្ធិ​ប្រតិបត្តិ​វប្បធម៌ និង​សាសនា ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​ព័ត៌មាន ជាដើម។

ស្រដៀង​គ្នា​នេះ របាយការណ៍​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ឆ្នាំ​២០១៣ បង្ហាញ​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ញឹកញយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត និង​គ្មាន​តំណាង​ផ្នែក​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល