ខ្មែរ​ក្រោម​និង​សង្គម​ស៊ីវិល​បន្ត​ទទូច​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​២​អង្គ

ដោយ យាង សុជាមេត្តា
2015-08-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។
ព្រះសង្ឃ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ព្រះសង្ឃ​ខ្មែរ​ក្រោម​ជាង ៤០​អង្គ និង​ពលរដ្ឋ​ប្រមាណ ២០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ព្រះ​កាយ និង​ផ្សឹក​កាល​ពី​ថ្ងៃ​ទី​១ សីហា។

ព្រះតេជព្រះគុណ ២​អង្គ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​គ្រឿង​ញៀន ការ​គំរាម​សម្លាប់ និង​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ។ ព្រះអង្គ​ត្រូវ​បាន​តុលាការ សម្រេច​ឲ្យ​បន្ត​ឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

«សំឡេង​តវ៉ា»

សំឡេង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម បាន​លាន់​ឮ​ជា​ថ្មី​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម ១​អង្គ​ក្នុង​ចំណោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវ​បាន​សមត្ថកិច្ច​ដឹក​មក​ពី​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ឲ្យ​តុលាការ​ធ្វើ​ការ​សាកសួរ និង​ចោទ​ប្រកាន់។

ក្រោយ​ការ​សាកសួរ​នៅ​ក្នុង​តុលាការ​អស់​រយៈពេល​ជាង ៣​ម៉ោង ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចោទ​ប្រកាន់​ចំនួន ៣​ករណី គឺ​ការ​រក្សា​ទុក​គ្រឿង​ញៀន ការ​គំរាម​សម្លាប់ និង​ការ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ដែល​ការ​ចោទ​ប្រកាន់​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ កាល​ពី​ថ្ងៃ​ទី​៣ សីហា ដែរ។

ភ្លាមៗ​ក្រោយ​ការ​សាកសួរ​នោះ ព្រះតេជព្រះគុណ ជា វណ្ណដា ក្នុង​សម្លៀកបំពាក់​ពណ៌​ទឹក​ក្រូច​ជា​ជន​ជាប់​ចោទ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​រុញ​ឡើង​ឡាន​ទ្រុង ដែល​កំពុង​រង់ចាំ​ជា​ស្រេច​នៅ​មុខ​តុលាការ ជាមួយ​ជន​ជាប់​ចោទ​ផ្សេង​ទៀត រួច​ដឹក​យក​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ក្រោម​សម្រែក​របស់​អ្នក​តវ៉ា​ជាច្រើន។

«សំឡេង​តវ៉ា»

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃ​ទី​១ សីហា បាន​ដឹក​នាំ​កម្លាំង​ចុះ​ឆែកឆេរ​កុដិ​របស់​ព្រះតេជព្រះគុណ ដាវ ទេព្យ និង​ព្រះតេជព្រះគុណ ជា វណ្ណដា ដែល​ឋិត​នៅ​ក្នុង​វត្ត​អង្គតាមិញ ហៅ​វត្ត​គោកចំបក់។ បន្ទាប់​ពី​ការ​ឆែកឆេរ​នោះ សមត្ថកិច្ច​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន មាន​ដូចជា ម្សៅ​គ្រាប់​ពណ៌​ស​មួយ​កញ្ចប់ កាំបិត​ផ្គាក់​១ ដាវ​១ ដំបង​១ ខោ​ទ្រនាប់​ប្រុស​មិន​ទាន់​ប្រើ​២ ខោ​ទ្រនាប់​ប្រុស​ប្រើ​ហើយ​២ ខោ​ទ្រនាប់​ស្រី​១ ស្រោម​អនាម័យ​១ បៀ ១​ហ៊ូ ក្រដាស​កន្ទុយ​ឆ្នោត ២​សន្លឹក ឌីស ២​សន្លឹក ទូរស័ព្ទ​ដៃ ៣​គ្រឿង និង​ព្រះ​ឆាយា​គណៈ​មហានិកាយ​ចំនួន​១។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ដែល​តាម​ដាន​រឿង​នេះ​លើក​ឡើង​ថា តុលាការ​មិន​អាច​យក​សម្ភារៈ​ទាំងអស់​នេះ ធ្វើ​ជា​វត្ថុ​តាង​ដើម្បី​ចោទ​ប្រកាន់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង ២​អង្គ​បាន​ឡើយ។

ថ្លែង​ក្នុង​ពេល​ចុះ​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា សង្គម​ស៊ីវិល​នៅ​តែ​ចាត់​ទុក​ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​របស់​សមត្ថកិច្ច​រដ្ឋាភិបាល គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ខុស​នីតិវិធី។ លោក ណៃ វ៉ង់ដា ថ្លែង​ទទូច​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ ឲ្យ​មាន​សេរីភាព​វិញ និង​ត្រូវ​ជួសជុល​សំណង​ផ្លូវ​ចិត្ត ឬ​ហិរញ្ញវត្ថុ​ចំពោះ​ការ​ខូចខាត​នូវ​ព្រះ​កិត្តិនាម​របស់​ព្រះសង្ឃ ២​អង្គ។

លោក​ថា គេ​មិន​អាច​យក​ភស្តុតាង​បាន​មក​ពី​ការ​ឆែកឆេរ​ដោយ​គ្មាន​តម្លាភាព និង​គ្មាន​ដីកា មក​ធ្វើ​ជា​វត្ថុ​តាង​ដើម្បី​ចោទ​ប្រកាន់ ឬ​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​បាន​ឡើយ៖ «បទ​ចោទ​៣ មិន​ស័ក្តិសម​ទេ ដោយសារ​បទ​ចោទ​ទី​១ គឺ​យុវជន​ម្នាក់​នោះ​សុំ​ដក​វិញ​ទៅ​ហើយ តែ​មិន​ឲ្យ​គេ​ដក​រហូត​ដល់​ពេល​នេះ ចំណែក​បទ​ចោទ​មួយ​ទៀត ថា​ក្លែង​ព្រះ​ឆាយា តាម​ព័ត៌មាន​យើង​ស៊ើប​អង្កេត​បាន គឺ​មាន​ការ​ប្រថាប់​ត្រា​របស់​ព្រះចៅ​អធិការ​វត្ត តែ​បើ​ថា​ឲ្យ​ក្លែងក្លាយ គឺ​មិន​ក្លែង​ទេ ហើយ​ការ​ចោទ​មួយ​ទៀត គឺ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿង​ញៀន គ្រឿង​ញៀន​នេះ​រក​ឃើញ​ក្នុង​កុដិ​ព្រះអង្គ ប៉ុន្តែ​ដោយសារ​កុដិ​នេះ​រស់នៅ​ច្រើន​គ្នា កុដិ​នេះ​មិន​មាន​ចាក់​សោ​ទេ ហើយ​ការ​ឆែក​នេះ​មិន​មាន​ដីកា​ទេ ដូច្នេះ​អ្នក​ណា​យក​គ្រឿង​ញៀន​ទៅ​បង្កប់​នៅ​ទីនោះ ដើម្បី​ដាក់​បន្ទុក​ចោទ​លើ​ព្រះអង្គ​ក៏​បាន​ដែរ»។

ក្រៅ​ពី​ស្រែក​តវ៉ា ព្រះសង្ឃ​ក៏​បាន​សូត្រ​ជយន្តោ​ដើម្បី​ស្នើសុំ​យុត្តិធម៌​ពី​តុលាការ ខណៈ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្លះ​ទៀត ឈរ​លើក​បដា​ដែល​មាន​សរសេរ​អក្សរ​ដូចជា តុលាការ​ត្រូវ​តែ​មាន​យុត្តិធម៌ តុលាការ​ត្រូវ​ដោះ​លែង​ព្រះសង្ឃ ការ​គោរព​ព្រះសង្ឃ​នាំ​មក​នូវ​សន្តិភាព​ដល់​ប្រទេស​ជាតិ និង​ការ​ប្រមាថ​លើ​ព្រះសង្ឃ គឺ​ជា​ការ​បំពាន​រដ្ឋធម្មនុញ្ញ ជាដើម។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម ធ្វើ​ឡើង​ក្នុង​ស្ថានភាព​មន្ទិល​សង្ស័យ​ជាច្រើន តាំង​ពី​នីតិវិធី​ក្នុង​ការ​ឆែកឆេរ ការ​ឃាត់​ខ្លួន ការ​ចាប់​ផ្សឹក រហូត​ដល់​ការ​បញ្ជូន​ទៅ​កាន់​តុលាការ។ លោក​ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ ព្រះសង្ឃ​ទាំង​ពីរ​អង្គ​អាច​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ប្រសិន​បើ​ព្រះអង្គ​មិន​ទាន់​ទទួល​បាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទេ​នោះ៖ «បើ​សិន​ជា​យើង​អនុវត្ត​ទៅ​តាម​ច្បាប់ ខ្ញុំ​គិត​ថា ព្រះសង្ឃ​ទាំង ២​អង្គ អាច​នឹង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ប៉ុន្តែ​បើ​យើង​គិត​ទៅ​លើ​បញ្ហា​នយោបាយ​គួប​ផ្សំ​បន្ថែម​ទៀត គឺ​ព្រះសង្ឃ​ទាំង ២​អង្គ គឺ​ខ្ញុំ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​នៅ​ក្រៅ​ឃុំ​ទេ យើង​ឃើញ​ហើយ​ថា ព្រះសង្ឃ​ទាំង ២​អង្គ កន្លង​មក​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​មុខ​ស្ថានទូត​វៀតណាម ជាច្រើន​ដង ហើយ​ជា​ចុង​ក្រោយ គឺ​លោក​បាន​និមន្ត​ទៅ​មើល​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​១៩ ខែ​កក្កដា ផង​ដែរ។ មូលហេតុ​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​ជា​មុខ​សញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ទាំង ២​អង្គ​នេះ»

ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

 

ក្នុង​ពេល​កន្លង​មក អាជ្ញាធរ​ខ្មែរ​ក៏​ធ្លាប់​ចាប់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា ព្រះតេជព្រះគុណ ទឹម សាខន អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំដិន​ខាង​ជើង ស្រុក​គិរីវង់ ខេត្ត​តាកែវ  ដែល​ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក និង​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម កាត់​ទោស​នៅ​ឆ្នាំ​២០០៧។ ដោយឡែក​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ព្រះ​កាយ និង​ផ្សឹក ដោយសារ​ព្រះអង្គ​ចូលរួម​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ស្ត្រី​បឹងកក់​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស។ ក្រោយ​មក ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ពី​បទ​បង្ក​ការ​រំខាន​ដល់​មន្ត្រី​សាធារណៈ និង​ប្រើប្រាស់​ព្រះ​ឆាយា​ក្លែងក្លាយ។

សម្រាប់​ការ​ចាប់​ព្រះ​កាយ និង​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដោយ​សមត្ថកិច្ច​ពេល​នេះ ត្រូវ​បាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចាត់​ទុក​ថា ជា​ការ​ខុស​ច្បាប់ និង​ជា​រឿង​នយោបាយ ដើម្បី​គំរាម​កំហែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​មិន​ឲ្យ​ចេញ​មុខ​តវ៉ា ឬ​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ។ ពួក​គេ​បាន​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ដឹង​ថា បើ​មិន​មាន​ការ​ដោះ​លែង​នោះ​ទេ ពួក​គេ​នឹង​បន្ត​ការ​តវ៉ា និង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​តាម​បណ្ដា​ស្ថាប័ន​នានា ដូចជា ក្រសួង​ធម្មការ ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ រដ្ឋសភា ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ និង​អាច​ឈាន​ដល់​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល