សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​កម្មវិធី​ផ្សាយ​ជា​ភាសា​វៀតណាម​លើ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2016-01-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ជា​ភាសា​វៀតណាម។
គេហទំព័រ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ជា​ភាសា​វៀតណាម។
Screenshot from vn.vokk.net

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ការ​ផ្សាយ​ព័ត៌មាន​សំឡេង​ខ្មែរ​ក្រោម​ជា​ភាសា​វៀតណាម នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា។ ការ​ដាក់​ឲ្យ​មាន​ការ​ផ្សាយ​ជា​ភាសា​វៀតណាម បន្ថែម​ទៅ​លើ​ភាសា​ខ្មែរ​ដែល​មាន​ស្រាប់​នេះ គឺ​ដើម្បី​ជួយ​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​មិន​ចេះ​ភាសា​ខ្មែរ អាច​ទទួល​បាន​ព័ត៌មាន​ពី​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​បាន។

យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ពុំ​សូវ​ចេះ​ភាសា​ខ្មែរ ចាប់​ពី​ពេល​នេះ​ត​ទៅ​អាច​មាន​លទ្ធភាព​ស្តាប់ និង​អាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ជន​រួម​ឈាម​ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ​បាន តាម​រយៈ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ជា​ភាសា​វៀតណាម នៅ​លើ​គេហទំព័រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក។

វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដែល​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ពី​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាំង​ពី​ឆ្នាំ​២០០១ ដើម្បី​ផ្តល់​ព័ត៌មាន​ពី​សកម្មភាព​របស់​ខ្មែរ​ក្រោម​ទូទៅ​នៅ​ជុំវិញ​ពិភពលោក និង​ដើម្បី​ជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស និង​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ដែនដី​កម្ពុជា​ក្រោម។

នៅ​លើ​គេហទំព័រ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ជា​ភាសា​វៀតណាម មាន​មាតិកា​ព័ត៌មាន​ផ្សេងៗ​ជាច្រើន ពិសេស​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កម្ពុជា​ក្រោម ដូចជា​បញ្ហា​នយោបាយ សេដ្ឋកិច្ច ភូមិសាស្ត្រ វប្បធម៌ សិទ្ធិ​មនុស្ស ប្រវត្តិ​វីរបុរស​ខ្មែរ​ក្រោម និង​ព្រះពុទ្ធ​សាសនា ជាដើម។ ក្រៅ​ពី​នេះ ក៏​មាន​ព័ត៌មាន​ទាក់ទង​នឹង​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​សកលលោក​មួយ​ចំនួន​ផង​ដែរ។

សេចក្តី​ប្រកាស​របស់​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃ​ទី​១ មករា ឲ្យ​ដឹង​ថា ក្រៅ​ពី​អាច​ទទួល​បាន​ព័ត៌មាន​ជា​ភាសា​វៀតណាម ពលរដ្ឋ​ខ្មែរ​ក្រោម​ក៏​មាន​ឱកាស​បញ្ចេញ​ទស្សនៈ និង​ផ្តល់​មតិ​យោបល់​ទៅ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ លើស​ពី​នេះ បើ​អ្នក​ស្តាប់​ណា​មាន​ទស្សនៈ ឬ​អត្ថបទ​ជា​ភាសា​វៀតណាម ដែល​ទាក់ទង​នឹង​កម្ពុជា​ក្រោម ពួក​គេ​ក៏​អាច​ផ្ញើ​ទៅ​កាន់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ដើម្បី​ចុះ​ផ្សាយ​ឲ្យ​សាធារណជន​ទូទៅ​បាន​ដឹង​អំពី​ខ្មែរ​ក្រោម។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក លោក ថាច់ ង៉ុកថាច់ ឲ្យ​ដឹង​បន្ថែម​កាល​ពី​ថ្ងៃ​ទី​៥ មករា ថា គោល​បំណង​ដែល​បង្កើត​ឲ្យ​មាន​ការ​ផ្សាយ​ជា​ភាសា​វៀតណាម នេះ គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ចេះ​អក្សរ​ខ្មែរ ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ខ្មែរ​ក្រោម​ប៉ុណ្ណោះ​ទេ តែ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ចេតនា​ឲ្យ​ជនជាតិ និង​រដ្ឋាភិបាល​វៀតណាម ទាំង​មូល ដឹង​ពី​សកម្មភាព និង​គោល​បំណង​របស់​ខ្មែរ​ក្រោម​ផង​ដែរ ពិសេស​ពី​គោលដៅ​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចង់​បាន៖ «គោល​បំណង​ធំ​ទី​១ គឺ​ចង់​ឲ្យ​ខ្មែរ​ក្រោម​យើង​មើល​ផង។ ទី​២ គឺ​យើង​ចង់​ឲ្យ​យួន ដឹង​តែ​ម្តង។ យើង​អត់​មាន​លាក់លៀម​ដូច​យើង​ប្រឈម​មុខ​ជាមួយ​យួន នៅ​អង្គការ​សហប្រជាជាតិ នៅ​សភា​អឺរ៉ុប ក៏ដូចជា​នៅ​លើ​ឆាក​អន្តរជាតិ​គ្រប់​កន្លែង ថា​ឲ្យ​ដឹង​នូវ​អ្វី​យើង​ចង់​បាន នូវ​អ្វី​ដែល​យើង​ធ្វើ​ឲ្យ​ពលរដ្ឋ​យួន ដឹង។ យើង​មិន​ចង់​ឃើញ​រដ្ឋាភិបាល​យួន លាក់លៀមៗ ហើយ​គូសវាស​មក​លើ​ការ​ខំ​ប្រឹងប្រែង ការ​តស៊ូ​អហិង្សា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សម្រាប់​បង​ប្អូន​យើង​នៅ​ក្នុង​ស្រុក»

ដែនដី​កម្ពុជា​ក្រោម មាន​ខេត្ត-ក្រុង​ទាំងអស់​ចំនួន​២១ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​សរុប​ប្រមាណ ៧​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា។ បច្ចុប្បន្ន មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១២​លាន​នាក់ កំពុង​រស់នៅ​ទីនោះ និង​មាន​វត្ត​អារាម​សរុប​ប្រមាណ​ជិត ៦០០។ ដែនដី​នេះ ត្រូវ​បាន​ជនជាតិ​វៀតណាម លេប​ត្របាក់​បន្តិច​ម្តងៗ​តាំង​ពី​ដើម​សតវត្សរ៍​ទី​១៧។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៤៩ ក្រោម​ការ​គ្រប់គ្រង​របស់​អាណានិគម​និយម​បារាំង បារាំង បាន​កាត់​ទឹក​ដី​នេះ​ទៅ​ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក ថាច់ ង៉ុកថាច់ ជឿជាក់​ថា ដោយសារ​ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្ត្រ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ពេល​បច្ចុប្បន្ន វា​នឹង​ជួយ​ឲ្យ​ខ្មែរ​ក្រោម​អាច​ស្វែង​យល់​សុខ​ទុក្ខ​ពី​គ្នា​បាន​កាន់​តែ​ច្រើន និង​អាច​ជួយ​គ្នា​បាន​កាន់​តែ​ច្រើន។ លោក​ថា គ្មាន​អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម អាច​លាក់លៀម​បាន​ដូច​សម័យ​មុន​ឡើយ៖ «សម័យ​នេះ​គឺ​ជា​សម័យ​ត្រចៀក​ទិព្វ ភ្នែក​ទិព្វ មាត់​ទិព្វ អ្វី​ដែល​យួន ធ្វើ អ្នក​នៅ​កម្ពុជា​ក្រោម​មើល​ឃើញ បង​ប្អូន​នៅ​ខាង​ក្រៅ​ក៏​មើល​ឃើញ អ្វី​ដែល​បង​ប្អូន​នៅ​កម្ពុជា​ក្រោម​ឮ បង​ប្អូន​នៅ​ខាង​ក្រៅ​ក៏​ឮ អ្វី​ដែល​យួន អនុវត្ត​អាក្រក់ មិន​ត្រឹម​តែ​បង​ប្អូន​ខ្មែរ ឬ​ខ្មែរ​ក្រោម​នៅ​ខាង​ក្រៅ​ឮ​នោះ​ទេ អន្តរជាតិ និង​អង្គការ​ពិភពលោក​ក៏​មើល​ឃើញ»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ត្រូវ​បាន​ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៦ ក្នុង​គោលដៅ​តស៊ូ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​រស់នៅ សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​ខ្មែរ​ក្រោម ដែល​ជា​ជនជាតិ​ដើម​នៅ​លើ​ដែនដី​កម្ពុជា​ក្រោម។

ក្រៅ​តែ​ជា​សមាជិក​នៃ​អង្គការ​តំណាង​ប្រជាជាតិ​គ្មាន​អ្នក​តំណាង ឬ​ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​មាន​ទង់ជាតិ​សម្រាប់​សម្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ដែរ នោះ​គឺ​ទង់​ពណ៌​ខៀវ លឿង ក្រហម យក​លំនាំ​តាម​ទង់​ព្រះពុទ្ធ​សាសនា ដែល​ខ្មែរ​ក្រោម​ភាគ​ច្រើន​កំពុង​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នោះ។

កាល​ពី​ឆ្នាំ​២០០៩ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បោះពុម្ព​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា "ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​វាសនា​ខ្មែរ​ក្រោម​ដោយ​ខ្លួន​ឯង"។ សៀវភៅ​នោះ រៀបរាប់​ពី​ប្រវត្តិសាស្ត្រ វប្បធម៌ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​គោលដៅ​របស់​ខ្មែរ​ក្រោម នោះ​គឺ​ការ​សម្រេច​វាសនា​ខ្មែរ​ក្រោម​ដោយ​ខ្លួន​ឯង ស្រប​តាម​សេចក្តី​ប្រកាស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

លោក ថាច់ ង៉ុកថាច់ បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ផ្សាយ​ជា​ភាសា​វៀតណាម នៅ​លើ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ពេល​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្មែរ​ក្រោម ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល