សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដោយ​គ្មាន​តម្លាភាព

ដោយ យាង សុជាមេត្តា
2015-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ គឺ​ព្រះតេជព្រះគុណ ដាវ ទេព្យ និង ជា វណ្ណដា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ព្រះ​កាយ រួច​ផ្សឹក​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា។ ការ​ចាប់​ខ្លួន​ព្រះសង្ឃ ២​អង្គ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​អះអាង​ថា ពួក​គេ​បាន​រក​ឃើញ​សម្ភារៈ​ជា​វត្ថុ​តាង​មួយ​ចំនួន​នៅ​ក្នុង​កុដិ​របស់​ព្រះអង្គ មាន​ដូចជា អាវុធ និង​គ្រឿង​ញៀន ជាដើម។

យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ដែល​តាម​ដាន​រឿង​នេះ​លើក​ឡើង​ថា សម្ភារៈ​ដែល​សមត្ថកិច្ច​រក​ឃើញ​ទាំងអស់​នោះ មិន​អាច​យក​មក​ប្រើ​ជា​វត្ថុ​តាង​ដើម្បី​ចោទ​ប្រកាន់​ព្រះសង្ឃ​បាន​ទេ ព្រោះ​ថា ការ​ឆែកឆេរ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព និង​មិន​មាន​ដីកា​ត្រឹមត្រូវ។

ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​បាន​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក រួច​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​មុន​នឹង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៣ សីហា ព្រះសង្ឃ​ទាំង​ពីរ​អង្គ​បាន​ស្រែក​ក្នុង​ពេល​ដែល​សមត្ថកិច្ច​ចាប់​បញ្ច្រក​ចូល​ក្នុង​រថយន្ត​ថា ការ​ចាប់​ខ្លួន​ព្រះអង្គ គឺ​ជា​រឿង​អយុត្តិធម៌។

«សំឡេង​ស្រែក​របស់​ព្រះសង្ឃ និង​អ្នក​តវ៉ា»

បើ​ទោះ​ជា​មាន​ការ​តវ៉ា ២​ថ្ងៃ​ជាប់​គ្នា និង​បើ​ទោះ​ជា​មាន​ដើម​បណ្ដឹង​ម្នាក់​មក​ដក​ពាក្យ​បណ្ដឹង​ពី​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​វិញ​ក្តី នៅ​ទីបំផុត ព្រះសង្ឃ​ខ្មែរ​ក្រោម​ទាំង ២​អង្គ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យ​យក​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ថ្ងៃ​សវនាការ។ ព្រះសង្ឃ​ទាំង ២​អង្គ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​គំរាម​សម្លាប់ ការ​រក្សា​ទុក​គ្រឿង​ញៀន និង​ការ​ប្រើប្រាស់​លិខិត​ក្លែងក្លាយ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​តាម​ដាន​រឿង​នេះ​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​នេះ គឺ​ជា​រឿង​ខុស​នីតិវិធី​ច្បាប់។

អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក ណៃ វ៉ង់ដា កត់​សម្គាល់​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​កុដិ​របស់​ព្រះសង្ឃ សមត្ថកិច្ច​ពុំ​បាន​បង្ហាញ​ដីកា​ត្រឹមត្រូវ​នោះ​ឡើយ។ លើស​ពី​នេះ ការ​ចាប់​ខ្លួន​ទៀតសោត សមត្ថកិច្ច​ក៏​ពុំ​បាន​បង្ហាញ​ដីកា​ត្រឹមត្រូវ​នោះ​ដែរ។ ដូច្នេះ លោក​ថា ភស្តុតាង​ទាំងឡាយ​ណា​ដែល​បាន​មក​ដោយសារ​តែ​ការ​ឆែកឆេរ​មិន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់ វា​គឺ​ជា​ភស្តុតាង​ដែល​គេ​មិន​អាច​យក​មក ដើម្បី​ធ្វើ​ការ​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ​បាន​នោះ​ទេ៖ «យើង​មិន​បាច់​និយាយ​ដល់​រឿង​ឆែក​ផ្ទះ​នោះ​ទេ សូម្បី​ឆែក​ម៉ូតូ ឬ​ឡាន គឺ​គេ​បើក​គូទ​ឡាន​មើល​ទាំងអស់​គ្នា តើ​គូទ​ឡាន​មាន​អ្វី​ខ្លះ? មាន​ឈើ​គ្រញូង​អត់? មាន​អាវុធ​ខុស​ច្បាប់​អត់? មាន​លាក់​ទុក​មនុស្ស​ចង​ដៃ​ចង​ជើង​ក្នុង​គូទ​ឡាន​អត់? គឺ​មើល​ទាំងអស់​គ្នា មិន​អាច​មើល​តែ​សមត្ថកិច្ច ហើយ​ម្ចាស់​ឡាន​នៅ​ក្នុង​ឡាន ម្ចាស់​ម៉ូតូ​យក​ទៅ​កន្លែង​ផ្សេង​នោះ​ទេ»

លោក ណៃ វ៉ង់ដា បាន​ចោទ​សួរ​ទៅ​វិញ​ថា បើ​សមត្ថកិច្ច​ចេះ​តែ​អាច​ដើរ​ឆែកឆេរ​បាន​គ្រប់​ពេល និង​គ្រប់​កន្លែង​បែប​នេះ តើ​ត្រង់​កន្លែង​ណា​ទៅ​ដែល​ថា​កម្ពុជា ជា​ប្រទេស​មាន​នីតិរដ្ឋ ជា​ប្រទេស​ដែល​អនុវត្ត​ទៅ​តាម​ច្បាប់ ឬ​ជា​ប្រទេស​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ?

បន្ថែម​ទៅ​លើ​ការ​អះអាង​របស់ លោក ណៃ វ៉ង់ដា នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា វត្ថុ​តាង​ទាំងឡាយ​ដែល​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​កុដិ​របស់​ព្រះសង្ឃ ២​អង្គ វា​មិន​ប្រាកដ​ថា​សម្ភារៈ​ទាំងអស់​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះសង្ឃ​នោះ​ទេ។ វា​អាច​ជា​របស់​តាៗ​អាចារ្យ ឬ​យុវជន​ផ្សេង​ទៀត​ដែល​រស់នៅ​ជាមួយ​ព្រះសង្ឃ។ លោក​បន្ថែម​ថា បើ​ទោះ​ជា​សមត្ថកិច្ច​ឆែក​ឃើញ​សម្ភារៈ​ដូចជា កាំបិត ដាវ ឬ​ដំបង​ជាដើម ប៉ុន្តែ​របស់​ទាំងអស់​នេះ​វា​មិន​ប្រាកដ​ថា ព្រះសង្ឃ​ទុក​សម្រាប់​ប្រើប្រាស់​ដើម្បី​បង្ក​ហិង្សា​នោះ​ទេ តែ​វា​អាច​ជា​ការ​ទុក​ការពារ​ខ្លួន​នៅ​ពេល​យប់​ព្រលប់​ទៅ​វិញ​ក៏​ថា​បាន។

ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta
ព្រះសង្ឃ ជា វណ្ណដា (អាវ​ពណ៌​ទឹក​ក្រូច) និង​ព្រះសង្ឃ ដាវ ទេព្យ (អាវ​ពណ៌​លឿង) ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​នាំ​ចេញ​ពី​វត្ត​ជំពូវ័ន្ត ក្រោយ​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ផ្សឹក​កាល​ពី​រសៀល​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៥។ RFA/Yeang Socheametta

 

ផ្អែក​លើ​មូលដ្ឋាន​នេះ លោក សឺន ជុំជួន ថ្លែង​ថា អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ទៅ​លើ​ព្រះសង្ឃ ២​អង្គ​នេះ​បាន​ឡើយ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច ដែល​បាន​ចុះ​ធ្វើ​ការ​ឆែកឆេរ ដោយសារ​វា​ជា​រឿង​មួយ​ដែល​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ច្បាប់ វា​ផ្ទុយ​ទៅ​នឹង​នីតិវិធី​នៃ​ការ​អនុវត្ត​របស់​សមត្ថកិច្ច ធម្មតា​ការ​ចុះ​ឆែកឆេរ​លើ​នរណា​ម្នាក់ វា​ត្រូវ​តែ​មាន​ដីកា​ចេញ​ពី​តុលាការ និង​ត្រូវ​តែ​មាន​សាមីជន​សង្ស័យ​នៅ​ក្នុង​ផ្ទះ»

អាជ្ញាធរ​ខ្មែរ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ក៏​បាន​ចាប់​ខ្លួន និង​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ គឺ​ព្រះតេជព្រះគុណ សឺន ហាយ ក្នុង​ពេល​ដែល​ព្រះអង្គ​បាន​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​តុលាការ ដោះ​លែង​ស្ត្រី​សហគមន៍​បឹងកក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ ព្រះតេជព្រះគុណ សឺន ហាយ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ពី​បទ​បង្ក​ការ​រំខាន​ដល់​មន្ត្រី​សាធារណៈ និង​ប្រើប្រាស់​ព្រះ​ឆាយា​ក្លែងក្លាយ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​នៅ​ពេល​នោះ​ថា ការ​ចាប់​ខ្លួន​ព្រះតេជព្រះគុណ សឺន ហាយ គឺ​អាច​មាន​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ចូលរួម​របស់​ព្រះអង្គ​ក្នុង​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម និង​ក្នុង​បញ្ហា​ដីធ្លី​នានា​ក្នុង​ពេល​កន្លង​មក។

ចំណែក​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ​ពេល​នេះ ក៏​ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស លោក ណៃ វ៉ង់ដា ដាក់​ការ​សង្ស័យ​ទៅ​លើ​ការ​ចូលរួម​របស់​ព្រះសង្ឃ​ក្នុង​ការ​តវ៉ា​ទាមទារ​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​របស់​ព្រះអង្គ​ក្នុង​ពេល​កន្លង​ទៅ។ ចំពោះ លោក សឺន ជុំជួន វិញ លោក​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម​ឆៅៗ​បែប​នេះ គឺ​ជា​ការ​គំរាម​កំហែង ធ្វើ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាក់​ស្បាត មាន​ការ​រារែក​ក្នុង​ការ​ចូលរួម​តវ៉ា​ជាមួយ​សកម្មជន​នានា ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។

បើ​ទោះ​ជា​បែប​នេះ​ក្តី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក យឹម សារ៉ាត់ បាន​អះអាង​ចំពោះ​មុខ​អ្នក​តវ៉ា​មួយ​ថ្ងៃ​ក្រោយ​ការ​ចាប់​ខ្លួន​ថា អ្វីៗ​ដែល​សមត្ថកិច្ច​ធ្វើ គឺ​ស្រប​តាម​ច្បាប់ ហើយ​ខុស​ត្រូវ​យ៉ាង​ណា​នោះ គឺ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​សេចក្តី៖ «គ្នា​ដឹង​បាប​បុណ្យ​អំពើ​ល្អ អំពើ​អាក្រក់ លោក​តា​ក៏​អ្នក​កាន់​ព្រះពុទ្ធសាសនា គ្នា​ក៏​កាន់​ព្រះពុទ្ធសាសនា ប៉ូលិស​ទាំងអស់​កាន់​ព្រះពុទ្ធសាសនា ប៉ុន្តែ​មិន​ធ្វើ​អ្វី​បំពាន​លើ​ព្រះសង្ឃ​នោះ​ទេ ដែល​ជា​ទី​សក្ការៈ អ៊ីចឹង​យើង​ធ្វើ​អ្វី​តាម​ច្បាប់​ទាំងអស់ មិន​អី​ទេ»

សមត្ថកិច្ច​អះអាង​ថា ការ​ចុះ​ពិនិត្យ​កុដិ​ព្រះសង្ឃ គឺ​ធ្វើ​ឡើង​ទៅ​តាម​បណ្ដឹង​របស់​ពលរដ្ឋ​ចំណុះ​ជើង​វត្ត​អង្គ​តាមិញ ហៅ​វត្ត​គោកចំបក់។

ក្រោយ​ការ​ឆែកឆេរ​នោះ សមត្ថកិច្ច​បញ្ជាក់​ថា ពួក​គេ​បាន​រក​ឃើញ​ម្សៅ​គ្រាប់​ពណ៌​ស​មួយ​កញ្ចប់ កាំបិត​ផ្គាក់​១ ដាវ​១ ដំបង​១ ខោ​ទ្រនាប់​ប្រុស​មិន​ទាន់​ប្រើ​២ ខោ​ទ្រនាប់​ប្រុស​ប្រើ​ហើយ​ចំនួន​២ និង​របស់​ស្រី​ចំនួន​១ ស្រោម​អនាម័យ​១ បៀ ១​ហ៊ូ ក្រដាស​កន្ទុយ​ឆ្នោត ២​សន្លឹក ឌីស ២​សន្លឹក ទូរស័ព្ទ​ដៃ ៣​គ្រឿង និង​ព្រះ​ឆាយា​គណៈ​មហា​និកាយ​ចំនួន​១។

យ៉ាង​ណា​ក៏ដោយ មេធាវី​ការពារ​ក្តី​ព្រះសង្ឃ​មក​ពី​សមាគម​អាដហុក អ្នកស្រី មុត ពិសិដ្ឋ។ អ្នកស្រី​បាន​ថ្លែង​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ សីហា នៅ​ក្រោយ​ពេល​តុលាការ​បញ្ជូន​ព្រះសង្ឃ ២​អង្គ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ថា តាម​រយៈ​ការ​ឆ្លើយ​តប​របស់​ព្រះសង្ឃ​ទាំង ២​អង្គ វា​បង្ហាញ​ឲ្យ​ឃើញ​ថា តុលាការ​មិន​ទាន់​មាន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ព្រះសង្ឃ​នៅ​ឡើយ។ អ្នកស្រី​លើក​ឡើង​ថា សម្ភារៈ​ដែល​សមត្ថកិច្ច​រក​ឃើញ​ក្នុង​កុដិ​នោះ មិន​អាច​យក​មក​ធ្វើ​ជា​វត្ថុ​តាង​បាន​ឡើយ ព្រោះ​ថា​ពេល​ឆែកឆេរ​នោះ ម្ចាស់​សម្ភារៈ​មិន​បាន​នៅ​ទីនោះ។

អ្នកស្រី មុត ពិសិដ្ឋ ឲ្យ​ដឹង​ថា មេធាវី​នឹង​ដាក់​សាក្សី ព្រម​ទាំង​ភស្តុតាង​ផ្សេងៗ​ទៀត​ទៅ​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​ដោះ​បន្ទុក​ព្រះសង្ឃ​ទាំង ២​អង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល