អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​បារម្ភ​ថា ចិន​អាច​បង្កប់​មហិច្ឆតា​យោធា​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ខ្លួន

ដោយ មាន ឫទ្ធិ
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ត្លុក​នយោបាយ ខ្សែ​ក្រវាត់មួយ ផ្លូវ​មួយ​របស់​ចិន។
រូប​ត្លុក​នយោបាយ ខ្សែ​ក្រវាត់មួយ ផ្លូវ​មួយ​របស់​ចិន។
RFA

អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI) និង​ជា​សហ​អ្នកនិពន្ធ​នៃ​របាយការណ៍​វាយតម្លៃ​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ចិន របស់​មជ្ឈមណ្ឌល​សន្តិ​សុខ​អាមេរិកាំង​ថ្មី (Center for a New American Security, CNAS) សម្ដែង​ក្តី​បារម្ភ​ថា មហា​យក្ស​ចិន​អាច​បង្កប់​គម្រោងការ​មហិច្ឆតា​យោធា ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ខ្លួន​។ ក្តី​បារម្ភ​នេះ កើតមានឡើង​ក្រោយ​ពេល​ដែល​មហាអំណាច​ចិន​ទើប​បិទ​បញ្ចប់​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​ពីរ​របស់​ខ្លួន កាលពី​ចុង​សប្ដាហ៍​មុន​នេះ ដែល​មាន​ការចូលរួម​ពី​សំណាក់​មេដឹកនាំ​ពិភពលោក​ជិត ៤០ រូប ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន សែន ផង។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​បណ្ឌិត ហ្សាក ឃូពឺរ (Zack Cooper) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Georgetown និង​ជា​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI) ជុំវិញ​បញ្ហា​នេះ​ដូចតទៅ​៖

មាន ឫទ្ធិ​៖ សូម​អគុណ​លោក​បណ្ឌិត ហ្សាក ឃូពឺរ ដែល​បាន​ចូលរួម​ផ្ដល់​សម្ភាសន៍​នេះ​។ ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ជាមួយ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ​។ ជា​ដំបូង ខ្ញុំ​ចង់ដឹង​ថា តើ​អ្វីខ្លះ​ដែល​ជា​រឿងរ៉ាវ​សំខាន់ៗ​ដែល​ជា​លទ្ធផល​នៃ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​ពីរ​របស់​ចិន​នេះ​? ហើយ​ថា​តើ​វា​មានន័យ​យ៉ាង​ដូចម្តេច​ដែរ សម្រាប់​ពិភពលោក តំបន់​អាស៊ីអាគ្នេយ៍​ជា​រួម និង​កម្ពុជា​ជាពិសេស​នោះ?

ហ្សាក ឃូពឺរ៖ បាទ ចិន​ព្យាយាម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ខ្លួន ដែល​មិនមែន​សម្រាប់​តែ​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង ប៉ុន្តែ​ក៏​មាន​នៅ​តំបន់​អាស៊ី​អឺរ៉ុប រហូតដល់​ទ្វីប​អាហ្វ្រិក ហើយ​ឥឡូវនេះ ដល់​បស្ចិម​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អឺរ៉ុប​ផង​។ ដូច្នេះ យើង​ឃើញ​ថា មាន​កិច្ចប្រឹងប្រែង​ដ៏​សម្បើម​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​មើល​ឃើញ​ពី​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ ដែល​ទើបនឹង​កើតមានឡើង​កាលពី​សប្ដាហ៍​មុន​នេះ មែនទែន​ទៅ គឺជា​ការ​ព្យាយាម​តម្រង់​ទិស​សាជាថ្មី​ឡើងវិញ នូវ​កិច្ចប្រឹងប្រែង និង​ការ​សម្រេចបាន​មួយ​ចំនួន ដែល​ចិន​ទំនងជា​ជំរុញ​ទៅមុខ​ខ្លាំង​ពេក និង​លឿន​ពេក។

មាន ឫទ្ធិ៖ ដូច្នេះ តើ​លោក​មានការ​វាយតម្លៃ​ទូទៅ​យ៉ាង​ដូចម្តេច​ដែរ ពាក់ព័ន្ធ​នឹង​គោលបំណង​ស្ថាពរ​របស់​ចិន ក្នុង​ការដែល​បាន​ដាក់​ចេញ​នូវ​វេទិកា​ខ្សែក្រវាត់​នេះ​ឡើង ហើយ​ដែល​ចិន​នា​ពេល​អនាគត​គ្រោង​នឹង​ធ្វើ​វេទិកា​ជាប្រចាំ​នោះ​បាទ?

ហ្សាក ឃូពឺរ៖ បាទ​! ខ្ញុំ​គិត​ថា វេទិកា​នេះ គឺ​បង្កើត​ឡើង​ដើម្បី​ផ្តោត​ទៅ​លើ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ហើយ​យើង​ឃើញ​មានការ​ផ្ដោត​ខ្លាំង​ពី​សំណាក់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង (Xi Jinping) និង​មន្ត្រី​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​របស់​លោក ជុំវិញ​កិច្ចប្រឹងប្រែង​នេះ​។ វេទិកា​ឆ្នាំនេះ មានការ​ចូលរួម​ច្រើន​ពី​សំណាក់​ប្រទេស​ជាច្រើន​។ ក៏ប៉ុន្តែ អ្វី​ដែល​ពលរដ្ឋ​ជាច្រើន​កត់សម្គាល់ គឺថា​លោក ស៊ី ជី​ង​ពីង ទំនង​ដូចជា​ទទួល​ស្គាល់​ថា ចិន​បាន​ប្រព្រឹត្តិ​កំហុស​នៅ​ក្នុង​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ខ្លួន ហើយ​ដែល​គម្រោង​នេះ មិនបាន​ធ្វើការ​ពាក់ព័ន្ធ​នឹង​ចូលរួម​ជួយ​ការពារ​បរិស្ថាន មិនបាន​ដោះស្រាយ​ក្តី​បារម្ភ​អំពី​ការបាត់បង់​អធិបតេយ្យ​របស់​ប្រទេស​ទទួល​អត្ថប្រយោជន៍ ពុំ​មាន​តម្លាភាព​ច្បាស់លាស់ ក្នុង​គម្រោង​របស់​ខ្លួន​ជាដើម​។ ដូច្នេះ មានរឿង​ជាច្រើន ដែល​ខ្ញុំ​គិត​ថា អ្នក​តាមដាន​ពី​ខាងក្រៅ អាច​នឹង​គិត​ថា វេទិកា​នេះ​គឺជា​ការវាយតម្លៃ​ឡើងវិញ នូវ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន និង​កិច្ចប្រឹងប្រែង​ដើម្បី​ព្យាយាម​កែសម្រួល​នូវ​អ្វី​ដែល​ជា​កំហុស​ដែល​បាន​កើតមានឡើង​ក្នុង​ដំណាក់កាល​ដំបូង​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ។

មាន ឫទ្ធិ៖ បាទ ឥឡូវ​យើង​ត្រលប់​ទៅ​មើល​រឿង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​កម្ពុជា​ជាពិសេស តើ​លោក​ពិនិត្យ​មើល​ឃើញ​ថា មាន​ឥទ្ធិពល​ជា​អវិជ្ជមាន ណាខ្លះ​ដែល​អាច​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ?

ហ្សាក ឃូពឺរ៖ ខ្ញុំ​គិត​ថា យើង​ឃើញ​មាន​ប្រទេស​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ដូចជា កម្ពុជា​ជាដើម កំពុងតែ​លះបង់​កម្រិត​ខ្លះ​នៃ​អធិបតេយ្យ​របស់​ខ្លួន ដើម្បី​រក្សា​ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​តំណាង​ឱ្យ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​។ ដូច្នេះ ក្តី​បារម្ភ​មួយ​ដែល​ខ្ញុំ​មាន​នោះ គឺថា កម្ពុជា​អាច​នឹង​ធ្វើ​ហេតុការណ៍​ណាមួយ​ក្នុង​សមាគម​អាស៊ាន ដែល​សមាគម​នេះ​មិន​ចង់​ធ្វើ។ នេះ​មានន័យថា កម្ពុជា​អាច​បន្ត​រាំង​ខ្ទប់​សេចក្ដីថ្លែងការណ៍​របស់​អាស៊ាន ដែល​រិះគន់​ជំហរ​របស់​ចិន។ ឧទាហរណ៍​ផ្សេងទៀត យើង​ក៏​ឮ​ពី​ពាក្យ​ច​ចាម​អារាម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​កម្រិត​ខ្ពស់​នៅ​ក្នុង​គម្រោង​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន។ ដូច្នេះ ខ្ញុំ​គិត​ថា យើង​មាន​ក្តី​បារម្ភ​មួយ​ចំនួន ក្នុងនាម​ជា​ក្រុម​អ្នក​តាមដាន​ពី​ខាងក្រៅ ថា​តើ​ប្រទេស​ទទួល​អត្ថប្រយោជន៍ អាច​ទទួល​បាន​នូវ​អ្វី​ពិតប្រាកដ​ដូចដែល​ប្រទេស​ទាំងនោះ ត្រូវ​បាន​ចិន​សន្យា​ជាមួយ​ដែរ​ឬ​ទេ នៅ​ពេល​ដែល​ពួកគេ​សម្រេចចិត្ត​ចូលរួម​ជាមួយ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​។​

មាន ឫទ្ធិ៖ បាទ​! ដូច្នេះ តើ​មាន​មេរៀន​ជា​បទពិសោធន៍​ល្អៗ​ណាខ្លះ ដែល​កម្ពុជា​គួរ​រៀន​សូត្រ​ពី​ប្រទេស​អ្នកមាន​ដទៃ​ទៀត ដែល​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​នេះ ហើយ​ដែល​ក្រុម​ប្រទេស​អ្នកមាន​ទាំងនោះ​នៅតែ​អាច​ថែរក្សា និង​អាច​ការពារ​អធិបតេយ្យ​របស់​ប្រទេស​ពួកគេ​បាន​?

ហ្សាក ឃូពឺរ៖ បាទ​! ខ្ញុំ​គិត​ថា អ្នក​អាច​ក្រឡេក​ទៅ​មើល​ប្រទេស​ម៉ាឡេស៊ី​បាន ដែល​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​។ ប្រទេស​នេះ បាន​ដកថយ​ទៅវិញ​នូវ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​មួយ​ចំនួន ដែល​ប្រទេស​នេះ បារម្ភ​ថា​អាច​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ខ្លាំង កង្វះ​តម្លាភាព​ក្នុង​ការ​ចចារ​សម្រេច​បាន​នូវ​កិច្ចសន្យា​ជាមួយ​ចិន​។ រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​រុញ​គម្រោងការ​នេះ ឱ្យ​ដើរ​ថយក្រោយ​វិញ ហើយ​ទីបំផុត​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​យល់ព្រម ចចារ​ឡើងវិញ ដោយ​បាន​បង្កើត​ជា​ការ​ចរចា​សងបំណុល​ប្រសើរ​ជាង​មុន មានការ​ការពារ​បរិ​ស្ថាន​បាន​ប្រសើរ​ជាង​មុន ក្នុង​ករណី​មួយ​ចំនួន។ ដូច្នេះ មាន​ឧទាហរណ៍​ជាច្រើន ដែល​ប្រទេស​ទទួល​អត្ថប្រយោជន៍​គួរតែ​ទទួល​បាន​តម្លាភាព​ខ្លាំង​ជាង​មុន ច្រើនជាង​មុន ហើយ​ប្រជាជន​នៃ​ប្រទេស​ទទួល​អត្ថប្រយោជន៍ គួរតែ​ចង់​ដឹង​ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ពួកគេ ទទួល​បាន​អ្វី​ឱ្យ​ពិតប្រាកដ​ពី​គម្រោងការ​របស់​ចិន​នេះ​។ ពួកគេ​គួរ​យល់ដឹង​អំពី​កម្រិត​នៃ​ចិរភាព​បរិស្ថាន​។ ពួកគេ​គួរ​យល់ដឹង​អំពី​កម្រិត​នៃ​បំណុល​។ ក្តី​បារម្ភ​អំពី​ការបាត់បង់​អធិបតេយ្យ ថា​តើ​គម្រោង​ទាំងនេះ​មាន​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ក្នុងស្រុក​ដែរ​ឬទេ​? និង​ថា​តើ​មានការ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​ដែរ​ឬ​យ៉ាងណា​នោះ។

ដូច្នេះ​យើង​សង្ឃឹមថា ប្រទេស​ទទួល​អត្ថប្រយោជន៍​ទាំងនេះ ត្រូវតែ​ទទូច​ឱ្យ​មាន​នូវ​គម្រោង​អភិវឌ្ឍន៍​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​ខ្ញុំ​គិត​ថា បើ​ពួកគេ​ទាមទារ​ដូច្នេះ​មែន​នោះ នោះ​ប្រទេស​របស់​ពួកគេ នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​។​ប៉ុន្តែ ក្នុង​ករណី​ដែល​ចិន​នៅតែ​មិន​ដាក់​ចេញ​ឱ្យ​មាន​ឡើង​នូវ​គម្រោង​ដែល​មាន​គុណភាព និង​ស្តង់ដារ​ខ្ពស់ នោះ​វា​នឹង​ក្លាយ​ជា​ក្តី​បារម្ភ មិន​ថា​សម្រាប់​តែ​ប្រទេស​ទទួល​អត្ថប្រយោជន៍​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ទៀត ដែល​មាន​ក្តី​បារម្ភ​អំពី​ការបាត់បង់​អធិបតេយ្យ​របស់​ប្រទេស​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​របស់​ចិន​នេះ។

មាន ឫទ្ធិ​៖ ដូច្នេះ នេះ​មានន័យថា ការទទួលខុសត្រូវ មិនមែន​ត្រូវ​ផ្ដោត​តែ​ទៅលើ​ប្រទេស​ចិន​នោះ​ទេ តែ​ក៏​ត្រូវ​ផ្តោត​លើ​ប្រទេស​ទទួល​អត្ថប្រយោជន៍​ផង​ដែរ​? តើ​នេះ​ជា​ការ​ត្រឹមត្រូវ​ដែរ​ឬទេ​បាទ​?

ហ្សាក ឃូពឺរ៖ បាទ​! ត្រឹមត្រូវ​ហើយ​។ ខ្ញុំ​គិត​ថា នេះ​គឺជា​ការប្រែប្រួល​សំខាន់​មួយ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ដំបូង​ឡើយ ក្តី​រំពឹង​ពី​ប្រទេស​ទទួល​អត្ថប្រយោជន៍​នោះ​គឺ​នៅ​ត្រង់​ថា ចិន​ផ្ដល់​មូលនិធិ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដល់​ប្រទេស​របស់​ពួកគេ​។ ក៏ប៉ុន្តែ ឥឡូវនេះ យើង​ឃើញ​ថា ប្រទេស​ទទួល​អត្ថប្រយោជន៍​ទាំងនោះ ក៏បាន​ចេញ​មក​វិញ​និយាយ​វិញ​ដែរ​ថា ពួកគេ​មិន​ត្រឹមតែ​ត្រូវការ​មូលនិធិ​ច្រើន​ដែល​ចិន​សន្យា​ប៉ុណ្ណោះ ទេ តែ​ពួកគេ​ក៏​មាន​ការ​គិតគូរ​អំពី​អ្វី​ដែល​ចិន​អាច​ផ្ដល់​ឱ្យ​ជា​លទ្ធផល​មកវិញ​ដែរ​... អំពី​ស្តង់ដារ​ដែល​នឹង​ត្រូវ​ផ្តល់​ឱ្យ ហើយ​ថា​តើ​មានការ​រក្សា​ដូច​តាម​ការសន្យា​បាន​ប៉ុណ្ណា​ដែរ​? ដូច្នេះ ខ្ញុំ​គិត​ថា មានការ​ផ្លាស់ប្ដូរ​ពី​ការ​ផ្តោត​តែ​ទៅលើ​ទុន​វិនិយោគ​របស់​ចិន មក​ជា​ករណី​ដែល​ក្រុម​ប្រទេស​ទទួល​អត្ថប្រយោជន៍ ចង់​ធានា​ថា ពួកគេ​ទទួល​បាន​កិច្ចសន្យា​ល្អ​ពី​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​នេះ​វិញ។

មាន ឫទ្ធិ​៖ ឥឡូវ យើង​ងាក​ទៅ​ពិនិត្យ​មើល​លើ​លទ្ធផល​ពី​ការ​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នេះ​វិញ​ម្តង​។ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ចិន​បាន​ផ្តល់​ជំនួយ​លើ​វិស័យ​យោធា ក្នុង​ទឹកប្រាក់​ចំនួន​ជិត ៩០​លាន​ដុល្លារ​អាមេរិក ក្រោយពី​បាន​ចូលរួម​វេទិកា​នេះ​។ ក្នុង​ន័យ​នេះ តើ​លោក​យល់​ឃើញ​ថា អាច​មាន​ទំនាក់ទំនង​រវាង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នេះ ជាមួយ​នឹង​មហិច្ឆតា​យោធា​របស់​ចិន​ដែរ​ឬទេ សម្រាប់​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​នា​ពេល​អនាគត​នោះ​បាទ​?

​បណ្ឌិត ហ្សាក ឃូពឺរ (Zack Cooper) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Georgetown និង​ជា​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI)។
​បណ្ឌិត ហ្សាក ឃូពឺរ (Zack Cooper) សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Georgetown និង​ជា​អ្នក​ជំនាញ​សន្តិសុខ​អន្តរជាតិ​ប្រចាំ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង (American Enterprise Institute, AEI)។ Print screen

ហ្សាក ឃូពឺរ៖ បាទ​! ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ ដែល​ថា អាច​នឹង​មាន​ទំនាក់ទំនង​រវាង​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ ជាមួយ​នឹង​មហិច្ឆតា​វិស័យ​យោធា​របស់​ចិន​។ ទីតាំង​ដែល​យើង​ឃើញ​មានរឿង​នេះ អាច​នឹង​កើតមានឡើង​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ ក៏​មាន​តំបន់​ផ្សេងទៀត​ដូចជា​នៅ​ប្រទេស​ប៉ាគីស្ថាន (Pakistan) ដែល​យើង​ឃើញ​មានការ​បង្កើត​កំពង់​ផែ ផ្លូវ​រទេះភ្លើង​ដែល​ជា​សក្ដានុពល អាច​ឱ្យ​ចិន​ត​ភ្ជាប់​ទៅ​នឹង​មហាសមុទ្រ​ឥណ្ឌា​បាន។ វា​សុទ្ធសឹងតែ​ជា​គម្រោង​អាច​ប្រើប្រាស់​បាន​ពហុ​បំណង ដែល​អាច​ផ្ដល់​ឱ្យ​កងទ័ពជើងគោក និង​ជើង​ទឹក​របស់​ចិន យក​ទៅ​ធ្វើជា​ទីកន្លែង​ដែល​ពួកគេ​អាច​ប្រតិបត្តិការ​ពី​តំបន់​មហាសមុទ្រ​ឥណ្ឌា និង​តំបន់​ដទៃ​ទៀត​ហួស​ពី​នេះ​។ ដូច្នេះ ខ្ញុំ​គិត​ថា អ្នកវិភាគ​អាមេរិកាំង​ភាគច្រើន មានការ​ព្រួយបារម្ភ ថា​តើ គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ មាន​បង្កប់​នូវ​មហិច្ឆតា​យោធា​ឬ​យ៉ាងណា​នោះ​។ យើង​នៅ​មិនទាន់​ឃើញ​ក្តី​បារម្ភ​ទាំងនោះ ក្លាយ​ជា​ការពិត​នៅឡើយ​ទេ​។ តែ​ក្តី​បារម្ភ​អំពី​សមត្ថភាព​របស់​ប្រទេស​ម្ចាស់ផ្ទះ មាន​ច្រើនជាង​ក្តី​បារម្ភ​ពី​ការប្រើប្រាស់​ទីកន្លែង​ទាំងនោះ នា​ពេល​បច្ចុប្បន្ន​នេះ។

មាន ឫទ្ធិ​៖ ត្រលប់​ទៅ​មើល​របាយការណ៍​របស់​មជ្ឈមណ្ឌល​ដើម្បី​សន្តិសុខ​ថ្មី​របស់​អាមេរិកាំង វិញ ខ្ញុំ​ដឹង​ថា លោក​បាន​ធ្វើជា​សហ​អ្នកនិពន្ធ​នៃ​របាយការណ៍ ស្ដីពី​ការវាយតម្លៃ​លើ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​នេះ​។ ក្នុងចំណោម​បញ្ហា​ប្រឈម​ចម្បងៗ​សរុប​ចំនួន ៧ ចំណុច ដែល​របាយការណ៍​របស់​លោក​បាន​លើកឡើង ក៏ដូចជា​ក្នុងអំឡុងពេល​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នេះ លោក​ប្រធានាធិបតី ស៊ី ជីងពីង ក៏បាន​លើកឡើង​អំពី​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន ហើយ​ក៏បាន​សន្យា​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​លើកកម្ពស់​ឱ្យ​មាន​តម្លាភាព​ច្រើនជាង​មុន ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ឬក៏​លើកស្ទួយ​ឱ្យ​មាន​ការ​គោរព​បរិស្ថាន​ប្រកបដោយ​ចិរភាព ដោយ​ធានា​ថា​មាន​ផល​ប៉ះពាល់​តិចតួច​លើ​បរិស្ថាន​ជាដើម តើ​លោក​មើលឃើញ​ថា នេះ​គឺជា​ការ​ឆ្លើយតប​សមស្រប​ដែរ​ឬទេ ចំពោះ​ការរិះគន់​នានា ហើយ​ថា​តើ វា​អាច​នឹង​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ចិន ឬ​រដ្ឋាភិបាល​ចិន​បាន​ដែរ​ឬទេ?

ហ្សាក ឃូពឺរ​៖ ខ្ញុំ​គិត​ថា ចិន​បាន​ឆ្លើយតប ដោយ​ទទួលស្គាល់​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាក់ទង​នឹង​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ។ កាលពី​ដើមឡើយ ចិន​ហាក់​មិនសូវ​ជា​ចង់​ពិភាក្សា​បញ្ហា​នេះ​ប៉ុន្មាន​ទេ​។ តែ​ឥឡូវនេះ ជា​រឿង​ច្បាស់លាស់​ទៅ​ហើយ​ថា ដោយសារតែ​ការសន្យា​ជាច្រើន​ពី​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​នេះ មិន​សុទ្ធតែ​ក្លាយ​ជា​ការពិត​នោះ​ទេ​។ ដូច្នេះ ខ្ញុំ​គិត​ថា វា​ជា​រឿង​ឆ្លាត​វៃ ដែល​រដ្ឋាភិបាល​ចិន ទទួលស្គាល់​បញ្ហា​ប្រឈម​អស់ទាំង​នេះ​។ សំណួរ​គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​ចិន​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ ប្រកបដោយ​ការ​ពេញចិត្ត​ដែរ​ឬទេ​? តើ​ចិន​ត្រូវការ​ជំនួយ​ពី​ខាងក្រៅ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដែរ​ឬទេ​? ដូច្នេះ ជា​ឧទាហរណ៍ ខ្ញុំ​គិត​ថា បញ្ហា​មួយ​ដែល​ខ្ញុំ​មាន​ក្តី​បារម្ភ​នោះ គឺ​ជុំវិញ​បញ្ហា​តម្លាភាព​។ ផ្នែក​មួយ​នៃ​ហេតុផល ដែល​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​ភាគច្រើន មិន​មាន​តម្លាភាព​នោះ គឺ​ក៏​ព្រោះតែ​វា​ធ្វើ​ឱ្យ​គម្រោង​នេះ​ងាយស្រួល​អនុវត្ត​ពី​សំណាក់​ភាគី​ចិន ដោយ​ពួកគេ​មិន​ចាំបាច់​ផ្ដល់​តម្លៃ​ខ្លាំង​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ហើយ​ពួកគេ​ក៏​ពុំ​ចាំបាច់​ធានា​កុំ​ឱ្យ​មាន​បញ្ហា​ពុករលួយ​អី​ជាដើម​។ ដូច្នេះ វា​មិន​គ្រាន់តែ​ថា ចិន​ដឹង​ថា​ត្រូវតែ​មាន​ការ​បើក​ចំហ​ជាង​មុន និង​មាន​យន្តការ​ប្រកបដោយ​តម្លាភាព​ប៉ុណ្ណោះ​នោះ​ទេ​។ នេះ​គឺជា​បញ្ហា​ប្រឈម​ស្នូល​មួយ​របស់​ចិន ដោយសារ​ហេតុផល​ជាច្រើន​ដែល​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន​មាន​នោះ គឺ​កង្វះ​តម្លាភាព​។ ដូច្នេះ ខ្ញុំ​គិត​ថា ចិន​មិន​ត្រូវ​ធ្វើ​ត្រឹមតែ​និយាយ​ពី​រឿង​តម្លាភាព​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើរ​ឱ្យ​ហួស​​ពីនេះ ដោយ​គិតគូរ​ពី​ដំណើរការ​ប្រកបដោយ​តម្លាភាព​ជាង​នេះ ដែល​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ពិតប្រាកដ​នោះ​។​

មាន ឫទ្ធិ​៖ តើ​លោក​មាន​ពិនិត្យ​ឃើញ​ឧទាហរណ៍​ជាក់ស្ដែង​ណាមួយ ដែល​លោក​អាច​ផ្ដល់​ឱ្យ​យើង ជុំវិញ​បរាជ័យ​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​នៅ​ប្រទេស​ឡាវ ម៉ាឡេស៊ី ឬក៏​នៅ​មីយ៉ាន់ម៉ា ជាដើម​នោះ?

ហ្សាក ឃូពឺរ៖ យើង​បាន​ឃើញ​មាន​គម្រោង​មួយ​ចំនួន ដែល​យើង​មានការ​ព្រួយបារម្ភ​។ ខ្ញុំ​គិត​ថា កំពង់ផែ​នៅ​មីយ៉ាន់ម៉ា (Myanmar) គឺជា​គម្រោង​មួយ​ដែល​មនុស្ស​ជាច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំង​។ ឧទាហរណ៍​ដូចជា រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​ផ្តល់​ឱ្យ​មាន​គម្រោង​វិនិយោគ​ភាគច្រើន​ទៅ​ឱ្យ​ចិន ផ្តល់​ឱ្យ​ចិន​អាច​មាន​លទ្ធភាព​ទៅ​ចេញចូល​កំពង់ផែ​នៅ​ទី​នោះ​បាន ដែល​នេះ​ជា​ការ​លះបង់​កម្រិត​មួយ​ចំនួន​នៃ​អធិបតេយ្យ​របស់​ខ្លួន​។ ប្រទេស​ម៉ាឡេស៊ី គឺជា​ឧទាហរណ៍​មួយទៀត ដែល​តាម​ពិត​ទៅ រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​ម៉ាឡេស៊ី បាន​ប្រឹងប្រែង ឱ្យ​មាន​ការចរចា​ឡើងវិញ​នូវ​កិច្ចសន្យា​នានា​ដែល​ខ្លួន​សម្រេច​បាន​ជាមួយ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ ហើយ​ដែល​ខ្លួន​យល់ថា​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រព្រឹត្តិ​អំពើពុករលួយ​។ ដូច្នេះ ប្រាកដ​ណាស់ យើង​មើល​ឃើញ​មាន​និន្នាការ​នេះ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជុំវិញ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

មាន ឫទ្ធិ​៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ តើ​លោក​មាន​អនុសាសន៍​ជារួម សម្រាប់​ប្រទេស​ក្រីក្រ ជាពិសេស​ប្រទេស​កម្ពុជា និង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អំពី​របៀប​ដោះស្រាយ​ទៅ​នឹង​បញ្ហា​ឥទ្ធិពល​របស់​ចិន ហើយ​ថា​តើ ប្រទេស​ទាំងនេះ ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​គេច​ចេញ​ពី​អន្ទាក់​បំណុល​របស់​ចិន ព្រមទាំង​អ្វីមួយ​ដែល​ក្រុម​អ្នក​រិះគន់​មួយ​ចំនួន​ហៅថា ជា​ការ​ដាក់​អាណានិគម​សម័យ​ទំនើប​ទៅលើ​ប្រទេស​តូចតាច​នោះ​បាទ?

ហ្សាក ឃូពឺរ៖ បាទ​! ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ មាន​ភ្នាក់ងារ​ជាច្រើន​។ វា​ពិតជា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ចិន ដែល​ចង់​អនុវត្ត​គម្រោង​ទាំងនោះ​ដោយ​ខ្លួនឯង​។ គម្រោង​ទាំងនេះ ត្រូវការ​ឱ្យ​មាន​នូវ​កិច្ចសហការ​ជាមួយ​ប្រទេស​ទទួល​អត្ថប្រយោជន៍​។ ជាមួយគ្នា​នេះ ប្រទេស​ទទួល​អត្ថប្រយោជន៍ ក៏​ចង់​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​ពី​ប្រទេស​ចិន​វិញ​ដែរ​។ ដូច្នេះ ខ្ញុំ​គិត​ថា អ្វី​ដែល​អ្នក​ជំនាញ​ពី​ខាងក្រៅ រំពឹង​នោះ គឺថា មានការ​ផ្ដោត​សាជាថ្មី​ទៅលើ​ប្រទេស​ទទួល​អត្ថប្រយោជន៍ ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​កិច្ចសន្យា​ល្អ​បំផុត​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ជារឿយៗ នេះ​អាច​មានន័យថា ត្រូវ​មាន​ការ​លះបង់​មួយ​ចំនួន ក្នុង​ន័យ​ថា ចិន​ជា​អ្នកគ្រប់គ្រង​លើ​គម្រោង​នានា​។ ត្រូវ​ធានា​ថា គម្រោង​ទាំងនោះ​មាន​តម្លាភាព មាន​ផល​ប៉ះពាល់​បរិស្ថាន​តិចតួច មាន​កម្រិត​បំណុល​ប្រកបដោយ​ចិរភាព​។ ឧទាហរណ៍​ដូចជា គម្រោង​ទាំងនោះ ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុងស្រុក ហើយ​វា​មិន​មាន​ភាព​ងាយ​រងគ្រោះ​ទៅ​នឹង​អំពើពុករលួយ​នោះ​ទេ។ ខ្ញុំ​គិត​ថា ប្រទេស​មូលដ្ឋាន និង​ប្រទេស​ទទួល​អត្ថប្រយោជន៍ អាច​ធ្វើ​រឿងរ៉ាវ​ទាំងនេះ​បាន ដរាបណា​ពួកគេ មានការ​ជំរុញ​ខ្លាំង​នៅ​ក្នុង​ការចរចា​របស់​ខ្លួន​ជាមួយ​ចិន។

មាន ឫទ្ធិ​៖ បាទ សូម​អរគុណ​លោក​បណ្ឌិត ហ្សាក ឃូពឺរ ដែល​បាន​ចូលរួម​ផ្ដល់​សម្ភាស​នេះ​។ សូម​ជម្រាបលា​!

ហ្សាក ឃូពឺរ៖ អរគុណ​បាទ​!

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល