សមិទ្ធផល​ និង​​កេរ​ដំណែល​​របស់​ឯកអគ្គ​រដ្ឋទូត​​ផុត​​អាណត្តិ​​របស់​​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា (ភាគ​១)

ដោយ មាន ឫទ្ធិ
2019-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ច្សច អេដហ្គា (George Edgar) (រូប​ឆ្វេង) ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃទី១៩ សីហា ២០១៩។
លោក ច្សច អេដហ្គា (George Edgar) (រូប​ឆ្វេង) ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន (ស្ដាំ) នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃទី១៩ សីហា ២០១៩។
រូប​ពី​ហ្វេសប៊ុក ហ៊ុន សែន

លោក ច្សច អេដហ្គា (George Edgar) គឺ​ជា​ជនជាតិ​អង់គ្លេស ​ធ្លាប់​បាន​បំពេញការងារ​ជា​ឯកអគ្គ​រដ្ឋទូត​​អង់គ្លេស​​ប្រចាំ​​កម្ពុជា​ពី​ចន្លោះ​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០០។ ក្រោយ​មក​ទៀត លោក​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០១៥​។ អាណត្តិ​របស់​​លោក នឹង​ត្រូវ​បិទ​បញ្ចប់ ហើយ​លោក​នឹង​ចាកចេញ​ពីមុខ​ដំណែង​របស់​លោក​ជា​ឯកអគ្គរដ្ឋទូត​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ សីហា ដ៏​ខ្លី​ខាងមុខនេះ។

នេះ​ជា​បទសម្ភាសន៍​ភាគ​ទី១ របស់​លោក មាន ឫទ្ធិ នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​លោក ច្សច អេដហ្គា តាម​ប្រព័ន្ធ​វីដេអូ​ស្កេប (Skype) កាលពី​ថ្ងៃ​ទី​២០ សីហា ដើម្បី​សាកសួរ​លោក​ជុំវិញ​សមិទ្ធផល កេរដំណែល និង​បញ្ហា​ប្រឈម​នានា​របស់​លោក ក្នុង​ពេល​បំពេញបេសកកម្ម​ការទូត​ជា​ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ព្រមទាំង​បញ្ហា​នានា​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ក្រោយ​សហភាព​អឺរ៉ុប​ដាក់​ចេញ​នូវ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

មាន ឫទ្ធិ៖ បាទ​! សូម​អរគុណ​លោក​ឯកអគ្គរដ្ឋទូត ច្សច អេដហ្គា ចំពោះ​ឱកាស​ផ្ដល់​បទសម្ភាសន៍​នេះ។ សំណួរ​ដំបូង​របស់ខ្ញុំ ខ្ញុំ​ចង់ដឹង​ថា ខណៈ​អាណត្តិ​របស់​លោក​ជា​ឯកអគ្គរដ្ឋទូត​បាន​ចូល​មក​ដល់​ទី​បញ្ចប់​ទៅ​ហើយ តើ​លោក​វាយតម្លៃ​យ៉ាង​ដូចម្តេច​ដែរ​ ចំពោះ​សមិទ្ធផល និង​កេរដំណែល​ចម្បងៗ ​របស់​លោក​សម្រាប់​កម្ពុជា​ជារួម និង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​ជា​ពិសេស​​នោះ​​បាទ?

ច្សច អេដហ្គា៖ ខ្ញុំ​គិត​ថា អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បំពេញ​មុខងារ​នៅ​ទីនេះ គឺ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប ដែល​ខ្ញុំ​បាន​ដឹកនាំ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត។ យើង​បាន​ផ្តល់​កិច្ច​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ក្នុង​នោះ​មាន​វិស័យ​ផ្សេងៗ ​គ្នា​ជាច្រើន រួមមាន​ជាពិសេស​ដូចជា​វិស័យ​អប់រំ កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់ និង​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម និង​ធនធាន​ធម្មជាតិ​ជា​ដើម​។ ខ្ញុំ​គិត​ថា កម្មវិធី​អស់ទាំង​នេះ បង្កើត​បាន​ជា​លទ្ធផល​ពិតប្រាកដ ហើយ​គឺជា​អ្វី​ដែល​ខ្ញុំ​ពិត​ជា​មាន​មោទនភាព ដែល​យើង​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើ​ចំណាត់​ការ​លើ​វិស័យ​ទាំងនេះ។

មាន ឫទ្ធិ៖ តើ​លោក​គិត​ថា​អ្វី​ទៅជា​បញ្ហា​ប្រឈម​ចម្បងៗ​ដែល​លោក​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​បំពេញ​អាណត្តិ​របស់​លោក​នៅ​កម្ពុជា ជាពិសេស​ហ្នឹង​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នោះ​បាទ?

ច្សច អេដហ្គា៖ បញ្ហា​ប្រឈម​ចម្បង​បំផុត​ចំពោះ​ខ្ញុំ​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នៅ​ទីនេះ និង​របៀប​ដែល​ការណ៍​នេះ ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា។ ជាពិសេស​នោះ គឺ​តាមរយៈ​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA នេះឯង​។​

មាន ឫទ្ធិ៖ បាទ​! ចុះ​ចំពោះ​មុខតំណែង​នា​ពេល​បន្ទាប់​របស់​លោក តើ​លោក​នឹង​នៅតែ​គិតគូរ​ពី​បញ្ហា​របស់​កម្ពុជា ហើយ​បន្ត​ចូលរួម​ចំណែក​ណាមួយ​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​ជួយ​កែ​លម្អ​ទំនាក់ទំនង និង​ការងារ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដែរ​ឬទេ​នា​ពេល​អនាគត​នោះ បាទ​?

ច្សច អេដហ្គា៖ បាទ​! ដោយសារតែ​ខ្ញុំ​ជា​ជនជាតិ​អង់គ្លេស ហើយ​តាម​ពិត​ទៅ​សហភាព​អឺរ៉ុប​បាន​អញ្ជើញ​ខ្ញុំ​ពី​ក្រសួងការបរទេស​អង់គ្លេស ឱ្យ​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុប​នៅ​ទីនេះ ខ្ញុំ​នឹង​វិល​ត្រលប់​ទៅ​ទីក្រុង​ឡុងដ៍​វិញ​។ ខ្ញុំ​នៅ​មិនទាន់​ដឹង​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ថា​ខ្ញុំ​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​នោះ​។ ក៏ប៉ុន្តែ ប្រាកដ​ណាស់​គឺថា ខ្ញុំ​នឹង​បន្ត​ចាប់អារម្មណ៍​តាមដាន​មើល​ថា តើ​កម្ពុជា​នឹង​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ទៀត​យ៉ាងណា​នោះ។

មាន ឫទ្ធិ៖ ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​អំពី​លទ្ធផល​ដែល​លោក​បាន​ជួប​ជម្រាប​លា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ទី​១៩ សីហា​។ តើ​អ្វីខ្លះ​ទៅជា​ខ្លឹមសារ​សំខាន់ៗ​ដែល​លោក​បាន​លើក​យក​មក​ពិភាក្សា​គ្នា​ជាមួយ​នឹង​លោក ហ៊ុន សែន នោះ​? តើ​លោក​មានបាន​ជជែក​ពី​រឿង EBA ដែរ​ឬទេ​?

ច្សច អេដហ្គា៖ យើង​បាន​និយាយ​ពី​គ្រប់​ទិដ្ឋភាព​ទាំងអស់​ទាក់ទង​នឹង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា។ ដោយសារតែ​យើង​ជជែក​គ្នា​ជា​លក្ខណៈ​សម្ងាត់ ខ្ញុំ​សូម​មិន​និយាយ​លម្អិត​អំពី​បញ្ហា​ទាំងអស់​នេះ​ទេ​។ ម្យ៉ាងវិញទៀត​ហ្នឹង គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ហ្នឹង បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចហើយ អំពី​បញ្ហា​មួយ​ចំនួន​ដែល​យើង​បាន​ពិភាក្សា​គ្នា ពាក់ព័ន្ធ​នឹង ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប​។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ពិតជា​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​យើង។

មាន ឫទ្ធិ៖ ចុះ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​វិញ ខ្ញុំ​ចង់​ដឹង​ឱ្យ​ច្បាស់​ថា ពេលណា​ឱ្យ​ពិតប្រាកដ​ជាក់លាក់​មែន​ទែន​ទៅ ដែល​សហភាព​អឺរ៉ុប​នឹង​ធ្វើ​សេចក្តី​សម្រេច​ជា​ស្ថាពរ​របស់​ខ្លួន​ថា តើ​ត្រូវ​ដក ឬ​មិន​ដក​ប្រព័ន្ធ EBA នេះ​?

ច្សច អេដហ្គា៖ ជំហរ​នោះ គឺថា កាល​ពី​សប្ដាហ៍​មុន​យើង​ទើបតែ​នឹង​បិទ​បញ្ចប់​រយៈពេល​៦​ខែ​ដំបូង ដែល​ជា​ដំណាក់កាល​នៃ​ការ​តាមដាន និង​ពិគ្រោះ​យោបល់​រវាង​សហភាព​អឺរ៉ុប និង​អាជ្ញាធរ​កម្ពុជា​។ ឥឡូវនេះ គណៈកម្មការ​អឺរ៉ុប​មាន​ពេល​បី​ខែ ដើម្បី​ធ្វើការ​សន្និដ្ឋាន ចំពោះ​រយៈពេល​ដែល​ខ្លួន​បាន​ធ្វើ​ការ​តាមដាន​ពី​ខាងដើម​នេះ។ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នេះ នឹង​ចែក​រំលែក​​ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដែល​ពួកគេ​មាន​រយៈពេល ១​ខែ​ដើម្បី​ធ្វើការ​ឆ្លើយតប​។ បន្ទាប់​មក គឺ​គណៈកម្មការ​អឺរ៉ុប នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្តជា​ស្ថាពរ ត្រឹម​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំក្រោយ។

មាន ឫទ្ធិ​៖ អ៊ីចឹង តាមរយៈ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចុងក្រោយ​ត្រឹម​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំក្រោយ​គឺ​ឆ្នាំ​២០២០ ឧទាហរណ៍​ថា ប្រសិនបើ​មាន​សេណារីយ៉ូ​ថា មាន​កិច្ច​សម្រុះសម្រួល​ផ្នែក​នយោបាយ រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះជាតិ ហើយ​ពួកគេ​បាន​ឈាន​ទៅ​ដល់​ដំណោះស្រាយ​បែប​នយោបាយ តើ​សេចក្ដី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​រឿង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នឹង​ត្រូវ​ពន្យារ​ពេល ឬក៏​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​នោះ​? សូម​លោក​ជួយ​ពន្យល់​ពី​បញ្ហា​នេះ​បាទ!

ច្សច អេដហ្គា៖ សេចក្តី​សម្រេច​នឹង​មិន​ត្រូវ​ធ្វើ​ឡើង​ទេ ប្រសិនបើ​វា​មិនទាន់​សម្រេច​ជា​ផ្លូវការ ដែល​ទំនងជា​ធ្វើឡើង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំក្រោយ​។ ដូច្នេះ មានន័យថា ប្រសិនបើ​មានដំណើរ​វិវឌ្ឍ​បែប​វិជ្ជមាន​ដូចដែល​លោក​បាន​លើក​ឡើង​ពី​ខាងដើម​នេះ​មែន ក្នុង​ចន្លោះ​ពេល​ណាមួយ​រវាង​ពេល​ឥឡូវនេះ និង​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ នោះ អាច​នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​យើង​។ ច្បាស់​ណាស់​គឺថា ដោយសារតែ​ក្នុងអំឡុងពេល ​៣​ខែ​ខាងមុខ​ទៀត​នេះ អ្វីៗ​ នឹង​ផ្តោត​លើ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​របស់​គណៈកម្មការ​អឺរ៉ុប ហើយ​បើ​សេចក្ដី​សន្និដ្ឋាន​នេះ មាន​លក្ខណៈ​​វិជ្ជមាន​​តាម​​ដែល​អាច​កើតមាន​ទៅ​បាន នោះ​វា​អាច​ជា​សញ្ញាណ​ល្អ​នៃ​ការ​ធ្វើ​​សេចក្ដី​​សម្រេច​ចិត្ត​​ចុង​ក្រោយ​។​

មាន ឫទ្ធិ៖ តើ​សហភាព​អឺរ៉ុប​មាន​ជំហរ​បែប​ណា​ដែរ​ជុំវិញ ការប្រកាស​របស់​មេដឹកនាំ​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា លោក​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាង​មុខ​នេះ?

ច្សច អេដហ្គា៖ បាទ​! នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​យើង​ទេ​។ វា​ជា​បញ្ហា​របស់​មនុស្ស​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បែបនេះ។

មាន ឫទ្ធិ៖ ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ផ្នែក​នយោបាយ ឧទាហរណ៍​ថា ប្រសិនបើ​គណបក្ស​កាន់អំណាច​យល់ព្រម​ចូល​មក​តុ​ចរចា រួចហើយ​យល់ព្រម​ឱ្យ​មាន​ឡើង​នូវ​ដំណោះស្រាយ​នយោបាយ​​រយៈពេល​ខ្លី​មួយ ជា​ដំណោះស្រាយ​យូរអង្វែង តើ​បញ្ហា EBA នឹង​នៅតែ​ក្លាយ​ជា​បញ្ហា​ចោទ​ឡើង​ជា​ដដែល​ដែរ​ឬទេ នា​ពេល​អនាគត​។ ខ្ញុំ​ចង់​មានន័យថា ដំណោះស្រាយ​នយោបាយ​នោះ​ជា​លក្ខណៈ​រយៈពេល​ខ្លី​ក្នុង​ន័យ​ដើម្បី​ជា​ការ​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​សហភាព​អឺរ៉ុប ពី​សំណាក់​គណបក្ស​កាន់អំណាច​នោះ បាទ?

ច្សច អេដហ្គា៖ នេះ គឺ​ពិតជា​សំណួរ​ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​បានទេ​។ នីតិវិធី​ដកហូត​ប្រព័ន្ធ EBA នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយសារ​តែ​មាន​កង្វល់​នានា​ក្នុងចំណោម​សហភាព​អឺរ៉ុប អំពី​ការ​អនុលោម​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ជាមួយ​នឹង​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ប្រព័ន្ធ EBA នេះ ទាក់ទង​ទៅ​នឹង​គោលការណ៍​ស្នូល​របស់​អង្គការសហប្រជាជាតិ និង​កតិកា​សញ្ញា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ឬ ILO នោះ​ឯង​។ ហើយ​ចំពោះ​សំណួរ​បែប​ជា​សម្មតិកម្ម​នេះ ខ្ញុំ​មិន​អាច​ផ្ដល់​នូវ​ចម្លើយ​ឱ្យ​បានទេ៕

បទសម្ភាសន៍​ភាគ​បញ្ចប់ជាមួយឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George Edgar) ​​។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល