តើ​មន្ត្រី​កម្ពុជា​ណាខ្លះ​កំពុងរង​ទណ្ឌកម្ម​លើ​ឆាក​អន្តរជាតិ ក្រោយ​របប​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​?

ដោយ មាន ឫទ្ធិ
2019-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន, ស៊ុន ចាន់ថុល និង លោក កើត រិទ្ធ ជួរទី២៖ លោក ឱម យ៉ិនទៀង, លោក ជួន សុវណ្ណ, លោក ប៉ុល សារឿន, លោក នេត សាវឿន និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃខាងលើ គឺរូបលោក ហ៊ុន សែន និង ខាងក្រោមគឺលោក ស ខេង)។
រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន, ស៊ុន ចាន់ថុល និង លោក កើត រិទ្ធ ជួរទី២៖ លោក ឱម យ៉ិនទៀង, លោក ជួន សុវណ្ណ, លោក ប៉ុល សារឿន, លោក នេត សាវឿន និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃខាងលើ គឺរូបលោក ហ៊ុន សែន និង ខាងក្រោមគឺលោក ស ខេង)។
RFA

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ក្រោយ​របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស «​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​» ដើម្បី​ធានា​ជ័យជម្នះ​ជា​និរន្ត​ក្នុង​ការ​បោះឆ្នោត​រួច​មក របប​នេះ​ទទួលរង​នូវ​សម្ពាធ​ជា​ការ​ថ្កោលទោស និង​ទណ្ឌកម្ម​ហូរហែ​ពី​សហគមន៍​អន្តរជាតិ។ តើ​មន្ត្រី​កម្ពុជា​ណាខ្លះ កំពុង​ទទួលរង​ទណ្ឌកម្ម និង​មាន​ប្រវត្តិ​អាក្រក់​លើ​ឆាក​អន្តរជាតិ ក្រោយ​របប​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

សម្ពាធ​ជា​ទណ្ឌកម្ម​មក​លើ​របប​លោក ហ៊ុន សែន ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ធ្លាក់​មក​ចំ​របប​នេះ ក្រោម​រូបភាព​ចម្រុះ​។ ក្នុង​នោះ ជម្រើស​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប តាមរយៈ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​សហរដ្ឋអាមេរិក ក៏​កំពុង​ស្ថិត​ក្រោម​ការពិចារណា​នៅឡើយ។

ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក្រោម​រូបភាព​ជា​ការ​កាត់ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ​វិស័យ​យោធា លើកលែងតែ​វិស័យ​មនុស្សធម៌ ការ​មិន​ទទួល​ស្គាល់​ពេញមុខ​ពេញមាត់​ជា​ផ្លូវ​​ការ​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី និង​ការពង្រីក​ទណ្ឌកម្ម​នៃ​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​នៃ​របប​នេះ ជាន់​ដី​អាមេរិក​ជាដើម​។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រម្លាយ​ប្រជាធិបតេយ្យ អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ អំពើ​ល្មើសច្បាប់​ដូចជា​ការប្រព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ។

ប្រសិនបើ​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៃ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា និង​តំណាងរាស្ត្រ​អាមេរិក ចូល​ជា​ធរមាន នោះ​មន្ត្រី​ជាន់ខ្ពស់​សរុប ១៧​រូប នៃ​របប​នេះ រួម​ទាំង​លោក ហ៊ុន សែន និង​កូនៗ​ផង​នោះ នឹង​ឈរ​នៅ​លំដាប់​មុខ​គេ​នៃ​ការ​ទទួល​ទណ្ឌកម្ម​ជា​ការ​បង្កក​ទ្រព្យ​សម្បតិ្ត និង​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ជាន់​ដី​អាមេរិក​។ បើ​តាម​អតីត​តំណាងរាស្ត្រ​អាមេរិកាំង​មកពី​រដ្ឋ​កាលីហ្វ័រនីញ៉ា នៃ​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក លោក Ed Royce ដែល​ធ្លាប់​បាន​ស្នើ​ឈ្មោះ​ពួកគេ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ មន្ត្រី​ទាំង​១៧​រូប​នេះ រួម​មាន​៖

) លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​

) លោក ស ខេង អនុប្រធាន​បក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​

) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

) លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

) លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

) លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​

) លោក កើត រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌

ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក ក៏​មាន​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​ប៉ូលិស យោធា ក្រុម​គ្រួសារ និង​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​នៃ​របប​នេះ​ដែរ ដែល​ក្នុង​រួមមាន​៖

) លោក ប៉ុល សារឿន អតីត​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​

) លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​

១០) លោក គន់ គីម អតីត​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​

១១) លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

១២) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន​

១៣) លោក ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​

១៤) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក

១៥) លោក សុខ ពុទ្ធិវុធ កូនប្រសា​រលោក ហ៊ុន សែន និង​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន SOMA Group និង​

១៦) អ្នកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា​ក្រុមហ៊ុន Bayon Media Hight System និង​

១៧) លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

ឆ្លើយតប​នឹង​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩ ធ្លាប់​ពន្យុះ​អាមេរិក​ឱ្យ​ដាក់ទណ្ឌកម្ម​របប​លោក​ឱ្យ​បាន​ឆាប់ និង​ស្វាគមន៍​ឱ្យ​អាមេរិក​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ក្រុម​គ្រួសារ និង​បក្ខ​ពួក​លោក៖ «ហ៊ី! វីវរ​ហើយ គេ​ដាក់​ធ្វើ​ច្បាប់​ហ្នឹង វីវរ​ហើយ ហើយ​មក​ដាក់​ចំ​ខ្ញុំ​។ អើ​! ដាក់​មក ហើយ​សូម​រឹបអូស​ទៅ​។ (​គេ​)​ថា​ទ្រព្យ​សម្បតិ្ត គ្រាន់តែ​ពូជ​អម្បូរ​របស់ ហ៊ុន សែន ត្រកូល ហ៊ុន មាន​ជាង​២ ពាន់​លាន​ដុល្លារ​។ ខ្ញុំ​អំពាវនាវ​ឱ្យ​អាមេរិក មិន​ចាំបាច់​និយាយ​ច្រើន កុំ​ចាំបាច់​ច្បាប់​ចេញ​អី ដកហូត​ពី​ឥលូវ​ទៅ»

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ ឈ្មោះ “មរតក​តេជោ” នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡាដ្ឋាន​ជាតិ ឈ្មោះ “មរតក​តេជោ” នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​និយាយ​ក្អេងក្អាង​ជា​សាធារណៈ​ដូច្នេះ ទាំង​ដែល​លោក​ដឹង​ច្បាស់​ថា កាលពី​ប្រមាណ ៤​ខែ​មុន​នេះ លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​ចំណាយ​លុយ​ជាង ១.២២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជួល​ក្រុមហ៊ុន​អាមេរិក ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល និង​សភា​អាមេរិក កុំ​ឱ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មក​លើ​របប​របស់​លោក​។ ការណ៍​នេះ គេ​នៅ​មិនទាន់​រាប់បញ្ចូល​ករណី​របប​នេះ ខ្វាត់ខ្វែង​ជួល​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ជា​សម្ងាត់ ឱ្យ​ជួយ​បញ្ចុះបញ្ចូល​តំណាងរាស្ត្រ និង​មន្ត្រី​អឺរ៉ុប កុំ​ឱ្យ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

ផ្អែក​តាមក្រសួង​យុត្តិធម៌​អាមេរិក នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ តាមរយៈ​លោក អ៊ុច បូរិទ្ធ របប​លោក ហ៊ុន សែន បាន​ជួល​ក្រុមហ៊ុន PacRim Bridges របស់​លោក Doug Erickson ក្នុង​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​អាមេរិក ($500,000.00) ក្នុង​មួយ​ឆ្នាំ​។ ៥​ថ្ងៃក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ តាមរយៈ​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក របប​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ទីពីរ ជួល​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Brownstein Hyatt Farber Schreck ក្នុង​ទឹកប្រាក់​ជាង ៧​សែន​ដុល្លារ (US$720,000.00) ក្នុង​មួយ​ឆ្នាំ ឬ ១​សែន​៨​ម៉ឺន​ដុល្លារ (US$180,000.00) ក្នុង​មួយ​ត្រីមាស។ ទាំង​លោក ហ៊ុន សែន និង​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​រឿង​នេះ ខណៈ​ទិន្នន័យ​នៃ​ការ​ចំណាយ​ថវិកា​ជួល​ក្រុមហ៊ុន​អាមេរិក​នេះ ត្រូវ​គេហទំព័រ​ក្រសួង​យុត្តិធម៌​អាមេរិក លាតត្រដាង​ជា​សាធារណៈ។

ក៏ប៉ុន្តែ ការ​ចំណាយ​ថវិកាជាតិ​យ៉ាង​សម្បើម​នេះ មិនបាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក បង្អង់​ល្បឿន​នៃ​ការ​ដាក់​ទណ្ឌកម្ម មក​លើ​របប​នេះ​ឡើយ​។ ដូច​តាម​ការ​ពន្យុះ​របស់​លោក ហ៊ុន សែន មែន គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩ មាន​បុគ្គល​កម្ពុជា ៣ រូប ដែល​សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិតៗ​របស់​លោក ហ៊ុន សែន ត្រូវ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែល​មាននៅ​អាមេរិក និង​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​រកស៊ី ឬ​ពាក់ព័ន្ធ​ជាមួយ​។ ការ​ដាក់​ទណ្ឌកម្ម​ជា​ប​ន្ត​បន្ទាប់​នេះ ធ្វើឡើង​ក្រោម​ច្បាប់ ក្លូប៊ល ម៉ែកនីតស្គី (Global Magnitsky Act) ដែល​មាន​ស្រាប់​របស់​អាមេរិក ហើយ​ដែល​មាន​ក្រសួង​រតនាគារ​ជា​អ្នក​អនុវត្ត​។ បុគ្គល​ទាំង ៣ រូប​នោះ រួមមាន លោក ហ៊ីង ប៊ុនហៀង ឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម។

លោក ហ៊ីង ប៊ុនហៀង (​កើត​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​១៩៥៧) ជា​មនុស្ស​ទីមួយ​របស់​កម្ពុជា ដែល​រង​ទណ្ឌកម្ម​ពី​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយសារ​ប្រវត្តិ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ សហរដ្ឋអាមេរិក​រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង និង​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​លោក​គ្រប់គ្រង មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​វាយប្រហារ និង​អំពើ​ហិង្សា​រាប់​មិនអស់ ទៅលើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ទៅលើ​សកម្មភាព​ប្រមូល​ផ្តុំ​នៃ​ក្រុម​អ្នកតវ៉ា និង​សកម្មជន​គណបក្សប្រឆាំង យ៉ាងហោចណាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មក រួម​ទាំង​ឧបទ្ទវហេតុ​ទៅលើ​ជនជាតិ​អាមេរិកាំង ដែល​រង​របួស​ដោយសារ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ កាល​ពី​ឆ្នាំ​១៩៩៧​ផង។ ចុងក្រោយ គឺ​ការ​វាយប្រហារ​មក​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​មុខ​រដ្ឋសភា​ជាតិ​កាលពី​ឆ្នាំ​២០១៥។

លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Brach Chev
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ ចូលរួម​សិក្ខាសាលា​ស្ដីពី​សម្ព័ន្ធ​មេត្រីភាព​រវាង​អង្គភាព​កងទ័ព-​ នគរបាល​ជាតិ ជាមួយ​អង្គភាព​សង្គម​ស៊ីវិល​នា​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA

ខណៈ​លោក ហ៊ីង ប៊ុងហៀ​ង គ្រង​តំណែង​ទណ្ឌកម្ម​នេះ​មិន​ទាន់​បាន​ស្រួលបួល​ផង ទណ្ឌកម្ម​ដូចគ្នា​ក៏បាន​ធ្លាក់​មក​ចំ​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ពីរ​នាក់​ផ្សេងទៀត នៅ​ថ្ងៃ​ទី​០៩ ធ្នូ ២០១៩ ចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​អន្តរជាតិ។ ឧកញ៉ា ទ្រី ភាព ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ និង​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ លោក គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រមទាំង​អាជីវកម្ម និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ទទួលរង​នូវ​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ដូចគ្នា​នេះ​ដែរ ដោយសារតែ​ជាប់​ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​ដ៏​សម្បើម​នៅ​កម្ពុជា។ ក្រសួង​រតនាគារជាតិ​អាមេរិក លាតត្រដាង​ថា លោក ទ្រី ភាព (កើត​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​១៩៦៥) និង​លោក គន់ គីម (​កើត​ថ្ងៃទី​០១ ខែមករា ឆ្នាំ​១៩៥៤) គឺជា​បុគ្គល​ទទួលខុសត្រូវ និង​ប្រព្រឹត្តិ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​អំពើពុករលួយ ក្នុង​នោះ រួមមាន​អំពើ​កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ឯកជន​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ការប្រព្រឹត្តិ​អំពើពុករលួយ​ទាក់ទង​នឹង​ការអនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល អំពើ​កេងប្រវ័ញ្ច​លើ​ធនធានធម្មជាតិ ឬ​អំពើ​ស៊ីសំណូក ជាដើម។

លោក ទ្រី ភាព (ស្ដាំ) និង​លោក គន់ គីម (ឆ្វេង)។
លោក ទ្រី ភាព (ស្ដាំ) និង​លោក គន់ គីម (ឆ្វេង)។ RFA

បើ​តាម​អាមេរិក លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែស្រឡាយ​ដ៏​សម្បើម​របស់​លោក​នៅ​កម្ពុជា ដើម្បី​កាង​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹងផ្អែក​ទៅលើ​អំពើ​ស៊ុមគ្រលុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹកជញ្ជូន​ទំនិញ​ឈើ​ខុសច្បាប់​របស់​លោក​។ លោក ទ្រី ភាព ក៏បាន​ប្រើប្រាស់​បណ្ដាញ​យោធា ដើម្បី​ឱ្យ​លោក​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ហ៊ុប យក​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម ចិន អឺរ៉ុប និង​រុស្ស៊ី ជាដើម​។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ចំនួន ១១ ដែល​លោក​ក្ដោបក្ដាប់ ក៏​រង​នូវ​ទណ្ឌកម្ម​នេះ​ដែរ៖

១) ក្រុមហ៊ុន​ Try​ Pheap​ Group​ Co​., Ltd​.

២) ក្រុមហ៊ុន​ M.D.S​. Import​ Export​ Co​., Ltd​.

៣) ក្រុមហ៊ុន​ Try​ Pheap​ Dry​ Port​ Co​., Ltd​.

៤) ក្រុមហ៊ុន​ Try​ Pheap​ Engineering​ &​ Construction​ Co​., Ltd​.

៥) ក្រុមហ៊ុន​ Try​ Pheap​ Grand​ Royal​ Co​., Ltd​.

៦) ក្រុមហ៊ុន​ Try​ Pheap​ Import​ Export​ Co​., Ltd​.

៧) ក្រុមហ៊ុន​ Papa​ Petroleum​ Co​., Ltd​.

៨) ក្រុមហ៊ុន​ Try​ Pheap​ Property​ Co​., Ltd​.

៩) ក្រុមហ៊ុន​ Try​ Pheap​ Travel​ &​ Tours​ Co​., Ltd​.

១០​) ក្រុមហ៊ុន​ M D S Thmorda​ S E Z Co​., Ltd​. ​និង​

១១​) ក្រុមហ៊ុន​ ​Try​ Pheap​ Oyadav​ S E Z Co​., Ltd​.

ចំណែក​ឯ​លោក គន់ គីម វិញ ក្រសួង​រតនាគារ​អាមេរិក​លាតត្រដាង​ថា លោក​ជា​បុគ្គល​ចម្បង នៅ​ពីក្រោយ​គម្រោងការ​អភិវឌ្ឍន៍​នៅ​ខេត្ត​កោះកុង ហើយ​បាន​ទទួល​ផលប្រយោជន៍​ហិរញ្ញវត្ថុ​កប់ក្តោង​ពី​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​នៃ​ប្រទេស​ចិន។ លោក គន់ គីម បាន​ប្រើប្រាស់​ទា​ហ៊ាន​កង​យោធពល​ខេមរភូមិន្ទ ទៅ​បំភិតបំភ័យ រឹបអូស ឬ​ឈូស​ឆាយ​ដីធ្លី ដែល​ក្រុមហ៊ុន​ចិន​ចង់បាន​។ អាមេរិក​រក​ឃើញ​ថា លោក គន់ គីម ត្រូវ​បាន​ដកហូត​តួនាទី​ពី​នាយ​សេនាធិកា​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ដោយសារតែ​លោក​មិនបាន​ចែករំលែក​ផល​ចំណេញ​ពី​អាជីវកម្ម​ខុសច្បាប់​របស់​លោក ទៅ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​។ ក្រៅ​ពី​នេះ សមាជិក​ក្រុម​គ្រួសារ​របស់​លោក ៣ នាក់ និង​ក្រុមហ៊ុន​ដែល​ពួកគេ​ក្តោបក្តាប់​ចំនួន ៥ ក៏​ទទួលរង​នូវ​ទណ្ឌកម្ម​នេះ​ដែរ​។ សមាជិក​ក្រុម​គ្រួសារ​ទាំង ៣​នាក់​របស់​លោក គន់ គីម ទាំងនេះ រួមមាន ភរិយា​របស់​លោក គឺ​អ្នកស្រី គីង ចាន់ឌី (កើត​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​១៩៥៩) កូនប្រុស​របស់​លោក គឺ​លោក គីម ផារា (​កើត​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៨៤) និង​កូនស្រី អ្នកនាង គីម សុផារី (​កើត​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៩៨២) ខណៈ​ក្រុមហ៊ុន​សរុប​ចំនួន ៥ ដែល​ពួកគេ​ក្ដោបក្ដាប់​វិញ ក៏​រង​ទណ្ឌកម្ម​ដែរ៖

១) ក្រុមហ៊ុន​ 7 Makara​ Phary​ Co​., Ltd​.

២) ក្រុមហ៊ុន​ K D Rubber​ Plantation​ Co​., Ltd​.

៣) ក្រុមហ៊ុន​ Cambo​ Elite​ Security​ Force​ Co​., Ltd​.

៤) ក្រុមហ៊ុន​ Romdoul​ Capital​ Pawn​ Co​., Ltd​. ​និង​

៥) ក្រុមហ៊ុន​ Romdoul​ Development​ Co​., Ltd​.

ក្រៅ​ពី​នេះ ក៏​នៅ​មាន​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​លោក ហ៊ុន សែន រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង រង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ជាន់​ដី​អាមេរិក ទៅតាម​ករណី​ជាក់ស្ដែង​រៀងៗ​ខ្លួន តាម​អំណាច​ដាច់ដោយឡែក​របស់​ក្រសួង​ការបរទេស​អាមេរិក

បញ្ជី​ទណ្ឌកម្ម​អាមេរិក ទំនងជា​មិនទាន់​បិទ​បញ្ចប់​ត្រឹមនេះ​ទេ ដោយសារតែ​នៅ​មាន​មន្ត្រី​ខ្មែរ​គ្រាក់ៗ​ដទៃ​ទៀត មិន​ទាន់​ញញើត​នឹង​កសាង​កេរ​ឈ្មោះ​លើ​ឆាក​អន្តរជាតិ សម្បូរ​រឿងអាស្រូវ​ខាង​រំលោភ​សិទ្ធិ​មនុស្ស និង​ទិញដូរ​សញ្ជាតិ​បរទេស ដោយ​ប្រើប្រាស់​ទឹកប្រាក់​រាប់​លាន​ដុល្លារ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch កាលពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ដាក់​បញ្ចូល​ឧត្តមសេនីយ៍ ១២ នាក់​របស់​លោក ហ៊ុន សែន ជា «​ឧត្តមសេនីយ៍​បាតដៃ​កខ្វក់ ឬ​មាន​បាតដៃ​ប្រឡាក់​ឈាម»។ បុគ្គល​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង​១២​នាក់​នេះ រួមមាន​៖

រូបភាពគម្របខាងមុខនៃរបាយការណ៍របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន​ រ៉ៃ វ៉ច្ឆ (Human Rights Watch)។
រូបភាពគម្របខាងមុខនៃរបាយការណ៍របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន​ រ៉ៃ វ៉ច្ឆ (Human Rights Watch)។ Photo: Printscreen

) លោក ប៉ុល សារឿន អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ

) លោក គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​

៣) លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

៤) លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

៥) លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤

) លោក ប៊ុន សេង មេ​បញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កង​យោធភូមិភាគ​ទី​៥

៧) លោក ជឿន សុវណ្ណ​ថា មេ​បញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​២

៨) លោក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១

៩) លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

១០) លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ

១១) លោក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

១២) លោក ជួន សុវណ្ណ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង​១២​រូប​នេះ បាន​ធ្វើជា​ខ្នងបង្អែក នៃ​របប​នយោបាយ​មួយ​ពោរពេញ​ដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិត​ផ្ដាច់ការ​និយម​។ អង្គការ​នេះ​ថា ឧត្ដមសេនីយ៍​ទាំង ១២​នាក់​នេះ សុទ្ធសឹងតែ​ជា​ក្រុម​បុគ្គល​ដែល​មាន​ជាប់ជំពាក់​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៧០ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។​

ក្នុង​ពេល​មាន​មន្ត្រី​មួយ​ចំនួន​សុខចិត្ត​ទទួលរង​ទណ្ឌកម្ម​បរទេស ជំនួសមុខ​ឱ្យ​របប​លោក ហ៊ុន សែន មន្ត្រី​ជំនិត​ឱកាសនិយម​មួយ​ចំនួន​ទៀត​របស់​លោក ក៏​កំពុង​រៀបចំ​ផែនការ​សម្ងាត់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ត្រៀម​វេច​បង្វេច​រត់ចោល​លោក ហ៊ុន សែន ពេល​ប្រទេស​មាន​អាសន្ន និង​ទុក​ឱ្យ​លោក​ទទួលខុសត្រូវ​តែ​ម្នាក់ឯង​។ បុគ្គល​ទាំង ៨ រូប ក្នុង​នោះ​រួម​ទាំង​ក្មួយ​ស្រី​បង្កើត​របស់​លោក និង​សាច់ញាតិ​របស់​ពួកគេ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ទិញដូរ​សញ្ជាតិ​ស៊ី​ប (Cyprus) ដែល​បង្ហាញ​ថា ពួកគេ​ត្រៀម​ក្បត់​លោក ហ៊ុន សែន ក្នុងពេលដែល​លោក ហ៊ុន សែន លែង​មាន​ប្រយោជន៍​សម្រាប់​ពួកគេ​។ បុគ្គល​ទាំង ៨ រូប​នេះ រួមមាន​៖

) លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រពន្ធ​ អ្នកស្រី អឹម ប៉ូលីកា

) អ្នកស្រី ហ៊ុន គីមឡេង ក្មួយ​ស្រី​លោក ហ៊ុន សែន និងប្តី​ លោក នេត សាវឿន ជា​អគ្គស្នងការ​នគរបាល​ជាតិ និង​កូនស្រី​ពីរ​នាក់​របស់​ពួកគេ​

) អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ និងប្តី​ គឺ​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc.) ដែល​ល្បីឈ្មោះ​ខាង​អំពើ​ច្បាម​យក​ដី​ពលរដ្ឋ​នៅ​តំបន់​បឹងកក់។

លោក អូន ព័ន្ធមុនីរត្ន និង​ប្រពន្ធ​ អ្នកស្រី អឹម ប៉ូលីកា (លើ), ក្រុមគ្រួសារលោក នេត សាវឿន-អ្នកស្រី ហ៊ុន គីមឡេង និង​កូនស្រី​ (ក្រោម), អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ និងប្តី​ ​លោក ឡៅ ម៉េងឃីន (ស្តាំ)។
លោក អូន ព័ន្ធមុនីរត្ន និង​ប្រពន្ធ​ អ្នកស្រី អឹម ប៉ូលីកា (លើ), ក្រុមគ្រួសារលោក នេត សាវឿន-អ្នកស្រី ហ៊ុន គីមឡេង និង​កូនស្រី​ (ក្រោម), អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ និងប្តី​ ​លោក ឡៅ ម៉េងឃីន (ស្តាំ)។ Photo: បណ្តាញសង្គម

បុគ្គល​កម្ពុជា​ទាំង​៨​រូប​នេះ ក្រោយមក​ត្រូវ​រដ្ឋាភិបាល​ប្រទេស​ស៊ីប សម្រេច​ដកហូត​សញ្ជាតិ និង​លុបចោល​លិខិតឆ្លងដែន​របស់​ពួកគេ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយពី​រក​ឃើញ​ថា ពួកគេ បាន​ចំណាយ​ទឹកប្រាក់​យ៉ាងហោចណាស់​ជិត ៣​លាន​ដុល្លារ​ក្នុង​ម្នាក់ៗ ដើម្បី​ទិញ​សញ្ជាតិ​ស៊ីប ហើយ​ដែល​លុយ​ទាំងនេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​កេងប្រវ័ញ្ច ឬ​លួច​លុយ​ជាតិ ឬ​ករណី​លាង​លុយ​កខ្វក់។

បើ​ទោះ​បី​ជា​មាន​តម្រុយ​ពី​រឿងរ៉ាវ​អាស្រូវ​លើ​ឆាក​អន្តរជាតិ និង​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ដូចដែល​បាន​លាតត្រដាង​ដោយ​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​យ៉ាងណាក៏ដោយ របប​លោក ហ៊ុន សែន ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនដែល​អើពើ​បង្ហាញ​ចេតនា​បើក​ការស៊ើបអង្កេត ដើម្បី​ដាក់ទោស​ទណ្ឌ​ទៅលើ​បុគ្គល​ទាំងនេះ​នោះ​ទេ​។ ផ្ទុយទៅវិញ របប​នេះ បែរ​ជា​ចេញមុខ​ការពារ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដោយ​អះអាង​ថា ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ដូចដែល​អន្តរជាតិ​ចោទប្រកាន់​នោះ​ទេ។

ជោគវាសនា​នៃ​មនុស្ស​ជំនិតៗ​ដទៃ​ទៀត​របស់​លោក ហ៊ុន សែន ទំនងជា​គេច​មិន​ផុត​ពី​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នា​ពេល​ខាងមុខ​ឡើយ បើ​លោក ហ៊ុន សែន និង​របប​លោក នៅតែ​ចរ​ចេស​រឹងរូស​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ ខណៈ​សហភាព​អឺរ៉ុប​ឯណោះ ក៏​កំពុង​ពិចារណា​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ទុច្ចរិត​នៅ​ទូទាំង​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល