សារៈសំខាន់​នៃ​ការ​ថែទាំ​ធ្មេញ​ឱ្យ​បាន​ល្អ​រឹងមាំ

ដោយ ម៉ៅ សុធានី
2019-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ពិនិត្យ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ពលរដ្ឋ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពីឆ្នាំ​២០១៧។
គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ពិនិត្យ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជូន​ពលរដ្ឋ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពីឆ្នាំ​២០១៧។
Photo: RFA

ទន្តពេទ្យ ឬ​ពេទ្យធ្មេញ ផ្ដល់​ដំបូន្មាន​ថា ការ​ថែទាំ​ធ្មេញ​ឱ្យ​បាន​ទៀងទាត់​និង​ត្រឹមត្រូវ​នៅផ្ទះ គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​ឱ្យ​ធ្មេញ​រឹងមាំ​ល្អ​។ បន្ថែម​ពី​នេះ ការ​ដុសធ្មេញ​ទៀងទាត់​យ៉ាងតិច​២​ដង​ក្នុង​មួយថ្ងៃ ការ​ប្រើ​ខ្សែ​យក​កម្ទេចកំទី​អាហារ​ជាប់​ធ្មេញ​ចេញ និង​ការ​ណាត់​ជួប​ជាមួយ​គ្រូ​ពេទ្យធ្មេញ អាច​ជួយ​ការពារ​ធ្មេញ​កុំ​ឱ្យ​ពុក​ផុយ (Tooth decay) និង​មាន​ជំងឺ​អញ្ចាញធ្មេញ ឬ​រាក់​ស៊ី​ធ្មេញ (Gum disease) ក្នុង​រយៈ​យ៉ាងតិច ៦​ខែ​ម្តង។

តើ​ធ្មេញ​ខូច​និង​ពុក​ផុយ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​កាយ​អ្វីខ្លះ?

ក្រុម​វេជ្ជបណ្ឌិត​ធ្មេញ ឬ​ទន្តពេទ្យ អះអាង​ថា ធ្មេញ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ទំពា​អាហារ ឱ្យ​និយាយ​បាន​ច្បាស់​ល្អ និង​ជួយ​ឱ្យ​សម្រស់​ស្រស់​ស្អាត នៅ​ពេល​សើច ឬ​ញញឹម ហើយ​ធ្វើ​ឱ្យ​ទម្រង់​មុខ​ពេញ មិន​ផត​ក្រហេងក្រហូង​។ ប្រការ​ដែល​អ្នករក្សា​អនាម័យ​ធ្មេញ​បាន​ល្អ មិន​ត្រឹមតែ​នាំ​ឱ្យ​ធ្មេញ​ស​ស្អាត រឹងមាំ កុំ​ឱ្យ​រាក់​ស៊ី​ធ្មេញ ពុក​ធ្មេញ និង​គ្មាន​ធុំក្លិន​មាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ជួយ​ការពារ​នូវ​ជំងឺ​នានា រួមមាន ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃ​ខួរក្បាល ជាដើម។

លោក​ទន្តពេទ្យ គុំ កុសល ម្ចាស់​គ្លីនិក​ធ្មេញ នៅ​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វរនីញ៉ា (California) មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ភាគច្រើន​អ្នក​ដែល​ឈប់​ដុសធ្មេញ វា​នឹង​បណ្ដាល​ឱ្យ​ធ្មេញ​ឆាប់​ពុក ឬ​ដង្កូវ​ស៊ី និង​មាន​ជំងឺ​អញ្ចាញធ្មេញ ជាហេតុ​នាំ​ឱ្យ​ធ្មេញ​ឈឺ និង​ងាយ​បាក់​ជ្រុះ​។ បន្ថែម​ពី​នេះ លោក​ថា ការថែទាំ​អនាម័យ​ធ្មេញ​នេះ វា​នឹង​ជួយ​ច្រើន​ដល់​សុខភាព ចំណេញ​ប្រាក់កាស និង​ពេលវេលា​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ធ្វើ​ធ្មេញ៖ «ការ​ថែ​ធ្មេញ​មាន​សារៈសំខាន់​ធំធេង​ណាស់ ព្រោះ​វា​ឱ្យ​សុខភាព​ដល់​បេះដូង​យើង​ក៏​មាន។ រាល់ថ្ងៃ​ជួយ​ឱ្យ​យើង​ញ៉ាំ​ទំពា​អាហារ បាន​ស្រួល​និង​មាន​រសជាតិ​ឆ្ងាញ់​។ សម្រាប់​សម្ផស្ស​របស់​យើង​ផង​ដែរ ព្រោះ​នៅ​ពេល​យើង​និយាយ​ទៅកាន់​គេ គឺ​យើង​មើល​មុខ​គ្នា ហើយ​បើ​យើង​ញញឹម​ទៅ ក៏​វា​បង្ហាញ​ធ្មេញ បើ​យើង​ធ្មេញ​មិនល្អ មិន​ហ៊ាន​ញញឹម​ទេ មើល​ទៅ​ដូចជា​ខ្វះ​អ្វីមួយ»

តើ​ធ្មេញ​ខូច បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្វីខ្លះ​?

ការស្រាវជ្រាវ​របស់​ក្រុម​វិទ្យាសាស្ត្រ​ជំនាញ​បង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺ​អញ្ចាញធ្មេញ ឬ​ជើងធ្មេញ​ពុក​ផុយ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ជាច្រើន រួមមាន កើត​ជំងឺ​មហារីក​មាត់ (Oral Cancer) ជំងឺ​ទឹកនោមផ្អែម (Diabetes) ជំងឺ​សួត (Lung disease) ជំងឺ​បេះដូង ជំងឺ​រលាក​និង​ដំបៅ​ក្រពះ (Ulcers) ជាដើម​។ ប្រភព​ដដែល​បន្ត​ថា នៅ​ពេលដែល​ធ្មេញ​ផ្ទុក​ទៅ​ដោយ​មេរោគ​ឬ​បាក់តេរី (Backeria) មេរោគ​នោះ​នឹង​ឆ្លង​ចូល​ទៅដល់​ប្រព័ន្ធ​ដកដង្ហើម និង​ចូល​ទៅដល់​ក្នុង​ក្រពះ នោះ​វា​នឹង​នាំ​ឱ្យ​រលាក​ប្រព័ន្ធ​ដកដង្ហើម និង​ដំបៅ​ក្រពះ​។ ក្រុម​អ្នកស្រាវជ្រាវ ក៏បាន​រក​ឃើញ​ផង​ដែរ​ថា អ្នក​ដែល​កើត​ជំងឺ​គាំងបេះដូង (Heart Attack) ភាគច្រើន​មាន​ជំងឺ​ពុក​ធ្មេញ។ បន្ថែម​ពី​នេះ មនុស្ស​ចាស់​ដែល​នៅ​មាន​ធ្មេញ​កំណើត​ច្រើន មិន​មាន​បាក់ធ្មេញ ឬ​មាន​ជំងឺ​អញ្ចាញ​ធ្មេញ ខួរក្បាល​មានការ​ចង​ចាំ​បាន​ល្អ​ច្រើន ជាង​អ្នក​ដែល​គ្មាន​ធ្មេញ​និង​អ្នក​ប្រើ​ធ្មេញ​ជំនួយ ឬ​ពាក់​ក្រាស​ធ្មេញ​ក្លែងក្លាយ (Denture)

គេ​អាច​ថែទាំ​ធ្មេញ​ដោយ​វិធី​ណា ដើម្បី​ឱ្យ​ធ្មេញ​ល្អ​និង​រឹងមាំ?

គេហទំព័រ​ទន្តពេទ្យ​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា ដើម្បី​ថែរក្សា​ធ្មេញ​ឱ្យ​រឹងមាំ ស​ស្អាត​ល្អ និង​គ្មាន​បញ្ហា​ជំងឺ​អញ្ចាញ​ធ្មេញ គឺ​ត្រូវ​ដុសធ្មេញ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់ ២​ដង ក្នុង​មួយថ្ងៃ គឺ​នៅ​ពេល​ព្រឹក និង​មុន​ចូល​គេង​។ ប្រើ​ខ្សែ​ឬ​ប្រដាប់​សម្រាប់​ទាញ​យក​កម្ទេចកម្ទី​អាហារ​ដែល​ជាប់​ចន្លោះ​ធ្មេញ​ចេញ ប្រើ​ទឹក​ខ្ពុរ​មាត់ ប្រើ​ថ្នាំដុសធ្មេញ​ដែល​មាន​ផ្ទុក​ជាតិ​ហ្វ័ររ៉ៃដ៍ (Fluoride) សម្រាប់​ជួយ​បង្ការ​ធ្មេញ​ពុក​។ បន្ថែម​ពី​នេះ ជៀសវាង​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម ស្ករ​គ្រាប់ ឈប់​ជក់បារី និង​ពិសា​សុរា ទទួលទាន​អាហារ​សម្បូណ៌​ដោយ​ជាតិ​កាល់ស្យូម និង​ទៅ​ពិនិត្យ​ធ្មេញ​ជាមួយ​ទន្តពេទ្យ រៀងរាល់ ៦​ខែ​ម្តង។

លោក​ទន្តពេទ្យ គុំ កុសល ផ្ដល់​ដំបូន្មាន​ថា ការ​ណាត់​ជួប​ជាមួយ​ពេទ្យធ្មេញ​ទៀងទាត់ គេ​អាច​រក​ឃើញ​រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​ឈាម​ក្រហម ជំងឺ​មហារីក​មាត់ និង​ជំងឺ​អញ្ចាញធ្មេញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង៖ «សំខាន់​ជាងគេ​សាមីខ្លួន​យើង ត្រូវ​ថែទាំ​ដុសធ្មេញ​ឱ្យ​បាន​ដិតដល់​ក្នុង​មួយថ្ងៃ ២​ឬ​៣​ដង ឬ​ក្រោយពេល​ញ៉ាំ​ហើយ​គួរតែ​ដុសធ្មេញ​។ បើ​បាន Floss ធ្មេញ​ជា​ការ​ប្រសើរ ព្រោះ​ចន្លោះ​ធ្មេញ​នោះ​វា​មាន​កម្ទេចកំទី​អាហារ​ដែល​ជាប់​ធ្មេញ​។ ធម្មតា គេ​ឱ្យ​យោបល់​ជួប​ពេទ្យធ្មេញ​២​ដង​ក្នុង​មួយ​ឆ្នាំ​។ ប៉ុន្តែ​បើ​សិន​ជា​មាន​ជំងឺ​រាក់​ស៊ីជើង​ធ្មេញ ត្រូវ​ជួប​ពេទ្យ ៣​ឬ​៤​ខែម្តង ដើម្បី​លាង​ឱ្យ​បាន​ស្អាត ហើយ​បើ​អញ្ចាញ​ល្អ ធ្មេញ​ក៏​ជាប់​បាន​យូរ»

តើ​មូលហេតុ​អ្វី​ដែល​នាំ​ឱ្យ​ធ្មេញ​ពុក?

លោក​ទន្តពេទ្យ គុំ កុសល មាន​ប្រសាសន៍ថា បញ្ហា​ធ្មេញ​ពុក គឺ​ដោយសារ​ពុំបាន​សំអាត​ដុសធ្មេញ​ឱ្យ​បាន​ស្អាត​ត្រឹមត្រូវ ក្រោយពេល​បរិភោគ​រួច ឬ​ក្រោយពេល​ញ៉ាំ​ម្ជូរ​ច្រើន​។ លោក​ទន្តពេទ្យ បន្ត​ថា ប្រការ​ដែល​មិនបាន​ទាញ​យក​កម្ទេចកំទី​អាហារ​ដែល​នៅ​ជាប់​ចន្លោះ​ធ្មេញ​នោះ​ហើយ វា​កា្លយ​ជា​អាស៊ីដ ដែល​ជា​ហេតុ​នាំ​ឱ្យ​ធ្មេញ​ឆាប់​ពុក​ផុយ​៖ «ការ​ពុក​ធ្មេញ​ដោយសារ​យើង​ញ៉ាំ​ហើយ យើង​អត់​បាន​ដុសលាង​ធ្មេញ ឬ​FLOSS ឱ្យ​បាន​ភ្លាម ឬ​ទុក​មួយថ្ងៃ​ឬ​ពីរ​ថ្ងៃ ម្ហូប​ហ្នឹង​វា​រលួយ​ទៅ​ក្លាយទៅជា​អាស៊ីដ​។ ខ្លះ​ញ៉ាំ​ស្ករ​គ្រាប់ ជាតិ​ផ្អែម​ហ្នឹង​វា​ក្លាយ​ជា​អាស៊ីដ ទឹក​អាស៊ីដ​ហ្នឹង​វា​កាត់​ធ្មេញ​។ បើ​ញ៉ាំ​ម្ជូរ​ច្រើន នាំ​ឱ្យ​កាត់​ធ្មេញ​នាំ​ឱ្យ​ឆាប់​សឹក ប៉ុន្តែ​បើ​ញ៉ាំ​ហើយ យើង​ដុសធ្មេញ​ភ្លាម នឹង​មិន​អី​ទេ»

តើ​ការ​ទៅ​លាង​កោស​ធ្មេញ នាំ​ឱ្យ​ធ្មេញ​ខូច​ឬ​យ៉ាងណា?

គ្រូពេទ្យ​ធ្មេញ​ឱ្យ​ដឹង​ថា មូលហេតុ​ទៅ​កោស​លាង​ធ្មេញ​នៅ​គ្លីនីក​ពេទ្យធ្មេញ ពីព្រោះ​កំណក​ដែល​ជាប់​នឹង​ធ្មេញ មិន​អាច​យកចេញ​បាន​ដោយ​ការ​ដុសធ្មេញ​នោះ​ទេ​។ គេហទំព័រ​ទន្តពេទ្យ​នៅ​សហរដ្ឋអាមេរិក បញ្ជាក់​ថា ការ​កោស​យក​កំណក​ចេញពី​ធ្មេញ មិនបាន​ធ្វើ​ឱ្យ​ខូច​សាច់​ធ្មេញ ឬ​នាំ​ឱ្យ​កាចា​ធ្មេញ​សឹក​ឬ​ស្ដើង​នោះ​ទេ​។ ក៏ប៉ុន្តែ​អ្នក​អាច​មាន​អារម្មណ៍​ស្រៀវធ្មេញ ក្រោយ​លាង​សំអាត​ហើយ ជាពិសេស​នៅ​ពេល​ទទួលទាន​អាហារ​ឬ​ភេសជ្ជៈ​ត្រជាក់ ឬ​ក្តៅ ក៏ប៉ុន្តែ​ការ​ស្រៀវធ្មេញ​នេះ អាច​បាត់​ទៅវិញ ក្នុងអំឡុងពេល​២៤​ម៉ោង​ក្រោយ​មក​។ បន្ថែម​ពី​នេះ អ្នក​ដែល​មាន​ធ្មេញ​ស្រៀវ ត្រូវ​បញ្ឈប់​ការ​ទទួល​ទាន​ម្ជូរ​ដែល​សម្បូណ៌​ទៅ​ដោយ​ជាតិ​អាស៊ីដ ក្នុង​នោះ រួមមាន ស្វាយ​ខ្ចី ក្រូចឆ្មារ ឬ ទឹកខ្មេះ ជាដើម​។ ម្យ៉ាងវិញទៀត ប្រសិនបើ​ការ​ស្រៀវធ្មេញ ដោយសារ​ការ​ព្យាបាល​ធ្មេញ ដូចជា​ត្បាល់​យក​សរសៃ​ចេញ ប៉ះ​ធ្មេញ ឬ​ដក​ធ្មេញ លោកអ្នក ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ ទន្តពេទ្យ​។ ចំណែក ការ​ប្រើ​ច្រាស​ដុសធ្មេញ​វិញ លោកអ្នក​គួរ​ប្រើ​សរសៃ​ច្រាស​ទន់ និង​ប្ដូរ​ច្រាស​ថ្មី រៀងរាល់ ៣​ខែ​ម្ដង ព្រមទាំង​ប្រើ​ថ្នាំដុសធ្មេញ ដែល​មាន​ផ្ទុក​ជាតិ​ហ្វ័ររ៉ៃដ៍ (Fluoride) សម្រាប់​ជួយ​បង្ការ​ធ្មេញ​ពុក និង​ការពារ​កំណក​ជាប់​ធ្មេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល