ទីតាំង​និង​សារសំខាន់​របស់​ប្រស្តេត​ឬ​ប្រូស្តាត

មាន​ព័ត៌មាន​ថា នៅ​កម្ពុជា​មនុស្ស​ច្រើន​ណាស់​មិន​បាន​ដឹង មិន​បាន​ឮ ឬ​ស្គាល់​អំពី​សរីរាង្គ​សំខាន់​មួយ​របស់​បុរស គឺ​ប្រស្តេត​ឬ​ប្រស្តាត ដែល​បាន​ត្រូវ​គ្រូពេទ្យ​មាន​ប្រសាសន៍​ថា ក្នុង​មួយ​ជីវិត​ខ្លួន បុរស​សឹង​តែ​មិន​អាច​ចៀស​ផុត​ពី​ជំងឺ​ទាក់ទង​នឹង​ប្រស្តេត​នេះ​ឡើយ។
ដោយ ឃឹម សារ៉ង
2009-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

យោង​តាម​ឯកសារ​របស់​អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក (American Cancer Society) គឺ​ជិត​២០០.០០០​(ពីរ​សែន)​ករណីមហារីក​ប្រូស្តេត​បាន​ត្រូវ​រក​ឃើញ​ក្នុង​ឆ្នាំ​២០០៩ ហើយ​កាល​ពី​ឆ្នាំ​២០០៨ នៅ​អាមេរិក​បុរស​ចំនួន​ជាង​២៨.០០០​នាក់ បាន​ស្លាប់​ដោយសារ​មហារីក​ប្រូស្តេត។

នៅ​ប្រទេស​កម្ពុជា ថ្វី​បើ​មិន​ទាន់​មាន​ស្ថិតិ​ផ្លូវការ​អំពី​អ្នក​មាន​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រូស្តេត​ក្តី ក៏​មាន​ព័ត៌មាន​ខ្លះ​ថា មនុស្ស​ចាស់​មាន​កើត​ច្រើន​ករណី​ដែរ។

អ្នក​មាន​ប្រូស្តេត​រីក​ម្នាក់​នៅ​ក្រុង​ភ្នំពេញ គឺ​លោក ស៊ឹម សារ៉ាក់ អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​វប្បធម៌​ទើប​ចូល​និវត្តន៍ អាយុ​៦១​ឆ្នាំ ដែល​បាន​ដឹង​ថា ខ្លួន​មាន​បញ្ហា​នេះ​កាល​ពី​លោក​មាន​អាយុ​៥៣​ឆ្នាំ មាន​ប្រសាសន៍​ថា ៖ «គិត​ប្រើ​ថ្នាំ​ប៉ូវ ពេទ្យ​គេ​ថា កុំ​ប្រើ​ប្រយ័ត្ន Cancer (មហារីក) វា​ពិបាក​អ៊ីចឹង។ ផ្សាយ​អាហ្នឹង​ឲ្យ​មនុស្ស​ដឹង​ផង​មើល៍ ចាស់ៗ​កើត​ច្រើន​ណាស់​ឥឡូវ...»។

ប្រូស្តេត​មាន​នៅ​តែ​មនុស្ស​ប្រុស​ទេ ស្ត្រី​មិន​មាន​ឡើយ ក៏​ដូច​ជា​ស្ត្រី​មាន​ស្បូន​ដែល​បុរស​គ្មាន​នោះ​ដែរ។

អ្វី​ហៅ​ថា​ប្រូស្តេត? ឯកសារ​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ប្រូស្តេត​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​បុរស គឺ​រួម​មាន​អង្គជាតិ ឬ​លឹង្គ ប្រូស្តេត​និង​ពង​ស្វាស។ ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ប្លោក​នោម ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ជូន​នូវ​ទីតាំង​របស់​ប្រូស្តេត​ក្នុង​ខ្លួន​បុរស ៖ «ប្រូស្តាត​ឬ​ប្រស្តេត​ហ្នឹង​នៅ​កន្លែង​ណា? ឆាយ ប៊ុនហ៊រ ៖ កន្លែង​វា​គឺ​នៅ​ខាង​ក្រោម​ប្លោក​នោម នៅ​ផ្លូវ​ចេញ​ពី​ប្លោក​នោម​តែម្តង ហៅ​ថា Outlet គឺ​កន្លែង​ណា​ដែល​ទ្វារ​ចេញ​ទឹក​នោម​ពី​ប្លោក​នោម​គឺ​ប្រូស្តាត​នៅ​កន្លែង​ហ្នឹង​ឯង ហើយ​រាង​របស់​វា​ហ្នឹង​គឺ​ប្រៀប​ធៀប​នឹង​ផ្លែ​ឈើ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ថា​រាង​វា​ដូច​ជា​ផ្លែ​ស្លា បើ​រាង​វា​រាង​ដូចCone គឺ​មាន Baseវា មាន​បាត​វា​ហើយ​និង​កំពូល​វា។ ប៉ុន​ផ្លែ​ស្លា​ប៉ុណ្ណឹង​ឯង។ សំខាន់​បំផុត​ប្រូស្តាត​ហ្នឹង​ចេញ​មក​ពី​ខាង​ក្រោម​ប្លោក​នោម ហើយ​មក​រុំ​ព័ទ្ធ​ផ្នែក​ទី​១​នៃ Urethra (បង្ហួរនោម)។ បង្ហួរ​នោម​ចែក​ជា​ពីរ​គឺ ទី​១ គឺ​កន្លែង​ដែល​ប្រូស្តាត​ហ្នឹង​រុំ​ជាប់ ហើយ​ទី​២ ប្រហោង​នោម​ហ្នឹង​ឯង គឺ​ជាប់​នឹង​លឹង្គ​យើង​នេះ​ឯង គឺ​ចែក​ជា​ទី២»

ក្នុង​ពេល​ដែល​បុរស​កាន់​តែ​មាន​អាយុ​កាន់​តែ​ច្រើន ប្រូស្តេត​ក៏​កាន់​តែ​រីក​ទំហំ​របស់​ខ្លួន​កាន់​តែ​ធំ​ដែរ។ បញ្ហា​នេះ​បង្ក​ឲ្យ​បំពង់​បង្ហួរ​នោម​កាន់​តែ​រួម​តូច​ដែល​បណ្តាល​ឲ្យ​ការ​ហូរ​ទឹក​នោម​កាន់​តែ​ថយ​ចុះ។

វិទ្យាសាស្ត្រ​ពេទ្យ​បាន​បែង​ចែក ប្រូស្តេត​ជា​ផ្នែក​សំខាន់ៗ ហើយ​មាន​ទំនាក់​ទំនង​នឹង​សាច់ដុំ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​ចែក​ដូច​ខួរ​ក្បាល​អ៊ីចឹង ម្តុំៗ ហៅ​ថា lobe គឺ​មាន​ខាង​មុខ ខាង​ក្រោយ ចំហៀង​២ ហើយ​និង​ផ្នែក​កណ្តាល​សំខាន់​នៅ​ក្នុង​កន្លែង​ប្រូស្តាត​នៅ​ហ្នឹង គឺ​ទាក់ទង​នឹង​របស់​សំខាន់ៗ​ទៀត​ជុំវិញ​វា។ ទី​១​គឺ​ខ្សែ​បញ្ចេញ​ទឹក​កាម បញ្ចេញ  sperm គឺ​ចេញ​ពី​ពង​មក រួច​ទៅ​ខ្សែ​ហៅ​ថា vas deferens ពង​មាន​ពីរ​ទាំង​សង​ខាង មាន​ខ្សែ​ហ្នឹង​មក។ គឺ​ពេល​ដែល​ពង​យើង​បង្កើតsperm ហើយ រួច​ទៅ​នាំ​អាហ្នឹង​មក​តាម​ខ្សែៗ​ហៅ​ថា vas deferens នាំម​កទាំ​ង​សង​ខាង រួច​ទៅ​មុន​នឹង​ចូល​មក​ក្នុង​ប្រូស្តាត កាច់​ចូល​អម្បាញ់មិញ vas deferens រីក​បន្តិច រីក​អត់​ទាន់​ចូល​ទេ គេ​ហៅ Ampulla កន្លែង​ហ្នឹង​ឯង​គឺ​កន្លែង​ភ្ជាប់​គ្នា​នឹង​ទុយោ​មួយ​ទៀត​ហៅ​ថា seminal vesicle គឺ​កន្លែង​សម្រាប់​បញ្ចេញsemen គឺ​ទឹក​កាម។ seminal vesicle គឺ​វា​អង្កាញ់ៗ​ច្រើន។ រួច​ទៅ​អា​ខ្សែ​ដែល​បញ្ចេញ​ទឹក​កាម​ហ្នឹង​មក​ភ្ជាប់​គ្នា​នៅ​មុន​ពេល​ចូល​មក​ក្នុង​ប្រូស្តាត រួច​ពេល​វា​ចូល​ជាមួយ​ហើយ បាន​ចូល​មក​ក្នុង​ប្រូស្តាត ចូល​ចំ​ពាក់​កណ្តាល អាហ្នឹង​ទី​១។ ទី​២​គឺ​ប្រូស្តាត កន្លែង​កណ្តាល​ហ្នឹង​ឯង មាន​ទឹកកាម​ច្រើន​មែន​ទែន ហើយ​ហូរ​ចូល​មក​វា​មាន​ផ្លូវ​ចូល​មក​នៅ​ក្នុង​ទុយោ​នោម​ផ្នែក​ទី​១​ហ្នឹង​ឯង ហើយ​មក​ជួប​គ្នា​កន្លែង​ហ្នឹង​ឯង។ អាហ្នឹង​សំខាន់​សម្រាប់​អី? សំខាន់​នៅ​ពេល​ដែល​មនុស្ស​ប្រុស​យើង​ប្រព្រឹត្ត​ស្នេហា​ផ្លូវ​ភេទ ហើយ​ចេញ​ទឹក​មក ច្របាច់​ទាំង​អស់​មក ហើយ ejaculation ទឹក​កាម​ចេញ​មក។ នៅ​ពេល​ទឹកកាម​ចេញ​មក គឺ​សាច់​ដុំ​ទាំង​អស់ ខាង​ក្រៅ​សាច់​ដុំ​នៅ​ជុំវិញ​ទាំង​អស់​កន្ត្រាក់​មក​តែម្តង​ហើយ​វា​ចេញ​មក​តាម​បង្ហួរ​នោម រួច​ទៅ​ចេញ​មក​ខាង​ក្រៅ»

តើ​ប្រូស្តេត​មាន​មុខងារ​ធ្វើ​អ្វី​ខ្លះ?

លោក​វេជ្ជបណ្ឌិត Robert Nadler ជំនាញ​ផ្នែក​ម៉ូត្រ​សាស្ត្រ​នៅ​មន្ទីរពេទ្យ Northwestern Memorial អាមេរិក មាន​ប្រសាសន៍​ថា ប្រូស្តេត​មាន​មុខងារ​តូច​មួយ​ក្នុង​ការ​គ្រប់គ្រង​ការ​បត់​ជើង​តូច ឬ​ការ​បញ្ចេញ​ទឹក​នោម ថ្វី​បើ​សន្ទះ​បិទ​បើក (Sphincter) រវាង​ប្លោក​នោម​នឹង​បង្ហួរ​នោម​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ទឹក​នោម​​​ជាង​ប្រូស្តេត​នោះ​ក្តី តែ​តួនាទី​សំខាន់​របស់​ប្រូស្តេត​គឺ​រក្សា​ទុក​និង​ផលិត​ទឹកកាម។ លោក​ថា ប្រូស្តេត​ក៏​ជួយ​ដល់​ការ​បញ្ចេញ​ទឹកកាម ជួយ​ឲ្យ​ទឹក​កាម​ខាប់​នៅ​ពេល​ចេញ​មក​ក្រៅ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ដូច្នេះ ៖ «ការងារ​របស់​ប្រូស្តាត​ហ្នឹង​គឺ​សម្រាប់​ស្អី សំខាន់​បំផុត​គឺ​អា​រឿង​បញ្ចេញ​ទឹកកាម។ ទឹក​ដែល​ច្រើន​មែន​ទែន នៅ​ក្នុង​ទឹកកាម​យើង​គឺ​ទឹក​ដែល​មក​ពី​ប្រស្តេត គឺ​មិន​មែន​មក​ពី seminal ទេ គឺ​មក​ពី​ប្រស្តេត។ ទឹក​ហ្នឹង​ច្រើន​ណាស់ ច្រើន​ជាង​គេ។ប៉ុន្តែ​ទឹក​ហ្នឹង​គឺ​មាន​ជាតិ​ស្ករ​ហើយ​និង​ជាតិ mineral»

លោក​វេជ្ជបណ្ឌិត Robert Nadler មាន​ប្រសាសន៍​ថា ខណៈ​ដែល​អាយុ​កាន់​តែ​ច្រើន គឺ​បុរស​កាន់​តែ​ពិបាក​បត់ជើង​តូច​ដែរ ហើយ​នៅ​សហរដ្ឋ​អាមេរិក មាន​បុរស​ប្រមាណ​ម្នាក់​ក្នុង​ចំណោម​បុរស​៦​នាក់​អាច​នឹង​ឈាន​ទៅ​កើត​មហារីក​ប្រូស្តេត។

តើ​ជំងឺ​ទាក់ទង​នឹង​ប្រូស្តេត មាន​មូលហេតុ​មក​ពី​អ្វី?

លោក​វេជ្ជបណ្ឌិត Robert GetZenberg នាយក​ការ​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ម៉ូត្រ​សាស្ត្រ Brady, សកល​វិទ្យាល័យ Johns Hopkins មាន​ប្រសាសន៍​ថា គេ​មិន​ដឹង​ពី​មូលហេតុ​ពិត​នៃ​ប្រូស្តេត​រីក ឬ​ក៏​មហារីក​ប្រូស្តេត​នោះ​ទេ ប៉ុន្តែ​ដឹង​ថា ហាក់​ដូច​ជា​ផល​ប៉ះពាល់​ម៉្យាង​នៃ​កំណើន​អាយុ​របស់​បុរស។

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ករណី​ប៉ះពាល់​ដល់​ប្រូស្តេត គឺ​រលាក​ប្រូស្តេត (Prostatitis) ប្រូស្តេត​រីក (Enlarge prostate / Benign prostatic hyperplasia – BPH) ហើយ​និង​មហារីក​ប្រូស្តេត (Prostate cancer)៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល