នីតិវិធី​និង​លទ្ធភាព​ដែល​ជនបរទេស​អាច​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ

ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុវត្ត​ច្បាប់​ស្ដី​អំពី​សញ្ជាតិ ចាប់​តាំង​ពី​ពេល​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះនរោត្ដម សីហនុ ប្រកាស​ឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៩៦ បន្ទាប់​រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃ​២០ ខែ​សីហា ឆ្នាំ​១៩៩៦។
ដោយ ហាស់ សាន
2012-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រៅ​ពី​បញ្ជាក់​ថា តើ​ជន​ណា​ខ្លះ​ចាត់​ទុក​ថា មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ក្នុង​ជំពូក​ទី​២ ជន​ណាខ្លះ​ដែល​ចាត់​ទុក​ថា មាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍ ក្នុង​ជំពូក​ទី​៣ ច្បាប់​នោះ​មាន​ចែង​អំពី​សញ្ជាតូបនីយកម្ម ឬ​ការ​ចូល​សញ្ជាតិ​ជា​ខ្មែរ​របស់​ជនបរទេស​ក្នុង​ជំពូក​ទី​៤។

តើ​សញ្ជាតូបនីយកម្ម ឬ​ការ​ចូល​សញ្ជាតិ​ខ្មែរ​នោះ តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ច្បាប់​ស្ដី​អំពី​សញ្ជាតិ​ចាត់​ទុក​ខ្មែរ​ដែល​កើត​លើ​ទឹកដី​ខ្មែរ​ពី​មាតាបិតា​ខ្មែរ​ថា ជា​ពលរដ្ឋ​ខ្មែរ។ ចំពោះ​ជនបរទេស​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ដៃគូ​ជា​ជនជាតិ​ខ្មែរ ក៏​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដែរ។

មាត្រា​៧ ជំពូក​ទី​៤ នៃ​ច្បាប់​ស្ដី​អំពី​សញ្ជាតិ​ចែង​ថា ជនបរទេស​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន ដោយ​សញ្ជាតូបនីយកម្ម ពោល​គឺ​តាមរយៈ​ការ​ដាក់​ពាក្យ​សុំ​ប្ដូរ​ពី​សញ្ជាតិ​ដើម​មក​សញ្ជាតិ​ខ្មែរ។ ប៉ុន្តែ​ច្បាប់​ចែង​ថា សញ្ជាតូបនីយកម្ម​មិន​មែន​ជា​សិទ្ធិ​របស់​អ្នកស្នើ​សុំ​ឡើយ គឺ​ជា​ការ​អនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ។ ដើម្បី​សុំ​សញ្ជាតូបនីយកម្ម ឬ​អាច​ចូល​សញ្ជាតិ​ខ្មែរ​បាន ជនបរទេស​ទូទៅ​ត្រូវ​បំពេញ​លក្ខខ័ណ្ឌ​មួយ​ចំនួន។

ក្នុង​មាត្រា​៨ ជំពូក​ទី​៤ ជនបរទេស​ត្រូវ៖

១. មាន​លិខិត​បញ្ជាក់​ថា មាន​គំនិតមារយាទ និង​សីលធម៌​ល្អ ចេញ​ដោយ​មេឃុំ ឬ​ចៅសង្កាត់​នៃ​ទីលំនៅ​របស់​ខ្លួន។

២. មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ។

៣. មាន​លិខិត​បញ្ជាក់​ថា ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់នៅ​ជាប់​ចំនួន​ប្រាំពីរ​ឆ្នាំ ដោយ​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​ប័ណ្ណ​ស្នាក់នៅ ដែល​ចេញ​ឲ្យ​ក្នុង​
ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្ដី​អំពី​អន្តោប្រវេសន៍។

៤. មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ដាក់​ពាក្យសុំ​សញ្ជាតូបនីយកម្ម។

៥. ចេះ​និយាយ​ភាសាខ្មែរ ចេះ​អក្សរខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រម​ទាំង​ទទួល​បាន​
នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ។

៦. មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

ដោយ​ឡែក​ពី​នោះ មាត្រា​១០ ជំពូក​ទី​៤ ចែង​ថា ជនបរទេស​ទាំងឡាយ​អាច​សុំ​សញ្ជាតិ​ខ្មែរ​​បាន​បើ​បាន​ទទួល​លិខិតអនុញ្ញាត​ឲ្យ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​ដែល​បាន​​អនុវត្ត​គម្រោង​ជាក់ស្ដែង ចំណាយ​ទុន​ចំនួន​ចាប់​ពី មួយ​ពាន់​ពី​រយ​ហា​សិប​លាន​រៀល (១.២៥០.០០០.០០០ ឬ= $304,500) ឡើង​ទៅ រយៈពេល​ស្នាក់​នៅ​ត្រូវ​បាន​លើកលែង។

មាត្រា​១១ វិញ ក្នុង​ជំពូក​ទី​៤ ដដែល​ចែង​ថា ចំពោះ​ជនបរទេស​ដែល​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តែ​បាន​ទទួលការ​អនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ចំណាយ​ទុន​ចាប់​ពី​មួយ​ពាន់​ពីរ​រយ​ហាសិប​លាន​រៀល (១.២៥០.០០០.០០០ ឬ=$304,500) ឡើង​ទៅ ក៏​ត្រូវ​បាន​លើកលែង​រយៈពេល​នៃ​ការ​ស្នាក់នៅ​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយបារម្ភ​ពី​សាធារណជន​ខ្មែរ​ដែល​ថា វិធី​នេះ​អាច​បើក​ឱកាស​ឲ្យ​​ជនបរទេស​ខិលខូច តែ​មាន​លុយកាក់​អាច​ប្រើ​ដើម្បី​ស្វែងរក​សញ្ជាតិ​ខ្មែរ​នោះ លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធ​កម្ពុជា​បំភ្លឺ​ថា បើ​មើល​ទៅ​ឃើញ​ដូចជា​ស្រួល ហើយ​អាច​មាន​ជន​ឧក្រិដ្ឋ​ខ្លះ​ឆ្លៀត​ទាញ​ផល​ពី​ច្បាប់​នេះ​ដូច្នោះ​មែន ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មាន​អំណាច​បដិសេធ​សំណើ​របស់​គេ​បាន​ដែរ។

លោក សុក សំអឿន៖ «បើ​យើង​មើល​ពី​ច្បាប់​ហ្នឹង ពិត​មែន​ចែង​អ៊ីចឹង​មែន ប៉ុន្តែ​មិន​មែន​ថា ឲ្យ​ប៉ុណ្ណឹង​ហើយ ត្រូវតែ​ចូល​ភ្លាម​អ៊ីចឹង​ទេ។ មាន​ន័យ​ថា រាជរដ្ឋាភិបាល​អាច​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​បាន​ថា អាច​ឲ្យ ឬ​មិន​ឲ្យ។ ដូច្នេះ​វា​មាន​ចំណង​ត្រង់​ចំណុច​ហ្នឹង​ដែរ តែ​គ្រាន់តែ​បញ្ហា​ថា បើ​យើង​មិន​តឹងតែង​ពេក​ទេ ការ​ចូល​វា​ចេះ​តែ​ធូរ។ រដ្ឋាភិបាល​អាច​ពិចារណា។ បើ​យក​មក​នាំ​តែ​ឲ្យ​មាន​បញ្ហា នាំ​ឲ្យ​កើន​បទល្មើស នាំឲ្យ​ខូច​សណ្ដាប់ធ្នាប់ នាំឲ្យ​ខូច​នយោបាយ ថ្វីត្បិតតែ​ច្បាប់​ចែង​មិន​ច្បាស់​មែន រដ្ឋាភិបាល​អាច​កំណត់​បាន។ ខ្ញុំ​គិត​ថា បើ​កំណត់​វា​ល្អ​ជាង»

ក្នុង​មាត្រា​១៦ ជំពូក​ទី​៤ ច្បាប់​ស្ដី​អំពី​សញ្ជាតិ​មាន​ចែង​ថា សញ្ជាតូបនីយកម្ម​ដែល​ផ្ដល់​ចំពោះ​ជន​ណា​ម្នាក់ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ ហើយ​បែបបទ និង​នីតិវិធី​នៃ​ការ​សុំ​សញ្ជាតូបនីយកម្ម ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​មេធាវី សុក សំអឿន បន្ថែម​ថា ក្នុង​ករណី​ដែល​ច្បាប់​មិន​មាន​ចែង​ច្រើន​ក្នុង​រឿង​ហ្នឹង មន្ត្រី​ក្រសួង​មន្ទីរ​តែ​ម្ដង​ដែល​ទទួល​ខុសត្រូវ​ផ្ទាល់៖ «ក្នុង​ច្បាប់​យើង អត់​មាន​កំណត់​អី​ឲ្យ​ច្រើន​ជាង​ហ្នឹង។ ថ្វីត្បិត​អ៊ីចឹង​មែន​ក៏ដោយ ដោយសារ​តែ​រាជរដ្ឋាភិបាល​ថា​ដាក់​ក្នុង​ច្បាប់​ហ្នឹង​ថា​សម្រេច​អ៊ីចឹង​បាន​ខ្ញុំ​គិត​ថា ក្រសួង ឬ​រដ្ឋាភិបាល​ អាច​កំណត់​លក្ខខ័ណ្ឌ​អី​ផ្សេងៗ»

ជំពូក​ទី​៤ មាត្រា​១២ នៃ​ច្បាប់​ស្ដី​អំពី​សញ្ជាតិ​មាន​ចែង​ថា ជនបរទេស​ណា​ដែល​បាន​ធ្វើ​អំណោយ​ជា​ប្រាក់​ដល់​ថវិកា​ជាតិ​ចាប់​ពី​មួយ​ពាន់​លាន​រៀល (១.០០០.០០០.០០០) ឡើង​ទៅ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ការ​ស្ដារ និង​កសាង​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជនបរទេស​នោះ​ អាច​ធ្វើ​ពាក្យសុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន ក្នុង​ករណី​ដែល​ជន​នោះ បាន​បំពេញ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ក្នុង​មាត្រា​៨។

មកទល់​ពេល​នេះ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ដឹង​ថា យ៉ាងតិច​បរទេស​ពីរ​រូប គឺ​តារាភាពយន្ត​ហូលីវូដ (Hollywood) អ្នកស្រី អែនជេលីណា ជោលី (Angelina Jolie) ជា​ជនជាតិ​អាមេរិកាំង និង​ អ្នកស្រី​បណ្ឌិត ហេឡិន ចាវីស (Helen Jarvis) មន្ត្រី​ក្នុង​សាលាក្ដី​ខ្មែរក្រហម ជា​ជនជាតិ​អូស្ត្រាលី ដែល​មាន​កិត្តិយស​បាន​ទទួល​សញ្ជាតិ​ជា​ខ្មែរ។

ទាក់ទង​នឹង​ការ​ផ្ដល់​កិត្តិយស ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​អ្នកស្រី អែនជេលីណា ជោលី លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​អំពី​ហេតុផល និង​បែបបទ​នៃ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ជូន​អ្នកស្រី​នោះ៖ «នៅ​ស្រុក​យើង បើ​មាន​ដូច​អ្នកស្រី អែនជេលីណា ជោលី កាន់​តែ​ច្រើន កាន់​តែ​ល្អ។ អ្នកស្រី​ជា​ឯកអគ្គរដ្ឋទូត​អ.ស.ប​មួយ ការពារ​ព្រៃឈើ ការពារ​ធនធាន​ធម្មជាតិ​របស់​យើង។ មាន​តែ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ទេ ដែល​មាន​សិទ្ធិ​ផ្ដល់​សញ្ជាតិ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល។ ជា​សិទ្ធិ​មួយ​ផ្ដាច់​មុខ​របស់​ព្រះករុណា​តែ​ម្ដង»

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ពេល​ជនបរទេស បាន​ទទួល​សញ្ជាតិ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ហើយ មាន​សិទ្ធិ​គ្រប់បែប​យ៉ាង ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​សិទ្ធិ​កាន់​លិខិតឆ្លងដែន​ខ្មែរ​ផង៖ «ឲ្យ​តែ​មាន​ព្រះរាជក្រឹត្យ​ហើយ យើង​ត្រូវតែ​ទទួល​អនុវត្ត។ បាន​ទទួល​ព្រះរាជក្រឹត្យ​ហើយ​ជា​ស្វ័យប្រវត្ត លោក​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី មាន​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​ដូច​ពលរដ្ឋ​ដទៃ​ទាំងអស់។ លោក​មាន​សិទ្ធិ​កាន់​លិខិត​ឆ្លងដែន​ពលរដ្ឋ​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ។ ពេល​ដែល​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​ហើយ ក្រសួង​មហាផ្ទៃ​ត្រូវតែ​ចេញ​ជូន​ដោយ​ស្វ័យប្រវត្ត។ ច្បាប់​បាន​ចែង​ហើយ ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​កាន់​លិខិត​ឆ្លង​ដែន​ដូចគ្នា»

ការ​សុំ​សញ្ជាតិ​ខ្មែរ​តាម​វិធី​ច្បាប់​ដូច​មាន​ចែង​ក្នុង​ច្បាប់​សញ្ជាតិ សម្រាប់​ជន​ដែល​ពុំ​មាន​កំណើត​ដើម​លើ​ទឹកដី​ខ្មែរ ពោល​គឺ​ដូចជា ពុំ​មាន​ឪពុកម្ដាយ​ជា​ខ្មែរ​ពី​កំណើត ពុំ​បាន​រៀបការ​និង​ពលរដ្ឋ​ខ្មែរ​ជាដើម។ល។ មាន​ជនបរទេស​ខ្លះ​ត្រូវ​បាន​រដ្ឋអំណាច​ខ្មែរ​ទទួល​ស្គាល់​ស្របច្បាប់ តាំងពី​ចេញ​អត្តសញ្ញាណប័ណ្ណ​សំគាល់​ខ្លួន​ជា​ខ្មែរ​ឲ្យ​រហូត​ដល់​ចូល​សញ្ជាតិ​ជាខ្មែរ ដោយ​មិន​ចាំបាច់​ប្រតិបត្តិ​ឲ្យ​ត្រឹមត្រូវ​តាម​ធរមាន​បញ្ញត្តិ​ឡើយ។

បុរស​ម្នាក់​មាន​ដើមកំណើត​ពី​កម្ពុជាក្រោម ដែល​មាន​ពិសោធន៍​ផ្ទាល់​អំពី​របៀប​បែបបទ​ក្នុង ការ​សុំ​សញ្ជាតិ​ខ្មែរ បាន​រៀបរាប់​ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា មន្ត្រី​រាជការ​ខ្មែរ​មួយ​ចំនួន ជា​អ្នក​​បង្ក​លក្ខណៈ​ឲ្យ​ជនបរទេស​មិន​គោរពច្បាប់ ជួយ​សម្រួល​ឲ្យ​វាង​ច្បាប់​ខ្មែរ​បច្ចុប្បន្ន នេះ​ដោយ​ប្រើ​លុយ​ជា​ច្រើន​រយ​ដុល្លារ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មួយ៖ «ជនជាតិ​វៀតណាម​ភាគ​ច្រើន​ចូល​សញ្ជាតិ​ខ្មែរ បើ​ចូល​តាមច្បាប់​ចូល​អត់​កើត​ទេ។ ភាគ​ច្រើន​ចូល​តាម​របៀប​ពុករលួយ គំនាប​ពី​រដ្ឋាភិបាល​វៀតណាម។ អ្នក​ណា​ក៏​ដឹង​ដែរ ប្រទេស​យើង​មិន​មាន​នីតិរដ្ឋ​អ្វី​ទេ សូម្បី​តែ​រដ្ឋាភិបាល​ប្រកែក​យ៉ាងណា​ក៏ដោយ គ្រាន់តែ​ឲ្យ​លុយ​ប្ដូរ​ឈ្មោះ ប្ដូរ​ត្រកូល​ទៅ​ជា​ខ្មែរ ធ្វើ​បន្លំ​យក​តែ​ម្ដង។ មាន​ឃើញ​ជាក់ស្ដែង ជនជាតិ​វៀតណាម គេ​មាន​អត្តសញ្ញាណប័ណ្ណ មាន​សៀវភៅ​គ្រួសារ មាន​លិខិត​ឆ្លងដែន​អីចឹង​ណា៎។ ធ្លាប់​ឮ​ជនជាតិ​វៀតណាម និយាយ​ថា បី​រយ​ដុល្លារ»

ក្រៅពី​បញ្ហា​ស៊ីសំណូក​សូកប៉ាន់​ជា​ប្រាក់ បុរស​នោះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​នៅ​ពេល​សុំ​ចូល​សញ្ជាតិ​ខ្មែរ​មាន​ការ​លំបាក ព្រោះ​មាន​គំនាប​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ មក​លើ​រាជរដ្ឋាភិបាល​ឲ្យ​សម្រួល​ដល់​ជនជាតិ​វៀតណាម ប៉ុន្តែ​រឹតត្បិត​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម៖ «បើ​តាម​ច្បាប់​ ខ្មែរ​កម្ពុជា​ក្រោម​ងាយស្រួល​ជាងគេ​បំផុត។ រដ្ឋធម្មនុញ្ញ​យើង​យក​តាម​រដ្ឋធម្មនុញ្ញ​កាល​សម័យ​សង្គម​រាស្ត្រ​និយម។ អ្នក​តាក់តែង​ច្បាប់​មាន​ការយោគយល់​ខ្មែរ​កម្ពុជាក្រោម ហើយ​អ្នក​តាក់តែង​ច្បាប់​កាល​នោះ ក៏ដូចជា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ចំពោះ​ជនបរទេស ក៏ដូចជា​ជនជាតិ​វៀតណាម។ ប៉ុន្តែ​ឥឡូវ​នេះ​វា​ផ្ទុយ​ទៅវិញ។ ដោយសារ​គំនាប​របស់​រដ្ឋាភិបាល​វៀតណាម ធ្វើឲ្យ​ខ្មែរ​កម្ពុជាក្រោម​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​សៀវភៅ​គ្រួសារ ធ្វើ​ក្រដាស​ស្នាម​អី​ហ្នឹង។ ខ្មែរ​ក្រោម​ទទួល​រង​ការ​លាប​ពណ៌​ ថា ជា​ជន​បំបែក​រដ្ឋ​សព្វ​បែប​យ៉ាង​អ៊ីចឹង ធ្វើ​ឲ្យ​មេ​ដឹកនាំ​កម្ពុជា​ខ្លាចក្រែង​រអា។ បើ​ជនជាតិ​វៀតណាម​ងាយ​ស្រួល​ជាង»

ច្បាប់​ស្ដី​អំពី​សញ្ជាតិ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៩៦ ដោយ​មាន​ឡាយ​ព្រះហស្តលេខា​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ ហត្ថលេខា​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ លោក ស ខេង និង​លោក យូ ហុកគ្រី សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រង់​មាត្រា​២២ ជំពូក​ទី​៦ ស្ដី​អំពី​ទោសបញ្ញត្តិ​ចែង​ដូច្នេះ៖ មន្ត្រី​ភ្នាក់ងារ​រាជការ ឬ​ជន​ណា​ដែល​សមគំនិត ជួយ​លាក់បាំង ឬ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​ឲ្យ​ជន​ណា​ម្នាក់​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា​នឹង​ជន​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​ដោយ​ខុសច្បាប់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល