លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ

ច្បាប់​បោះ​ឆ្នោត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​បញ្ញត្តិ​អំពី​សិទ្ធិ​នៃ​អ្នក​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ​អ្នក​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​គណបក្ស​នយោបាយ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​ថវិកា​ការ​បោះ​ឆ្នោត ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត វិវាទ​នៃ​ការ​បោះ​ឆ្នោត និង​ការ​ប្ដឹង​ឧទ្ធរណ៍ និង​ការ​រំលោភ​បំពាន ​ការ​ដាក់​ពិន័យ ​និង​ទោស​កម្ម​ជាដើម។
ដោយ កេសរណ្ណីយ្យា
2013-07-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​ឃ្លាំ​មើល​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាប់​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

ចំណែក​លោក​ប្រធានាធិបតី​អាមេរិក ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ចុង​ឆ្នាំ​២០១២ ក៏​បាន​លើក​ឡើង​ផង​ដែរ​​អំពី​បញ្ហា​កែ​ទម្រង់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​បាន​ស្នើ​ឡើង​ក្នុង​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

តើ​ការ​បោះ​ឆ្នោត​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​ចាំបាច់​ជា​មូលដ្ឋាន​អ្វី​ខ្លះ?

មូលដ្ឋាន​គ្រឹះ​នៃ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ គឺ​ទាមទារ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ដែល​ជា​លក្ខខណ្ឌ​មួយ​ដ៏​ចាំ​បាច់​និង​ចម្បង។ គោលការណ៍​សំខាន់​មួយ​ទៀត គឺ​ការ​ធានា​យ៉ាង​ម៉ឺងម៉ាត់​ដោយ​រដ្ឋ​ធម្មនុញ្ញ ឬ​ច្បាប់​គោល​នៃ​ការ​បោះ​ឆ្នោត​ចំពោះ​ពលរដ្ឋ​នូវ «សិទ្ធិ​បោះ​ឆ្នោត» និង «សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឲ្យ​គេ​បោះ​ឆ្នោត​ជូន»។

ទន្ទឹម​គ្នា​នេះ អ្នក​បោះ​ឆ្នោត​មាន​សិទ្ធិ​ស្មើ​គ្នា និង​ជ្រើស​រើស​ដោយ​សេរី​នូវ​កម្មវិធី​នយោបាយ និង​បេក្ខជន​របស់​គណបក្ស​នយោបាយ​នីមួយៗ។ រី​ឯ​សំឡេង​ឆ្នោត​មួយ​សន្លឹកៗ​មាន​តម្លៃ​ស្មើ​គ្នា និង​បោះ​ឆ្នោត​ដោយ​ចំពោះ​និង​សម្ងាត់។ លក្ខខណ្ឌ​ចម្បង​មួយ​ទៀត​នៃ​ការ​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ គឺ​ការ​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​សេរី ស្មើ​ភាព​ និង​មាន​បរិយាកាស​សេរី និង​យុត្តិធម៌។ ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​វិញ ត្រូវ​តែ​រៀប​ចំ​ធ្វើ​ឡើង​យ៉ាង​ទៀង​ទាត់​ទៅ​តាម​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នីមួយៗ។

ទាក់​ទង​នឹង​គោលការណ៍​សំខាន់ៗ​ទាំង​អស់​នេះ តើ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ដំណើរ​ការ​ស្រប​ទៅ​តាម​ស្តង់ដារ ឬ​និយាម​អន្តរជាតិ​ហើយ​ឬ​នៅ?

ត្រង់​ប្រការ​នេះ មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ (CLEC) លោក គិត ទូច បង្ហាញ​នូវ​ការ​សង្កេត​ថា ប្រទេស​កម្ពុជា មាន​ច្បាប់​បោះ​ឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សមរម្យ ដោយ​ប្រៀប​ធៀប​ទៅ​នឹង​គោលការណ៍​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្នុង​តំបន់​អាស៊ី និង​សហគមន៍​អឺរុប។

លោក គិត ទូច៖ «បើ​យើង​ក្រឡេក​មើល​ស្តង់ដារ​បោះ​ឆ្នោត​តាម​បែប​ហៅ​ថា «វិធាន​និយម» ឬ​បែប «គោលការណ៍» ឃើញ​ថា យើង [កម្ពុជា] មាន​ច្បាប់​បោះ​ឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ល្អិត​សុខុម ហើយ​ច្បាប់​នេះ​បាន​បំពេញ​ទៅ​តាម​តម្លៃ​រដ្ឋធម្មនុញ្ញ ជា​ពិសេស​រដ្ឋធម្មនុញ្ញ​យើង​បាន​កំណត់​អំពី​សិទ្ធិ​អ្នក​បោះ​ឆ្នោត ប្រព័ន្ធ​បោះ​ឆ្នោត​ទម្រង់​នៃ​អ្នក​តំណាង​រាស្ត្រ ទម្រង់​រដ្ឋាភិបាល​អី​ជាដើម។ ហ្នឹង​បើ​យើង​ធៀប​មើល​សេចក្ដី​ថ្លែងការណ៍​ក្រុង​បាងកក ស្តី​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​ស្តង់ដារ ដែល​ប្រជាជាតិ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ១០ ប្រទេស បាន​និយម​បំពេញ​បង្កើត​ឡើង ហើយ​និង​ស្តង់ដារ​សហគមន៍​អឺរ៉ុប ដែល​គេ​ហៅ​ថា សេចក្ដី​ថ្លែងការណ៍​ក្រុម​ប្រឹក្សា​អន្តរ​សភា​សហគមន៍​អឺរ៉ុប និយាយ​ពី​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ហ្នឹង ក៏​ឃើញ​មាន​សរសេរ​នៅ​ក្នុង​វិធាន​នៃ​ច្បាប់​បោះ​ឆ្នោត គោលការណ៍​ណែនាំ​ការ​បោះ​ឆ្នោត និង​វិធាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែរ»

ទោះបី​ជា​យ៉ាង​ណា​ក្តី លោក គិត ទូច គូស​បញ្ជាក់​ថា ចំពោះ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា កន្លង​ទៅ អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត​ជាតិ ​និង​អន្តរជាតិ បាន​បង្ហាញ​ពី​ក្តី​កង្វល់​លើ​ចំណុច​មួយ​ចំនួន ដូចជា​ភាព​ស្មើគ្នា​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ប្រើ​ប្រាស់​សេវា​សាធារណៈ ការ​ប្រើ​ប្រាស់​មធ្យោបាយ​ផ្សេងៗ ដូចជា​ការ​ដឹក​ជញ្ជូន​ជាដើម ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចូល​រួម​ការ​បោះ​ឆ្នោត។

លោក គិត ទូច៖ «ហើយ​មួយ​ទៀត គឺ​ការ​អន្តរាគមន៍ ប្រណាំង​ប្រជែង​គ្នា​នៅ​ក្នុង​ទម្រង់​នៃ​អង្គការ​នយោបាយ​ផ្សេងៗ ​ការ​វាយ​ប្រហារ​គ្នា​ដោយ​អន្លើៗ ពាក់ព័ន្ធ​នឹង​រឿង​គំនិត​នយោបាយ​ទស្សនៈ​នយោបាយ​អី​ហ្នឹង គឺ​ឃើញ​នៅ​មាន​ក្នុង​ស្ថានភាព​ជាក់​ស្ដែង​គុណ​តម្លៃ​សីលធម៌​ផ្នែក​ហ្នឹង យើង​មិន​ទាន់​បាន​ប្រពៃ​នៅ​ឡើយ​មក​ដល់​ពេល​នេះ»

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (Comfrel) គឺ​លោក គឹម ឈន បញ្ជាក់​បន្ថែម​ថា ការ​វាយ​តម្លៃ​ជា​រួម​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពុំ​ទាន់​បាន​បំពេញ​តាម​លក្ខខ័ណ្ឌ​ចាំបាច់​គ្រប់​គ្រាន់​ស្រប​ទៅ​តាម​និយាម ឬ​ស្តង់ដារ​អន្តរជាតិ សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ តាម​បែប​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។

លោក គឹម ឈន៖ «ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​នយោបាយ ​អត់​មាន​ភាព​ស្មើគ្នា​ទេ។ឧទាហរណ៍ ដូចជា​ខាង​គណបក្ស​ប្រឆាំង អវត្តមាន​ថ្នាក់​ដឹកនាំ​លំដាប់​ទី​១ ដូច​ជា​លោក សម រង្ស៊ី ជា​ដើម ក្នុង​ការ​ឃោសនា​គាត់​អត់​បាន​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​ឃោសនា​ឱ្យ​គណបក្ស​ទេ។ នេះ​យើង​ឃើញ​ភាព​អយុត្តិធម៌​​ហ្នឹង​កន្លែង​ហ្នឹង។ ហើយ​មួយ​ទៀត ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ ឬ​ក៏​ធនធាន​មនុស្ស ទាំង​សម្ភារៈ​សម្រាប់​បម្រើ​សកម្មភាព​គណបក្ស ជាពិសេស គឺ​បាន​តែ​គណបក្ស​ប្រជាជន​ទេ​កន្លង​មក​ហ្នឹង។ គណបក្ស​ប្រឆាំង ឬ​ក៏​គណបក្ស​ផ្សេង​ទៀត គឺ​អត់​បាន​ប្រើ​ទេ ដែល​បញ្ហា​នេះ​វា​អាច​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ការ​ផ្ដល់​សម្ភារៈ និង​ថវិកា​ដល់​អ្នក​បោះឆ្នោត​ដោយ​មន្ត្រី​រាជ​ការ​អាជ្ញាធរ​ គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។  នេះ​បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ ជា​ពិសេស​នៅ​មុន​ពេល​ការ​ឃោសនា​បោះ​ឆ្នោត»

សេចក្ដី​ថ្លែងការណ៍​នៃ​ក្រុម​ប្រឹក្សា​អន្តរ​សភា​សហគមន៍​អឺរ៉ុប​ស្ដីពី៖ «លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌» ​ផ្ដោត​ជា​ពិសេស​ទៅ​លើ ការ​សម្ដែង​មតិ​នយោបាយ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក ឱកាស​ស្មើគ្នា​នៃ​ការ​ប្រាស្រ័យ​រក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សេរីភាព​នៅ​ក្នុង​ការ​បង្កើត និង​ដំណើរ​ការ​គណបក្ស​នយោបាយ។ ទន្ទឹម​គ្នា​នេះ គឺ​នៅ​មាន​ការ​រៀប​យន្តការ ឬ​អង្គ​ការ​គ្រប់​គ្រ​ង​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​ភាព​អព្យាក្រឹត មិន​លំអៀង ​និង​មាន​តុល្យភាព មាន​ជំនួយ​ការ​នៃ​ការ​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​មាន​ការ​ផ្ដល់​សេវា​សារព័ត៌មាន​ជាតិ ឬ​សាធារណៈ​ដោយ​មិន​ប្រកាន់​បក្ស​ពួក និង​មាន​សមភាព​នៃ​សន្តិសុខ​ជាដើម។

ចំពោះ​ចំណុច​សំខាន់ៗ​ទាំង​នេះ អ្នក​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) លោក គឹម ឈន បញ្ជាក់​ថា បញ្ហា​បរិយាកាស​ហិង្សា​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​ឆន្ទៈ ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​សម្ងាត់ ព្រម​ទាំង​ភាព​ឯករាជ្យ និង​អព្យាក្រឹត​នៃ​មន្ត្រី​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ដែល​ជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់ ស្ដី​ពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ឬ​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​កង​យោធពល​ខេមរភូមិន្ទ។

លោក គឹម ឈន៖ «បើ​យើង​ពិនិត្យ​ទៅ​លើ​សេរីភាព​យើង​ឃើញ​ថា ប្រជាជន​នៅ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​ការ​គាំទ្រ​ដល់​បេក្ខជន ឬ​គណបក្ស​ប្រឆាំង​ក្នុង​ការ​បញ្ចេញ​មតិ​ទិតៀន​ទៅ​ដល់​បេក្ខជន​ក៏​កើត​មាន​នៅ​ពេល​បោះ​ឆ្នោត​ហ្នឹង ហើយ​យើង​ឃើញ​មាន​ករណី​អំពើ​ហិង្សា​ខ្លះ​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​បរិយាកាស​នៅ​មុន​ការ​បោះ​ឆ្នោត។ ចំណុច​សំខាន់​មួយ​ទៀត គេ​ឃើញ​ថា អាជ្ញាធរ​មន្ត្រី​រាជការ​កងរាជអាវុធហត្ថ ឬ​កងខេមរភូមិន្ទ គឺ​បាន​ធ្វើ​សកម្មភាព​គាំទ្រ​ដល់​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ដែល​មាន​កម្លាំង​ខ្លាំង។ នៅ​ពេល​បោះ​ឆ្នោត​យើង​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃ្លាំ​មើល​អ្នក​បោះ​ឆ្នោត ជា​ពិសេស​នៅ​ថ្ងៃ​បោះ​ឆ្នោត ដែល​ទាំង​អស់​នេះ វា​អាច​បង្កើត​នូវ​បរិយាកាស​ឱ្យ​អ្នក​បោះ​ឆ្នោត​មាន​ការ​ភ័យ​ខ្លាច ហើយ​មិន​ទុក​ចិត្ត​លើ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត។ អ៊ីចឹង​ពិនិត្យ​ទាំង​អស់​ហ្នឹង យើង​ឃើញ​ថា វា​បាត់​បរិយាកាស​អព្យាក្រឹត​ទៅ​ហើយ»

ចំណែក​សេចក្ដី​ថ្លែងការណ៍​ក្រុង​បាងកក ស្ដីពី៖ «ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌» បាន​ចែង​ថា គប្បី​មាន​បន្ថែម​ទៀត​នូវ​អង្គការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ការ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ក្របខ័ណ្ឌ​ច្បាប់​ដទៃ​ទៀត។ អង្គការ​នេះ ត្រូវ​មាន​តម្លាភាព ឯករាជ្យ និង​បំបាត់​លក្ខណៈ​នយោបាយ ហើយ​និង​ត្រូវ​មាន «ហិរញ្ញវត្ថុ​ស្វ័យភាព»។

ទាក់ទង​នឹង​ប្រការ​នេះ ក្រុម​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​ប្រជាធិបតេយ្យ សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស ដើម្បី​ធានា​ឱ្យ​មាន​ភាព​ឯករាជ្យ​ អព្យាក្រឹត និង​តម្លាភាព ចាប់​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

ទន្ទឹម​គ្នា​នេះ គោលការណ៍​សំខាន់ និង​ចម្បង​មួយ​ទៀត គឺ​ការ​លើក​កម្ពស់​ការ​ចូល​រួម​សង្កេតការណ៍​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​កង្វល់ ឬ​តួអង្គ​ពាក់ព័ន្ធ យន្តការ​ដោះ​ស្រាយ​វិវាទ និង​បណ្ដឹង​របស់​ពលរដ្ឋ និង​គណបក្ស​នយោបាយ ប្រកប​ដោយ​យុត្តិធម៌ និង​មិន​ស្ថិត​ក្រោម​សំពាធ​នយោបាយ។ រី​ឯ​លក្ខខណ្ឌ​ចាំបាច់​ចុង​ក្រោយ​បង្អស់ គឺ​ការ​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជា​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល