ប្រភេទ​ថ្នាំ​ចាក់​បង្ការ​ជំងឺ​សម្រាប់​កុមារ

ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​លើ​ទារក និង​កុមារ​តូចៗ​នៅ​កម្ពុជា ដើម្បី​ការពារ ឬ​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ដែល​អាច​ការពារ​បាន​នោះ មិន​អាច​ធ្វើ​ទៅ​បាន​គ្រប់គ្នា ចំពោះ​គ្រួសារ​ដែល​មាន​កូន​តូចៗ​នោះ​ទេ។
ដោយ ហាស់ សាន
2012-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នកឯកទេស​វេជ្ជសាស្ត្រ​ផ្នែក​កុមារ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​មក​ពី​ថ្នាំ​បង្ការ​ជំងឺ​មួយ​ចំនួន​ថ្លៃ​ពេក មិន​មាន​គ្រប់គ្រាន់​សម្រាប់​គ្រប់គ្នា ហើយ​ស្ថាប័នរដ្ឋ​ពុំ​មាន​លទ្ធភាព​នឹង​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​បាន​ដោយ​ឥត​គិត​ថ្លៃ។

អង្គការ​មួយ​ឈ្មោះ កម្មវិធី​សម្រាប់​បច្ចេកវិជ្ជា​សមរម្យ​ខាង​សុខភាព ហៅ​កាត់​ថា ផាឌ (PATH=Program for Appropriate Technology in Health) បាន​បំពេញ​បេសកកម្ម​ថែទាំ​សុខភាព​ដល់​កុមារ​ខ្មែរ ដោយ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​ផ្ដល់​ការ​ចាក់​ថ្នាំ​បង្ការ​រោគ ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក។

អង្គការ​នេះ​បាន​ជួយ​រៀបចំ​កម្មវិធី​ដល់​មណ្ឌលសុខភាព​ស្រុក​ចំនួន ១២។ អង្គការ ផាឌ បាន​ជួយ​ផ្ដល់​សេវា​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ដល់​កុមារ​ចំនួន ២​ម៉ឺន​៥​ពាន់​នាក់ ក្នុង​ឆ្នាំ​២០០៣។ ដល់​ឆ្នាំ២០០៦ ៦៧% នៃ​កុមារ​ខ្មែរ​ទូទាំង​ប្រទេស​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​ពេញលេញ​គ្រប់គ្នា។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០៦ អត្រា​ទារក​ស្លាប់​ក្រោយ​ពី​កើត​មក​ភ្លាម​ បាន​ធ្លាក់​ចុះ ៤០%។

តាម​ស្ថិតិ​នៃ​អង្គការសុខភាព​ពិភពលោក ផ្សាយ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១២ អត្រា​ទារក​ស្លាប់​ក្រោម​អាយុ ១២​ខែ មាន​ចំនួន ៤៣% ហើយ​កុមារ​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ស្លាប់​មាន​ចំនួន ៥១%។

វេជ្ជបណ្ឌិត ប្រាយ៉ិន ម៉ាកក្លគ្លិន (Brian McLaughlin) នាយក​កម្មវិធី ផាឌ ប្រចាំ​កម្ពុជា និង​ថៃ​ពន្យល់​អំពី​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​មរណភាព​លើ​ទារក និង​កុមារ បណ្ដាល​មក​ពី​ជំងឺ​ដែល​អាច​ការពារ​ជាមុន​បាន​នោះ​ថា ដំបូង​ក្រុម​របស់​លោក​បាន​សិក្សា​អំពី​កម្រិត​នៃ​ការ​យល់​ដឹង និង​អំពី​ទស្សនៈ​របស់​ប្រជាពលរដ្ឋ ហើយ​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​ពួកគាត់។

វេជ្ជបណ្ឌិត ប្រាយ៉ិន ម៉ាកក្លគ្លិន៖ «យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ជាច្រើន​អំពី​អ្វី​ដែល​ប្រជាពលរដ្ឋ​យល់​ដឹង មិន​យល់​ដឹង អំពី​ថ្នាំ​ចាក់​បង្ការ​រោគ ទស្សនៈ​របស់​គាត់ ឧបសគ្គ និង​អារម្មណ៍​ដូចម្ដេច បើ​នាំ​កូន​ចៅ​ទៅ​ចាក់ថ្នាំ​នៅ​តាម​មណ្ឌល​សុខភាព។ រួច​មក យើង​រិះរក​យុទ្ធវិធី​ដោះស្រាយ​បញ្ហា​ទាំង​នោះ ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​នាំ​កូនចៅ​ទៅ​កាន់​មណ្ឌល​សុខភាព»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ថ្នាំ​ចាក់​បង្ការ​រោគ​ប្រភេទ​ខ្លះ ស្ថាប័នរដ្ឋ​ផ្នែក​សុខភាព​ពុំ​អាច​ផ្ដល់​ឲ្យ​កុមារ​ខ្មែរ​បាន​គ្រប់គ្នា ដោយ​ឥត​គិត​ថ្លៃ​នោះ​បាន​ទេ ព្រោះ​ថា ថ្នាំ​នោះ​បរិមាណ​មិន​សំបូរ ហើយ​មាន​តម្លៃ​ថ្លៃ។ អ្នក​ឯកទេស​ផ្នែក​សុខភាព​កុមារ​ថ្លែង​ថា បើ​ចង់​ឲ្យ​កូនចៅ​បាន​ទទួល​ការ​ចាក់ថ្នាំ​បង្ការ​រោគ​ប្រភេទ​ខ្លះ ដែល​រដ្ឋ​មិន​អាច​ផ្ដល់​បាន មាតាបិតា​អាច​យក​កូនចៅ​ទៅ​ចាក់ថ្នាំ​នោះ នៅ​តាម​គិលានដ្ឋាន ឬ​មន្ទីរពេទ្យ​ឯកជន ហើយ​បង់​ប្រាក់​ដោយ​ខ្លួន​ឯង​បើ​គេ​មាន​លទ្ធភាព។

អ្នក​ជំនាញ​វិជ្ជាពេទ្យ​កុមារ នៅ​មន្ទីរពេទ្យ​ រ៉ូយ៉ាល់ រតនៈ នៅ​ក្នុង​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មាន​ប្រសាសន៍​អំពី​កិច្ចការពារ​ចាំបាច់​ដល់​សុខុមាលភាព​ទារក​សម្រាប់​យូរអង្វែង គឺ​ចាក់ថ្នាំ​ការពារ​ជំងឺ​ឆ្លង​មួយ​ចំនួន​មុន​គេ​បង្អស់ ហើយ​និង​ភាព​ខុសគ្នា​នៃ​កម្មវិធី​ចាក់​ថ្នាំ​បង្ការ ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ។

លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី៖ «យើង​នៅ​ស្រុក​ខ្មែរ​ហ្នឹង​វា​ខុស​ពី​នៅ​អាមេរិក នៅ​ស្រុក​ផ្សេងៗ សូម្បីតែ​ខ្មែរ​យើង វៀតណាម ថៃ ក៏​កម្មវិធី​ចាក់​ខុសៗគ្នា​ដែរ។ នៅ​ស្រុក​យើង ជា​សំខាន់​កើត​មក​ភ្លាម​ ចាក់ (ការពារ) ជំងឺ​របេង រលាក​ថ្លើម​បេ។ របេង និង​រលាក​បេ កើត​មក​ភ្លាម​ចាក់​ភ្លាម​តែ​ម្ដង។ ដល់​ពេល​បាន​មួយ​ខែ​កន្លះ ពីរ​ខែ​កន្លះ បី​ខែ​កន្លះ គេ​មាន​ចាក់​តេតាណូស ក្អក​មាន់ ខាន់ស្លាក់ ស្វិតដៃ ជើង។ ចាក់​ក្នុង​ពេល​ជាមួយ​ថ្នាំ​តែ​មួយ​ម្ជុល បាន​បួន​ប្រាំ​មុខ​អ៊ីចឹង​តែ​ម្ដង»

លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ពន្យល់​អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​ថ្នាំ​បង្ការ ដើម្បី​រក្សា​សុខុមាលភាព​កុមារ​ទប់ទល់​នឹង​ជំងឺ​បៀតបៀន​ទៅ​អនាគត ព្រមទាំង​ថេរវេលា​ដែល​មាតាបិតា គួរ​ចងចាំ​ដើម្បី​នាំ​កូន​ទៅ​ចាក់ថ្នាំ៖ «ដល់​អាយុ​ប្រាំមួយ​ខែ យើង​ចាក់​ម្ដង​ទៀត (ចាក់​ដដែល​ឡើង​វិញ​សាជាថ្មី)។ ដល់​អាយុ​ប្រាំបួន​ខែ យើង​ចាក់​ជំងឺ​កញ្ជ្រឹល ហ្នឹង​នៅ​ក្នុង​ពេទ្យ​រដ្ឋ។ ដល់​ពេទ្យ​ឯកជន គេ​មាន​កម្មវិធី​របស់​គេ​ផ្សេង​ទៀត ព្រោះ​ខាង​រដ្ឋ វ៉ាក់សាំង​វា​មាន​លីមីត (កំណត់)។ វ៉ាក់សាំង​ណា​ដែល​ថ្លៃៗ ដែល​រដ្ឋ​មិន​មាន​លទ្ធភាព​នាំ​ចូល​សម្រាប់​ប្រជាជន ព្រោះអី​វ៉ាក់សាំង​របស់​រដ្ឋ​គេ​ចាក់ ហ្រ្វ៊ី (free) អ៊ីចឹង​វ៉ាក់សាំង​ណា​ដែល​ថ្លៃ រដ្ឋ​យើង​អត់​អាច​ជួយ​ដល់​ពលរដ្ឋ​បាន​ទេ។ អ៊ីចឹង​ខាង​ឯកជន គេ​មាន​វ៉ាក់សាំង​ហ្នឹង​លក់ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព»

លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មាន​ប្រសាសន៍​ថា ការ​ចាក់​ថ្នាំ​បង្ការ គឺ​ចាំបាច់​បំផុត​នៅ​ពេល​ដែល​កុមារ​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ៖ «ចាប់ពី​អាយុ​មួយ​ខួប​ទៅ យើង​មាន​វ៉ាក់សាំង​រលាក​ខួរក្បាល គេ​ហៅ ជីអ៊ី (GE) ម៉េនិញចាយទិស អិនសេហ្វេឡាយទិស (meningitis encephalitis)។ ដល់​មួយ​ខួប​កន្លះ​ បាន​គេ​រំឭក​ម្ដង​ទៀត កាលពី​យើង​ចាក់​ពី​អាយុ​ក្រោម​មួយ​ខួប​នោះ ដើម្បី​ឲ្យ​អង់ទីគ័រ​យើង​បាន​នៅ​យូរអង្វែង។ និយាយ​រួម វ៉ាក់សាំង​ដែល​សំខាន់ គឺ​ចាក់​ក្រោម​មួយ​ខួប លើស​ពី​មួយ​ខួប​ទៅ គឺ​គ្រាន់​តែ​រំឭក​ទេ»

ចំពោះ​ជំងឺ​អុតស្វាយ អ្នក​ជំនាញ​ខាង​វេជ្ជសាស្ត្រ​ឲ្យ​ចាក់​លើ​កុមារ​អាយុ​ពីរ​ឆ្នាំ។

វិទ្យាស្ថាន​ឈ្មោះ សេប៊ិន វ៉ាក់ស៊ីនអ៊ិនស្ទីទូត (Sabin Vaccine Institute) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ស.រ.អា ដែល​មាន​បេសកកម្ម​នៅ​កម្ពុជា ដើម្បី​សិក្សា និង​ជួយ​ផ្ដល់​យោបល់​ដល់ រដ្ឋាភិបាល​ខាង​វិស័យ​ការពារ​ជំងឺ បាន​រាយការណ៍​កាល​ពី​ឆ្នាំ​២០១១ ទាក់ទង​នឹង​កម្មវិធី ពង្រីក​ការ​ចាក់​ថ្នាំ​ភ្សាំ​ជំងឺ ឬ​បង្ការ​រោគ (Expanded Program of Immunization=EPI) ថា កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​វិស័យ​ទី៤ គឺ​កាត់បន្ថយ​អត្រា​មរណភាព​កុមារ និង​វិស័យ​ទី​៥ គឺ​បង្កើន​សុខភាព​មាតា លុះត្រាតែ​មាន​ការ​កែប្រែ​គោលការណ៍​នយោបាយ​ផ្នែក​សុខាភិបាល។

ទន្ទឹម​គ្នា​នេះ តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ថ្នាំ​បង្ការ​រោគ​មួយ​ចំនួន មិន​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ព្យាយាម​នាំ​កូនចៅ​ទៅ​ស្វែងរក​ថ្នាំ​ការពារ​ជំងឺ​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរ​រដ្ឋ​នោះ​ឡើយ៖ «រដ្ឋ​យើង​អត់​អាច​ផ្ដល់​បាន​ដូចជា វ៉ាក់សាំង​រាក។ សព្វថ្ងៃ​នេះ​ជំងឺ​រាក គេ​ហៅ រ៉ូតាវ៉ាយរ៉ឹស (rotavirus) ហ្នឹង គេ​បន្តក់​នៅ​ពេល (ទារក) អាយុ​បាន​ពីរ​ខែ អាយុ​បួន​ខែ គេ​បន្តក់​ពីរ​បន្តក់​ដង នឹង​អាច​ការពារ​បាន​ជំងឺ​រាក។ វ៉ាក់សាំង​ហ្នឹង នៅ​រដ្ឋ​យើង​អត់​បាន​ផ្ដល់​ឲ្យ​ប្រជាជន​ទេ។ ប៉ុន្តែ​នៅ​ខាង​សេវា​ឯកជន គេ​ផ្ដល់​បាន គេ​បង់ថ្លៃ។ យក​លុយ​ពី​អ្នក​មាន​លទ្ធភាព។ សេវា​របស់​មន្ទីរពេទ្យ​រដ្ឋ គេ​មាន​យុទ្ធនាការ​របស់​គេ ដល់​រដូវ​ត្រូវ​ចាក់ គេ​ផ្សាយ​វិទ្យុ ទូរទស្សន៍ គេ​បិទប្រកាស។ ឥឡូវ​យើង​មាន​មណ្ឌលសុខភាព ហើយ​គ្រួសារ​នៅ​ជិត​មណ្ឌលសុខភាព គាត់​អាច​នាំ​កូន​ទៅ​ចាក់ អត់​មាន​បង់​លុយ​ទេ។ វ៉ាក់សាំង​ដែល​មាន​នៅ​ក្នុង​ពិភពលោក​ទាំង​ប៉ុន្មាន រដ្ឋ​យើង​មិន​អាច​ផ្ដល់​ឲ្យ​បាន​ទាំងអស់​ទេ»

វិទ្យាស្ថាន សេប៊ិន វ៉ាក់ស៊ីនអ៊ិនស្ទីទូត (Sabin Vaccine Institute) រាយការណ៍​ថា បច្ចុប្បន្ន​ថវិកា​ជាតិ​សម្រាប់​សុខភាព​ពលរដ្ឋ​ប្រមាណ ៧០% ចំណាយ​នៅ​ឯ​ក្រសួង​ថ្នាក់​លើ ហើយ ៣០% ចំណាយ​សម្រាប់​គម្រោង​កម្មវិធី​នៅ​ថ្នាក់​ក្រោម តាម​ខណ្ឌ​សុខាភិបាល​ចំនួន ៧៦ និង​មណ្ឌល​សុខភាព​ចំនួន ៩៣០ នៅ​ទូទាំង ២៤​ខេត្ត​ក្រុង។

ឆ្នាំ​២០០៥ រដ្ឋាភិបាល​ចំណាយ ២៦​ដុល្លារ លើ​កុមារ​ម្នាក់ៗ ដើម្បី​ផ្ដល់​ការ​ចាក់ថ្នាំ​ភ្សាំ​ជំងឺ ឬ​បង្ការ​រោគ ខាន់ស្លាក់ តេតាណូស និង​ក្អកមាន់។ រីឯ​នៅ​ឆ្នាំ២០០៨ រដ្ឋាភិបាល​ចំណាយ​ថវិកា​សម្រាប់​កុមារ​ម្នាក់ៗ​ចំនួន ១៧​ដុល្លារ ដើម្បី​ចាក់ថ្នាំ​ភ្សាំ​ជំងឺ ឬ​បង្ការ​រោគ ខាន់ស្លាក់ តេតាណូស និង​ក្អកមាន់ លើ​កុមារ​ទូទាំង​ប្រទេស​ចំនួន​ជាង បី​សែន​បី​ម៉ឺន​នាក់ (៣៣០,០០០)។

ក្នុង​ឆ្នាំ​២០០៨ ទារក​កើត​មាន​ចំនួន​ជិត បួន​សែន​នាក់ (៤០០,០០០) ហើយ​ស្លាប់​ក្រោម​អាយុ​ប្រាំ​ឆ្នាំ​មាន​ចំនួន​បី​ម៉ឺន​ពីរ​ពាន់​នាក់ (៣២,០០០)។ វិទ្យាស្ថាន​នោះ​រក​ឃើញ​ថា បើ​មាន​កម្មវិធី​ចាក់​ថ្នាំ​ភ្សាំ និង​បង្ការ​ជំងឺ​ទាំង​បី​ប្រភេទ​នោះ​ទៀង​ទាត់ កុមារ​នៅ​រស់រាន​មាន​ជីវិត​ចំនួន​ជិត​ប្រាំ​ពាន់​នាក់ (៥,០០០) ហើយ​បើ​មាន​វ៉ាក់សាំង​ថ្មីៗ ចាក់​ឲ្យ​កុមារ​ទៀងទាត់​ទៀត​នោះ កុមារ​អាច​នៅ​រស់រាន​មាន​ជីវិត​ចំនួន ប្រាំបី​ពាន់​នាក់ (៨,០០០)។ អ្នក​វេជ្ជសាស្ត្រ​ថ្លែង​ថា ជំងឺ​ខ្លះ​គេ​អាច​ការពារ​ទុក​ជា​មុន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល