ប្រាក់​ខែ​គោល​អប្បបរមា​របស់​កម្មករ​នៅ​ប្រទេស​អាស៊ាន

ប្រាក់​ខែ​គោល​​របស់​កម្មករ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ មាន​កម្រិត​ខុស​គ្នា។ ប៉ុន្តែ​​​សមាជិក​​ណា​មួយ​ដែល​មាន​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​តិច ក៏​មិន​មែន​​ជា​កត្តា​​ចម្បង​ជំរុញ​ឲ្យ​​មាន​បាតុកម្ម​​នោះ​​ទេ ប្រសិន​បើ​ថ្លៃ​ទំនិញ​ប្រើប្រាស់​​របស់​ប្រទេស​នោះ មាន​តម្លៃ​​សមរម្យ។
ដោយ អាន ស៊ីថាវ
2013-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដើម្បី​ធានា​សិទ្ធិ​រស់​នៅ​របស់​កម្មករ​ ការ​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា គឺ​អាស្រ័យ​លើ​​កត្តា​សំខាន់​បី គឺ​ទី​មួយ ការ​កើន​ឡើង​អត្រា​អតិផរណា​ ទី​ពីរ ផលិតភាព​ការងារ និង​​ទី​បី​ អត្រា​កម្លាំង​ពលកម្ម​ចូល​ក្នុង​ទីផ្សារ​ការងារ។

ភាព​ចម្រូងចម្រាស​​នៃ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ និង​ម្ចាស់​ក្រុមហ៊ុន ឬ​រោងចក្រ​ បាន​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​អាច​បង្ក​ជា​ចលាចល​នានា​នៅ​ក្នុង​សង្គម នៅ​ក្នុង​​​​​សហគមន៍​អាស៊ាន។ ការ​ទទួល​បាន​ប្រាក់​​ខែ​សមរម្យ​​ ផល​ចំណេញ​របស់​ម្ចាស់​សហគ្រាស​និង​​ស្ថិរភាព​របស់​សង្គម​ មាន​ទំនាក់ទំនង​​គ្នា។ បញ្ហា​កំណត់​ប្រាក់​ខែ​គោល​នេះ បាន​ក្លាយ​ជា​បញ្ហា​សម្រាប់​​ថ្នាក់​ដឹក​នាំ​ប្រទេស​​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ ត្រូវ​រៀប​ចំ គោល​នយោបាយ​ និង​​ច្បាប់​របស់​ខ្លួន ដើម្បី​ធានា​ដល់​ សិទ្ធិ​​កម្មរ ទទួល​បាន​ការ​រស់​នៅ​។

កំឡុង​ឆ្នាំ​២០១៣​  ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន​បាន​ កែប្រែ​​ច្បាប់​​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា​​ ដើម្បី លើក​កម្ពស់​ជីវភាព​របស់​ពលករ​ ។

របាយការណ៍​របស់​សមាគមន៍​អាស៊ាន បាន​បង្ហាញ​អំពី​ការ​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា​​​ខុសៗ​គ្នា ទៅ​តាម​តំបន់​ទីក្រុង​និង​ជនបទ។  ប្រទេស​ម៉ាឡេស៊ី​បាន​កំណត់​ប្រាក់​ខែ​គោល​​ចំនួន​២៩៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​។ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណាជី រ៉ាសាក់ (Naji Razak) បាន​​អះអាង​​ថា​ ​ប្រាក់​ខែ​គោល​នេះ នឹង​ធ្វើ​សារ​ជា​ថ្មី​ក្នុង​រយៈ ​ពេល​២​ឆ្នាំ​ម្ដង​។ ប្រទេស​ថៃ​វិញ​ក៏​បាន​ កំណត់​ប្រាក់​ខែ​គោល​អប្បបរមា​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៣​ ចំនួន​​១០​ក្នុង​មួយ​ថ្ងៃ សមាមាត្រ​នឹង​៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ប្រាក់​ខែ​គោល​របស់​ថៃ​និង​ម៉ាឡេស៊ី​បាន​ អនុវត្តន៍​ប្រហាក់​ប្រហែល​គ្នា​ រវាង​ពលករ​ដែល​ធ្វើ​ការ​នៅ​ទីក្រុង​ និង​ជន​បទ​។

ប្រទេស​​ឥណ្ឌូនេស៊ី ក៏​បាន​កែប្រែ​ប្រាក់​ខែ​គោល ដោយ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​កំណត់​ប្រាក់​​អប្បបរមា​របស់​​ខ្លួន​កើន​​ដល់ ២២៦​ដុល្លារ​​អាមេរិក ដែល​​អនុវត្ត​នៅ​ទីក្រុង​ហ្សាកាតា (Jakarta) និង​ចំនួន​​ប្រាក់​ខែ​គោល​អប្បបរមា ៨៥​ដុល្លារ​អាមេរិក​ដែល​អនុវត្ត​​នៅ​ជនបទ។

ប្រទេស​វៀតណាម​ ក៏​បាន​កំណត់​ប្រាក់​ខែ​គោល​របស់​ខ្លួន​ខុស​គ្នា​រវាង​​ពលកម្ម​នៅ​ទីក្រុង​និង​ជនបទ​ដែរ។ ប្រាក់​គោល​អប្បបរមា​មាន​ចំនួន ១១២​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​អនុវត្ត​នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) និង​ទីក្រុង​ហាណូយ (Hanoi) និង​ចំនួន ៧៩​ដុល្លារ​អាមេរិក នៅ​ទី​ជនបទ។

ដោយ​ឡែក ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា ជា​​ប្រទេស​សមាជិក​អាស៊ាន​ដែល​ទើប​បើក​ចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​ មិន​មាន​ច្បាប់​កំណត់​ប្រាក់ខែ​គោល​អប្បបរមា​​ឡើយ។ ប៉ុន្តែ​​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស​នៅ​ប្រទេស​​នេះ បាន​ផ្ដល់​ប្រាក់​ខែ​ដល់​កម្មករ​យ៉ាង​តិច​បំផុត ៥៦​ដុល្លារ​ក្នុង​មួយ​ខែ។ ទោះ​បី​ជា​​ប្រទេស​ភូមា គ្មាន​ច្បាប់​​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា​ក៏ដោយ ប៉ុន្តែ​ប្រទេស​​នេះ​បាន​បង្កើត​ច្បាប់​ថ្មី​កាល​ពី​ឆ្នាំ​២០១២ ដោយ​អនុញ្ញាត​ឲ្យ​ពលករ​បង្កើត​ជា​សហជីព​និង​​​ច្បាប់​ធ្វើ​បាតុកម្ម។

ចំពោះ​ប្រទេស​ហ្វីលីពីន បាន​កំណត់​ប្រាក់​ខែ​គោល​​អប្បបរមា​លើ​ប្រភេទ​ការងារ​ក្រៅ​បី​​វិស័យ​កសិកម្ម​និង​តាម​តំបន់។ ប្រាក់​ខែ​គោល​លើ​ការងារ​ក្រៅ​ពី​កសិកម្ម​​មាន​​ចន្លោះ​ពី ៣០០​ដុល្លារ​ ទៅ​​៣៣០​ដុល្លារ​អាមេរិក​ ដែល​អនុវត្ត​នៅ​​ទីក្រុង​ម៉ានីល។ ប្រាក់​គោល​អប្បបរមា​នៅ​ទី​ជនបទ​វិញ មាន​​ចន្លោះ​ពី ១៥០​ដុល្លារ ទៅ ១៨០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

ប្រទេស​សិង្ហបុរី និង​ប្រទេស​ប្រ៊ុយណេ​វិញ មិន​មាន​ច្បាប់​ស្ដីពី​ការ​កំណត់​ប្រាក់​ខែ​គោល​អប្បបរមា​ឡើយ។ ប្រាក់​ខែ​នៅ​ប្រទេស​សិង្ហបុរី គឺ​កំណត់​ទៅ​តាម​​ទីផ្សារ​សេរី ឬ​កំណត់​ទៅ​តាម​​ជំនាញ​​ពលកម្ម​និង​ប្រភេទ​ក្រុមហ៊ុន​​នីមួយៗ។ ប៉ុន្តែ​​​ប្រទេស​សិង្ហបុរី មាន​គោល​នយោបាយ​ដើម្បី​ជួយ​ដល់​កម្មករ​ដែល​​មាន​​ប្រាក់​ខែ​ទាប​​ដើម្បី​ធានា​ការ​រស់​នៅ​សមរម្យ។

ប្រាក់​ខែ​គោល​របស់​ប្រទេស​កម្ពុជា មាន​ចំនួន ៨៥​ដុល្លារ​អាមេរិក​ដែល​​អនុវត្ត​នៅ​ក្នុង​​ឆ្នាំ​២០១៣​ និង​ប្រទេស​ឡាវ​ មាន​​ចំនួន ៧៨​ដុល្លារ​អាមេរិក ដែល​បាន​អនុវត្ត​​ចាប់​តាំង​ពី​​ឆ្នាំ​២០១១។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេស​សមាជិក​អាស៊ាន​ដែល​​មាន​ក្រុម​កម្មករ​ទាមទារ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​គឺ​ប្រទេស​កម្ពុជា។

ពលករ​រាប់​ម៉ឺន​នាក់​មក​ពី​បណ្ដា​រោងចក្រ​កាត់​ដេរ​ជា​ច្រើន ដើម្បី​ទាមទារ​​ប្រាក់​ខែ​រស់​នៅ​សមរម្យ​ចំនួន ១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ប៉ុន្តែ​ការ​ទាមទារ​នេះ តំណាង​ខាង​វិស័យ​កាត់​ដេរ​បាន​បដិសេធ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា បាន​អះអាង​ថា ស្ថាប័ន​ពាក់ព័ន្ធ​និង​ក្រសួង​ការងារ បាន​​ព្រមព្រៀង​គ្នា​លើ​ការ​កំណត់​ប្រាក់​ខែ​គោល​​អប្បបរមា​​របស់​កម្ពុជា ត្រូវ​ដំឡើង​ ចំនួន ១៥​ដុល្លារ​អាមេរិក​រៀង​រាល់​ឆ្នាំ។

លោក ជាតិ ខេមរា មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​តាម​​ការ​រំពឹង​ទុក​​របស់​ក្រុម​​ពលករ គឺ​ធ្វើ​ឲ្យ​រោងចក្រ​បិទ​ទ្វារ។ បច្ចុប្បន្ន​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​​នៅ​កម្ពុជា បាន​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ​មិន​ទាន់​ដោះ​ស្រាយ​បាន​នោះ។

ដើម្បី​ទប់​ស្កាត់​ភាព​ចលាចល​​ដែល​កើត​ឡើង​នៅ​កម្ពុជា ថ្នាក់​ដឹក​នាំ​អាស៊ាន ក៏​បាន​រៀប​ចំ និង​កែប្រែ​ឡើង​វិញ ដំឡើង​ប្រាក់​ខែ​គោល​​អប្បបរមា​​របស់​ខ្លួន​​រៀង​រាល់​ឆ្នាំ​ដែរ។

គេហទំព័រ​​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន បាន​បង្ហាញ​ថា​ ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​នឹង​អត្រា​អតិផរណា​ និង​ការពារ​ការ​កើត​មាន​ភាព​ចលាចល​ហិង្សា​ណា​មួយ​របស់​កម្មករ​ ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​បាន​ខិត​ខំ​បង្កើន​កម្រិត​ប្រាក់​ខែ​គោល​​​​អប្បបរមា និង​បង្កើត​ច្បាប់​ពលកម្ម​ថ្មី ដើម្បី​ការពារ​ដល់​សិទ្ធិ​កម្មករ​ឲ្យ​ទទួល​បាន​ការ​រស់​នៅ​សមរម្យ។

ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​​ប្រាក់​គោល​​អប្បបរមា​ខ្ពស់ ដោយសារ​តែ​ការ​កើន​ឡើង​ខ្ពស់​នៃ​ផលិតភាព​កម្មករ ស្រប​ពេល​ដែល​​កម្លាំង​ពលកម្ម​កាត់​តែ​ច្រើន​ចូល​ក្នុង​ទីផ្សារ​ការងារ​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

The economic of each country is much better than Cambodia. It is impossible to once increase 100%.Which country in the world, salary increase policy 100%? Please show me.

Jan 08, 2014 09:47 PM

Roth

តាមរយះរបាយការណ៍នេះបញ្ជាក់ថាប្រាក់ខែគោលរបស់ខ្មែរខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ។ តើកម្មករប្រទេសទាំងនោះម៉េចមិនធ្វើបាតុកម្មទៅ?

Jan 07, 2014 07:32 PM

អ្នក​អាន​អនាមិក

សូមជួយបញ្ជាក់ផង តើប្រាក់ខែគោលទាំងនោះស្ថិតក្នុង វិស័យអ្វី ហើយភាគច្រើនការតម្លើងនោះ គេតម្លើងម្តង ១០០% ដូចនៅកម្ពុជា ឬយ៉ាងដូចម្តេច? សូមអរគុណ!

Jan 02, 2014 04:41 AM

គេហទំព័រ​ទាំងមូល