តើ​កត្តា​អ្វី​ខ្លះ ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ផ្ដាច់​ការ​នៅ​អាស៊ាន​បាន​ដួល​រំលំ?

ដោយ ទីន ហ្សាការីយ៉ា
2019-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​ក្នុង​ប្រទេស​អាស៊ាន មាន​លំនាំ​ប្រហាក់ប្រហែល​គ្នា ក្នុង​ការ​ក្រាញ​អំណាច បង្កើត​ឲ្យ​មាន​បក្ខពួក គ្រួសារ​និយម និង​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដើម្បី​បន្ត​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត​បាន ក៏​ប៉ុន្តែ​មេ​ដឹក​នាំ​ផ្ដាច់ការ​ទាំង​នេះ មាន​វាសនា​មិន​ល្អ ដែល​អាច​បន្ត​អំណាច​ឲ្យ​កូន​ចៅ​របស់​ខ្លួន​ដឹក​នាំ​បន្ត​វេន​ពី​ខ្លួន​បាន​ឡើយ ដូចជា អតីត​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​ឥណ្ឌូនេស៊ី លោក ស៊ូហាតូ (Soeharto ) និង​អតីត​ប្រធានាធិបតី ហ្វីលីពីន លោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ជា​ដើម។

សម្រាប់នៅ​កម្ពុជា​វិញ លោក ហ៊ុន សែន បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់ និង​បាន​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ បក្ខពួក​និយម បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​មិន​ខុស​ពី​អតីត​មេ​ដឹក​នាំ​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឡើយ។

លោក ហ៊ុន សែន ដែល​មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ បាន​ក្លាយ​ជា​មេដឹកនាំ​លំដាប់​ទី១ ដែល​កាន់​អំណាច​យូរ​ជាង​គេ នៅ​ក្នុង​តំបន់​អាស៊ាន។

លោក ហ៊ុន សែន ត្រូវ​បាន​សហគមន៍​អន្តរជាតិ ចាត់ទុកថា ជា​មេ​ដឹក​នាំ​ម្នាក់ មិន​ខុស​គ្នា​ពី​អតីត​មេ​ដឹក​នាំ ឥណ្ឌូនេស៊ី លោក ស៊ូហាតូ និង​អតីត​មេ​ដឹក​នាំ​ហ្វីលីពីន ម៉ាកូស ឡើយ ពី​ព្រោះ​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក ពោរ​ពេញ​ដោយ​អំពើ​ហិង្សា អំពើ​ពុក​រលួយ ការ​កាប់​សម្លាប់ និង​បិទ​សេរីភាព​ប្រជាពលរដ្ឋ​របស់​ខ្លួន។

របប​ដឹក​នាំ​នៃ​មេដឹកនាំ ដែល​ក្រាញ​អំណាច​យូរ​ឆ្នាំ ទាំង​លោក ម៉ាកូស អតីត​ប្រធានាធិបតី​ហ្វីលីពីន​ចំ​រយៈ​ពេល ២១ឆ្នាំ និងលោក ស៊ូហាតូ អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រយៈ​ពេល​ជាង ៣០ឆ្នាំ។ រីឯ លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស ៤០ឆ្នាំ​មក​ហើយ​នោះ គឺ​មេ​ដឹក​នាំ​ទាំង​បី​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ដូច​គ្នា ក៏​ប៉ុន្តែ​ការ​អនុវត្ត​មិន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ឡើយ។ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ នៃ​មេ​ដឹក​នាំ​នេះ គឺ​យក​មក​អនុវត្ត​នៅ​ក្នុង​ការ​គ្រប់គ្រង​របប​របស់​ខ្លួន ដើម្បី​បិទ​បាំង​នូវ​អំពើ​ផ្ដាច់ការ​របស់​ខ្លួន​ទៅ​វិញ​ទេ។

ប្រជាធិបតេយ្យ មាន​ន័យ​ថា “ប្រជាជន​ជា​ធំ ឬ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ នៃ​អំណាច”។ ចំណែក​នៅ​ក្នុង​វចនានុក្រម​របស់​សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត វិញ ប្រជាធិបតេយ្យ មាន​ន័យ​ថា “ភាព​នៃ​ប្រទេស ដែល​មាន​ប្រជារាស្ត្រ ជា​អធិបតី គឺ​ប្រទេស ឬ​រដ្ឋបាល ដែល​មាន​ប្រជាជន​ជា​ធំ ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន ឲ្យ​ជា​អ្នក​សម្រេច​កិច្ចការ​ក្នុង​ប្រទេស”។

នីតិរដ្ឋ​វិញ (Rule of Law) មាន​ន័យ​ថា "រដ្ឋ​ដែល​ប្រកាន់​យក​ច្បាប់​ជាធំ។ ន័យ​នីតិសាស្ត្រ​វិញ មាន​ន័យ​ថា ជា​ទម្រង់​នៃ​ការ​គ្រប់គ្រង​រដ្ឋ ដែល​ទទួល​ស្គាល់ និង​ការពារ​សិទ្ធិ​សេរីភាព ធានា​នូវ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព មាន​តុលាការ​ឯករាជ្យ ដែល​ជា​ស្ថាប័ន​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ការពារ​ការ​អនុវត្ត​ច្បាប់​មិន​ឱ្យ​មាន​ការ​រំលោភ​ច្បាប់"

មេដឹកនាំ​ទាំង​នេះ មិន​បាន​ដឹក​នាំ​ដែល​យក​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជា​ធំ​ទេ ដូច​ជា ស៊ូហាតូ បាន​គ្រប់គ្រង​អំណាច​ប្រទេស​ឥណូនេស៊ី ដែល​ជា​ប្រទេស​ធំ​ជាង​គេ​លំដាប់​ទី៣ លើ​ពិភព​លោក​តាម​រយៈ ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់ លោក​ប្រធានាធិបតី ស៊ូកាណូ នៅ​ឆ្នាំ១៩៦៥ ហើយ​ក្រោយ​មក លោក​បាន​ធ្វើ​កំណែ​ទម្រង់​ឥណ្ឌូនេស៊ី តាម​រយៈ​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​គ្រប់​អាណត្តិ​ទំាង​អស់។

រីឯ​ហ្វីលីពីន​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក ម៉ាកូស ក៏​បើក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​មេ​ដឹក​នាំ​គ្រប់​អាណត្តិ​ដែរ ប៉ុន្តែ​រាល់​ការ​បោះ​ឆ្នោត គឺ​តែងតែ​មាន​អំពើ​ហិង្សា និង​មាន​ការ​តវ៉ា​អំពី​លទ្ធផល​បោះ​ឆ្នោត​មិន​ខុស​ពី​កម្ពុជា​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មាន​ប្រសាសន៍​ថា អតីត​មេ​ដឹក​នាំ​ឥណូនេស៊ី លោក ស៊ូហាតូ និង​អតីត​មេ​ដឹក​នាំ​ហ្វីលីពីន លោក ម៉ាកូស រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹក​នាំ​ប្រទេស មាន​របៀប​ដឹក​នាំ​ប្រហាក់ប្រហែល​គ្នា គឺ​ការ​ពង្រឹង​អំណាច តាម​រយៈ​ការ​បង្កើត​បក្ខ​ពួក អំពើ​ពុក​រលួយ បង្ក្រាប​ក្រុម​ប្រឆាំង ឬ​អ្នក​និយាយ​រិះគន់។ លោក គឹម សុខ បន្ថែម​ថា ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​បី​នេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឈឺ​ចាប់​ដូច​គ្នា ហើយ​ប្រព័ន្ធ​តុលាការ​មិន​មែន​ជា​តុលាការ​ឯករាជ្យ បង្កើត​ភាព​អយុត្តិធម៌​ជា​ច្រើន​នៅ​ក្នុង​សង្គម៖ «ទាត់​ចោល​នូវ​ការ​អនុវត្ត​ច្បាប់​យុត្តិធម៌​មួយ​មាន​ន័យ​ថា ច្បាប់​ដែល​គេ​អនុវត្ត​នៅ​ក្នុង​ប្រទេស ដូច​ដែល​យើង​ឃើញ​លោក ហ៊ុន សែន ទាំង ម៉ាកូស និង សូហាតូ ការ​អនុវត្ត​ច្បាប់ បើ​អ្នក​នោះ ជា​ក្រុម​បក្ខ​ពួក​គាត់​គ្មាន​បញ្ហា​អ្វី​ទេ បើសិនជា​មិន​មែន​បក្ខ​ពួក​គាត់ គឺ​ត្រូវ​ចាប់​ដាក់​គុក​ច្រវ៉ាក់ បង្កើត​ការ​ឈឺ​ចាប់​ដល់​ប្រជាពលរដ្ឋ គឺ​ការ​អនុវត្ត​ច្បាប់​នេះ គឺ​មាន​ស្ដង់ដារ​ពីរ ហើយ​គេ​អាច​បង្កើត​សាច់​រឿង ដើម្បី​ចាប់​ចង ហើយ​ដែល​លើស​ពី ម៉ាកូស និង សូហាតូ ទៅ​ទៀត​នោះ គឺ​មេ​ដឹក​នាំ​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​លើក​បន្តុប​ដោយ​វៀតណាម»

ក្រៅពី​នេះ​ទៀត វិស័យ​យោធា គឺ​ជា​មូលដ្ឋាន​ដ៏​សំខាន់ ដែល​មេ​ដឹក​នាំ​ទាំង​បី​នេះ យក​មក​ធ្វើ​ជា​ខ្នង​បង្អែក​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន ដែល​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ទ្រទ្រង់ និង​ការពារ​អំណាច។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ទាំង​អតីត​មេ​ដឹក​នាំ​ហ្វីលីន ម៉ាកូស ទាំង​អតីត​មេ​ដឹក​នាំ​ឥណ្ឌូនេស៊ី លោក ស៊ូហាតូ មិន​មាន​វាសនា​ល្អ ដែល​អាច​បន្ត​អាយុ​នយោបាយ​របស់​ពួក​គេ ដូច​ដែល​មហិច្ឆតា​ចង់​បាន​របស់​ខ្លួន​ឡើយ។ នៅ​ទី​បំផុត​មេ​ដឹក​នាំ​ទាំង​ពីរ ត្រូវ​បាន​ពលរដ្ឋ​របស់​ខ្លួន​តវ៉ា បាតុកម្ម​ទម្លាក់​ចេញ​ពី​អំណាច ទោះ​បី​ពួក​គេ​អាង​លើ​អំណាច​យោធា ដើម្បី​ការពារ​របប​របស់​ខ្លួន​ក្ដី។

ចំពោះ​ហ្វីលីពីន គិត​ចាប់​ពីឆ្នាំ១៩៨៣ ពលរដ្ឋ​ហ្វីលីពីន នាំ​គ្នា​ងើប​បះបោរ​តវ៉ា​ប្រឆាំង និង​ការ​ដឹក​នាំ​របស់ ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos)។ នៅ​ពេលនោះ ម៉ាកូស បាន​ប្រើ​កង​កម្លាំងទ័ព និង​បញ្ជា​ឲ្យ​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ការ​ដឹក​នាំ​របស់ ម៉ាកូស នេះ គឺ​ជា​របប​ដឹក​នាំ​ផ្ដាច់ការ និង​គ្រួសារ​និយម ។ មេ​ដឹក​នាំ​ផ្ដាច់​ការ​រូប​នេះ បាន​បិទ​កាសែត ហើយ​ចាប់​អ្នក​ប្រឆាំង​រាប់​រយ​នាក់​ដាក់​គុក ក្នុង​នោះ​ក៏​មាន មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ដែរ ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។ សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញមតិ ត្រូវ​បាន​រឹត​ត្បិត និង​គាប​សង្កត់។ ក៏​ប៉ុន្តែ​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ងើប​ឈរ​បះបោរ​កាន់​តែ​ខ្លាំង គឺ​នៅ​ឆ្នាំ១៩៨៦​ ពលរដ្ឋ​ហ្វីលីពីន បាន​ងើប​បះបោរ​នៅ​ទូទាំង​ប្រទេស ដើម្បី​បាតុកម្ម​ទម្លាក់​មេ​ដឹក​នាំ​ផ្ដាច់ការ​នេះ។ នៅ​ពេល​នោះ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ គឺ​ទាហាន និង​ឧត្ដមសេនីយ៍​មួយ​ចំនួន លែង​ស្ដាប់​បញ្ជា ម៉ាកូស បែរ​ជា​មក​សហការ​ជាមួយ​ពលរដ្ឋ ដើម្បី​ទម្លាក់​មេ​ដឹក​នាំ​ផ្ដាច់ការ​រូប​នេះ ចេញ​ពី​អំណាច​នៅ​ឆ្នាំ១៩៨៦ ទៅ​វិញ។

ក្រោយពេល​ធ្លាក់​ពី​អំណាច ម៉ាកូស បាន​រត់​និរទេស​ខ្លួន និង​មាន​បណ្ដឹង​ជា​ច្រើន​ពី​ពលរដ្ឋ អំពី​ការ​កិបកេង និង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដ៏​មហិមា​ក្នុង​ការ​ដឹក​នាំ​របស់​លោក។ ដោយ​មាន​បណ្ដឹង​ច្រើន​ដូច្នេះ បាន​បង្ខំ​ឲ្យ ម៉ាកូស រស់​នៅ​និរទេស​ខ្លួន រហូត​ដល់​ទទួល​មរណភាព។

ចំពោះ សូហាតូ វិញ  ការ​ដឹក​នាំ​របស់​លោក មិន​ខុស​ពី ម៉ាកូស ដែរ ទោះ​បី​ជា​ប្រើ​អំណាច​ផ្ដាច់ការ និង​ប្រើ​កង​កម្លាំង​យោធា ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ដោយសារ​កម្លាំង​មហាជន​ពុះ​កញ្ជ្រោល​ចង់​ផ្លាស់ប្ដូរ ព្រោះ​តែ​រង​ការ​ឈឺ​ចាប់ អត់​ទ្រាំ និង​ការ​គាប​សង្កត់ និង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ក្រោម​ការ​ដឹក​នាំ​របស់ សូហាតូ មិន​បាន​នោះ ពលរដ្ឋ​ឥណ្ឌូនេស៊ី បាន​ធ្វើ​បដិវត្តន៍​ទម្លាក់​មេ​ដឹក​នាំ​ផ្ដាច់ការ ស៊ូហាតូ។ នៅ​ទី​បំផុត លោក ស៊ូហាតូ បាន​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ១៩៩៨។

ចំពោះ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន រយៈ​ពេល ៤០ឆ្នាំ​កន្លង​មក​វិញ អ្នក​វិភាគ​ថា មិន​ខុស​ពី ម៉ាកូស និង សូហាតូ ឡើយ។ លោក ហ៊ុន សែន ប្រើប្រាស់​កង​កម្លាំង​យោធា ដើម្បី​ការពារ និង​ធានា​និរន្តរភាព​អំណាច​របស់​ខ្លួន និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បាន​ចេញ​ផ្សាយ​​លទ្ធផល​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក កាល​ពី​ថ្ងៃ​ទី១៨ មេសា បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​មួយ​លេខ​ទៀត គឺ​ពី​លេខ១៤២ ទៅ​លេខ១៤៣ ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៩។

ចំណាត់​ថ្នាក់​នេះ​មានន័យ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ បិទ​ស្ថានីយ​វិទ្យុប្រមាណ៣០ និង​កាសែត​បរទេស The Cambodia Dailyជា​ដើម។

របាយការណ៍​របស់ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch) ចេញ​ផ្សាយ​កន្លង​មក​វិញ ​លើក​ឡើង​ចំណុច​ជា​ច្រើន​ពាក់​ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៨៥ មក។

លោក ហ៊ុន សែន ត្រូវ​ដាក់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ ដែល​ឋិត​ក្នុង​តំណែង​តាម​រយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​គៃ​បន្លំ​ការ​បោះ​ឆ្នោត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ និង​មាន​ការ​គាំទ្រ​ពី​បរទេស គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើស​រើស​លោក​ឱ្យ​កាន់​តំណែង និង​អាច​បន្ត​តំណែង​ទៅ​មុខ​ទៀត។ លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការណ៍ រាយការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោលបំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណៈ​មតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​បិទ​មាត់​អ្នក​រិះគន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​កងទ័ព​ជា​វិស័យ​ចម្បង ដើម្បី​ការពារ​របប​លោក និង​ក្រុម​គ្រួសារ។ លោក គឹម សុខ បន្ថែម​ថា ចំពោះ​កងទ័ព​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ដែល​មេ​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​នេះ​ដួល​រំលំ​នោះ​គឺ នៅ​ត្រង់​ថា មេ​ទ័ព​ធំៗ មាន​គំនិត​ជាតិ​និយម ទោះ​បី​ជា​នៅ​ក្រោម​ការ​ត្រួតត្រា​មេ​ដឹក​នាំ​ផ្ដាច់​ការ​ក្ដី តែ​នៅ​ទី​បំផុត​មេ​ទ័ព និង​កងទ័ព​មួយ​ចំនួន​ដក​ខ្លួន​ចេញ​ពី​មេ​ដឹក​នាំ​ផ្ដាច់ការ​របស់​ខ្លួន​ហើយ​មក​នៅ​ខាង​ប្រជាពលរដ្ឋ​វិញ ដូច​ជា ហ្វីលីពីន​ជា​ដើម៖ «ក្នុង​តួនាទី​កំពូលៗ ហ្នឹង គឺ​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ហ្នឹង គេ​អ្នក​ចេះ​ដឹង​ច្រើន ហើយ​គេ​យល់​ដឹង​អ្វី​ទៅ​ជា​តួនាទី​របស់​កងទ័ព​កំពូលៗ ហ្នឹង ប៉ុន្តែ​ចំពោះ​កម្ពុជា​វិញ កងទ័ព គត់​មិន​បាន​រៀន​សូត្រ យល់​ដឹង​អំពី​បញ្ហា​ហ្នឹង ហើយ​អ្វី​ដែល​លោក ហ៊ុន​ សែន កាន់​តែ​ខ្លាច​ទៅ​ទៀត​នោះ គឺ​លោក ហ៊ុន សែន ខ្លាច​កងទ័ព​យល់​ដឹង​អំពី​តួនាទី​របស់​ខ្លួន»

របាយការណ៍​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០១៨ របស់​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី (The Economist) របស់​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា កម្ពុជា​ស្ថិត​ក្នុង​ជំពូក​ក្រុម​ប្រទេស​ផ្ដាច់ការ មិន​ខុស​ពី​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ចិន​ វៀតណាម​ រុស្ស៊ី និង​កូរ៉េ​ខាងជើង​​ឡើយ គឺ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១២៥ ក្នុង​ឆ្នាំ២០១៨ ដែល​ជា​ប្រទេស​ផ្ដាច់ការ ​ក្នុង​ចំណោម ១៦៧ប្រទេស​នៅ​ទូទាំង​សាកលលោក។

ប្រវត្តិ​នៃ​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​បាន​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល ហើយ​កើត​ចេញ​ពី​ការ​តស៊ូ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​សម្ពាធ​ពី​ប្រទេស​លោក​ខាង​លិច ដូច​ជា ហ្វីលីពីន​នៅ​ក្រោម​ការ​ដឹក​នាំ​របស់ ម៉ាកូស ឥណ្ឌូនេស៊ី​ក្រោម​ការ​ដឹក​នាំ​របស់ ស៊ូហាតូ និង​ភូមា ក្រោម​ការ​ដឹក​នាំ​របស់​អតីត​មេ​ដឹក​នាំ​យោធា ថេន ស៊េន ជា​ដើម។

សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted YOHO) មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ និង​ប្រើប្រាស់​ធនធាន​រដ្ឋ ដើម្បី​អំណាច​របស់​ខ្លួន ពិសេស​ប្រើប្រាស់​កម្លាំង​ទ័ព​បង្ក្រាប​ពលរដ្ឋ​ និង​សំឡេង​ប្រឆាំង​ជា​ដើម។ លោក ថិត យ៉ូហូ អះអាង​ថា បើ​សិន​ជា​លោក ហ៊ុន សែន មិន​កែប្រែ​របៀប​ដឹក​នាំ​ទេ របប​ក្រុង​ភ្នំពេញ​ក៏​គេច​មិន​ផុត​ពី​សម្ពាធ​អន្តរជាតិ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ឡើយ៖ «លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​អាក្រក់​បំផុត។ ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន គឺ​មាន​តែ​បង្ក្រាប​សំឡេង​ប្រឆាំង។ យក​ល្អ លោក ហ៊ុន សែន ត្រូវតែ​ស្ដារ​ស្ថានការណ៍​អាក្រក់​នេះ​ឡើង​វិញ ដោយ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌។ លោក ហ៊ុន សែន ត្រូវ​ក្លាហាន ហ៊ាន​បើក​ចំហ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ជ្រើសរើស​មេ​ដឹក​នាំ ដែល​ខ្លួន​ពេញចិត្ត។ មិនមែន​បង្ខំ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​គាត់ ដូច​របៀប​គាត់​ធ្វើ​នោះ​ទេ»

លើស​ពី​នេះ​ទៀត របប​ក្រុង​ភ្នំពេញ​សហភាព​អឺរ៉ុប​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​គោរព​នូវ​កិច្ច​ព្រមព្រៀង​លើ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទើប​អឺរ៉ុប​នឹង​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង ការ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក GSP ដែល​សព្វ​ថ្ងៃ​នេះ ទាំង​អឺរ៉ុប និង​អាមេរិក​កំពុង​តែ​ពិនិត្យ​នីតិវិធី​ព្យួរ​អនុគ្រោះ​ពន្ធ​នេះ។

ម្យ៉ាងវិញទៀត ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី រួម​ទាំង​អ្នក​នៅ​ក្រៅ​ប្រទេស​ផង កំពុង​មាន​ចលនា​បាតុកម្ម​ងើប​ប្រឆាំង និង​របប​ក្រុង​ភ្នំពេញ ដែល​គេ​ចាត់​ទុក​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ផ្ដាច់ការ បក្ខពួក និង​គ្រួសារ​និយម ការ​ដឹក​នាំ​ធ្វើ​ឲ្យ​មាន​អំពើ​យុត្តិធម៌​សង្គម​ជា​ច្រើន។ ចលនា​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ចេញ​ពី​តំណែង​នេះ ហាក់​កាន់​តែ​រីក​ធំ​ឡើង ទោះបី​ជា​ពលរដ្ឋ​ក្នុង​ប្រទេស ហាក់​បី​ដូច​ជា​ភ័យ​ខ្លាច​មិន​សូវ​មាន​ចលនា​ក្ដី ប៉ុន្តែ​កម្លាំង​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មិន​ថមថយ​ឡើយ ដូច​ជា កម្លាំង​បាតុកម្ម​ប្រឆាំង​របប​លោក ហ៊ុន សែន របស់​ក្រុម​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ នា​ពេល​ថ្មីៗ នេះ​ជា​ដើម។

មក​ទល់​ពេល​នេះ គេ​ចាំ​មើល​ទៀត​ថា តើ​លោក ហ៊ុន សែន នឹង​ជ្រើស​យក​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​របស់​ខ្លួន ឬ​ក៏​លោក​ជ្រើស​យក​គំរូ​របស់​មេ​ដឹក​នាំ សូហាតូ ឬ ម៉ាកូស ឬ​យ៉ាង​ណ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល