ហេតុអ្វី​បាន​ជា​វៀតណាម​ចង់​​ចូល​រួម​នៅ​ក្នុង​សមាគម​​អាស៊ាន?

ដោយ អាន ស៊ីថាវ
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

វៀតណាម​ជា​ប្រទេស​កុម្មុយនិស្ត​តែ​មួយ​គត់​នៅ​តំបន់​ឥណ្ឌូចិន ដែល​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ដំបូង​គេ​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា អាស៊ាន (Asean)។ ហេតុផល​សំខាន់​បំផុត​មួយ​ ដែល​វៀតណាម ចង់​ក្លាយ​ជា​សមាជិក​អាស៊ាន​នោះ គឺ​ការ​ពង្រឹង​មូលដ្ឋាន​ផលិតកម្ម​ និង​ការ​ពង្រីក​​ពាណិជ្ជកម្ម​​នៅ​ក្នុង​តំបន់​និង​ពិភពលោក។

​វៀតណាម ជា​ប្រទេស​​​​ដែល​គ្រប់គ្រង​រដ្ឋបាល​បែប​កុម្មុយនិស្ត​​​រហូត​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​​របស់​វៀតណាម​វិញ មិន​មែន​​បែប​កុម្មុយនិស្ត​ឡើយ។ គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀតណាម មាន​សក្ដានុពល​ខ្លាំង បើ​ធៀប​នឹង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ដោយសារ​វៀតណាម បាន​លូក​ដៃ​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​គោលនយោបាយ​ឧបត្ថម្ភ​ធន ទៅ​លើ​សហគ្រាស​ ដើម្បី​បង្កើត​ភាព​ប្រកួត​ប្រជែង​​របស់​ខ្លួន​​លើ​ការ​ផលិត​នាំ​ចេញ​ទៅ​កាន់​​​ទីផ្សារ​ក្នុង​តំបន់។

តាម​រយៈ​គោលនយោបាយ​បែក​ចំហ​សេដ្ឋកិច្ច​នេះ វៀតណាម​បាន​ចាប់​អារម្ភ​លើ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​វៀតណាម គិត​ថា​ ការ​ចូល​ជា​សមាជិក​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​មួយ​នេះ នឹង​ជួយ​​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ ម៉្យាង​វិញ​ទៀត គោល​បំណង​របស់​អាស៊ាន គឺ​ពង្រឹង​លើ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​ ដោយ​​​អាស៊ាន​ មិន​លូក​ដៃ​ចូល​កិច្ចការ​​ផ្ទៃ​​ក្នុង​របស់​ប្រទេស​ណា​មួយ​ឡើយ។

ហេតុផល​សំខាន់​​ទាំង​ពីរ​នេះ ទើប​វៀតណាម​បាន​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​​យ៉ាង​ដើម្បី​ចូល​រួម​ក្នុង​អង្គការ​ពាណិជ្ជកម្ម​តំបន់​មួយ​នេះ។ នៅ​ទី​បំផុត ​វៀតណាម​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​១៩៩៥ ​គឺ​បាន​ក្លាយ​ជា​សមាជិក​មុន​កម្ពុជា ប្រមាណ ៤​ឆ្នាំ។ ភាព​ជា​សមាជិក​នេះ ​​ប្រទេស​វៀតណាម​ បាន​​ទាញ​យក​ប្រយោជន៍​ច្រើន ដូច​ជា​ការ​ទទួល​បាន​ទីផ្សារ​លក់​ផលិតផល​ធំ​ជាង​មុន​ និង​ការ​អនុគ្រោះ​ពន្ធគយ​​សម្រាប់​ពាណិជ្ជកម្ម​អាស៊ាន។

​​ម៉្យាង​វិញ​​ទៀត សេដ្ឋកិច្ច​វៀតណាម បាន​ផ្លាស់ប្ដូរ​ពី​សេដ្ឋកិច្ច​​​ផែនការ​ដែល​ពឹង​លើ​វិស័យ​កសិកម្ម ​ទៅ​ជា​សេដ្ឋកិច្ច​បែប​សង្គម​និយម​ ដែល​​ថ្នាក់​ដឹក​នាំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​​បែង​ចែក​ផល​ពី​កំណើន​សេដ្ឋកិច្ច និង​មាន​សមត្ថភាព​គ្រប់គ្រង​ ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព។ កំណែទម្រង់​នោះ រួម​មាន​ការ​បង្កើត​ផែនការ​សម្រាប់​អភិវឌ្ឍន៍​ទីផ្សារ​ចម្រុះ កំណែ​ទម្រង់​ច្បាប់ ធនាគារ​ និង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​ ហិរញ្ញវត្ថុ​ជា​ដើម។ ម៉្យាង​វិញ​​ទៀត​ ការ​គ្រប់គ្រង​អតិផរណា និង​ថវិកា​ជាតិ​បាន​ល្អ​ប្រសើរ​ ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​​ខ្ពស់​នៅ​ពេល​បច្ចុប្បន្ន។ បន្ថែម​លើ​នេះ ​វៀតណាម​​ក៏​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​​ល្អ ស្ថិរភាព​​ម៉ាក្រូ​សេដ្ឋកិច្ច​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស។

បច្ចុប្បន្ន សេដ្ឋកិច្ច​វៀតណាម ពឹង​លើ​ការ​នាំ​ចេញ​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ដៃគូ​ពាណិជ្ជកម្ម​របស់​វៀតណាម រួម​​មាន​ ប្រទេស​​ជប៉ុន សិង្ហបុរី ហុងកុង​ តៃវ៉ាន់ កូរ៉េ ​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​អាស៊ាន ​ដែល​ទំហំ​ពាណិជ្ជកម្ម​មាន​​ជាង​ ៨០% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​វៀតណាម។ ​​ប៉ុន្តែ​ មុន​ពេល​ក្លាយ​ជា​សមាជិក​អាស៊ាន ដៃគូ​ពាណិជ្ជកម្ម​របស់​វៀតណាម គឺ​មាន​តែ​ប្រទេស​តែ​មួយ​គត់​ គឺ​សហភាព​សូវៀត។

ដោយ​ឡែក​ ទំហំ​ពាណិជ្ជកម្ម​​រវាង​អាស៊ាន​ ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ បន្ទាប់​ពី​វៀតណាម​ បាន​ចូល​រួម​ក្នុង​​កិច្ច​ព្រមព្រៀង​ ​អនុគ្រោះ​ពន្ធគយ​របស់​អាស៊ាន​​ ដែល​វៀតណាម​ មាន​ការ​ប្ដេជ្ញា​ចិត្ត​នឹង​កាត់​បន្ថយ​របាំង ទាំង​ឡាយ​ ដើម្បី​​លុប​​បំបាត់​ការ​​យក​ពន្ធ​លើ​ពាណិជ្ជកម្ម​របស់​អាស៊ាន។

​នៅ​ក្នុង​បរិបទ​ដែល​មាន​ការវិវត្តន៍​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​ និង​ពិភពលោក ភាព​ជា​​សមាជិក​របស់​វៀតណាម បាន​ជួយ​ជំរុញ​​ឲ្យ​អាស៊ាន​ មាន​ការ​​អភិវឌ្ឍ​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច និង​ធ្វើ​ឲ្យ​អាស៊ាន ផ្សារភ្ជាប់​​ខ្លួន​ទៅ​នឹង​សេដ្ឋកិច្ច​​​ពិភពលោក​ ដែល​ជា​កត្តា​លើក​ទឹក​ចិត្ត​នាំ​ឲ្យ​មាន​​​ប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធភាព។

ចំណែក​ឯ​សេដ្ឋកិច្ច​វៀតណាម បច្ចុប្បន្ន​​​វិញ ដែល​ចាត់​ទុក​ថា​ មាន​សន្ទុះ​ខ្លាំង​​ក្នុង​ផលិតកម្ម​ ​កំពុង​ទាញ​យក​ធនធាន​ពី​ប្រទេស​សមាជិក​អាស៊ាន​​ផ្សេង​ទៀត​ ជា​ពិសេស​នាំ​ចូល​វត្ថុធាតុ​ដើម​ពី​កម្ពុជា និង​ឡាវ ដើម្បី​​ផលិត​និង​នាំ​ចេញ ​​លើក​កម្ពស់​ចំណូល​​ប្រជាពលរដ្ឋ​ និង​សេដ្ឋកិច្ច​វៀតណាម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចាប់​តាំង​ពី​​​ប្រទេស​វៀតណាម បាន​ក្លាយ​ជា​សមាជិក​អាស៊ាន ប្រមាណ ២០​ឆ្នាំ ប្រទេស​នេះ​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន លើ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច ដូច​ជា​ផ្នែក​កម្មសិទ្ធិ​បញ្ញា សេវាកម្ម សហប្រតិបត្តិការ​ឧស្សាហកម្ម និង​ការ​វិនិយោគ​ ដែល​បាន​ទាក់ទាញ​វិនិយោគទុន​បរទេស​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ចុង​ក្រោយ​បង្អស់​ ការ​ចូល​ជា​សមាជិក​​របស់​​វៀតណាម​ បាន​ជំរុញ​អាស៊ាន​អាច​ពន្លឿន​ក្នុង​ការ​បង្កើត​តំបន់​អាស៊ាន តាម​រយៈ​ការ​​អនុម័ត​​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ និង​​ការ​អនុវត្ត​ក្រមសីលធម៌​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។ ប៉ុន្តែ ​​ភាព​ជា​សមាជិក​​របស់​ប្រទេស​វៀតណាម​នេះ បាន​ក្លាយ​ជា​ឱកាស និង​ការ​គំរាម​កំហែង​ក្នុង​ការ​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​​ទៅ​វិញ ដោយ​សារ​តែ​ ​គោលនយោបាយ​នាំ​ចេញ​របស់​វៀតណាម​ ​ប្រាស​ចាក​ពី​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ អនុវត្តន៍​​​ផ្ទុយ​ពី​គោលការណ៍​​ទីផ្សារ​សេរី​ទាំង​នោះ រួម​មាន​ ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​លក់​បង្ខូច​ថ្លៃ (Dumping) ​ទំនិញ​គ្មាន​គុណភាព ឬ​មិន​ស្រប​ទៅ​តាម​កិច្ច​សន្យា ​រួម​ទាំង​ការ​​​លក់​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​​ដោយ​ផ្ទុយ​ពី​ប្រភព​ដើម​ទំនិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល