ទំនាក់​ទំនង​អាស៊ាន​និង​​សហរដ្ឋអាមេរិក

ដោយ អាន ស៊ីថាវ
2014-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បារាក់ អូបាម៉ា (Barack Obama) (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី​១ នៅ​ប្រទេស​សិង្ហបុរី ឆ្នាំ​២០០៩
ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បារាក់ អូបាម៉ា (Barack Obama) (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី​១ នៅ​ប្រទេស​សិង្ហបុរី ឆ្នាំ​២០០៩
Photo courtesy of southeastasia.foreignpolicyblogs.com

រាជរដ្ឋាភិបាល​កម្ពុជា យល់​ថា សមាជិក​អាស៊ាន​នឹង​ជួយ​លើក​កម្ពស់​ពាណិជ្ជកម្ម​ និង​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា បាន​យ៉ាង​ឆាប់​រហ័ស​ ជា​ពិសេស​ការ​ពង្រឹង​ពាណិជ្ជកម្ម​ក្រៅ​អាស៊ាន​ជា​ដើម។

មូលដ្ឋាន​សេដ្ឋកិច្ច​សំខាន់​របស់​សហរដ្ឋ​អាមេរិក​ គឺ​ពឹង​លើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ជា​ពិសេស​នៅ​តំបន់​អាស៊ាន​ ដែល​សហរដ្ឋ​អាមេរិក​គិត​ថា ​​​អាស៊ាន​គឺ​ជា​ទី​កន្លែង​ផលិត​ទំនិញ​​របស់​ខ្លួន​យ៉ាង​សំខាន់​នៅ​លើ​ពិភពលោក។ ម៉្យាង​វិញ​ទៀត អាស៊ាន​ក៏​ជា​ទីផ្សារ​សំខាន់​​សម្រាប់​​សហរដ្ឋអាមេរិក ព្រោះ​ប្រជាពលរដ្ឋ​អាស៊ាន​ មាន​ប្រមាណ ៦០០​លាន​នាក់។

សក្ដានុពល​នេះ បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក ទទួល​ស្គាល់​អាស៊ាន ក្លាយ​ជា​ដៃគូ​ចរចា​របស់​ខ្លួន​​ចាប់​តាំង​ពី​ឆ្នាំ​​១៩៧៧ គឺ​បន្ទាប់​ពី​អាស៊ាន​បាន​បង្កើត​បាន ១០​​ឆ្នាំ​ប៉ុណ្ណោះ។ ទំនាក់​ទំនង​​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន​បាន​សហការ​គ្នា​​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​រហូត​ក្លាយ​ជា​ដៃ​គូ​ដែល​មិន​អាច​កាត់​ផ្ដាច់​បាន។ សហរដ្ឋអាមេរិក​បាន​បង្កើត​​គម្រោង​ជា​ច្រើន​​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ឯកជន​ និង​បង្កើត​សក្ដានុពល​សម្រាប់​ពាណិជ្ជកម្ម​រវាង​អាស៊ាន។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​ផ្ដល់​ការ​គាំទ្រ​ដល់​ផ្នែក​បច្ចេកទេស​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ដើម្បី​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ច​នៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស។

​ប៉ុន្តែ​ផល​ប្រយោជន៍​ទាំង​អស់​នេះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ស្មើ​គ្នា​សម្រាប់​​ប្រជាជាតិ​អាស៊ាន នីមួយៗ​ឡើយ​ ដោយសារ​តែ​សមាជិក​អាស៊ាន​ទាំង​អស់​មាន​កម្រិត​អភិវឌ្ឍ​ខុស​គ្នា និង​​ប្រទេស​សមាជិក​នីមួយៗ មាន​សក្ដានុពល​ផ្សេង​គ្នា ដើម្បី​ទាញ​ប្រយោជន៍​​ ទាំង​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ពី​ទំនាក់ទំនង​សហរដ្ឋអាមេរិក និង​អាស៊ាន។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អ្នក​ធុរកិច្ច​​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា​ ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​តែ​ចាត់​ទុក​ថា​ ជា​ទី​កន្លែង​សមស្រប​សម្រាប់​​​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​តំបន់​អាស៊ាន ​ដែល​ប្រទេស​នេះ មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មី​ឡើង​វិញ ដើម្បី​ទាក់​ទាញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក។

​របាយការណ៍​​ការ​ស្ទង់​មតិ​​​បរិយាកាស​ធុរកិច្ច​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១៥ ដែល​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ដោយ​​សភា​ពាណិជ្ជកម្ម​​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​សិង្ហបុរី បាន​បង្ហាញ​ថា ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បី​ រួម​មាន​ឥណ្ឌូនេស៊ី វៀតណាម និង​ភូមា ឬ​មីយ៉ាន់ម៉ា នៅ​តែ​​ជា​​ទី​កន្លែង​វិនិយោគ​ដ៏​សំខាន់​ជាង​គេ​សម្រាប់​អ្នក​ធុរកិច្ច​​សហរដ្ឋអាមេរិក។ ដោយ​ឡែក ​ទី​កន្លែង​​ដែល​អ្នក​វិនិយោគ​អាមេរិក មិន​ចាប់​អារម្មណ៍​នោះ មាន​ប្រទេស​​ប្រ៊ុយណេ និង​ឡាវ។

​របាយការណ៍​ដដែល​នោះ​បាន​​អះអាង​ទៀត​ថា ការ​ឆ្លើយ​តប​របស់​​វិនិយោគិន​សហរដ្ឋអាមេរិក ប្រមាណ​ ៤០% បាន​បញ្ជាក់​ថា​ ប្រទេស​ឥណ្ឌូនេស៊ី គឺ​ជា​ទី​កន្លែង​​អាទិភាព​ជាង​គេ​នៅ​តំបន់​អាស៊ាន​ ដោយសារ​តែ​ប្រទេស​នេះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រាន់ ភាព​ងាយ​ស្រួល​ក្នុង​ការ​វិនិយោគ​ និង​រដ្ឋាភិបាល​ថ្មី​មាន​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុករលួយ​ខ្លាំង​​ជាង​គេ​បើ​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត។

​ទោះ​បី​ជា​​សមាជិក​​អាស៊ាន​មួយ​ចំនួន​ ​មិន​អាច​ទាក់​ទាញ​ការ​វិនិយោគ​​​​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ ប៉ុន្តែ​សហរដ្ឋអាមេរិក​ខ្លួន​ឯង ក៏​បាន​ផ្ដល់​ផល​ប្រយោជន៍​ផ្សេងៗ​គ្នា​សម្រាប់​ប្រទេស​​ជា​សមាជិក​អាស៊ាន​នីមួយៗ។ ប្រទេស​កម្ពុជា​វិញ បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ ដោយ​ទំនិញ​កម្ពុជា អាច​នាំ​ទៅ​សហរដ្ឋអាមេរិក ដោយ​រួច​ពន្ធ​គយ។ ម៉្យាង​វិញ​ទៀត​ សហរដ្ឋអាមេរិក​ចូល​មក​បង្កើន​​ទំនាក់ទំនង​រវាង​អាស៊ាន​នោះ គឺ​សហរដ្ឋអាមេរិក ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​​អាស៊ាន។ បច្ចុប្បន្ន​ ​ប្រទេស​មហាអំណាច ដូច​ជា​សហរដ្ឋអាមេរិក ចង់​រក្សា​មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ​លើ​ពិភពលោក ចំណែក​ប្រទេស​ចិន ចង់​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​មួយ​​ដែរ នៅ​ឆ្នាំ​២០១៥។

ការ​ពង្រឹង​ភូមិសាស្ត្រ​នយោបាយ​សហរដ្ឋអាមេរិក តែង​ចាប់​​ដៃគូ​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​វិនិយោគ​និង​​ពាណិជ្ជកម្ម​វិញ សហរដ្ឋអាមេរិក​មិន​សម្លឹង​មក​ប្រទេស​កម្ពុជា​​ទេ​។ បញ្ហា​នេះ ដោយ​សារ​ឧបសគ្គ​មួយ​ចំនួន​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​អន់​ខ្សោយ​​ ពន្ធដារ ច្បាប់​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ ​អំពើ​ពុក​រលួយ​ និង​បញ្ហា​​ចោរកម្ម​ជា​ដើម។

​ម៉្យាង​វិញ​ទៀត​ របាយការណ៍​វាយ​តម្លៃ​អំពី​បរិយាកាស​វិនិយោគ​ប្រចាំ​ឆ្នាំ​២០១៤ របស់​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ បង្កើត​ឱកាស​ធុរកិច្ច​ថ្មី​​របស់​ខ្លួន​តាម​រយៈ​ការ​ផ្គត់ផ្គង់​ដោយ​ភាព​ជឿជាក់​​នៃ​ថាមពល​អគ្គិសនី ការ​កែ​ទម្រង់​រចនាសម្ព័ន្ធ​​ចំណាយ​ធនធាន​ហិរញ្ញវត្ថុ​ដែល​មាន​លក្ខណៈ​ផ្លូវការ​ និង​ការ​កសាង​ពលកម្ម​ជំនាញ។

​បច្ចុប្បន្ន​ ទោះ​បី​ជា​រាជរដ្ឋាភិបាល​​កម្ពុជា​ បាន​កាត់​បន្ថយ​​បញ្ហា​ទាំង​នេះ​នា​ពេល​​បច្ចុប្បន្ន ប៉ុន្តែ​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ នៅ​តែ​ស្មុគស្មាញ ​ប្រើ​ពេល​យូរ និង​មាន​បន្ទុក​ចំណាយ​ខ្ពស់​ បើ​ធៀប​​ទៅ​នឹង​ប្រទេស​​សមាជិក​អាស៊ាន​ផ្សេង​ទៀត។ ការ​ចាប់​ផ្ដើម​ធ្វើ​ជំនួញ ​ឬ​បង្កើត​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​ ត្រូវ​ការ​​​បំពេញ​ឯកសារ​ចំនួន​៩ ផ្សេង​គ្នា​និង​​ត្រូវ​ការ​រយៈ​ពេល ៨០​ថ្ងៃ។ ដោយ​ឡែក​ប្រទេស​សមាជិក​អាស៊ាន​​ ត្រូវ​ការ​តែ​ពេល​ពាក់​កណ្ដាល​នៃ​ចំនួន​ថ្ងៃ​​នៅ​កម្ពុជា​ប៉ុណ្ណោះ​។ បន្ថែម​លើ​នេះ ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ ត្រូវ​ប្រឈម​នឹង​ការ​បង់​កម្រៃ​ក្រៅ​ផ្លូវការ។ ជាក់​​ស្ដែង​ការ​ស្ទង់​មតិ​សហគ្រាស​​របស់​អាស៊ាន បាន​បង្ហាញ​ថា​ ​សហគ្រាស ៥% ​ប៉ុណ្ណោះ​ ក្នុង​ចំណោម​សហគ្រាស ៤០០ ដែល​បាន​អង្កេត ​មាន​បំណង​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។
បញ្ហា​ទាំង​អស់​នេះ​ គឺ​ឧបសគ្គ​សម្រាប់​​​ប្រទេស​កម្ពុជា មិន​អាច​​ទាញ​យក​ប្រយោជន៍​ច្រើន​ជាង​គេ​ពី​ទំនាក់​ទំនង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ឡើយ ចាប់​តាំង​ពី​កម្ពុជា​ បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​រយៈ​ពេល ១៥​ឆ្នាំ​មក​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល